Home / Post

Prey Veng Documentation Center: Promoting Democracy & Good Governance through Youth Leadership in Volunteer Civil Action: Khmer Rouge Survivor’s Unforgettable Life Story (Part 8)

[សប្តាហ៍ទី៨ ខែមីនា ឆ្នាំ២០២៦]
អត្ថបទខាងក្រោម ជាសំណេររបស់យុវជនស្ម័គ្រចិត្តកម្ពុជា បន្ទាប់ពីអ្នកទាំងនោះបានជួបសម្ភាស និងសំណេះសំណាលជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលស្ថិតនៅក្នុងភូមិឃុំរបស់ខ្លួនរួច ហើយត្រូវបានកែសម្រួលអក្ខរាវិរុទ្ធ និងឃ្លោងឃ្លាដោយ ដារ៉ារដ្ឋ មេត្តា, ថុន ស្រីពេជ្រ, ជីម សុខគា និង ធឹប ស្រីនិច្ច។ ស្នាដៃទាំងនេះ គឺជាលទ្ធផលសកម្មភាពមួយនៃគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម»។

អត្ថបទខ្លីៗទាំំងនេះ ពុំមែនជាអត្ថបទដែលរៀបរាប់គ្រប់ជ្រុងជ្រោយពីជីវប្រវត្តិ និងបទពិសោធន៍ពេញលេញរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឡើយ ប៉ុន្តែវាគ្រាន់តែជាអត្ថបទរៀបរាប់ដោយសង្ខេបពី «រឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលចងចាំជាងគេ និងមិនអាចបំភ្លេចបានក្នុងឆាកជីវិតរបស់គាត់»។

អត្ថបទទាំងនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មានឈ្មោះជាភាសាអង់គ្លេស Genocide Education in cambodia ជារៀងរាល់ថ្ងៃនៅលើទំព័រហ្វេសប៊ុក គេហទំព័រ និងបណ្តាញព័ត៌មានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដូចជាទស្សនាវដ្តីស្វែងរកការពិត​ និងសារព័ត៌មាន ឌីញូ។

WEEK 8 – MARCH 2026
The following texts were written by Cambodian youth volunteers after they interviewed and interacted with Khmer Rouge survivors living in their local villages and communes. The writings were edited for spelling and phrasing by Dararath Metta, Thon Sreypich, Jim Sokchea, and Thib Sreynich. These works are the result of an activity under the project on “Promoting Democracy and Good Governance through Youth Volunteer Leadership in Social Activities”.

These short pieces of writing do not provide a comprehensive biography or a full account of the survivors’ experiences under the Khmer Rouge regime. Instead, they are brief narratives of the “stories from the lives of Khmer Rouge survivors that they remember most vividly and can never forget.”

These articles are published daily via the Documentation Center of Cambodia’s (DC-Cam) Facebook page, titled “Genocide Education in Cambodia,” as well as on its website and other media outlets, including Searching for the Truth magazine and The D-news.

យឹម  ហួន៖ ខ្មែរក្រហមចាប់ខ្ញុំផ្សឹកកាលនៅជាសង្ឃ

ខ្ញុំឈ្មោះ យឹម ហួន អាយុ ៧២ឆ្នាំ រស់នៅភូមិជើងទឹក «ខ» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ភរិយារបស់ខ្ញុំឈ្មោះ សឹម យៀន អាយុ ៧៣ឆ្នាំ បច្ចុប្បន្នគាត់មានមុខរបរជាអ្នកលក់បន្លែ។ មុនរបបខ្មែរក្រហម ខ្ញុំគឺជាកសិករម្នាក់ ប៉ុន្តែនៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវបានចាត់តាំងឱ្យធ្វើជាអ្នកភ្ជួរស្រែ ជីកព្រែក និងលើកប្រព័ន្ធភ្លឺស្រែ។ ខ្ញុំមានកូនចំនួន ៣នាក់ (ប្រុស ២នាក់ និងស្រី ១នាក់)។
រឿងរ៉ាវដែលខ្ញុំចងចាំបំផុតមិនអាចបំភ្លេចបាន គឺនៅមុនរបបខ្មែរក្រហមឈានចូលមកដល់ ពោលគឺនៅឆ្នាំ១៩៦៨ ខ្ញុំបានសាងភ្នួសជាព្រះសង្ឃ គង់នៅភូមិជើងទឹក «ខ» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែងដដែល។ លុះដល់អំឡុងឆ្នាំ ១៩៧១ ដល់ឆ្នាំ ១៩៧២ ក្នុងសម័យសាធារណរដ្ឋខ្មែរ ដោយសារមានការទម្លាក់គ្រាប់បែកនៅភូមិកំណើត ខ្ញុំក៏បានភៀសខ្លួនទៅគង់នៅវត្តពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ក្នុងកំឡុងពេលនោះ ជីវិតជាអ្នកបួសមិនសូវមានការលំបាកខ្លាំងក្លានៅឡើយទេ។ ពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៧៤ ខ្ញុំត្រូវបានជម្លៀសបន្តទៅកាន់ភូមិព្រៃចារ ដោយបានទៅគង់នៅវត្តស្វាយអង្គ ឃុំជ្រៃ ស្រុកស្វាយអន្ទរ។
នៅឆ្នាំ១៩៧៥ ក្រោយពេលរបប លន់ នល់ ដួលរលំ ខ្ញុំបានត្រឡប់មករស់នៅភូមិវាលព្រៅ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង វិញ។ បន្ទាប់មក ខ្មែរក្រហមបានបង្ខំឱ្យខ្ញុំចាកសិក្ខាបទ (ផ្សឹក) ព្រោះពួកគេមានគោលនយោបាយលុបបំបាត់សាសនា ដោយបានយកវត្តអារាមធ្វើជាកន្លែងសិប្បកម្ម និងកន្លែងចិញ្ចឹមសត្វ។ ក្រោយពេលក្លាយជាគ្រហស្ថ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យធ្វើការក្នុងសហករណ៍លើការងារដកស្ទូង។ ខ្ញុំត្រូវធ្វើការចាប់ពីម៉ោង ៤ទៀបភ្លឺ រហូតដល់ម៉ោង ១១ថ្ងៃត្រង់ ទើបបានសម្រាកហូបបបរ ហើយត្រូវចូលធ្វើការវិញនៅម៉ោង ១២ថ្ងៃត្រង់ រហូតដល់ម៉ោង ៦ល្ងាច។ កាលនោះ ខ្ញុំត្រូវធ្វើការស្ទើរគ្មានពេលសម្រាក ហើយរបបអាហារមានតែបបររាវៗប៉ុណ្ណោះ។
រាល់ពេលនឹកឃើញដល់បទពិសោធន៍ទាំងនេះ រឿងរ៉ាវទាំងអស់ហាក់ដូចជាទើបតែកើតឡើងថ្មីៗចំពោះរូបខ្ញុំ។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំនូវព្រឹត្តិការណ៍ក្នុងរបបខ្មែរក្រហម ដើម្បីឱ្យពួកគេដឹងពីការលំបាក និងចេះតស៊ូក្នុងជីវិត។
ដោយឡែក ចំពោះស្ថានភាពគ្រួសារបច្ចុប្បន្ន ខ្ញុំមានកូនចៅបម្រើការក្នុងជួរកងទ័ព។ កូនរបស់ខ្ញុំធ្លាប់បានចូលរួមប្រយុទ្ធនៅសមរភូមិព្រំដែនជួរភ្នំដងរែក តាំងពីពេលផ្ទុះសង្គ្រាមកម្ពុជា-ថៃ លើកទី២។ ការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ និងយោធាថៃ ពិតជាបានធ្វើឱ្យខ្ញុំមានការឈឺចាប់ និងបារម្ភយ៉ាងខ្លាំង ព្រោះខ្ញុំធ្លាប់ឆ្លងកាត់សង្គ្រាមម្តងរួចមកហើយ ដូចនេះខ្ញុំមិនចង់ឱ្យមានសង្គ្រាមកើតឡើងម្តងទៀតឡើយ។ ខ្ញុំអាណិតដល់កងទ័ពខ្មែរ និងអាណិតប្រជាជនតាមព្រំដែនដែលត្រូវរត់គេចខ្លួន បោះបង់ផ្ទះសំបែងឱ្យបែកបាក់ខ្ទេចខ្ទីអស់។

ឈួន សាន់ដាវ៉ាន់ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានសម្ភាសជាមួយ យឹម  ហួន អាយុ៧២ឆ្នាំ រស់នៅភូមិជើងទឹក«ខ» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

គង់ គា ៖ ព្រោះតែភាពអត់ឃ្លានប្ដីខ្ញុំត្រូវវាយធ្វើបាប

ខ្ញុំឈ្មោះ គង់ គា អាយុ ៧០ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំមានសុខភាពល្អធម្មតា (គ្មានពិការភាព)។ ប្តីរបស់ខ្ញុំឈ្មោះ ឡុង ភោគ អាយុ ៦៥ ឆ្នាំ ប៉ុន្តែគាត់បានស្លាប់ដោយសារជំងឺកាលពីពេលកន្លងទៅបាត់ទៅហើយ ដែលធ្វើឱ្យខ្ញុំក្លាយខ្លួនជាស្ត្រីមេម៉ាយរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ខ្ញុំមិនមានមុខរបរអ្វីឡើយ គឺនៅមើលថែរក្សាផ្ទះសម្បែង។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំនៅជាកុមារនៅឡើយ ប៉ុន្តែក្នុងរបបនោះ ខ្ញុំត្រូវអង្គការចាត់តាំងឱ្យធ្វើការនៅក្នុងកងចល័ត។ ខ្ញុំមានកូនចំនួន ៧នាក់ (ប្រុស ៣នាក់ និងស្រី ៤នាក់) ដែលពួកគាត់សុទ្ធតែជាកសិករទាំងអស់គ្នា។
រឿងរ៉ាវដែលខ្ញុំចងចាំបំផុតមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺភាពអត់ឃ្លាន។ ចាប់តាំងពីឆ្នាំ១៩៧៦ មក ខ្ញុំមិនដែលទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់ឡើយ។ កាលនោះ ដោយសារការបង្អត់អាហារខ្លាំងពេក ខ្ញុំ និងប្តីបានទៅជីកយកគល់ល្ហុងដែលកប់ក្នុងដីមកឈូសដាំលាយជាមួយបាយហូប។ ប្តីខ្ញុំជាអ្នកឈូស ចំណែកខ្ញុំជាអ្នកច្របាច់លាងសម្អាតទឹកឱ្យស្អាត រួចយកមកដាំលាយជាមួយអង្ករតែមួយកំប៉ុងប៉ុណ្ណោះ។ បន្ទាប់ពីហូបរួច នៅយប់នោះប្តីខ្ញុំមានអាការរមូលពោះ និងក្អួតចង្អោរដេកមិនលក់ពេញមួយយប់ ព្រោះគាត់ហត់នឿយនឹងការងារភ្ជួររាស់ខ្លាំងពេក ហើយហូបគល់ល្ហុងនោះច្រើនពេក។ ចំណែកខ្ញុំមិនមានអាការអ្វីឡើយ ដោយសារខ្ញុំហូបតិចជាងគាត់។
ថ្ងៃមួយ អង្គការបានចាត់តាំងប្តីខ្ញុំឱ្យទៅច្រូតស្រូវ បោកស្រូវ និងដឹកជញ្ជូនស្រូវ នៅភូមិអង្គរទ្រេត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ។ ដោយសារភាពស្រេកឃ្លានខ្លាំងពេក គាត់បានលួចគ្រាប់ស្រូវដាក់ក្នុងហោប៉ៅអាវទុកអកហូបនៅពេលស្ងាត់មនុស្ស។ លើកដំបូងអង្គការមិនដឹងឡើយ ប៉ុន្តែនៅពេលគាត់ធ្វើបែបនេះជាលើកទី២ ក៏ត្រូវបានមេកងឈ្លបឈ្មោះ កន តាមទាន់។ គេបានចាប់ប្តីខ្ញុំយកទៅដាក់គុកឃុំឃាំង និងធ្វើទារុណកម្មសួរចម្លើយយ៉ាងព្រៃផ្សៃ ដោយវាយធ្វើបាបគាត់ស្ទើរតែបាក់ចង្កេះ ទើបព្រមដោះលែងឱ្យត្រឡប់មកវិញ។
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀសអ្នកភូមិខ្ញុំចំនួន ១០ គ្រួសារ ឱ្យទៅកាន់តំបន់ដីខ្លាញ់ (ខេត្តពោធិ៍សាត់)។ ឮគេនិយាយថាទីនោះសម្បូររបស់ហូបចុកណាស់ ដូចជាដំឡូង និងស្វាយ ធ្វើឱ្យខ្ញុំដែលកំពុងអត់ឃ្លានខ្លាំងចង់ទៅទីនោះដែរ។ ខ្ញុំបានទៅសុំមេភូមិដើម្បីទៅជាមួយគេ ប៉ុន្តែគាត់ប្រាប់ថាគ្រួសារខ្ញុំគ្មានឈ្មោះក្នុងបញ្ជីឡើយ ព្រោះអង្គការកំណត់យកតែ ១០គ្រួសារប៉ុណ្ណោះ។ កាលនោះខ្ញុំតូចចិត្តណាស់ ប៉ុន្តែសញ្ជឹងគិតមកវិញ វាគឺជាសំណាងដ៏ធំធេងដែលខ្ញុំមិនបានទៅ បើមិនដូច្នេះទេ ខ្ញុំក៏មិនដឹងថាអាចមានជីវិតរស់មកដល់សព្វថ្ងៃដែរឬយ៉ាងណាឡើយ។
រាល់ពេលនឹកឃើញដល់បទពិសោធន៍ទាំងនេះ ខ្ញុំនៅតែមានអារម្មណ៍ខឹងសម្បារនឹងទង្វើរបស់ខ្មែរក្រហមណាស់។ ទោះជាយ៉ាងនេះក្ដី ខ្ញុំនៅតែចង់ឱ្យក្មេងៗជំនាន់ក្រោយបានដឹង និងចងចាំនូវរឿងរ៉ាវពិតដែលបានកើតឡើងក្នុងសម័យនោះ ដើម្បីឱ្យពួកគេយល់ពីតម្លៃនៃជីវិត។
ទោះបីជាបច្ចុប្បន្ន ខ្ញុំមិនមានកូនចៅចូលបម្រើក្នុងជួរកងទ័ពដើម្បីប្រយុទ្ធនៅសមរភូមិព្រំដែនក៏ពិតមែន ប៉ុន្តែខ្ញុំតែងតែមានការព្រួយបារម្ភ និងតក់ស្លុតរាល់ពេលមានជម្លោះប្រដាប់អាវុធកើតឡើង ព្រោះខ្ញុំខ្លាចប្រទេសជាតិធ្លាក់ក្នុងស្ថានភាពវេទនា និងព្រាត់ប្រាសដូចកាលពីសម័យខ្មែរក្រហមម្ដងទៀត។

ធី ស្រីពេជ្រ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានសម្ភាសជាមួយ គង់ គា អាយុ ៧០ឆ្នាំ រស់នៅភូមិជើងទឹកសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

យូ តុន រំឭកពីបទពិសោធន៍ដែលខ្មែរក្រហមបម្រុងនឹងសម្លាប់ចោល

ខ្ញុំឈ្មោះ យូ តុន អាយុ ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជើងទឹក «ក» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំមានសុខភាពល្អ និងមានមុខរបរដាំដំណាំ រួមទាំងលក់ដូរបន្តិចបន្តួចនៅផ្ទះ។ មុនរបបខ្មែរក្រហម ខ្ញុំគឺជាសិស្សម្នាក់ ប៉ុន្តែនៅក្នុងរបបនោះ ខ្ញុំត្រូវបានគេចាត់តាំងឱ្យចូលក្នុងកងចល័ត ដើម្បីធ្វើការដកស្ទូង ជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ។ ប្តីខ្ញុំឈ្មោះ សាន់ ថន អាយុ ៦៥ឆ្នាំ ជាទាហានចូលនិវត្តន៍ដែលមានពិការភាព និងមានជំងឺប្រចាំកាយ មិនអាចប្រកបការងារអ្វីបានឡើយ។ យើងមានកូនស្រី ២នាក់ ដែលបច្ចុប្បន្នអ្នកទាំងពីរគឺជាគ្រូបង្រៀន។
បទពិសោធន៍ជីវិតដែលខ្ញុំចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមមានពីរ។ ការចងចាំដំបូង គឺការបង្ខំឱ្យធ្វើការងារហួសកម្លាំង និងការជម្លៀសរូបខ្ញុំទៅកាន់តំបន់ដីខ្លាញ់។ ចាប់តាំងពីឆ្នាំ១៩៧៥ នៅពេលខ្មែរក្រហមឡើងកាន់កាប់ប្រទេស ពួកគេបានជម្លៀសខ្ញុំឱ្យទៅរស់នៅភូមិខ្យោក ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅទីនោះ អង្គការបានចាត់តាំងខ្ញុំឱ្យភ្ជួររាស់ ស្ទូងដក លើកប្រព័ន្ធភ្លឺស្រែ និងជីកប្រឡាយ។ ទោះបីជាត្រូវធ្វើការងារធ្ងន់ និងនឿយហត់យ៉ាងណាក៏ដោយ ក៏របបអាហារដែលទទួលបានមានតែបបររាវៗប៉ុណ្ណោះ ហើយយូរៗទើបបានហូបបាយម្ដង។
លុះដល់ឆ្នាំ១៩៧៨ អង្គការបានជម្លៀសខ្ញុំចេញពីភូមិខ្យោក ឱ្យទៅរស់នៅក្នុងសហករណ៍ចាមរអា ដែលជាតំបន់ដីខ្លាញ់ក្នុងខេត្តពោធិ៍សាត់។ នៅទីនោះ ខ្ញុំត្រូវបានគេធ្វើបាបយ៉ាងខ្លាំង។ អង្គការបានចាត់តាំងខ្ញុំ និងសមាជិកក្រុម ៨នាក់ទៀត ឱ្យច្រូតស្រូវលើផ្ទៃដីមួយហិកតា ដោយដាក់ផែនការយ៉ាងតឹងរ៉ឹងថា បើធ្វើមិនសម្រេចតាមបទបញ្ជាទេ ពួកគេនឹងយកយើងទៅសម្លាប់ចោល។ ឮបែបនេះ ម្នាក់ៗខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃស្ទើរគ្មានពេលសម្រាក។ យើងបានសម្រុកច្រូតស្រូវតាំងពីពាក់កណ្ដាលអាធ្រាត្ររហូតដល់ម៉ោង ៦ល្ងាច ទើបសម្រេចផែនការ និងបានហូបបាយល្ងាច រួចក៏ត្រូវបន្តទៅកាប់ដីទៀត។ រាល់ថ្ងៃ យើងរស់ក្នុងក្ដីភ័យខ្លាច ខ្លាចតែគេចាប់យកទៅសម្លាប់ប៉ុណ្ណោះ។
បទពិសោធន៍ជីវិតមួយទៀតដែលខ្ញុំនៅចងចាំបំផុតមិនអាចបំភ្លេចបាន គឺព្រឹត្តិការណ៍ដែលខ្មែរក្រហមបណ្ដើរខ្ញុំយកទៅសួរចម្លើយក្នុងព្រៃ និងបម្រុងនឹងសម្លាប់ចោលទាំងគ្មានកំហុស។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅក្នុងខេត្តពោធិ៍សាត់ជាកន្លែងដែលខ្ញុំស្នាក់នៅ និងធ្វើការក្រោយពេលដែលខ្ញុំត្រូវបានជម្លៀសចេញពីស្រុកកំណើតឯស្រុកពោធិ៍រៀង ខេត្តព្រៃវែង កាលពីឆ្នាំ១៩៧៨។ នៅថ្ងៃមួយអង្គការបានចាត់តាំងខ្ញុំ និងស្ត្រីពីរនាក់ទៀត ឱ្យឈរយាមគណៈកង ដែលកំពុងសម្រាកនៅក្នុងសហករណ៍ចាមរអា។ ពួកយើងម្នាក់ៗមានកាំបិតមួយម្នាក់លីលើស្មា ឈរនៅតាមជ្រុងរៀងៗខ្លួនដើម្បីការពារសន្តិសុខ។ យើងត្រូវឈរយាមរយៈពេលមួយម៉ោង ទើបមានអ្នកមកប្តូរវេន។ ក្នុងអំឡុងពេលនោះ ដោយសាររោយស្មាខ្លាំងពេក ពួកយើងក៏បានផ្លាស់ប្តូរកាំបិតពីស្មាម្ខាងទៅម្ខាងទៀត។ ខណៈពេលនោះហើយ ដែលគណៈកង និងប្រធានក្រុមបានមើលឃើញសកម្មភាពយើង ក៏ចាប់ពួកយើងយកទៅសួរចម្លើយ ដោយចោទប្រកាន់ថាមានបំណងចង់សម្លាប់គណៈកងដែលកំពុងដេក។ ពួកនោះបានបណ្ដើរយើងចូលទៅក្នុងព្រៃ រួចសួរថា៖ «ពេលយាម ហេតុអ្វីបានជាទម្លាក់កាំបិតចុះ?» ខ្ញុំបានឆ្លើយតបវិញថា ខ្ញុំគ្មានបំណងសម្លាប់មិត្តបងទេ គឺដោយសារខ្ញុំចុកស្មាខ្លាំងពេក។ បន្ទាប់ពីសួរដេញដោលឃើញថាពួកយើងពិតជាគ្មានបំណងអាក្រក់ គេក៏បានដោះលែងយើងមកវិញ។ ពេលត្រឡប់មកដល់សហករណ៍ ខ្ញុំភ័យខ្លាចខ្លាំងរហូតហូបបាយមិនចូលឡើយ ព្រោះធ្លាប់ឃើញគេចងមនុស្សជាជួរ បណ្ដើរយកទៅសម្លាប់នៅនឹងភ្នែក។
រាល់ពេលនឹកឃើញដល់បទពិសោធន៍ទាំងនេះ ខ្ញុំនៅតែមានអារម្មណ៍ខឹងសម្បារនឹងទង្វើអមនុស្សធម៌របស់ខ្មែរក្រហម ដែលហ៊ានសម្លាប់មនុស្សដោយគ្មានញញើតដៃ។ រឿងរ៉ាវអតីតកាលទាំងនេះនៅតែតាមលងបន្លាចខ្ញុំជានិច្ច សូម្បីក្នុងសុបិន ក៏ខ្ញុំតែងតែឃើញខ្មែរក្រហមប្រើឱ្យធ្វើការ និងយកទៅសម្លាប់ដែរ។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំពីរឿងរ៉ាវទាំងនេះ ដើម្បីឱ្យដឹងថាប្រជាជនក្នុងជំនាន់នោះបានរងទុក្ខវេទនាយ៉ាងណា។
ទោះបីជាខ្ញុំគ្មានកូនចៅបម្រើក្នុងជួរកងទ័ព ប៉ុន្តែខ្ញុំសូមជូនពរឱ្យវីរកងទ័ពទាំងអស់មានសុវត្ថិភាពក្នុងការការពារទឹកដី។ រាល់ពេលមានការប្រយុទ្ធគ្នានៅតាមព្រំដែន ខ្ញុំមានអារម្មណ៍តក់ស្លុត និងឈឺចាប់ខ្លាំង ព្រោះខ្ញុំធ្លាប់ឆ្លងកាត់សម័យសង្គ្រាមដែលពោរពេញដោយភាពលំបាកវេទនា ដូច្នេះខ្ញុំមិនចង់ឃើញប្រទេសជាតិត្រូវធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមម្ដងទៀតឡើយ។

ឈួន សាន់ដាវ៉ាន់ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានសម្ភាស យូ តុន អាយុ៦៦ឆ្នាំ  រស់នៅភូមិជើងទឹក«ក» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ស៊ុន អូន ៖ រត់គេចពីឈ្លបតាមសម្លាប់

ខ្ញុំឈ្មោះ ស៊ុន អូន អាយុ ៧៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជើងទឹក «ខ» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ទោះបីជាខ្ញុំមិនមានពិការភាព ប៉ុន្តែដោយសារវ័យជរា ភ្នែកម្ខាងរបស់ខ្ញុំមើលមិនសូវច្បាស់ឡើយ។ បច្ចុប្បន្ន ខ្ញុំគឺជាស្ត្រីមេម៉ាយ ប្រកបរបរជាកសិករ។ កាលពីសម័យខ្មែរក្រហម ខ្ញុំត្រូវអង្គការចាត់តាំងឱ្យចូលក្នុងកងចល័តលើកប្រព័ន្ធភ្លឺស្រែ។ ខ្ញុំមានកូនចំនួន ៤នាក់ (ប្រុស ២នាក់ និងស្រី ២នាក់) ដែលសព្វថ្ងៃពួកគាត់គឺជាកម្មកររោងចក្រ។
នៅក្នុងរបបខ្មែរក្រហម រឿងរ៉ាវដែលខ្ញុំចងចាំបំផុត គឺនៅពេលដែលអង្គការជម្លៀសខ្ញុំទៅកាន់តំបន់ដីខ្លាញ់ ក្នុងខេត្តពោធិ៍សាត់។ នៅទីនោះ ខ្ញុំត្រូវអង្គការបង្ខំឱ្យស្ទូងស្រូវលើផ្ទៃដីមួយហិកតា ជាមួយសមាជិកក្រុម ២៥ នាក់ទៀត។ វិន័យកាលនោះគឺតឹងរ៉ឹងបំផុត សន្ទូងដែលស្ទូងរួចត្រូវតែត្រង់ជួរដូចបន្ទាត់ បើវៀចបន្តិចក៏មិនបានដែរ។ យើងត្រូវដកស្ទូងឱ្យរួចរាល់ក្នុងរយៈពេលតែ ១ ថ្ងៃប៉ុណ្ណោះ ទើបអង្គការអនុញ្ញាតឱ្យយើងហូបបាយល្ងាច។ បើធ្វើមិនទាន់ផែនការទេ អង្គការនឹងផ្តាច់របបអាហារជាមិនខានឡើយ។
មានហេតុការណ៍មួយដែលធ្វើឱ្យខ្ញុំរន្ធត់ចិត្តជាខ្លាំង គឺមានក្មេងប្រុសម្នាក់អាយុប្រហែល ៧ ទៅ ៨ឆ្នាំ ដែលអង្គការឱ្យទៅរស់នៅកងកុមារ បានលួចរត់មកលេងឪពុកម្ដាយ។ នៅពេលឈ្លបដឹង ពួកគេបានដេញតាម និងកាប់ក្មេងនោះពីក្រោយចំកំភួនជើងបណ្ដាលឱ្យហូរឈាមកក្លាក់គួរឱ្យសង្វេគបំផុត។
នៅចុងឆ្នាំ១៩៧៨ ជិតដល់ពេលដួលរលំរបបខ្មែរក្រហម ខ្ញុំ ជីដូន និងបងប្អូន បានសម្រេចចិត្តលួចរត់ចេញពីការដ្ឋានការងារសំដៅមកស្រុកកំណើតវិញ ព្រោះយល់ថាបើបន្តនៅទីនោះទៀត គង់តែស្លាប់ដោយសារការធ្វើបាប និងភាពអត់ឃ្លាន។ តាមផ្លូវដែលយើងរត់គេច យើងបានឃើញសាកសពមនុស្សដេកស្លាប់ពាសពេញផ្លូវ ដែលក្នុងនោះក៏មានអ្នកខ្លះយើងស្គាល់ផងដែរ។ ក្នុងខណៈដែលឈ្លបកំពុងដេញតាមយ៉ាងប្រកិត ពួកយើងបានចូលពួនក្នុងគុម្ពឫស្សី រួចសម្រេចចិត្តលោតចូលក្នុងបឹងមួយ ដោយជ្រមុជខ្លួនពួនក្នុងកំប្លោកអស់រយៈពេលប្រហែលមួយម៉ោង រហូតដល់ពួកឈ្លបរកមិនឃើញ ក៏ត្រឡប់ទៅវិញអស់។ ពេលឡើងមកលើគោកវិញ យើងឃើញមានឈ្លើងធំៗប៉ុនបន្ទះរនាបមកទាមជាប់ខ្លួន ប៉ុន្តែអារម្មណ៍កាលនោះ គឺមិនមានអ្វីគួរឱ្យខ្លាចជាងការត្រូវឈ្លបចាប់បានឡើយ។ សំណាងល្អណាស់ ដែលគ្រួសារខ្ញុំអាចគេចផុតពីក្ដីស្លាប់ និងបានរស់នៅសុខសប្បាយរហូតមកដល់សព្វថ្ងៃ។
រាល់ពេលនឹកឃើញដល់អតីតកាល ខ្ញុំនៅតែមានចិត្តខឹងសម្បារនឹងរបបខ្មែរក្រហមជានិច្ច។ សូម្បីក្នុងសុបិន ក៏ខ្ញុំតែងតែឃើញរូបភាពខ្លួនឯងត្រូវគេធ្វើបាប និងឃើញមនុស្សស្លាប់តាមផ្លូវដែរ។ ខ្ញុំចង់ឱ្យយុវជនជំនាន់ក្រោយបានដឹង និងចងចាំនូវទុក្ខវេទនាដែលប្រជាជនខ្មែរបានឆ្លងកាត់ក្នុងរបបឃោរឃៅនោះ។
បច្ចុប្បន្ន ភូមិឃុំរបស់ខ្ញុំមានការអភិវឌ្ឍច្រើន ដូចជាផ្លូវថ្នល់ ភ្លើងអគ្គិសនី និងប្រព័ន្ធលូខ្វាត់    ខ្វែង។ អ្នកភូមិរបស់ខ្ញុំមានជំនឿលើរូបសំណាក់ «លោកយាយទេព» ដែលជារៀងរាល់ឆ្នាំ អ្នកភូមិតែងតែរៀបចំពិធីបុណ្យ បន់ស្រន់សុំទឹកភ្លៀង សុំសេចក្ដីសុខ និងសុំឱ្យលោកយាយជួយព្យាបាលជំងឺតម្កាត់ផ្សេងៗតាមជំនឿតាំងពីបុរាណមក។
ជាចុងក្រោយ ទោះបីជាខ្ញុំមិនមានកូនចៅបម្រើក្នុងជួរកងទ័ព ប៉ុន្តែខ្ញុំតែងតែបួងសួងឱ្យវីរកងទ័ពជួរមុខទាំងអស់ជួបតែសុខសុវត្ថិភាព និងទទួលបានជ័យជម្នះក្នុងការការពារទឹកដី។ រាល់ពេលមានជម្លោះព្រំដែន ខ្ញុំមានអារម្មណ៍បារម្ភ និងតក់ស្លុតខ្លាំង ព្រោះខ្ញុំមិនចង់ឃើញក្មេងៗជំនាន់ក្រោយ ត្រូវរងទុក្ខវេទនាដោយសារសង្គ្រាមឈ្លានពានដូចអ្វីដែលខ្ញុំធ្លាប់បានឆ្លងកាត់ឡើយ។

ដោយ ធី ស្រីពេជ្រ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។  ភូមិជើងទឹក«ខ» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។  សម្ភាសនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ផាន់ មិន ៖ ខ្មែរក្រហមបង្ខំបងប្រុសខ្ញុំឱ្យចូលយោធារហូតដល់ស្លាប់

ខ្ញុំឈ្មោះ ផាន់ មិន អាយុ ៦៨ ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនប្រុស ៤ នាក់។ បច្ចុប្បន្ន ខ្ញុំរស់នៅក្រុមទី ៥ ភូមិឡឥដ្ឋ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង និងមានមុខរបរជាអ្នកលក់ដូរបន្តិចបន្តួច។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំជាកសិករ ប៉ុន្តែក្នុងរបបនោះ ខ្ញុំត្រូវបានចាត់តាំងឱ្យស្ថិតក្នុងកងចល័ត។
ខ្ញុំនៅចាំមិនភ្លេចទេ កាលពីអំឡុងឆ្នាំ ១៩៧៤ នៅភូមិត្រពាំងកំពឹស ឃុំត្របែក ស្រុកកំចាយមារ ដែលជាស្រុកកំណើតរបស់ខ្ញុំ ខ្មែរក្រហមបានបង្ខំបងប្រុសរបស់ខ្ញុំចំនួន ៣ នាក់ ឱ្យចូលធ្វើជាយោធា។ កាលណោះ កម្មាភិបាលខ្មែរក្រហម ៣ នាក់ បានដើរចូលមកក្នុងផ្ទះ រួចនិយាយអូសទាញបងប្រុសខ្ញុំឱ្យទៅធ្វើយោធាជាមួយក្រុមខ្លួន ដើម្បីតស៊ូប្រឆាំងនឹងរបប លន់ នល់។ ឪពុកម្ដាយខ្ញុំមិនចង់ឱ្យកូនទៅទេ ប៉ុន្តែដោយសារភាពភ័យខ្លាចចំពោះការចោទប្រកាន់ថាជា«ក្រុមក្បាលស» ទើបពួកគាត់មិនហ៊ានតវ៉ា ហើយក៏បង្ខំចិត្តយល់ព្រមឱ្យបងប្រុសចាកចេញទៅ។ ក្នុងបរិយាកាសដ៏តានតឹងនោះ គ្មានអ្នកណាហ៊ានសួរនាំអ្វីទាំងអស់។ ខ្ញុំពិតជាឈឺចាប់ និងខឹងសម្បារយ៉ាងខ្លាំង ដែលខ្មែរក្រហមបានមកបង្ខំឱ្យបងប្អូនខ្ញុំត្រូវព្រាត់ប្រាស់ពីឪពុកម្ដាយ និងគ្រួសារ រហូតបាត់ដំណឹងសូន្យឈឹងមកទល់សព្វថ្ងៃនេះ។
ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំនូវរឿងរ៉ាវទាំងនេះ ដើម្បីដឹងពីទុក្ខវេទនា និងការធ្វើបាបដែលរបប ប៉ុល ពត បានបង្កឡើងលើប្រជាជនគ្រប់វ័យ។ ដោយឡែក ក្នុងភូមិឃុំដែលខ្ញុំរស់នៅសព្វថ្ងៃ ខ្ញុំពិតជាសប្បាយចិត្តដែលឃើញមានការអភិវឌ្ឍច្រើន មានផ្លូវជាតិ និងផ្លូវកៅស៊ូ ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។ តំបន់នេះពីដើមមក ជាកន្លែងធ្វើឡឥដ្ឋ និងឡក្បឿង ប៉ុន្តែបច្ចុប្បន្នបានប្រែក្លាយជាមានរោងចក្រផលិតឥដ្ឋ និងក្បឿងធំៗជាងមុន។
ចំពោះកូនចៅរបស់ខ្ញុំ ទោះបីពួកគេចូលបម្រើក្នុងកងទ័ព ប៉ុន្តែមិនដែលបានឆ្លងកាត់សមរភូមិប្រយុទ្ធឡើយ។ តាមរយៈបណ្ដាញសង្គមក្នុងទូរសព្ទដៃ ខ្ញុំបានទទួលជ្រាបព័ត៌មានអំពីយោធាថៃ ដែលបានបិទនិងបើកច្រកទ្វារព្រំដែនតាមអំពើចិត្ត។ ក្នុងនោះ ខ្ញុំក៏បានដឹងពីការបញ្ជូនកងទ័ពខ្មែរយើង ២ នាក់ត្រឡប់មកវិញ ដោយម្នាក់មានសុខភាពមិនល្អ និងម្នាក់ទៀតពិការដើរមិនរួច។

ញឿន ឡាលីម យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែងក្នុងគម្រោងស្តីពី ការលើកកម្ពស់លទ្ធិប្រជាធិប តេយ្យនិងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានសម្ភាសជាមួយ ផាន់ មិន អាយុ៦៨ឆ្នាំ រស់នៅភូមិឡឥដ្ឋ ឃុំក្រញូង ស្រុកកំចាយមារ ខេត្ដព្រៃវែង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។