ផ្លាស់ប្ដូរដីដែលមានមីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យទៅជាដីដែលមានការអភិវឌ្ឍន៍
ដោយ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង
នៅថ្ងៃទី៩ខែកក្កដា ឆ្នាំ២០២៥នេះ អង្គការសកម្មភាពកំចាត់មីនជប៉ុន (Japan Mine Action Service – JMAS) ក្រោមកិច្ចសម្របសម្រួលរបស់រដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ចាប់ផ្ដើមប្រតិបត្តិការរាវរក ប្រមូល និងកំទេចគ្រាប់មីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅលើកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ដើម្បីអនុវត្តប្រតិបត្តិការនេះបាន, អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ស្នើសុំកិច្ចសហការណ៍បន្ថែមពីមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រើប្រាស់ទូកចម្លងសហគមន៍សម្រាប់ដឹកជញ្ចូនក្រុមការងារជំនាញ និងឧបករណ៍ផ្សេងៗ ដោយហេតុថាកោះព្នៅ គឺជាកោះដាច់ស្រយាល និងហ៊ំព័ទ្ធទៅ ដោយទន្លេមេគង្គ។ មជ្ឈមណ្ឌលឯកសារកម្ពុជា ធ្វើការឆ្លើយតបដោយបានផ្ដល់ការដឹកជញ្ចូនដល់ក្រុមការងារជំនាញ និងឧបករណ៍ របស់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដែលនេះបង្ហាញអំពីស្មារតីចូលរួមក្នុងកិច្ចការងារមនុស្សធម៌ និងការផ្លាស់ប្ដូរដីដែលមានមីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យទៅជាដីដែលមានការអភិវឌ្ឍន៍។
កោះព្នៅ គឺជាភូមិ១នៃឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ និងមានសរុបចំនួន៤៨៨នាក់។ ប្រជាជនភាគច្រើនជាប្រជាកសិករ និងនេសាទ ខណៈពេលដែលមួយចំនួនផ្សេងទៀតបានធ្វើការចំណាកស្រុកដើម្បីធ្វើការងារ។ នៅរដូវវស្សានេះ កោះព្នៅ មានភ្លៀងធ្លាក់ជាញឹកញាប់ និងមានដើមឈើ និងរុក្ខជាតិដុះរីកលូតលាស់ត្រួយស្លឹកបៃតងខៀវខ្ចី ស្របពេលដែល ប្រជាកសិករចាប់ផ្ដើមភ្ជួររាស់ដី ហើយប្រជានេសាទធ្វើការនេសាទត្រី។ បើទោះបីជាមានទេសភាពស្រស់ស្អាត និងលក្ខណៈអំណោផលសម្រាប់ប្រជាជនក្នុងការប្រកបរបរធ្វើស្រែចំការ និងនេសាទ, កោះព្នៅក៏ស្ថិតនៅក្នុងភូមិសាស្រ្តមានគ្រាប់មីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតដល់ប្រជាជន។ នៅក្នុងអំឡុងសង្រ្គាមនៅកម្ពុជា ចន្លោះពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥, កោះព្នៅគឺជាតំបន់យុទ្ធសាស្ត្រកងទ័ពខ្មែរក្រហម ហើយក្លាយទៅជាសមរភូមិក្ដៅ។ កោះព្នៅ ត្រូវទទួលរងការទម្លាក់គ្រាប់បែករបស់ទាហានលន់ នល់ និងទាហានអាមេរិក។ គ្រាប់បែកដែលត្រូវបានទម្លាក់ក្នុងអំឡុងសង្រ្គាម នៅតែបន្តការគម្រាមកំហែងដល់អាយុជីវិតប្រជាជនរស់នៅកោះព្នៅ ពីព្រោះកោះព្នៅនិងតំបន់ជាប់ពាក់ព័ន្ធទាំងអស់ត្រូវបានកំណត់ជា «តំបន់មានហានិភ័យខ្ពស់ដែលត្រូវបានជ្រើសរើសសម្រាប់ផ្លាស់ប្ដូរដីដែលមានមីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យទៅជាដីដែលមានការអភិវឌ្ឍន៍។»
លោក Fuku Eshige តំណាងអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) បានបញ្ជាក់ផងដែរថា៖ «នៅថ្ងៃនេះ ក្រុមការងារជំនាញរបស់JMASយើង បានរាវរកឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រាប់B-40ចំនួន១គ្រាប់។ ការរាវរកឃើញនេះ កំណត់អំពីភាពចាំបាច់ និងភាពបន្ទាន់ក្នុងការធ្វើឲ្យសម្រេចបាននូវការសម្អាតគ្រាប់មីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងភូមិសាស្រ្តកោះព្នៅនេះ ដើម្បីដើម្បីធានាឲ្យបាននូវសុវត្ថិភាពប្រជាជនរស់នៅសហគមន៍នេះ។ លោក Fuku Eshige បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការណ៍ពីសំណាក់រដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានគាំទ្រដល់ការដឹកជញ្ជូនក្រុមការងារជំនាញ និងឧបករណ៍ផ្សេងៗដោយសុវត្ថិភាព។ ការចូលរួមនេះ គឺជាការចូលរួមចំណែកកិច្ចការងារមនុស្សធម៌ដ៏មានតម្លៃ។ បន្ថែមលើប្រតិបត្តិការរាវរក ប្រមូល និងកំទេចគ្រាប់មីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ, អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នឹងបន្តស្នើសុំកិច្ចសហការណ៍គាំទ្រពីមជ្ឈមណ្ឌលឯកសារកម្ពុជា ដល់ការដឹកជញ្ចូនមន្រ្តីជំនាញតាមផ្លូវទឹក ទៅកាន់បណ្ដាកោះនានាក្នុងភូមិសាស្រ្តស្រុកបុរីអូរស្វាយ សែនជ័យ ដើម្បីធ្វើការផ្សព្វផ្សាយអំពីហានិភ័យនៃគ្រាប់មីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងសហគមន៍។
Strung Treng Documentation Center:
Transforming the landmines to the land of development.
July 9, 2025
Photo by Sreng Lyda
Documentation Center of Cambodia Archives