Home / Post

Prey Veng Documentation Center: Documentary Film Screening for Students – July 10, 2025

ការទស្សនាវីដេរអូរឯកសារ«កុមារកម្ពុជា»និងការយល់ឃើញរបស់សិស្សបឋមសិក្សា

សរសេររបាយការណ៍ដោយ៖ ដារ៉ារដ្ឋ មេត្តា
រូបថត៖ ថុន ស្រីពេជ្រ

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សិស្សានុសិស្សចំនួន៤នាក់(ប្រុសចំនួន៤នាក់)មកពីសាលាបឋមសិក្សាព្រៃវែងក្រុង ចូលមកការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីមកទស្សនាវីដេរអូរឯកសារ «កុមារកម្ពុជា» ដែលមានរយៈពេល៦នាទី និង ២២វិនាទី។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង បានចាក់បញ្ចាំងវីដេអូរឯកសារដល់សិស្សានុសិស្សទាំងនោះ។ ក្រោយបញ្ចប់វីដេអូរឯកសារសិស្សបឋមសិក្សាមានចំណាប់អារម្មណ៍ដូចខាងក្រោម៖

១).ខ្ញុំឈ្មោះ សារ៉ី សួស្ដី ភេទប្រុស អាយុ៩ឆ្នាំ គឺជាសិស្សថ្នាក់ទី៣ សាលាឋមសិក្សាព្រៃវែងក្រុង។ នៅក្នុងវីដេអូរឯកសារខ្ញុំឃើញក្បាលខ្មោច ឆ្អឹងជនរងគ្រោះ,កុមារមានភាពស្គមស្គាំង គ្មានឪពុកម្ដាយ ឃើញតែបងប្រុសដើរដឹកដៃ និងខ្លះដើរពរប្អូន មានទឹកមុខស្លេកស្លាំង។ កុមារគ្មានអ្វីហូបដើររកត្រី ក្ដាម ខ្យង និង បេះស្លឹកឈើហូប។ ខ្ញុំមានអារម្មណ៍អាណិតក្មេងទាំងអស់នោះណាស់ព្រោះមានរូបកាយស្គមស្គាំង។ ខ្វះចំណីអាហារ និង មានជីវភាពលំបាក។ ខ្ញុំមិនចង់ឱ្យរបបខ្មែរក្រហមកើតម្ដងទៀតទេព្រោះវាធ្វើឱ្យប្រជាជនកម្ពុជារងផលប៉ះពាល់កុមារក្លាយជាក្មេងកំព្រា។

២). ខ្ញុំឈ្មោះ វិន តារាវិទូ ភេទប្រុស អាយុ១២ឆ្នាំ គឺជាសិស្សថ្នាក់ទី៦ សាលាឋមសិក្សាព្រៃវែងក្រុង។ នៅក្នុងវីដេអូរឯកសារខ្ញុំបានឃើញកុមារកំព្រាហើយបន្ទុកធ្លាក់លើបងជាអ្នកមើលថែចិញ្ចឹម រស់នៅមិនមានអាហារហូបខ្លះទៅរើសខ្យង ខ្លះទៅចាប់ត្រីក្ដាម។ កុមារទាំងនោះមិនមានផ្ទះសម្បែងយប់នៅកន្លែងណាសម្រាកត្រង់នោះ។ វីដេអូរនេះធ្វើឱ្យខ្ញុំអាណិតអាសូរដល់កុមារទាំងនោះ ធ្លាប់រស់នៅសុខស្រួលមកលំបាក។ ខ្ញុំឃើញក្មេងទាំងនោះមានពោះប៉ោងខ្ញុំគិតថាកុមារមានអាហារហូប តាមពិតកុមារទាំងនោះមិនមានអាហារហូបនោះទេ។ ខ្ញុំមិនចង់ឱ្យរបបខ្មែរក្រហមកើតម្ដងទៀតទេ ព្រោះខ្ញុំមិនចង់ឱ្យជីវិតខ្ញុំដូចកុមារទាំងនោះទេមិនមានអាហារហូបគ្រប់គ្រាន់ គេងមិនបានគ្រប់គ្រាន់មានអ្នកខ្លះក៏ស្លាប់។ ក្នុងនាមខ្ញុំជាក្មេងជំនាន់ក្រោយ ដើម្បីកុំឱ្យរបបខ្មែរក្រហមកើតម្ដងទៀតខ្ញុំត្រូវខិតខំរៀនសូត្រឱ្យពូកែ មិនប្រើអំពើហិង្សាជាមួយមិត្តភក្កិ វាយប្អូន និងធ្វើជាកូនល្អ។

៣). ខ្ញុំឈ្មោះ ចាន់នី ពិសិដ្ឋ ភេទប្រុស អាយុ៨ឆ្នាំ រៀននៅថ្នាក់ទី៣ នៃសាលាបឋមសិក្សាព្រៃវែងក្រុង។ បន្ទាប់ពីខ្ញុំបានទស្សនាកុនរឿង «កុមារកម្ពុជា» រួច ខ្ញុំបានឃើញរូបភាពដូចជា៖ ក្បាលខ្មោច, មនុស្សស្លាប់, ក្មេងៗមិនមានឪពុកម្តាយ, ក្មេងៗរាវខ្យង, ក្មេងរស់នៅជុំគ្នា និង ដើរដោយគ្មានស្បែកជើង។ ខ្ញុំមានអារម្មណ៍អាណិតក្មេងទាំងអស់នោះ ព្រោះក្មេងៗទាំងនោះ មានរូបកាយស្គមស្គាំង ខ្វះចំណីអាហារ និង មានជីវភាពលំបាក។ ខ្ញុំមិនចង់ឱ្យរបបខ្មែរក្រហមកើតឡើងម្តងទៀតទេព្រោះរបបខ្មែរក្រហមលំបាក។ ក្នុងនាមខ្ញុំជាក្មេងជំនាន់ក្រោយ ខ្ញុំនឹងខិតខំរៀនសូត្រ មិនវាយធ្វើបាបប្អូន មិនឆក់ប្លន់ និង មិនធ្វើជាក្មេងទំនើង។

៤). ខ្ញុំឈ្មោះ សុខុម យ៉ាន់នុន ភេទប្រុស អាយុ៩ឆ្នាំ រៀននៅថ្នាក់ទី៣ នៃសាលាបឋមសិក្សាព្រៃវែងក្រុង។ នៅក្នុងវីដេអូរឯកសារខ្ញុំឃើញក្មេងដើរលើដីដោយគ្មានស្បែកជើង,គ្មានអាហារហូបដើររាវខ្យង និងមិនមានឪពុកម្ដាយ។ ខ្ញុំមានអារម្មណ៍អាណិតក្មេងៗទាំងនោះណាស់ហើយខ្ញុំមិនចង់ឱ្យរបបខ្មែរក្រហមកើតឡើងវិញទេ។
ជាលទ្ធផល៖
-សិស្សានុសិស្សចូលរួមចំនួន៤នាក់ (ប្រុស៤នាក់, ស្រី០នាក់, ពិការគ្មាន)
-សិស្សានុសិស្សចេះប្រៀបធៀប ជីវិតរបស់ខ្លួនទៅនឹងកុមារក្នុងវីដេអូរឯកសារ
-សិស្សានុសិស្សយល់ពីផលវិបាកនៃសង្គ្រាម មិនចង់ឱ្យរបបខ្មែរក្រហមកើតឡើងវិញម្តងទៀតទេ។

Full report