ពីក្ដីស្រមៃកុមារភាពជាគ្រូបង្រៀន ទៅជាវីរៈកងទ័ពដ៏អង់អាចកម្ពុជាម្នាក់
ដោយ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តស្ទឹងត្រែង
ស៊ីថា រិទ្ធី គឺជាវីរៈកងទ័ពជួរមុខម្នាក់ដែលបានពលីនៅសមរភូមិការពារបូរណភាពទឹកដីកម្ពុជាពីសង្រ្គាមឈ្លានយ៉ាងកម្រោលរបស់កងទ័ពថៃ។ វីរៈងទ័ព ស៊ីថា រិទ្ធី គឺជាយុទ្ធជននៃវរសេនាតូចអន្តរាគមន៍២៨២ កងពលអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលបានពលីនៅសមរភូមិបុស្បូវ-ជាំតែ (ទិសខេត្តព្រះវិហារ)។ ក្នុងរយៈពេលសង្រ្គាមឈ្លានពាន៥ថ្ងៃ (ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃ បើកការវាយប្រហារយ៉ាងសន្ធប់ ក្នុងសមរភូមិគ្រប់ទម្រង់ និងរាល់យុទ្ធសាស្រ្ត ព្រមទាំងការប្រើប្រាស់រាល់យុទ្ធោបករណ៍សង្រ្គាមទំនើបៗ, វីរៈកងទ័ពជួរមុខកម្ពុជា ត្រៀមខ្លួនរួចរាល់ និងបានប្រកៀកស្មារគ្នាយ៉ាងអង់អាច និងក្លាហាន ក្នុងការវាយប្រយុទ្ធទប់ទល់ និងបណ្ដេញកងទ័ពឈ្លានពានថៃចេញ និងរក្សាបានសុខសន្តិភាព អធិបតេយ្យ បូរណភាពទឹកដីកម្ពុជា។ បើទោះបីជាមានបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ យ៉ាងណាក៏ដោយ, កងទ័ពថៃបន្តការប៉ុនប៉ង និងមហិច្ឆតាឈ្លានពានទៅលើបូរណភាពទឹកដីកម្ពុជា ដោយបានបញ្ចូនកងទ័ពចូលចំណុចសមរភូមិសមរភូមិបុស្បូវ-ជាំតែ (ទិសខេត្តព្រះវិហារ) ដែលជាទីឈរជើងរបស់វីរៈកងទ័ព ស៊ីថា រិទ្ធី និងយុទ្ធមិត្តសមរភូមិផ្សេងទៀត។ វីរៈកងទ័ព ស៊ីថា រិទ្ធី បានពលីជីវិតការពារបូរណភាពទឹកដីកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ពីក្ដីស្រមៃកុមារភាពជាគ្រូបង្រៀន ទៅជាវីរៈកងទ័ពដ៏អង់អាចកម្ពុជាម្នាក់
ថោន សាម៉ន ដែលជាម្ដាយបង្កើតរបស់វីរៈកងទ័ព ស៊ីថា រិទ្ធី បានរៀបរ៉ាប់ទាំងទឹកភ្នែក ក្នុងអារម្មណ៍ស្ដោកស្ដាយ និងមោទនភាពចំពោះកូនប្រុសជាទីស្រឡាញ់របស់ខ្លួនថា៖ «រិទ្ធី មានម្ដាយឈ្មោះ សាម៉ន (រូបខ្ញុំផ្ទាល់) និងឪពុកឈ្មោះ ឡាច ស៊ីថា។ រិទ្ធីគឺជាកូនប្រុសទី២ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៣នាក់។ រិទ្ធី កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៩ នៅខេត្តសៀមរាប។ រិទ្ធី គឺជាក្មេងឧស្សាហ៍ព្យាយាម និងខិតខំរៀនសូត្រ។ ក្រៅពីការសិក្សា រិទ្ធី តែងតែទៅជួយកិច្ចការងាររបស់ឪពុកម្ដាយ នៅការរដ្ឋានសំណង់។ បើទោះបីជាក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ, រិទ្ធី បានប្រាប់ឪពុកម្ដាយអំពីក្ដីស្រមៃធ្វើជាគ្រូបង្រៀនម្នាក់ដើម្បីអាចបម្រើប្រទេសជាតិ និងសង្គម ជាពិសេស គឺការបង្រៀនក្មេងៗដែលមានជីវភាពលំបាកដូចខ្លួន ដើម្បីអាចឲ្យមានអនាគតល្អប្រសើរ។ ក្ដីស្រមៃបម្រើប្រទេសជាតិ និងសង្គមរបស់រិទ្ធី បានរលត់ទៅវិញ បន្ទាប់ពីរិទ្ធីបានបោះបង់ការសិក្សានៅថ្នាក់ទី៨ ដោយសារតែកម្រិតជីវភាពក្រីក្រ។ មិនយូរប៉ន្មានបន្ទាប់ពីឈប់រៀន, រិទ្ធី បានធ្វើជាកម្មករដកដំឡូង ដើម្បីរកប្រាក់ជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។ នៅឆ្នាំ២០១៧ រិទ្ធី មានអាយុ១៨ឆ្នាំ និងបានដាក់ពាក្យចូលបម្រើកងទ័ព។ រិទ្ធី បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីអាចបម្រើការងារជាកងទ័ពកម្ពុជា។ បន្ទាប់ពីដឹងថា រិទ្ធី ជាប់ធ្វើជាកងទ័ព, ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងមោទនភាពយ៉ាងខ្លាំង ដែលក្ដីស្រមៃរបស់កូនក្លាយជាការពិតក្នុងការបម្រើការងារប្រទេសជាតិ និងសង្គម បើទោះបីជាកូនមិនបានក្លាយជាគ្រូបង្រៀនយ៉ាងណាក្ដី។ រិទ្ធី តែងតែធ្វើការទាក់ទងមកកាន់គ្រួសារ និងឪពុកម្ដាយ។ បន្ទាប់ពីស្ថានភាពមិនល្អនៅព្រំដែនកម្ពុជា-ថៃ, រិទ្ធី ត្រូវបានបញ្ចូនទៅឈរជើងនៅសមរភូមិបុស្បូវ-ជាំតែ (ទិសខេត្តព្រះវិហារ)។ ខ្ញុំនៅចងចាំបានថា នៅថ្ងៃដែលចេញទៅទិសខេត្តព្រះវិហារ រិទ្ធីបានទាក់ទងតាមរយៈទូរស័ព្ទថា៖ «ម៉ែ! កូនឡើងទៅប្រាសាទព្រះវិហារហើយ! កូននៅប្រចាំការនៅទីនោះ»។ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំបានតេទូរស័ព្ទទៅសួរសុខទុក្ខ រិទ្ធី ជារៀងរាល់ថ្ងៃ ដែលពេលខ្លះ ខ្ញុំអាចនិយាយជាមួយរិទ្ធីបាន ពេលខ្លះ អត់មានសេវាទាក់ទងបាន។ នៅថ្ងៃមួយ រិទ្ធី បានប្រាប់ថា៖ «នៅទីនេះ ខ្ញុំពិបាកដេកណាស់ … ម៉ែ ពីព្រោះមានភ្លៀងធ្លាក់ខ្លាំងរាល់ថ្ងៃ និងត្រជាក់។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥, សង្រ្គាមបានផ្ទុះឡើង។ នៅពេលនោះ រិទ្ធី បានទាក់ទងមកខ្ញុំទាំងប្រញាប់ប្រញាលថា៖ «ម៉ែ! ផ្ទុះសង្រ្គាមហើយ! ពេលនេះ កូនកំពុងតែប្រយុទ្ធតទល់ជាមួយកងទ័ពឈ្លានពានថៃ។» បន្ទាប់មក, រិទ្ធី ក៏បានបិទទូរស័ព្ទ។ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥, រិទ្ធី បានទាក់ទងមកខ្ញុំម្ដងទៀត ប៉ុន្តែរិទ្ធីនិយាយបានតែប៉ុន្មានម៉ាត់តែប៉ុណ្ណោះក៏បានបិទទៅវិញ ពីព្រោះខ្ញុំរស់នៅតំបន់គ្មានសេវាទូរស័ព្ទ និងពិបាកនិយាយគ្នា។ ចន្លោះពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥, ខ្ញុំបានតេទូរស័ព្ទទៅកាន់រិទ្ធី ប៉ុន្តែមិនអាចទំនាក់ទំនងបានទាល់តែសោះ។ ដោយហេតុតែមានចិត្តអន្ទះសារ និងក្ដីបារម្ភណ៍របស់ម្ដាយចំពោះកូន, ខ្ញុំបានទាក់ទងតាមទូរស័ព្ទទៅកាន់មេបញ្ជាការរបស់រិទ្ធី ទើបទទួលបានដំណឹងអំពីការពលីរបស់កូនប្រុសនៅសមរភូមិបុស្បូវ-ជាំតែ (ទិសខេត្តព្រះវិហារ) នៅថ្ងៃទី២៩ ខែកក្កដានេះតែម្ដង។ ខ្ញុំ និងប្ដី មានចិត្តរន្ធត់យ៉ាងក្រៃលែង និងបានធ្វើដំណើរចេញពីខេត្តសៀមរាប មកកាន់ខេត្តស្ទឹងត្រែង ដើម្បីជួបមុខកូនប្រុសជាលើកចុងក្រោយ។ ខ្ញុំ និងប្ដី បានត្រឹមស្រែកទ្រយំអោបសពកូនប្រុស និងនឹកគ្រាដែលកូនប្រុសបា្រប់អំពីក្ដីស្រមៃកុមារភាពជាគ្រូបង្រៀនដើម្បីបម្រើងសង្គមជាតិ និងក្រោយមកក្លាយទៅជាកងទ័ពការពារជាតិ រហូតដល់ពលីជីវិតនាពេលនេះ។ រិទ្ធី គឺកូនស្ដាប់បង្គាប់ឪពុកម្ដាយ និងមិនដែលប្រកែកអ្វីនោះឡើយ។ រទ្ធី គឺជាកូនដែលមិនចេះត្អូញត្អែរ មិនដែលនិយាយសម្ដីអសុរោះ និងតែងតែធ្វើអោយឪពុកម្ដាយសប្បាយចិត្ត។ បើទោះបីជាបេះដូងខ្ញុំឈឺចាប់យ៉ាងណាក៏ដោយ, ខ្ញុំពិតជាមានមោទនភាពចំពោះការលះបង់របស់កូនប្រុសខ្ញុំដើម្បីការពារទឹកដីកម្ពុជា។ ខ្ញុំក៏សង្ឃឹមថា វីរៈភាពដ៏អង់អាចរបស់កូនខ្ញុំ នឹងត្រូវបានចងចាំជារៀងរហូត។
វីរៈភាពគំរូ ជាប្ដីល្អ, ឪពុកល្អ, និងកងទ័ពល្អ សម្រាប់គ្រួសារ
លោកស្រី សន អានីតា ដែលជាភរិយាយរបស់វីរៈកងទ័ព ស៊ីថា រទ្ធី បានរៀបរ៉ាប់អំពីវីរៈភាពគំរូ ជាប្ដីល្អ, ឪពុកល្អ, និងកងទ័ពល្អ សម្រាប់គ្រួសារថា៖ «រិទ្ធី និងខ្ញុំ បានស្គាល់គ្នាតាមរយៈបណ្ដាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក)។ សេចក្ដីស្រលាញ់ ចាប់ផ្ដើមរីកដុះដាល ហើយយើងទាំង២បានសម្រេចចិត្តរៀបការជាមួយគ្នា និងមានកូនប្រុសស្រីចំនួន៤នាក់។ រទ្ធី គឺជាប្ដីល្អសម្រាប់ខ្ញុំ និងឪពុកល្អសម្រាប់កូនៗ។ បើទោះបីជាមានភារៈកិច្ចជាតិជាកងទ័ពកម្ពុជាម្នាក់ នៅវរសេនាតូចអន្តរាគមន៍២៨២ កងពលអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១, រទ្ធី តែងតែឆ្លៀតយកពេលវេលាសម្រាករបស់ខ្លួនដើម្បីគិតគូរអំពីជីវភាពគ្រួសាររបស់ខ្លួន។ អ្វីដែលខ្ញុំចងចាំមិនអាចបំភ្លេចបាន គឺរាល់រដូវវស្សា យើងទាំង២នាក់តែងតែ ដាក់ម៉ងរកត្រី និងស្ទូចត្រី ដើម្បីហូប។ នៅថ្ងៃដែលរិទ្ធីត្រូវបានបញ្ចូនទៅឈរជើងការពារបូរណភាពទឹកដី នៅទិសខេត្តព្រះវិហារ, រិទ្ធីបាននិយាយប្រាប់ថា៖ «ពេលនេះបងមិនអាចនៅជាមួយអូន និងកូនបានទៀតទេ ពីព្រោះបងត្រូវទៅសមរភូមិហើយ អូន!។» បង រិទ្ធី ហាក់ដូចជាដឹងថា សង្រ្គាមអាចផ្ទុះឡើងគ្រប់ពេលវេលា ហើយបានសន្យាថា៖ «ក្រោយពីវិលត្រឡប់មកវិញ, បងនឹងសង់ផ្ទះថ្មី, ឈប់ឈ្លោះប្រកែកគ្នា, ទិញម៉ូតូថ្មី និងចញ្ចឹមមាន់ទា។» នៅថ្ងៃទី២៤ ខែកក្កដា សង្រ្គាមបានផ្ទុះឡើង។ រិទ្ធី បានទាក់ទងមកប្រាប់ថា៖ «តើអូន និងកូនសុខទុក្ខយ៉ាងណាហើយ?» ខ្ញុំសួរគាត់ថា៖ «តើបងចង់ដកថយអត់?» រិទ្ធី ប្រាប់ខ្ញុំវិញថា៖ «បងមិនដកថតជាដាច់ខាត។ បងមកទីនេះគឺដើម្បីការពារប្រទេសជាតិ ការពារទឹកដី។ បងត្រូវបន្តការពាររហូតដល់ភារៈកិច្ចបញ្ចប់។ នៅពេលមកដល់ផ្ទះវិញ បងនឹងមិនទៅណាចោលអូនទៀតទេ។» នៅថ្ងៃទី២៦ ថ្ងៃទី២៧ និងថ្ងៃទី២៨ ខ្ញុំលែងអាចទាក់ទងរិទ្ធីបានទៀតហើយ។ រហូតដល់ថ្ងៃទី២៩ ខែកក្កដា គឺបន្ទាប់ពីមានបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ, មេបញ្ជាការរបស់រិទ្ធី បានធ្វើការទំនាក់ទំនងមកខ្ញុំថា៖ «សូម ប្អូន ធ្វើចិត្តឲ្យបាន ពីព្រោះប្ដីរបស់ប្អូនបានពលីជីវិតបាត់ទៅហើយ។» នៅវេលាម៉ោង០៩:៥៥នាទីយប់ នៅថ្ងៃទី២៩ ខែកក្កដា ដដែរ សាកសពរបស់ រទ្ធី ត្រូវបានបញ្ចូនមកដល់ផ្ទះ។ ការពលីជីវិតរបស់រិទ្ធី គឺជាការបាត់បង់កងទ័ពដ៏អង់អាចក្លាហានការពារប្រទេសជាតិ ទឹកដី, ជាការបាត់បង់ប្ដីល្អសម្រាប់ខ្ញុំ, ជាការបាត់បង់ឪពុកល្អសម្រាប់កូនខ្ញុំ និងជាការបាត់បង់ញាតិមិត្តល្អនៅក្នុងសហគមន៍។ ខ្ញុំសូមឲ្យវីរៈភាពដ៏អង់អាចក្លាហានរបស់រិទ្ធីនៅតែចងចាំក្នុងបេះដូងប្រជាជនកម្ពុជា។»
ស្មារតីបន្តវេណរបស់កូនប្រុសច្បងឈ្មោះ វីរៈ
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ កូនប្រុសច្បងរបស់វីរៈកងទ័ពស៊ីថា រិទ្ធី មានឈ្មោះ វីរៈ ដែលមានអាយុទើបតែ១១ បាននិយាយច្បាស់ៗអំពីក្ដីស្រមៃរបស់ខ្លួនជាកងទ័ពកម្ពុជាម្នាក់ បន្តវេណពីភារៈកិច្ចរបស់ឪពុកក្នុងការការពារបូរណភាពទឹកដីកម្ពុជា។ វីរៈ និយាយថា៖ «ដំបូងឡើយ ខ្ញុំមិនចង់ធ្វើជាកងទ័ពនោះទេ ពីព្រោះម្ដាយខ្ញុំមិនចង់ឲ្យធ្វើ និងមានការព្រួយបារម្ភណ៍រាល់ថ្ងៃអំពីសុវត្ថិភាពរបស់ឪពុក។ ប៉ុន្តែនៅពេលនេះដែលខ្ញុំឃើញវីរៈភាពដ៏អង់អាចរបស់ឪពុកខ្ញុំ ខ្ញុំចង់ចូលបម្រើជាកងទ័ពកម្ពុជាដើម្បីបន្តភារៈកិច្ចរបស់គាត់ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា។»
________________________________________
សម្រាប់ព័ត៌មានបន្ថែម, សូមទំនាក់ទំនងទៅកាន់អ៊ំស្រី ថោន សាម៉ន (០៧១ ៦៤២ ០៣៧៩) ដែលត្រូវជាម្ដាយ និងលោកស្រី សន អានីតា (០៧១ ៤៣១ ១៥២៩) ដែលត្រូវជាភរិយារបស់វីរៈកងទ័ព ស៊ីថា រិទ្ធី។
Stung Treng Documentation Center: Listen to a story of the Fallen Soldier during the five-day aggressive war waged by Thailand.
Photo & Text by Sreng Lyda
August 23, 2025
Documentation Center of Cambodia Archives