Home / Post

Stung Treng Documentation Center: DC-Cam CamboCorps Volunteer’s Young Talented Architects Team Visiting Cambodian soldiers and a family of the fallen soldier in Borei O’Svay-Sen Chey district, Stung Treng province

ស្ថាបត្យករវ័យក្មេងដ៏មានទេពកោសល្យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ធ្វើទស្សនៈកិច្ចមកកាន់ខេត្តស្ទឹងត្រែង ដើម្បីសំណេះសំណាលជាមួយកងទ័ពឈរជើងនៅមូលដ្ឋានស្រុកបុរីអូរស្វាយ សែនជ័យ និងចូលរួមមរណៈទុក្ខចំពោះវីរៈកងទ័ពជួរមុខ ដែលពលីជីវិតការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានរបស់កងទ័ពសៀម
ដោយ ស្រេង លីដា និង លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង

នៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ស្ថាបត្យករវ័យក្មេងដ៏មានទេពកោសល្យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើដំណើរទស្សនៈកិច្ចមកកាន់អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដើម្បីចូលជួបសំណេះសំណាល និងសួរសុខទុក្ខចំពោះកងទ័ពកម្ពុជា ដែលមានមូលដ្ឋានសឹករងស្រុកបុរីអូស្វាយ សែនជ័យ និងចែករំលែកមរណៈទុក្ខចំពោះវីរៈកងទ័ពជួរមុខកម្ពុជា ដែលបានពលីជីវិតនៅសមរភូមិមុខក្នុងកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពសៀម។ ទស្សនកិច្ចនេះ រៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងមានកិច្ចសម្របសម្រួលយ៉ាងល្អរបស់រដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ។ ប្រតិភូស្ថាបត្យករវ័យក្មេងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសំណេះសំណាលផ្ទាល់ជាមួយនាយទាហានទាំង២រូប គឺលោកវរសេនីយ៍ត្រី ប៊ុន ឌឿន អាយុ៦៩ឆ្នាំ មេបញ្ជាការ សឹករងស្រុកបុរីអូរស្វាយ សែនជ័យ និងលោកអនុសេនីយ៍ឯក វ៉ាន់ថាន់ ស៊ីហា អាយុ៦៨ឆ្នាំ មេបញ្ជាការរង សឹករងស្រុកបុរីអូរស្វាយ។

ជាកិច្ចបន្ត ប្រតិភូស្ថាបត្យករវ័យក្មេងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បន្តចុះទៅចូលរួមមរណៈទុក្ខជាមួយគ្រួសាររបស់លោកពលបាលឯក ស៊ីថា រិទ្ធី កងទ័ពនៃវរសេនាតូចអន្តរោគមន៍២៨២ កងពលតូចអត្តរោគមន៍១២៨ យោធភូមិភាគទី១ ដែលបានពលីជីវិតនៅពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីមានបទឈប់រវាងកម្ពុជានិងថៃ។ ប្រតិភូស្ថាបត្យករវ័យក្មេងបានជួបលោកស្រី សន អានីតា ដែលជាភរិយារបស់វីរៈកងទ័ព ស៊ីថា រិទ្ធី និងបានរៀបរ៉ាប់អំពីវីរៈភាពរបស់ស្វាមី ដែលជាប្ដីល្អ, ឪពុកល្អ និងកងទ័ពដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារទឹកដីកម្ពុជា។ ជាចុងក្រោយ លោកស្រី សន អានីតា បានថ្លែងអំណរគុណដល់ប្រតិភូស្ថាបត្យករវ័យក្មេង និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានមកចូលរួមរំលែកទុក្ខ និងសួរសុខទុក្ខ នាគ្រាដ៏លំបាកនេះ។

ខាងក្រោមនេះគឺជាចំណាប់អារម្មណ៍របស់ប្រតិភូស្ថាបត្យករវ័យក្មេងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា៖

វន រ័ត្នវិសាល និស្សិតទើបតែបញ្ជប់ការសិក្សាពីមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាស្ថាបត្យករម្នាក់ ដែលបានសាងសង់សាលាបុណ្យសហគមន៍ជនជាតិស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម
បានលើកឡើងថា៖ «ការជួបសំណេះសំណាលជាមួយលោកពូវីរៈកងទ័ពទាំងពីនៅបុរីអូរស្វាយនាពេលល្ងាចនេះ បានអោយយើងខ្ញុំយល់កាន់តែច្បាស់ពីទុក្ខលំបាក និងស្មារតីអង់អាចរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងក្នុងគ្រាប្រទេសមានអាសន្ន។ ក្នុងជំនួបសន្ទនានេះបង្ហាញពីពីការយល់ពីសុខទុក្ខ និងស្មារតីគាំទ្រដល់កងទ័ព ជាពិសេសនៅក្នុងសមរភូមិមុខ ក្នុងន័យរួបរួមគ្នាជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើង ទោះជាក្រោមរូបភាពណាមួយក៏ដោយ។ ហើយសម្រាប់អាគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ ខ្ញុំគិតថា ជាគម្រោងមួយដ៏សំខាន់នៅក្នុងតំបន់ប្រវត្តិសាស្រ្តដ៏សំខាន់នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ក្នុងនោះក៏មានបណ្ណាល័យបណ្តែតទឹក, ផែរង់ចាំ, ទូកដឹកអ្នកដំណើរ ដែលសម្រួលដល់ការប្រើប្រាស់ និងទទួលសេវាសុខភាពរបស់ប្រជាជនមូលដ្ឋាន និងជាពិសេសជំរុញដល់ការអប់រំរបស់សិស្សានុសិស្ស ដែលរស់នៅតាមកោះឆ្ងាយៗនៃស្រុកបុរីអូរស្វាយ-សែនជ័យ និងផ្តល់ប្រយោជន៍ដល់ប្រជាជនក្នុងសហគមន៍ជារួម។»

សុខ គឹមសុង និស្សិតទើបតែបញ្ជប់ការសិក្សាពីមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាស្ថាបត្យករ ដែលបានសាងសង់មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច (ខេត្តមណ្ឌលគីរី) នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចែករំលែកពីចំណាប់អារម្មណ៍ថា៖ «ខ្ញុំយល់ឃើញថាគម្រោងអភិវឌ្ឍន៍សហគមន៍បុរីអូរស្វាយ សែនជ័យ នេះ ពិតជាបានផ្តល់ការជួយជ្រោមជ្រែងយ៉ាងខ្លាំងដល់សហគមន៍នៅទីនោះពិតមែន ពីព្រោះខ្ញុំបានមើលឃើញថា គម្រោងនេះបានជួយដស់ការអភិវឌ្ឍន៍ភូមិឃុំ ទាំងកន្លែងសិក្សា និងស្រាវជ្រាវអំពីប្រវត្តិសាស្រ្ត និងការងារស្រាវជ្រាវផ្សេងៗ។ មួយវិញទៀត យើងបានឃើញមានទូកសម្រាប់ជួយសម្រួលដល់ការឆ្លងតាត់ និងមានភាពងាយស្រួលដល់ប្រជាជននិងកូនសិស្សផងដែរ។ ជាចុងក្រោយ ខ្ញុំសង្ឃឹមថា នាពេលអនាគត នឹងមានគម្រោងបែបនេះបន្តបន្ទាប់ទៀត នៅតាមតំបន់ប្រវត្តសាស្រ្ត និងតាមបណ្តាលខេត្តនានានៅប្រទេសកម្ពុជា ដែលមិនមែនត្រឹមតែជួយដល់សហមគន៍ ការសិក្សាស្រាវជ្រាវ នោះទេ។ កិច្ចការងារនេះធ្វើអោយយុវជនជំនាន់ក្រោយយល់ដឹងអំពីប្រវត្តសាស្រ្ត និងតម្លៃនៃការអភិវឌ្ឍន៍ និងសន្តិភាព ដែលយើងមាន ជាពិសេសក្នុងគ្រាដែលយើងទើបតែឆ្លងកាត់សង្រ្គាមឈ្លានពានរបស់កងទ័ពសៀម។»

យ៉ន គឹមហុង និស្សិតទើបតែបញ្ជប់ការសិក្សាពីមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាស្ថាបត្យករ ដែលបានសាងសង់មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច (ខេត្តមណ្ឌលគីរី) នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បង្ហាញចំណាប់អារម្មណ៍ផងដែរថា៖ «បន្ទាប់ពីបានមកដល់ទីតាំងសហគមន៍ស្រុកបុរីអូស្វាយ សែនជ័យ ខេត្តស្ទឹងត្រែងមក ខ្ញុំបានស្វែងយល់អំពីសារ:ប្រយោជន៍នៃកិច្ចការដែលបង្កើតដោយមជ្ឈមណ្ឌលឯកសារកម្ពុជាដែលជួយសម្រួលដល់អ្នកសហគមន៍បានច្រើនពិសេសក្នុងការជួយចម្លងក្មេងៗសិស្សសាលាពីកោះកាន់សាលារៀនពីសាលារៀនទៅផ្ទះ និងកាន់តែពិសេសជាងនេះទៅទៀតនោះ ទីតាំងដែលបានរៀបចំឡើងនោះបានក្លាយជាទីកន្លែងសម្រាប់ចែករំលែករឿងរ៉ាវប្រវត្តិសាស្ត្រពីមនុស្សជំនាន់មុនមកដល់ក្មេងៗជំនាន់ក្រោយឲ្យបានដឹងនូវរឿងរ៉ាវផ្សេងៗដែលបានកើតឡើងក្នុងទីតាំងខេត្តផ្ទាល់ក៏ដូចជាទូទាំងខេត្តនានានៃប្រទេសកម្ពុជាតាមរយ:ឯកសារជាសៀវភៅនិងឯកសារមនុស្សរស់។ លើសពីនេះទៅទៀត គម្រោងបណ្ណាល័យនេះ បានឆ្លុះបញ្ចាំងពីការបន្តរឿងរ៉ាវដែលបានកើតឡើងតាមរយៈប្រជាជនដែលបានរស់រានមានជីវិតមកពីរបបប្រល័យពូជសាសន៍ លើសពីនេះទៀតទីតាំងបានរៀបចំឡើងមកនេះបង្ហាញពីការផ្សះផ្សាររបួសផ្លូវចិត្តឲ្យមានភាពធូរស្រាលមកវិញនូវរឿងរ៉ាវដែលបានកើតឡើងពីអតីតរបចំពោះពួកគាត់តាមរយៈសោភ័ណនៃស្ថាបត្យកម្មដែលបានរៀបចំឡើងមក ម្ដងមួយជំហៀងៗយើងនិងអាចបំពេញស្នាមរបួលផ្លូវចិត្តរបស់គាត់បាននៅថ្ងៃខាងមុខ។ តាមរយៈកម្មសិក្សានេះបានធ្វើឲ្យខ្ញុំយល់បានថា មុខវិជ្ជាស្ថាបត្យកម្មជាវិជ្ជាមួយដែលអាចបំលែងអារម្មណ៍ពីភាពសោកសៅមកជាក្តីសង្ឃឹម ហើយស្ថាបត្យកម្មជាវិជ្ជាដែលអាចមានឥទ្ធិពលនៃការគិតរបស់មនុស្សអាចផ្លាស់ប្ដូរបាន។ ជាចុងក្រោយនេះខ្ញុំសង្ឃឹមថាទីតាំងនៃបុរីអូរស្វាយសែនជ័យនិងផ្តល់សារសំខាន់ច្រើនទៀតដល់អ្នករស់នៅសហគមន៍ ព្រមទាំងសង្ឃឹមថានិងមានការអភិវឌ្ឍបន្តទៅមុខទៀត។»

Stung Treng Documentation Center: DC-Cam CamboCorps Volunteer’s Young Talented Architects Team Visiting Cambodian soldiers and a family of the fallen soldier in Borei O’Svay-Sen Chey district, Stung Treng province.
Photo & Report by Ly David and Sreng Lyda
August 22-23, 2025
Documentation Center of Cambodia Archives

Full report