Home / Post

Prey Veng Documentation Center: Office of Prey Veng Documentation Center at Prey Veng Regional Teacher Training Center (PV Rttc)-July 11, 2025

នៅវេលាម៉ោង៩ព្រឹក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង ដារ៉ារដ្ឋ មេត្តា និង ថុន ស្រីពេជ្រ បានធ្វើដំណើរទៅកាន់ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តព្រៃវែង។ គោលបំណងរបស់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាទៅកាន់ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត ព្រៃវែង គឺទី១).រក្សាទំនាក់ទំនងរវាងការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា និង មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តព្រៃវែង, ទី២).ចង់ដឹងពីការប្រើប្រាស់អគារសម្រាប់សាធារណជននិងជាបណ្ណាល័យស្រាវជ្រាវដែលមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង ប្រគល់ជូនមជ្ឈមណ្ឌលគរុកោសល្យ ខេត្តព្រៃវែង, ទី៣).ថតរូបទុកជាឯកសារសម្រាប់ប្រើប្រាស់និងផ្សព្វផ្សាយ និង ធ្វើរបាយការណ៍ផ្សេងៗ។
ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង បានជួបជាមួយ លោក ប៊ួយ វុទ្ធី ជានាយកមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តព្រៃវែង និង លោក សូ ហាន់ ជាបុគ្គលិកប្រចាំការនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត ព្រៃវែង។ ក្រុមការងារបានសំណេះសំណាលជាមួយ លោកនាយក និង លោក សូ ហាន់ អំពីសកម្មភាពនៅក្នុងសាលាគរុកោសល្យ និងការប្រើប្រាស់បណ្ណសារមជ្ឈមណ្ឌលឯកសារភូមិភាគបូព៌ា។

លទ្ធផលនៃសកម្មភាពនេះ មានដូចខាងក្រោម៖
១) ស្លាកឈ្មោះ «មជ្ឈមណ្ឌលឯកសារភូមិភាគបូព៌ា (បណ្ណសារឯកសារខ្មែរក្រហមភូមិភាគបូព៌ា) នៅរក្សាទុកនៅលើជញ្ជាំងជាប់មាត់ទ្វារចូលក្នុងការិយាល័យដដែល។
២) ការិយាល័យនេះ ត្រូវបានប្រើប្រាស់បន្ថែមលើមុខងារចាស់ដែលដើរតួនាទីជាបណ្ណាល័យ និងកន្លែងស្រាវជ្រាវ ជាបន្ទប់ប្រជុំប្រចាំសប្តាហ៍ និងប្រចាំសម្រាប់លោកគ្រូឧទ្ទេសនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តព្រៃវែង។
៣) ការិយាល័យនេះ ក៏ត្រូវបានប្រើប្រាស់ជាបន្ទប់ស្រាវជ្រាវផ្នែកប្រព័ន្ធបច្ចេកវិទ្យា និងកំព្យូទ័រ។
៤) ផ្ទាំងរូបថតពិព័ណ៌អចិន្រ្តៃយ៍ដែលមជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់តាំងបង្ហាញនៅក្នុងបរិវេណ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តព្រៃវែង ស្ថិតនៅកន្លែងដដែល។ ប៉ុន្តែផ្ទាំងរូបថតភាគច្រើន បានរលុបអក្សរ និងឆ្លកពណ៌មើលរូបភាព។
៥) រចនាបទពិព័រណ៍ និងការរៀបចំពីមុន ស្ថិតនៅដដែល។
៦) សៀវភៅ និងឯកសារដែលបានប្រគល់ និងដាក់ក្នុងទូរឯកសារ និងធ្នើសៀវភៅ ក៏ស្ថិតនៅសភាពដើម។

ភ្ញៀវចូលប្រើប្រាស់បន្ទប់ការិយាល័យ៖
១) គរុសិស្សឯកទេសគណិត-រូប, រូប-គីមី, ជីវ-ផែនដី, អង់គ្លេស-កំព្យូទ័រ និង ខ្មែរ-សីលធម៌។
២) ថ្នាក់ដឹកនាំមកពីមន្ទីរ និងក្រសួងអប់រំ យុវជន និងកីឡា។
៣) គ្រូបង្រៀន មកពីវិទ្យាល័យផ្សេងៗ ដែលមកចូលរួមប្រជុំ ឬសន្និបាត។ អ្នកទាំងនោះ បានអាន និងបានចាប់អារម្មណ៍លើឯកសារខ្មែរក្រហម។

សន្និដ្ឋាន
ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហមនេះ ថ្វីត្បិតតែមជ្ឈមណ្ឌលឯកសារកម្ពុជាបានប្រគល់ទាំងស្រុងទៅឲ្យមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តព្រៃវែង នៅតែដើរតួនាទីសំខាន់ក្នុងការផ្តល់ និងចែករំលែកចំណេះដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ទៅកាន់មនុស្សជំនាន់ក្រោយដែលជាអ្នកអប់រំវ័យក្មេង និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា។

Full report