Home / Post

Prey Veng Documentation Center: Visiting displaced people living in Svay Sokhao village, Cheung Teuk commune, Prey Veng Provincial Town, August 12, 2025

របាយការណ៍ដោយ៖ ដារ៉ារដ្ឋ មេត្តា
នៅវេលាម៉ោង២និង៤០នាទីរសៀល ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដារ៉ារដ្ឋ មេត្តា និង ថុន ស្រីពេជ្រ បានធ្វើដំណើរចេញពីការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង ទៅកាន់សាលាសង្កាត់ជើងទឹក ដើម្បីសុំព័ត៌មានជនភៀសសឹក និងប្រពន្ធទាហាន ពីអ៊ំចៅសង្កាត់ឈ្មោះ ជិន វណ្ណា។ ក្រុមការងារ បានទៅដល់សាលាសង្កាត់នៅម៉ោង២និង៥០នាទីរសៀល ខណៈពេលទៅដល់សាលាសង្កាត់ជើងទឹក ឃើញអាជ្ញាធរមូលដ្ឋានកំពុងចែកអំណោយជូនដល់ពលករខ្មែរមកពីប្រទេសថៃ។ ក្រុមការងាររង់ចាំជួបអ៊ំចៅសង្កាត់ ជិន វណ្ណា បន្តិចដើម្បីសុំការអនុញ្ញាតពីគាត់និងសួរព័ត៌មានអំពីជនភៀសសឹកពីគាត់។ អ៊ំចៅសង្កាត់ ជិន វណ្ណា បានសហការយ៉ាងល្អនិងបានផ្ដល់ព័ត៌មានចំនួន២គ្រួសារមកពីជួរមុខតំបន់មុំ៣ ហើយលោកអ៊ំ ជិន វណ្ណា បានចាត់តាំងសមាជិកភូមិស្វាយសុខោ ឈ្មោះ ភឿង សុខុម ឱ្យជូនក្រុមការងារ ទៅកាន់ផ្ទះដែលជនភៀសសឹកស្នាក់នៅបណ្ដោះអាសន្ន។ នៅវេលាម៉ោង៣ និង៣នាទីរសៀល ក្រុមការងារបានចេញពីសាលាសង្កាត់ជើងទឹងទៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ផ្លូវវាងចូលក្នុងជ្រៅបន្តិចទៅដល់ផ្ទះមួយធ្វើអំពីថ្មមានចំនួន៥គ្រួសាររស់នៅជុំគ្នានិងមានគ្រួសារជនភៀសសឹកចំនួន២គ្រួសារ។ ទុយ លីម អាយុ៤៧ឆ្នាំ និង ទុយ រ៉ា អាយុ៤០ឆ្នាំ បានចេញមកស្វាគមន៍ក្រុមការងារ។ ក្រុមការងារ បានសួរសុខទុក្ខគាត់ និងបានសួរនាំពីសង្គ្រាមរវាងកម្ពុជា និង ថៃ និង មូលហេតុអ្វីបានជា គាត់ ភៀសខ្លួនមកដល់ ខេត្តព្រៃវែង។

បញ្ហាប្រឈម និង ដំណោះស្រាយ
-ចៅសង្កាត់ជើងទឹក ជាប់រវល់ ចែកអំណោយជួនដល់ពលករខ្មែរ មកពីប្រទេសថៃ ដូច្នេះ ក្រុមការងារត្រូវរង់ចាំរហូតដល់កម្មវិធីចែកអំណោយ បានបញ្ចប់។
-ប្រជាជនភៀសសឹក ដែលមកកាន់ខេត្តព្រៃវែងមានចំនួនតិចតួច។
-អាកាសធាតុក្តៅខ្លាំង ខណៈពេលក្រុមការងារអង្គុយរង់ចាំជួបលោកអ៊ំ ចៅសង្កាត់។
សង្កេត
-ទោះបីជាមានការរវល់យ៉ាងណា ចៅសង្កាត់ជើងទឹក នៅតែសហការរីករាយនៅក្នុងការផ្តល់ឈ្មោះ ជនភៀសសឹក មកកាន់ក្រុមការងារ
-ក្រុមគ្រួសារជម្លៀសសឹក ទទួលស្វាគមន៍ក្រុមការងារយ៉ាងកក់ក្តៅ
-ក្រុមគ្រួសារជម្លៀសសឹក រីករាយ នៅក្នុងការផ្តល់បទសម្ភាសមកកាន់ក្រុមការងារដោយពុំមានការធុញទ្រាន់
-អំឡុងពេលក្រុមការងារស្នើសុំថតសម្លេង គឺក្រុមគ្រួសារជម្លៀសសឹក មិនអនុញ្ញាតិឱ្យកូនចៅរបស់គាត់ បង្ករសម្លេងរំខាន ដូច្នេះ បានបង្ហាញថា គឺជាការគោរពគ្នាទៅវិញទៅមក រវាង ក្រុមគ្រួសារជម្លៀសសឹក និង ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង។

ជនភៀសសឹក រស់នៅបណ្ដោះអាសន្ន ក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង
ដោយ៖ ដារ៉ារដ្ឋ មេត្តា

ទុយ លីម គឺជាជនភៀសសឹកបានរៀបរាប់ថា«ខ្ញុំឈ្មោះ ទុយ លីម​ អាយុ៤៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំបានមករស់នៅជាមួយប្អូននិងម្ដាយខ្ញុំជាបណ្ដោះអាសន្នបន្ទាប់ពីមានការប៉ះទង្គិចរវាងកម្លាំងកម្ពុជានិងថៃ ។ ទីលំនៅបច្ចុប្បន្នខ្ញុំ រស់នៅភូមិសែនរុងរឿង២ឬហៅថាភូមិ៣៩៣(គឺជាភូមិប្រពន្ធទាហានរស់នៅ) ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ខ្ញុំបានទៅរស់នៅភូមិសែនរុងរឿង២ នៅអំឡុងឆ្នាំ២០០៨ នៅពេលខ្មែរមានជម្លោះរឿងប្រាសាទព្រះវិហារជាមួយថៃ។ ខ្ញុំមានកូនចំនួន៣នាក់។ ប្ដីខ្ញុំឈ្មោះ លឹម សានី ​អាយុ៥៧ឆ្នាំគឺជាអនុសេនីយ៍ទោល ក្នុងវរសេនាតូច៣៩៣ កងពលតូចលេខ៩ ឈរជើងនៅតំបន់មុំ៣ ដែលមានចម្ងាយពីផ្ទះខ្ញុំរស់នៅប្រមាណជា៣០គីឡូម៉ែត្រ។ ប្ដីខ្ញុំគាត់កាន់កាំភ្លើងអាកា(AK) និងកាំភ្លើងខ្លីនៅសមរភូមិមុំបី។ ប្ដីខ្ញុំមានស្រុកកំណើតនៅភូមិឫស្សីជួរ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បន្ទាប់ពីគ្រួសារខ្ញុំមករស់នៅភូមិសែនរុងរឿង២ រដ្ឋាភិបាលបានចែកដីឱ្យគ្រួសារខ្ញុំនិង គ្រួសារទាហានទាំងអស់ម្នាក់ចំនួន២ហិកតាដែលយើងអាចធ្វើស្រែសម្រាប់ទុកហូបបាន។

មុនការផ្ទុះអាវុធរវាងខ្មែរនិងថៃនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ប្ដីខ្ញុំបានទាក់ទងមកខ្ញុំប្រាប់ថា ស្ថានភាពមិនស្រួលទេយ៉ាងម៉េចយ៉ាងម៉ាឈប់អាលឱ្យកូនទៅរៀន ព្រោះមិនដឹងផ្ទុះអាវុធពេលណាទេហើយដាំបាយទុកឱ្យឆ្អិតៗទៅ។​ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះខ្ញុំទាក់ទងទៅប្ដីខ្ញុំមិនចូលទេ ទាល់តែគាត់ចង់ទាក់ទងមកខ្ញុំបានគាត់រកកន្លែងមានសេវា។ ខ្ញុំភ័យនៅពេលទាក់ទងគាត់មិនបាន ទោះគាត់បានប្រាប់ខ្ញុំមុនថាគ្មានសេវាទាក់ទងមិនបាន។ បន្ទាប់មក ពេលខ្ញុំស្នាក់នៅដើមពោធិ៍៥០០០ដើម ប្ដីខ្ញុំព្យាយាមទាក់ទងមកខ្ញុំដែរ ប្រហែលជាគាត់គ្មានសេវាទូរសព្ទ នៅលើទូរសព្ទខ្ញុំលោតលេខទូរសព្ទរបស់ប្ដីខ្ញុំ ប៉ុន្តែមិនអាចនិយាយទំនាក់ទំនងជាមួយគាត់បាន។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំមកដល់ផ្ទះមីងនៅកំពង់ធំ ក្រោយពេលមានបទឈប់បាញ់គ្នា ប្ដីខ្ញុំបានទាក់ទងមកខ្ញុំគាត់ផ្ដាំថាយ៉ាងម៉េចយ៉ាងម៉ាឱ្យខ្ញុំមកស្រុក(ព្រៃវែង) គាត់បារម្ភប្រពន្ធកូននៅក្រោយ។ នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ប្ដីខ្ញុំបានទាក់ទងមកខ្ញុំប្រាប់ថាស្ថានភាពមិនទាន់ស្រួលទេឱ្យខ្ញុំកុំទាន់អាលត្រឡប់ទៅផ្ទះវិញ។

ខ្ញុំគិតថាជម្លោះរវាងខ្មែរ-ថៃ ដោយសារថៃចង់បានទឹកដីខ្មែរ ចង់បានប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច របស់ខ្មែរ ថៃថាវាយយកទាល់តែបាន។ មេទ័ពចេញមុខមាត់ចង់បានទឹកដីខ្មែរឈ្មោះ ក្លាង អីទេ គឺជាមេភូមិភាគ២ ខ្ញុំមិនសូវចេះហៅឈ្មោះទេ។ ខ្ញុំដឹងមេភូមិភាគ២អ្នកចង់ធ្វើសង្គ្រាមនេះដោយសារខ្ញុំមើលព័ត៌មាននិងប្ដីខ្ញុំនិយាយប្រាប់ដែរ។ ចំណែកការបិទព្រំដែនខ្ញុំដឹងតែថាថៃបិទព្រំដែនមុនតែមិនដឹងខាងណាគឺជាអ្នកបញ្ជាទេ។ កាលពីថ្ងៃទី២៨ ខែឧសភា មានទាហានខ្មែររបស់យើងម្នាក់ត្រូវទាហានថៃលបបាញ់សម្លាប់នៅមុំ៣ ឈ្មោះ សួន រោន។ ខ្ញុំធ្លាប់ឭពីប្ដីខ្ញុំ ឈ្មោះ សួន រោន នៅមុំ៣ដែរតែនៅក្រុមផ្សេងគ្នាពីប្ដីខ្ញុំ។ ចំណែកការលបបាញ់ខ្ញុំដឹងមិនច្បាស់ទេខ្លះឭថាទាហានខ្មែរយើងកំពុងនៅលេណដ្ឋានថៃលបទៅបាញ់ តែខ្លះថាគាត់ចេញពេលព្រឹកម៉ោង៥ ដាំបាយដួសទឹកអីចឹងទៅថៃលបបាញ់ ប៉ុន្តែមិនបានសួរនាំច្បាស់ទេ។ ប្ដីខ្ញុំចុះពីលើភ្នំមុំ៣មកធ្វើបុណ្យឱ្យគាត់នៅកងពលដែរ។ សួន រោន នៅវរសេនា៩៥ ផ្ទះរបស់គាត់ជាប់ចង្កេះភ្នំមុំ៣តែម្ដង។ បន្ទាប់ពីបទឈប់បាញ់ឭប្ដីខ្ញុំថា ថៃចាប់ទាហានខ្មែរនៅតាថាវ ធ្វើជាចាប់ដៃប៉ុន្តែមិនបានសួរលម្អិតទេ។ ក្រោយមកទាហានថៃដោះលែងពីរនាក់ ធ្វើបាបម្នាក់មានបញ្ហាសតិមិនគ្រប់គ្រាន់ និងម្នាក់ទៀតរបួស»។

ទុយ រ៉ា ជាប្រពន្ធទាហានជួរមុខ បានភៀសសឹកពីខេត្តព្រះវិហារ មកកាន់ខេត្តព្រៃវែង
ដោយ ថុន ស្រីពេជ្រ
ខ្ញុំឈ្មោះ ទុយ រ៉ា ភេទស្រី អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ស្រី៣នាក់ និង កូនចំនួន៣នាក់ ស្រីទាំង៣។ កូនស្រីច្បងរបស់ខ្ញុំ មានអាយុ១៥ឆ្នាំ ពិការជើងទាំងសងខាង ហើយ ដើរមិនបាន រហូតមកដល់សព្វថ្ងៃ ដោយសារគោយន្តបុក តាំងពីគាត់មានអាយុ២ឆ្នាំ។ ប្តីរបស់ខ្ញុំឈ្មោះ ឃាន សុភ័ក្រ្ត ជាទាហាន ពលបាលឯក នៅកងវរសេនាតូចលេខ ៣៩៣ ឈរជើង និង ប្រយុទ្ធនៅលើកំពូលភ្នំតំបន់មុំបី ខេត្តព្រះវិហារ។ ប្តីរបស់ខ្ញុំ មានអាយុ៤១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ។ នៅមុនឆ្នាំ២០០៨ គាត់បានចូលធ្វើជាទាហាននៅក្នុងក្រុងព្រៃវែង។ រហូតមកដល់ឆ្នាំ២០០៨ អំឡុងពេល ប្រទេសកម្ពុជា មានសង្គ្រាមជាមួយប្រទេសថៃ ខាងរដ្ឋាភិបាល បានបញ្ជួនប្តីខ្ញុំឱ្យទៅឈរជើងនៅខេត្តព្រះវិហារ។ ចំណែកឯខ្ញុំវិញ ក៏បានទៅរស់នៅជាមួយប្តីខ្ញុំដែរ។ មិនត្រឹមតែខ្ញុំទេ បងស្រីខ្ញុំ ដែលគាត់មានប្តីធ្វើជាទាហាន ក៏ទៅជាមួយគ្នានៅពេលនោះដែរ ព្រោះខាងរដ្ឋាភិបាល បានចែកដីឱ្យគ្រួសារទាហាន រស់នៅ ក្នុង១គ្រួសារ ចំនួន២ហិកតា ដែលអាចរស់នៅ និង អាចដាំដំណាំហូបបាន។ ភូមិឃុំដែលគ្រួសារខ្ញុំបានទៅរស់នៅ នៅពេលនោះ គឺស្ថិតនៅភូមិសែនរុងរឿង២ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅថ្ងៃទី២៤ ដល់ ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៥ ប្រទេសកម្ពុជា និង ប្រទេសថៃ កើតមានសង្គ្រាមរវាងគ្នាម្តងទៀត។ អំឡុងពេលផ្ទុះសង្គ្រាម ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៥ នេះ ដំបូងឡើយ ខ្ញុំបានយកម៉ូតូទៅជួសជុលនៅផ្សារអូរជុញ។ ពេលខ្ញុំជិះម៉ូតូត្រឡប់មកផ្ទះវិញ ស្រាប់តែមានទាហានកម្ពុជាយើង បានឃាត់ខ្ញុំមិនឱ្យមក ព្រោះសង្គ្រាមទល់ដែន កម្ពុជា-ថៃ បានផ្ទុះហើយ។ ស្របពេលជាមួយគ្នានេះដែរ ខ្ញុំបានឮសម្លេងគ្រាប់ផ្លោងពីប្រទេសថៃមក។ ខ្ញុំ បារម្ភពីកូនជាខ្លាំង ព្រោះកូនៗ និង សាច់ញាតិខ្ញុំ នៅខាងក្នុងភូមិ។ ខ្ញុំក៏ សុំអង្វរទាហាន អនុញ្ញាតឱ្យខ្ញុំចូលទៅយកកូនៗ និង សាច់ញាតិខ្ញុំ។ លុះពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំបានស្រែកហៅបងស្រីខ្ញុំ ដែលស្ថិតនៅក្បែរផ្ទះជាប់គ្នា ហើយបានប្រាប់គាត់ថា ខាងថៃផ្លោងគ្រាប់ទាំងកញ្ច្រែងមកខាងយើង។ ខណៈពេលនោះដែរ ប្តីខ្ញុំ បានខលទូរសព្ទមកកាន់ខ្ញុំ ឱ្យចាកចេញជាបន្ទាន់។ ចំណែកខ្ញុំភ័យតក់ស្លុត ទន់ដៃ ទន់ជើង។ ប៉ុន្តែខ្ញុំបានប្រញាប់ប្រញាល់ នាំកូនៗនិង សាច់ញាតិចាកចេញពីទីនោះ។ នៅវេលាម៉ោង៧ ទៅម៉ោង ៨ព្រឹក ខ្ញុំបានសុំដោយសារអ្នកជិតខាងនៅទល់មុខផ្ទះគ្នា ទៅជាមួយ ព្រោះអ្នកជិតខាងមានគោយន្ត ហើយពួកគេ ក៏នឹងចាកចេញនៅពេលនេះដែរ។ កាលនោះខ្ញុំ ចាកចេញទៅ មានគ្នាចំនួន៥នាក់រួមទាំងខ្ញុំ។ ចំណែកឯបងស្រីខ្ញុំវិញ ពុំទាន់ចាកចេញមកជាមួយខ្ញុំទេ ប៉ុន្តែគាត់បានផ្ញើកូនគាត់នៅនឹងខ្ញុំម្នាក់ ឱ្យចេញទៅមុន។ ចំណែកគាត់ នៅចាំចាកចេញនៅពេលរសៀលវិញ។ ស្របពេលជាមួយគ្នានោះ ក៏មានអ្នកភូមិជាច្រើន បានចេញមកដំណាគ្នា ប៉ុន្តែក៏មានអ្នកភូមិខ្លះ នៅចាំផ្ទះ។ ទិដ្ឋភាពនៅតាមផ្លូវ ពោរពេញទៅដោយមនុស្សម្នា សម្រុកចាកចេញ ដោយអ្នកខ្លះជិះម៉ូតូ អ្នកខ្លះជិះឡាន អ្នកខ្លះជិះគោយន្ត និង អ្នកខ្លះទៀត ជិះម៉ាស៊ីនច្រូតស្រូវ ដើម្បីប្រើជាមធ្យោយបាយក្នុងការធ្វើដំណើរ។ នៅថ្ងៃនោះ សូម្បីតែអ្នកលក់ប្រេង សាំង បានបិទចោលទាំងអស់ មិនមាននរណានៅលក់ដូរទៀតទេ។ ចំណែកខ្ញុំ ពេលចេញមក ដោយសារតែប្រញាប់ប្រញាល់ហើយភ័យផង ក៏មិនបានយកអ្វីមកដែរ។ ទោះបីជាមានបាយខ្លះដែលបងស្រីខ្ញុំ បានដាក់មកឱ្យខ្ញុំ និង កូនក្មួយ ហូប ប៉ុន្តែក៏ហូបមិនកើត ព្រោះជិះគោយន្ត ផ្លូវរលាក់ ហើយដីហុយខ្លាំងទៀត។ ដូច្នេះ តាំងពីព្រឹកមក ខ្ញុំ ពុំបានហូបអ្វីសោះ រហូតដល់ពេលល្ងាច យើងបានទៅដល់វត្តកំពង់ស្រឡៅ ព្រំប្រទល់ កម្ពុជា-ឡាវ(ខេត្តព្រះវិហារ) ទើបបានហូបបាយ។ សូមបញ្ជាក់ថា មូលហេតុដែលប្រជាជនរាប់ពាន់ រាប់ម៉ឺននាក់ បន្តកន្ទុយគ្នា ធ្វើដំណើរវាងទៅតាមវត្តកំពង់ស្រឡៅ ព្រំប្រទល់កម្ពុជា-ឡាវ គឺដោយសារតែនៅតាមស្រុកជាំក្សាន្ត ត្រូវទាហានខាងថៃ បានផ្លោងគ្រាប់ចូលមក ធ្វើឱ្យដាច់ផ្លូវ ហើយប្រជាជនមិនអាចធ្វើដំណើរនៅលើផ្លូវនោះបាន។ លុះពេលទៅដល់វត្តកំពង់ស្រឡៅ យើងបានទៅសម្រាកនៅទីនោះ នៅក្រោមសាលាឆាន់។ បន្ទាប់មក បងស្រីរបស់ខ្ញុំ ក៏បានទៅដល់ទីនោះដែរ។ គាត់បានសុំដោយសារម៉ូតូគេជិះមកជាមួយ។ យើងបានសម្រាកនៅវត្តកំពង់ស្រឡៅ មួយយប់។ លុះព្រឹកឡើង ក៏មានគេហៅឱ្យទៅយកអំណោយ។ គ្រួសារខ្ញុំ ទទួលបានអង្ករចំនួន៥គីឡូ មី ៥កញ្ចប់ ត្រីខ២កំប៉ុង និង ទឹកសុទ្ធ១យួរ។ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយសារយើងពុំមានមធ្យោបាយធ្វើដំណើរបន្តទៀត យើងក៏បានសុំដោយសារ ម្ចាស់គោយន្ត ដដែល ធ្វើដំណើរឆ្ពោះទៅវត្តពោធិ៍ប្រាំពាន់ដើម ខេត្តព្រះវិហារ ។ ទៅដល់ទីនោះ ខ្ញុំបានជួបផលលំបាកច្រើន ព្រោះមនុស្សច្រើនពេក ណែនណាប់ តាន់តាប់ មិនមានទឹកងូត ហើយពេលមានភ្លៀងធ្លាក់ យប់ព្រលប់ គឺទឹកភ្លៀងលិច សាច និង ទឹកហូរចូលទៅក្នុងតង់ដែលជាកន្លែងស្នាក់នៅ ធ្វើឱ្យយើងមិនអាចសម្រាន្តបាន។ វត្តពោធិ៍ប្រាំពាន់ដើម គឺជាជុំរុំភៀសសឹកដែលធំជាងគេ នៅក្នុងខេត្តព្រះវិហារ។ លោកជំទាវ ប៊ុនរ៉ានី បានចែកអំណោយដល់ជនភៀសសឹក ដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ មុង ភួយ ក្រមា មី១កេះ និង អង្ករចំនួន៣០គីឡូ។ កាលនោះ ខ្ញុំមិនចង់ទៅយកអំណោយទៀត ព្រោះខ្ញុំរំភើបពេក នៅពេលដែលបានដឹងថា មីងមកយក ទៅខេត្តកំពង់ធំ។ មួយវិញទៀត ខ្ញុំខ្លាចគាត់ រកខ្ញុំមិនឃើញ ហើយគាត់ទៅចោល។ ប៉ុន្តែក្មួយខ្ញុំ ក៏បានចេញទៅយកអំណោយឱ្យខ្ញុំ។ ចំណែកឯបងស្រីខ្ញុំវិញ ដោយសាររំភើបពេក ពេលឃើញមីងមកដល់ គាត់ក៏ភ្លេចយកអង្ករ និង មីទៅជាមួយ ដោយយើងទាំងអស់គ្នាបានជិះឡានជិតទៅដល់ខេត្តកំពង់ធំហើយ ទើបគាត់នឹកឃើញថាភ្លេចអង្ករ និងភ្លេចមី ហើយគាត់ក៏ប្រាប់ឱ្យអ្នកភៀសសឹកនៅទីនោះហូបទៅ។ ខ្ញុំ និង បងស្រី ព្រមទាំងកូនក្មួយ បានស្នាក់នៅផ្ទះមីង នៅខេត្តកំពង់ធំ បានចំនួន៣យប់ ក៏សម្រេចចិត្ត ធ្វើដំណើរមកខេត្តព្រៃវែង មករស់នៅជាមួយបងប្អូនជាបណ្តោះអាសន្ន នៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ នៅក្នុងរយៈពេលដែលខ្ញុំជម្លៀសមកនេះ ខ្ញុំមានការព្រួយបារម្ភពីប្តីខ្ញុំជាខ្លាំង ដោយសារប្តីខ្ញុំទៅប្រយុទ្ធនៅជួរមុខ។ ខ្ញុំហូបបាយមិនកើតទេ ហើយមេឃក៏ភ្លៀងខ្លាំងទៀត មិនដឹងថា ប្តីខ្ញុំលំបាកយ៉ាងណា។ មួយវិញទៀត ខ្ញុំពិបាកទាក់ទងជាមួយគាត់ទៀត ដោយសារតែនៅទីនោះ គេផ្តាច់សេវាមិនអាចទាក់ទងបាន។ ប្តីខ្ញុំនៅលើកំពូលភ្នំ ដូច្នេះ ស្បៀងអាហារមិនសូវបានយកទៅដល់គាត់ទេ។ ក្នុងរយៈពេលប្រយុទ្ធគ្នានេះ គាត់ហូបតែមី ឬ ត្រីខកំប៉ុង ហើយត្រីខ ១កំប៉ុង ហូបគ្នាចំនួន២នាក់។ ក្រោយសង្គ្រាម បានបញ្ចប់ និង មានបទឈប់បាញ់ និង ពេលដែលខ្ញុំមកដល់ ក្រុងព្រៃវែងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ប្តីខ្ញុំបានទាក់ទងមកខ្ញុំ។ គាត់បានប្រាប់ខ្ញុំថា នៅក្នុងសមរភូមិ គ្រាប់ផ្លោង បានផ្ទុះនៅជុំវិញខ្លួនរបស់គាត់ នៅពីមុខផង និង ពីក្រោយផង ធ្វើឱ្យគាត់ញ័រជើងទាំងអស់។ ប៉ុន្តែទោះជាយ៉ាងណា គាត់នៅតែតស៊ូ ហើយឥឡូវនេះ ហាក់ ដូចជា រៀងស្ងប់ស្ងាត់ដែរហើយ ដោយសារភាគីទាំងសងខាង ត្រូវគោរពទៅលើបទឈប់បាញ់។ ទោះបីជាយ៉ាងនេះ ប្តីខ្ញុំនៅតែឈរជើងនៅលើតំបន់មុំបី និង រក្សាការប្រុងប្រយ័ត្នជានិច្ចដដែល ហើយពេលយប់ឡើង គាត់នៅតែដើរល្បាត និងដាក់វេនគ្នាយាមជារៀងរាល់ថ្ងៃ។ ក្រៅពីការដើរល្បាត និង យាម គឺគាត់ជីកលេណដ្ឋាន សម្រាប់ខ្លួនឯង។

ខ្ញុំគិតថា មូលហេតុដែលនាំឱ្យមានជម្លោះ រវាង កម្ពុជា និង ថៃ កើតឡើង គឺដោយសារតែថៃ ចង់បានទឹកដីរបស់ខ្មែរ។ មេភូមិភាគ២ ជាអ្នកចេញមុខមាត់ជាងគេ និង ប្រកាសថា នឹងយកប្រាសាទតាមាន់ និង ប្រាសាទតាក្របីឱ្យបាន កាលពីពេលថ្មីៗនេះ។ ចំពោះការបិទព្រំដែន ខ្ញុំគ្រាន់តែដឹងថា ថៃជាអ្នកបិទមុន ប៉ុន្តែខ្ញុំមិនដឹងថា តើមេដឹកនាំ ឬ មេភូមិភាគរូបណា ជាអ្នកឱ្យបិទទេ។ រឿងសម្លាប់ទាហានខ្មែរម្នាក់ឈ្មោះ សួន រោន ខ្ញុំធ្លាប់បានឮពីប្តីខ្ញុំខ្លះដែរ។ គាត់ឈរជើងនៅតំបន់មុំបីដូចប្តីខ្ញុំដែរ។ ប៉ុន្តែចំពោះមូលហេតុ ឬហេតុការណ៍ដែលថៃបានចូលមកសម្លាប់ទាហានខ្មែរ ឈ្មោះ សួន រោន គឺខ្ញុំមិនសូវដឹងច្បាស់ទេ។ ខ្ញុំ គ្រាន់តែដឹងថា គាត់ត្រូវខាងភាគីថៃ បាញ់សម្លាប់ នៅវេលាម៉ោង ប្រហែល៥ ជិត ៦ព្រឹក នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៥ ខ្ញុំបានឮថា ទាហានថៃ ចូលមកចាប់ទាហានខ្មែរ ហើយរហូតមកដល់ពេលនេះ ថៃ បានបញ្ជួនទាហានខ្មែរមកកម្ពុជាវិញ ចំនួន២នាក់ប៉ុណ្ណោះ ដោយម្នាក់រងរបួស និង ម្នាក់ទៀត មានបញ្ហាសតិមិនគ្រប់គ្រាន់។
Full report