Home / Post

Stung Treng Documentation Center: Access to Health Service by a Khmer Rouge survivor living in Koh Phnov village, Borei O’Svay Sen Chey district

A survivor in Koh Phnov village of Borei O’Svay Sen Chey district Access to Health and Social Services

On July 16, 2025, Phuoy Khamphen, 75 years old, a Khmer Rouge survivor, living in Koh Phnov village, O’Svay commune, Borei O’Svay Sen Chey district, Stung Treng province, accessed DC-Cam’s community boat and dock to health service at O’Svay Health Care Center “Preah NORODOM SIHANOUK Raja and Samdech Preah Voreak Reach Meada NORODOM MONINEATH SIHANOUK.” He did not make it as scheduled because he does not have a boat. It is an emergency that he has a blood pressure and runs out of medicines for his illness. DC-Cam’s boatman Pich Vey arranged a boat to transport him to access health service at O’Svay Health Care Center “Preah NORODOM SIHANOUK Raja and Samdech Preah Voreak Reach Meada NORODOM MONINEATH SIHANOUK.” Upon his arrival, a medical staff asked him why he could not make a monthly appointment. His life is a life risking moment because he is having a blood pressure with no medicines. Sin Sovanndin, Director of O’Svay Health Care Center “Preah NORODOM SIHANOUK Raja and Samdech Preah Voreak Reach Meada NORODOM MONINEATH SIHANOUK” stated: “If he continue his delay coming to meet our medical staff and taking medicines, his life is at risk at any moments.”

អ្នកភូមិកោះព្នៅ ទទួលបានសេវាសុខភាព និងសង្គម តាមរយៈការធ្វើដំណើរតាមទូកចម្លងសហគមន៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា
ដោយ ស៊ាង ចិន្ដា

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ អ៊ំប្រុស ភួយ ខាំផែន អាយុ៧៥ឆ្នាំ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង បានធ្វើការស្នើសុំប្រើប្រាស់សេវាដឹកជញ្ចូនដោយមិនគិតកម្រៃ សម្រាប់ការពិនិត្យសុខភាព និងការទទួលបានសេវាសង្គមនានា របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ពីព្រោះគាត់មិនមានទូកសម្រាប់ជិះឆ្លង និងមិនបានទៅជួបតាមការណាត់ជួប និងថ្នាំសម្រាប់អ្នកជំងឺលើសឈាម ដែលលោកគ្រូពេទ្យ/អ្នកគ្រូពេទ្យនៅមណ្ឌលសុខភាព «ព្រះនរោត្តមសីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ» អូរស្វាយ។ មជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំទូកចម្លងជូន អ៊ំប្រុស ខាំផែន មកដល់ផែរង់ចាំអូរស្វាយ និងបន្តជូនទៅកាន់មណ្ឌលសុខភាព «ព្រះនរោត្តមសីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ» អូរស្វាយ ដែលជាទីកន្លែងលោកគ្រូពេទ្យ/អ្នកគ្រូពេទ្យរង់ចាំទទួលពិនិត្យតាមដានសុខភាពរបស់អ៊ំប្រុស និងបានផ្ដល់ថ្នាំបន្ថែមសម្រាប់ជំងឺលើសឈាម។ លោកគ្រូពេទ្យ ស៊ីន សុវណ្ណឌីន ប្រធានមណ្ឌលសុខភាព «ព្រះនរោត្តមសីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ» អូរស្វាយ លើកឡើងថា «ប្រសិនបើអ្នកជំងឺពន្យាពេលមកបើកថ្នាំបន្ថែមទៀត, អ្នកជំងឺអាចប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរមិនជាជៀសផុតបាន។»

បន្ទាប់ពីបានពិនិត្យសុខភាព និងទទួលបានថ្នាំសម្រាប់អ្នកជំងឺលើសឈាមរួចរាល់មក, អ៊ំប្រុស ខាំផែន បានធ្វើការចូលទស្សនាអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលជាមជ្ឈមណ្ឌលសហគមន៍របស់ព្រះរាជបណ្ណាល័យហ្លូងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា និងផែរង់ចាំអូរស្វាយ ដែលទទួលបានការឧបត្ថម្ភដោយទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី ហៅកាត់ថា «ទីកា»។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ, អ៊ំប្រុស ខាំផែន និយាយចែករំលែកសាវតា និងបទពិសោធន៍របស់ខ្លួនក្នុងពេលសង្រ្គាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម៖ «ខ្ញុំមានទីកន្លែងកំណើតនៅខេត្តស្ទឹងត្រែង។ ខ្ញុំបានផ្លាស់មករស់នៅភូមិកោះព្នៅ ស្រុកបុរីអូរស្វាយ សែនជ័យ នៅឆ្នាំ១៩៧៩ គឺភ្លាមៗបន្ទាប់ពីរបបខ្មែរក្រហមដួលរំលំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ឪពុករបស់ខ្ញុំ មានឈ្មោះ ភួយ និងម្ដាយ មានឈ្មោះ ដា។ ខ្ញុំគឺជាកូនប្រុសពៅក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៤នាក់។ នៅពីក្មេង ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាបន្ទាយខ្មៅ ត្រឹមថ្នាក់ទី១០ ហើយនៅពេលទំនេរ ខ្ញុំក៏ទៅរៀននៅសាលាបាលីនៅវត្ត។ ខ្ញុំអាចចេះអាន និងសរសេរបានខ្លះៗ។ ដោយសារតែកម្រិតជីវភាពក្រីក្រ ខ្ញុំក៏បានបោះបង់ការសិក្សាទាំងនៅសាលារដ្ឋ និងសាលាបាលីនៅវត្ត ហើយទៅរស់នៅជាមួយជាមួយបងប្រុស ដែលជាទាហាន។ នៅឆ្នាំ១៩៦៨ ខ្ញុំក៏សម្រេចចិត្តចូលបម្រើការងារជាទាហានក្នុងសម័យសង្គមរាស្រ្តនិយម។ នៅពេលនោះ ខ្ញុំមានអាយុទើបតែ១៨ឆ្នាំ។ រហូតដល់មានរដ្ឋប្រហារលន់ នល់ ទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅខែមីនា ឆ្នាំ១៩៧០ ទើបអង្គភាពរបស់ខ្ញុំ ដែលមានប្រធានកងពលឈ្មោះ ត្រឹង ត្រូវបានផ្លាស់មកក្រោមការគ្រប់គ្រងរបស់លន់ នល់។ នៅចុងឆ្នាំ១៩៧០ អង្គភាពរបស់ខ្ញុំ ត្រូវបានកងទ័ពខ្មែរក្រហមវាយបែក ទើបបណ្ដាលឲ្យមានការបាក់ទ័ព។ ខ្ញុំបានរត់គេចខ្លួនចូលទៅដល់ស្រុកមឿងខូង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។ ខ្ញុំចេះនិយាយភាសាឡាវ និងអាចបន្តរស់នៅទីនោះបាន។ ខ្ញុំឃើញមានទាហានបាក់ទ័ពលន់ នល់ និងប្រជាជនខ្មែរផ្សេងទៀតក៏រត់ចេញពីភូមិចូលទៅដល់ស្រុកមឿងខូងផងដែរ ដោយសារតែសង្រ្គាម និងការទម្លាក់គ្រាប់របស់ទាហានលន់ នល់ និងទាហានអាមេរិក។ នៅចន្លោះពីឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៥ សង្រ្គាមរវាងទាហានលន់ នល់ និងកងទ័ពខ្មែរក្រហម បានផ្ទុះឡើងកាន់តែខ្លាំងឡើង ហើយកងទ័ពខ្មែរក្រហមបានវាយកាន់កាប់ទីតាំង និងភូមិសាស្រ្តជាច្រើនជាបន្តបន្ទាប់។ នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានខិតរំកិលកងទ័ពរបស់ខ្លួនចូលទៅហ៊ំព័ទ្ធទីក្រុងភ្នំពេញ។ ខ្ញុំ និងទាហានបាក់ទ័ពចំនួន៤-៥នាក់ រួមទាំងប្រជាជនខ្មែរភៀសខ្លួននៅស្រុកមឿងខូង ត្រូវបានប្រមូលផ្ដុំ ដើម្បីកេណ្ឌទ័ពសម្រាប់យកទៅទប់ទល់ជាមួយកងទ័ពខ្មែរក្រហមនៅសមរភូមិជាយទីក្រុងភ្នំពេញ។ ខ្ញុំធ្លាប់បានលឺផងដែរថា លន់ នន់ គឺជាអ្នកប្រកាស់កេណ្ឌទាហានទាំងនេះ។ បន្ទាប់មក ទាហានដែលទើបតែកេណ្ឌបានសរុបចំនួនជិត១០០០នាក់ រួមទាំងរូបខ្ញុំផងដែរ ត្រូវបានដឹកជញ្ចូនតាមយន្តហោះ ចុះចតនៅព្រលានយន្តហោះពោធិ៍ចិនតុង និងបន្តដឹកតាមរថយន្តទៅកាន់សមរភូមិមុខ ត្រៀមវាយទប់ទល់ជាមួយកងទ័ពខ្មែរក្រហម។ ទាហានទាំងអស់ស្ថិតនៅក្នុងកងពលរបស់ឧត្តមសេនីយ៍ ស៊ី សាអាត។ នៅពេលនោះ ខ្ញុំមិនដឹងអំពីភូមិសាស្រ្តដែលខ្ញុំបានឈរជើងនៅពេលនោះទេ ពីព្រោះខ្ញុំគ្រាន់តែឃើញភ្នំ និងទន្លេ ហើយខ្ញុំត្រូវនៅឈរជើងក្នុងរណ្ដៅត្រង់សេ។ បន្ទាប់ពីបានឈរជើងមិនបានប៉ុន្មានថ្ងៃផង ទាហានលន់ នល់ ទទួលរងបរាជ័យ និងបានរត់ខ្ចាត់ខ្ចាយ។ ខ្ញុំ និងទាហានបាក់ទ័ព៤-៥នាក់ បានរត់ភៀសខ្លួនដោយបានពាក់សម្លៀកបំពាក់ធម្មតាវិញ ក្នុងដំណើរឆ្ពោះទៅខេត្តបន្ទាយមានជ័យ ដើម្បីឆ្លងវិលត្រលប់ទៅស្រុកមឿងខូង ប្រទេសឡាវវិញ។ មិនយូរប៉ុន្មានបន្ទាប់ពីកងពលរបស់ខ្ញុំត្រូវបានវាយបំបែក, កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ។ ក្នុងដំណើរមកកាន់ខេត្តបន្ទាយមានជ័យ, មានអ្នកសួរនាំ ហើយខ្ញុំបានប្រាប់ថា ភ្នំពេញបានបែកហើយ។ ខ្ញុំ និងគ្នីគ្នា៥នាក់ផ្សេងទៀត បន្តដំណើរអស់រយៈពេលជាច្រើនថ្ងៃទើបអាចទៅដល់ប្រទេសឡាវ។ ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្ញុំមិនបានរស់នៅក្នុងប្រទេសកម្ពុជានោះទេ ពីព្រោះតែខ្លាចខ្មែរក្រហមសម្លាប់ចោល។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនឡាវ បានប្រាប់ថា កងទ័ពខ្មែរក្រហមធ្លាប់បានបាញ់សម្លាប់ប្រជានេសាទឡាវដែលចូលមកនេសាទត្រីនៅកោះស្ដាំ ដែលស្ថិតនៅក្បែរព្រំដែនទឹក។ បន្ទាប់ពីរបបខ្មែរក្រហមដួលរំលំនៅឆ្នាំ១៩៧៩, ខ្ញុំក៏សម្រេចចិត្តចូលមករស់នៅប្រទេសកំណើតវិញ ហើយបានរៀបការប្រពន្ធដែលជាអ្នករស់នៅលើកោះព្នៅនេះតែម្ដង។»

បន្ទាប់ពីការនិយាយប្រាប់រឿងរ៉ាវជីវិត និងបទពិសោធន៍ឆ្លងកាត់សង្រ្គាម និងជនភៀសខ្លួនទៅប្រទេសឡាវ, អ៊ំប្រុស ខាំផែន ក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួន និងបានស្ដាប់អំពីរឿងរ៉ាវរបស់ខ្លួន។ ជាចុងក្រោយ អ៊ំប្រុស ខាំផែន ទទួលបានសៀវភៅព័ត៌មានការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។

Full report