Home / Post

Prey Veng Documentation Center: Students Visit the Center for their Learning Through Reading Book, Viewing Photo Exhibition, and Watching KR Documentary Films

សេចក្តីផ្តើម
ពីចុងខែឧសភា ដល់ចុងខែមិថុនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង បានទទួលភ្ញៀវចូលអានឯកសារ ទស្សនាផ្ទាំងពិព័រណ៍អចិន្ត្រៃយ៍ និងទស្សនាខ្សែវីដេអូឯកសារស្តីពីបទពិសោធន៍ក្នុងរបបខ្មែរក្រហម ចំនួន ៥៥ នាក់។ អ្នកទាំងនោះ ជាសិស្សានុសិស្សវ័យក្មេងមកពីសាលាបឋមសិក្សា ព្រុំ សុន ក្តីកណ្តាល, សាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន បុញ្ញខេត្តារាម, សាលាបឋមសិក្សា ហ៊ុន សែន ព្រៃវែងក្រុង និងសាលាបឋមសិក្សា អនុវត្ត។ គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលបានកើតឡើងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង គឺជាអ្នកណែនាំ បង្ហាញ និងបង្រៀនសិស្សទាំងអស់ពីផ្ទាំងរូបថតនីមួយៗ ឯកសារ សៀវភៅ និងខ្សែវីដេអូឯកសារមួយ ចំនួន ដើម្បីចែករំលែកចំណេះដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហមដើម្បីថែរក្សាការចងចាំ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា។

សកម្មភាព
មុនដំបូង សិស្សានុសិស្សទាំងអស់ ត្រូវបានណែនាំអំពីផ្ទាំងពិព័រណ៍រូបថតនៅបរិវេណខាងក្រៅការិយាល័យ។ ការណែនាំនេះ គឺដើម្បីផ្តល់ដល់សិស្សនូវព័ត៌មានអំពីរូបថត និងផ្ទាំងពិព័រណ៍។ សិស្សានុសិស្ស បានស្វែងយល់ពីកាលបរិច្ឆេទនៃរូបថត ការពិពណ៌នាអំពីរូបថត និងការបង្ហាញពីប្រធានបទអំពីរូបថត។ បន្ទាប់មក សិស្សានុសិស្សបានចូលមកក្នុងការិយាល័យ ដើម្បីបន្តទស្សនាផ្ទាំងរូបថត និងឯកសារមួយចំនួនដែលមានតម្កល់នៅក្នុងការិយាល័យ។ សិស្សានុសិស្ស បានចំណាយពេលវេលាខ្លះរបស់ខ្លួន ដើម្បីអានឯកសារ និងសៀវភៅ។ បុគ្គលិកមជ្ឈមណ្ឌលឯកសារ បានបង្កើតវេទិកាពិភាក្សាខ្លីមួយអំពីចំណាប់អារម្មណ៍ និងចំណេះដឹងដែលសិស្សទទួលបានពីទស្សនកិច្ចសិក្សា។ ចុងក្រោយនៃសកម្មភាពនេះ សិស្សានុសិស្សបានទស្សនាខ្សែវីដេអូឯកសារខ្មែរក្រហម ស្តីអំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ពេលវេលានៃទស្សនកិច្ចសិក្សានេះ គឺចន្លោះពីកន្លះម៉ោង រហូតដល់ជាងពីរម៉ោង។

លទ្ធផល
សិស្សានុសិស្សទាំងអស់ បានបង្ហាញពីចំណាប់អារម្មណ៍ខុសៗគ្នាលើប្រវត្តិសាស្ត្រខ្មែរក្រហម។ សិស្សខ្លះបានបង្ហាញពីអារម្មណ៍មិនច្បាស់លាស់ថា តើរបបខ្មែរក្រហមពិតជាបានកើតមានឡើងដែរឬទេ ដោយបានចោទជាសំណួរសួរថា៖ «តើរៀងនេះពិតដែរឬទេ?»។ សិស្សខ្លះទៀត បានផ្តោតការយកចិត្តទុកដាក់របស់ខ្លួន លើតួនាទី និងភារកិច្ចរបស់កុមារក្នុងរបបខ្មែរក្រហម។ ឧទាហរណ៍ កុមារតូចៗបានចូលបម្រើយោធាខ្មែរក្រហម ទាំងដែលអ្នកទាំងនោះកំពុងស្ថិតក្នុងវ័យសិក្សានៅឡើយ។ សិស្សខ្លះទៀត បានចាប់អារម្មណ៍ពីទិដ្ឋភាពនៃវាលពិឃាតខ្មែរក្រហម ហើយសិស្សខ្លះទៀតបានយកចិត្តទុកដាក់ពីដំណើរវិលត្រឡប់មកកាន់ស្រុកកំណើតវិញរបស់អ្នករស់រានមានជីវិត នៅក្រោយការដួលរលំនៃរបបខ្មែរក្រហម។ ជាមួយគ្នានេះដែរ សិស្សានុសិស្សទាំងអស់បានយល់ដឹងពីមូលហេតុដែលខ្មែរក្រហមឲ្យប្រជាជនស្លៀកពាក់ខោអាវខ្មៅ និងមិនឱ្យប្រើសម្លៀកបំពាក់មានពណ៌ឆើតឆាយ។ ឧទាហរណ៍ នៅក្នុងខ្សែវីដេអូឯកសារមួយមានចំណងជើង «មុនដំបុងខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ» សិស្សបានចាប់អារម្មណ៍ខ្លាំងលើសកម្មភាពជ្រលក់សម្លៀកបំពាក់ដែលមានពណ៌ចម្រុះ ជាមួយនឹងទឹកត្រាំផ្លៃមក្លឿ ដើម្បីប្រែក្លាយសម្លៀកបំពាក់ទាំងនោះ ឲ្យទៅជាសម្លៀកបំពាក់ដែលមានពណ៌ខ្មៅ។ នៅក្នុងសាច់រឿងដដែលនេះ សិស្សានុសិស្សក៏បានបង្ហាញពីចិត្តអាណិតអាសូរចំពោះកុមារក្នុងរបបខ្មែរក្រហម ដែលមិនទទួលបានការហូបគ្រប់គ្រាន់ ព្រមទាំងពុំមានថ្នាំព្យាបាលជំងឺឲ្យបានត្រឹមត្រូវ។

ការអធិប្បាយសង្ខេបពីដំណើរទស្សនកិច្ចសិក្សានីមួយៗ
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥៖
សិស្សានុសិស្សចំនួន ៦ នាក់ មកពីសាលាបឋមសិក្សា ព្រុំ សុន ក្ដីកណ្ដាល បានមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង ដើម្បីសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម តាមរយៈការទស្សនាពិព័រណ៍រូបថតអចិន្រ្តៃយ៍ និងទស្សនាខ្សែភាពយន្តឯកសារ «មុនដំបូងខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ»។ អ្នកទាំងនោះ ទទួលបានការពិភាក្សា និងបង្ហាត់បង្ហាញបន្ថែមពីបុគ្គលិកបម្រើការនៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។ សិស្សម្នាក់ក្នុងចំណោមសិស្សទាំងអស់ បានសួរសំណួរ ថា «តើរឿងនេះពិតដែរឬអត់?»។ រូបថត៖ https://photos.app.goo.gl/ZVXaiSvecYqapkad8

ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥៖
សិស្សានុសិស្សចំនួន ៧ នាក់ មកពីសាលាបឋមសិក្សា ព្រុំ សុន ក្ដីកណ្ដាល បានមកអានសៀវភៅទាក់ទងរបបខ្មែរក្រហម(១៩៧៥-១៩៧៩) និងទស្សនាពិព័រណ៍អចិន្រ្តៃយ៍នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង។ សិស្សខ្លះចាប់អារម្មណ៍ពីកុមារចូលធ្វើជាយោធាខ្មែរក្រហមទាំងនៅវ័យក្មេង ហើយសិស្សខ្លះទៀតចាប់អារម្មណ៍ពីរណ្ដៅសាកសពដែលអាចមើលឃើញនៅពាសវាលពាសកាលនៅលើដី និងក្នុងរណ្តៅ ខណៈដែលសិស្សខ្លះទៀតសួរដេញដោលពីដំណើរវិលត្រឡប់របស់ប្រជាជនយ៉ាងច្រើនឆ្ពោះទៅកាន់ស្រុកកំណើតរៀងខ្លួនដោយថ្មើរជើង។ រូបថត៖ https://photos.app.goo.gl/LJ3DkzQpEPbWchzSA

ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥៖
សិស្សានុសិស្សចំនួន ៨ នាក់ មកពីសាលាបឋមសិក្សា ព្រុំ សុន ក្ដីកណ្ដាល និងសាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន បុញ្ញខេត្តារាម បានមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង ដើម្បីអានសៀវភៅ និងឯកសារខ្មែរក្រហម ព្រមទាំងទស្សនាពិព័រណ៍អចិន្រ្តៃយ៍។ មិនខុសពីសិស្សដែលធ្លាប់បានមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែងមុនៗទេ អ្នកទាំងនោះបានសិក្សាបន្ថែមពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម ដែលខ្លួនមិនធ្លាប់បានដឹងពីមុនមក។ រូបថត៖ https://photos.app.goo.gl/rXYod8ed7vMdCWDk9

ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥៖
សិស្សានុសិស្សចំនួន ៥ នាក់ (ក្នុងនោះ សិស្ស ៣ នាក់ មកពីសាលាបឋមសិក្សា ព្រុំ សុន ក្ដីកណ្ដាល និង ២ នាក់ មកពីសាលាបឋមសិក្សា បុញ្ញា ខេត្តារាម) បានមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង ដើម្បីអានសៀវភៅ និងទស្សនាពិព័រណ៍អចិន្រ្តៃយ៍។ ទោះបីជាអ្នកទាំងនោះមានពេលវេលាបន្តិចបន្តួចដើម្បីអានសៀវភៅនិងឯកសារក៏ដោយ ក៏យ៉ាងហោច ណាស់មានផ្នែកខ្លះនៃមេរៀនប្រវត្តិសាស្ត្រខ្មែរក្រហម បានបង្រៀនសិស្សទាំងនោះឲ្យទទួលបានការយល់ដឹង និងចងចាំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរយៈពេលនៃការគ្រប់គ្រងអំណាចរបស់ក្រុមខ្មែរក្រហម។ រូបថត៖ https://photos.app.goo.gl/nebxgqqCM2ojY41i8

ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥៖
ឆ្លៀតពេលពីការសិក្សានៅតាមសាលារៀនរៀងៗខ្លួន នៅពេលរសៀលសិស្សានុសិស្សចំនួន២៩នាក់(ស្រី២០នាក់)មកពីសាលាបឋមសិក្សា ព្រុំ សុន ក្ដីកណ្ដាល, សាលាបឋមសិក្សា ហ៊ុន សែន ព្រៃវែងក្រុង, សាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន បុញ្ញខេត្តារាម និង សាលាបឋមសិក្សា អនុវត្តន៍ បានមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង ដើម្បីសិក្សារៀនសូត្រពីប្រវត្តិសាស្ត្រខ្មែរក្រហម។ អ្នកទាំងនោះ បានទស្សនាពិព័រណ៍រូបថតអចិន្រ្តៃយ៍គ្រប់ផ្ទាំង និងបានទស្សនាខ្សែភាពយន្តឯកសារមានចំណងជើង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ព្រមទាំងបានចូលរួមក្នុងវេទិកាពិភាក្សាអំពីប្រវត្តិសាស្ត្រនេះ ជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង ដើម្បីបង្កើនចំណេះដឹងបន្ថែម និងដោះស្រាយរាល់ចម្ងល់ផ្សេងៗ។ បន្ទាប់ពីការពិភាក្សា និងដោះស្រាយចម្ងល់ សិស្សានុសិស្សបានបង្ហាញឲ្យឃើញពីការយល់ដឹងរបស់ខ្លួនពីរបបខ្មែរក្រហម។ អ្នកខ្លះ ចាប់អារម្មណ៍ពីការប្រើប្រាស់សម្លៀកបំពាក់ខ្មៅសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម។ អ្នកខ្លះទៀតចាប់អារម្មណ៍ និងសម្តែងចិត្តអាណិតអាសូរចំពោះជីវិតកុមារក្នុងរបបខ្មែរក្រហម ដែលពុំទទួលបានការហូបចុកគ្រប់គ្រាន់ និងគ្មានថ្នាំព្យាបាលជំងឺត្រឹមត្រូវ។
រូបថត៖ https://photos.app.goo.gl/9HKXx9e7aTMWb2zh8

ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥៖
សិស្សានុសិស្សចំនួន១២នាក់ មកពីសាលាបឋមសិក្សា ព្រុំ សុន ក្ដីកណ្ដាល បឋមសិក្សាព្រៃវែងក្រុង និង វិទ្យាល័យ ហ៊ុន សែន កំពង់លាវ មកអានសៀវភៅ និង ទស្សនាខ្សែភាពយន្តឯកសារ «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង។ សិស្សានុសិស្សទាំងអស់មានភាពសប្បាយរីករាយដែលបានមកទស្សនាខ្សែភាពយន្តឯកសារ ដែលមានរក្សាទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង។ ឡោ ស្រីឡែន អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១១ វិទ្យាល័យ ហ៊ុន សែន កំពង់លាវ បានបង្ហាញពីការយល់ឃើញបន្ទាប់ពីបានទស្សនាខ្សែភាពយន្ត«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ថាគឺជារឿងប្រវត្តិសាស្រ្តដែលប្រជាជនកម្ពុជាបានឆ្លងកាត់។ ប្រសិនជាខ្ញុំគឺជាតួរអង្គនៅក្នុងរឿងខ្ញុំគិតថាមិនអាចតស៊ូមានជីវិតរស់មកដល់សព្វថ្ងៃបានទេ ព្រោះបច្ចុប្បន្នយើងធ្លាប់តែរស់នៅសុខស្រួលប្រទេសគ្មានសង្គ្រាម មានអាហារហូបគ្រប់គ្រាន និងបានសិក្សារៀនសូត្រ។ ចំណែក ម៉ក់ រចនា អាយុ ១៧ឆ្នាំ មិនខុសពី ឡោ ស្រីឡែន ដែលជាមិត្តរួមថ្នាក់ជាមួយគ្នា។ រចនា លើកឡើងថា«ខ្ញុំប្រហែលជាមិនអាចរស់បានទេព្រោះសម័យខ្មែរក្រហមលំបាកណាស់ និងឃោរឃៅទៀតផង បង្រៀនកុមារចេះដាក់បង្កប់គ្រាប់បែក មានមនុស្សជាន់ផ្ទុះ ពិការ របួស និងស្លាប់។ សិស្សម្នាក់ទៀតឈ្មោះ រិនរិទ្ធ សួស្ដី អាយុ១៦ឆ្នាំ គឺជាសិស្សថ្នាក់ទី១១ បានលើកឡើងថាខ្ញុំប្រហែលជានឹងមិនមានជីវិតរស់ទេប្រសិនបើនៅក្នុងរបបខ្មែរក្រហម ព្រោះកុមារនៅសម័យនោះក្រោយធ្វើការ និង បំពេញតួនាទី តាំងពីម៉ោង៣ឬ៤ទៀបភ្លឺដែលជាម៉ោងយើងកំពុងតែគេងលង់លក់ស្រួល និងធ្វើការនឿយហត់ខ្លាំងណាស់។ ពួកយើងពិតជាមិនចង់ឱ្យរបបខ្មែរក្រហមឬអំពើប្រល័យពូជសាសន៍កើតមានជាថ្មីម្ដងទៀតនៅក្នុងប្រទេសកម្ពុជានោះទេ។

Full report