ដឹកនាំពិភាក្សាដោយ៖ ដារ៉ារដ្ឋ មេត្តា
របាយការណ៍ដោយ៖ ថុន ស្រីពេជ្រ
នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សផ្នែកសង្គមនៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ចំនួន ៨ នាក់ (ស្រី ៧នាក់) បានមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង ក្នុងគោលបំណងស្វែងយល់បន្ថែមពីមេរៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងថ្នាក់ជាតិបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដែលនឹងខិតជិតចូលមកដល់ក្នុងពេលឆាប់ៗនេះ។
ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង ក៏ដូចជាអ្នកដឹកនាំពិភាក្សា បានលើកយកសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មកពិភាក្សាជាមួយសិស្សានុសិស្ស ដោយកំណត់យកមេរៀនជំពូកទី ៣ «ការឡើងកាន់អំណាចរបស់ខ្មែរក្រហម៖ ការជម្លៀសប្រជាជនចេញពីទីក្រុង,ការជម្លៀសដោយបង្ខំ និង ការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ» ។
ជាដំបូង មុននឹងចាប់ផ្តើមចូលដល់ពិភាក្សាមេរៀន អ្នកដឹកនាំពិភាក្សាបានបែងចែក សិស្សានុសិស្សចំនួន ៨ នាក់ ជា ៣ ក្រុម រួចឱ្យសិស្សានុសិស្ស កត់ត្រាសំណួរ ដើម្បីជាការគិតពិចារណា និង ស្វែងយល់ មេរៀនបន្ថែម។ សិស្សានុសិស្សតម្រូវឱ្យកត់ត្រា និង ឆ្លើយសំណួរចំនួន ៥ ផ្សេងៗគ្នាទៅតាមក្រុមនីមួយៗ ដូចខាងក្រោម៖
ក្រុមទី១ (សិស្សឈ្មោះ ឈឹម ចាន់ឌីម និង ផាត លីណា)
១).តើប្រជាជនតាមទីក្រុង និង ប្រជុំជនភាគច្រើនមានការជឿជាក់យ៉ាងដូចម្ដេចលើមេដឹកនាំរបបថ្មី?
២). តើការចាកចេញពីទីក្រុងភ្នំពេញថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រព្រឹត្តិទៅក្នុងស្ថានភាពយ៉ាងដូចម្ដេច?
៣). តើប្រជាជនប៉ុន្មាននាក់រួមទាំងជនភៀសខ្លួន នៅទីក្រុងដែលខ្មែរក្រហមឱ្យចាកចេញទៅទីជនបទ?
៤). តើការជម្លៀសមានការលើកលែងដែរឬទេ?
៥). តើប្អូនកំណត់និយមន័យ«ការជម្លៀសដោយបង្ខំ» យ៉ាងដូចម្ដេច?
ក្រុមទី២ (សិស្សឈ្មោះ ស្រ៊ូ សំហៀង, ពុក សម្បត្តិ និង លឹម ស្រីណុច)
១).តើដំណាក់កាលចម្បងៗបីនៃការជម្លៀសដោយបង្ខំនៅក្រោមរបបខ្មែរក្រហមមានអ្វីខ្លះ?
២). តើជាទូទៅប្រជាជនត្រូវបានជម្លៀសដោយបង្ខំទៅកាន់ទីកន្លែងណា?
៣). តើប្រជាជនត្រូវបានប្រព្រឹត្តិលើយ៉ាងដូចម្ដេចខ្លះនៅពេលខ្លួនត្រូវបានជម្លៀសដោយបង្ខំ?
៤). តើខ្មែរក្រហមបានពន្យល់មូលហេតុដូចម្ដេចអំពី«ការជម្លៀស»ដោយបង្ខំ?
៥). ហេតុអ្វីបានជា«ការជម្លៀសដោយបង្ខំ»រំលោភច្បាប់អន្តរជាតិ?
ក្រុមទី៣ (សិស្សឈ្មោះ តន ដាវី, ហ៊ុន វីរៈ និង ដាំ ប្រាថ្នា)
១). បន្ទាប់ពីខ្មែរក្រហមកាន់កាប់ខេត្តពោធិ៍សាត់ តើពួកគេយកទាហាន លន់ នល់ ទៅណា?
២). អំឡុងពេលប្រជុំ តើទាហាន លន់ នល់ ត្រូវបានប្រាប់យ៉ាងដូចម្ដេច?
៣). តើទាហាន លន់ នល់ មានការព្រួយបារម្ភឬខ្វល់ខ្វាយនិងភិតភ័យដែរឬទេ បន្ទាប់ពីប្រជុំរួច?
៤). បន្ទាប់ពីប្រជុំរួចតើទាហាន លន់ នល់ ត្រូវបានដឹកយកទៅកាន់កន្លែងណា?
៥). តើទាហាន លន់ នល់ ប៉ុន្មាននាក់ត្រូវបានសម្លាប់នៅទួលពោធិ៍ជ្រៃ?
នៅជំហ៊ានបន្ទាប់ អ្នកដឹកនាំពិភាក្សា បានឱ្យសិស្សានុសិស្សក្រោកឈរម្នាក់ម្តង អានសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្នុងជំពូកទី៣ «ការឡើងកាន់អំណាចរបស់ខ្មែរក្រហម៖ ការជម្លៀសប្រជាជនចេញពីទីក្រុង,ការជម្លៀសដោយបង្ខំ និង ការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ»។ នៅក្នុងមេរៀននេះទាំងមូល បន្ទាប់ពីសិស្សានុសិស្សបានអានមេរៀនចប់ សិស្សានុសិស្ស ពុំយល់ន័យ នៃពាក្យគន្លឹះមួយចំនួន ដូចជាពាក្យ ចារកិច្ច បញ្ញវន្ត សាវតារ និង លិទ្ធិម៉ៅនិយម។ លើសពីនេះ សិស្សានុសិស្សបានសួរសំណួរមួយថា៖ តើហេតុអ្វី បានជាសម្តេចព្រះ នរោត្តម សីហនុ ចូលដៃជាមួយខ្មែរក្រហម? អ្នកដឹកនាំពិភាក្សាបានពន្យល់ពាក្យ និង ឆ្លើយសំណួរខាងលើបានយ៉ាងក្បោះក្បាយ រហូតដល់សិស្សានុសិស្សបានយល់គ្រប់ៗគ្នា។ បន្តមកទៀត អ្នកដឹកនាំពិភាក្សាបាន ទុកពេលវេលាឱ្យសិស្សចំនួន ២០ នាទី ដើម្បីឱ្យសិស្សពិភាក្សាក្រុម ឆ្លើយសំណួរខាងលើ យកមករៀបរៀងសរសេរ រួច ឡើងធ្វើបទបង្ហាញ។
ក្រុមទី១ (សិស្សឈ្មោះ ឈឹម ចាន់ឌីម និង ផាត លីណា)
ប្រជាជននៅតាមទីក្រុង និង ទីប្រជុំជនភាគច្រើនជឿជាក់ថា ខ្លួននឹងរស់នៅប្រកបដោយសុខសន្តិភាព ក្រោមការគ្រប់គ្រងលើរបបថ្មីរបស់ខ្លួន ហើយប្រជាជនគ្រប់រូបនឹងពួតដៃគ្នាដើម្បីធ្វើការបង្រួបបង្រួមជាតិ។ ការចាកចេញពីទីក្រុងភ្នំពេញថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ប្រព្រឹត្តិទៅក្នុងស្ថានភាពគួរឱ្យភ័យខ្លាច និង ដោយបង្ខំ។ ប្រជាជនប្រហែល ២ លាននាក់ រួមទាំងជនភៀសខ្លួន ត្រូវខ្មែរក្រហមបង្ខំឱ្យចាកចេញពីទីក្រុង មកកាន់ទីជនបទ។ ការជម្លៀសពុំមានការលើកលែងចំពោះនរណាម្នាក់ឡើយ សូម្បីតែអ្នកជំងឺ ជនពិការ ស្ត្រីមានផ្ទៃពោះ ចាស់ជរា ក្មេងកំព្រា និង មនុស្សគ្រប់ស្រទាប់វណ្ណៈ។ និយមន័យ នៃការជម្លៀសប្រជាជនដោយបង្ខំ គឺជាគោលនយោបាយផ្លាស់ទីប្រជាជនដោយបង្ខំ ពីកន្លែងមួយ ទៅកន្លែងមួយផ្សេងទៀត។
ក្រុមទី២ (សិស្សឈ្មោះ ស្រ៊ូ សំហៀង ពុក សម្បត្តិ និង លឹម ស្រីណុច)
ដំណាក់កាលចម្បងៗបីនៃការជម្លៀសដោយបង្ខំនៅក្រោមរបបខ្មែរក្រហមមាន៖ ដំណាក់កាលទី ១ ការផ្លាស់ទីប្រជាជនចេញពីទីក្រុងនានា ដូចជាទីក្រុងភ្នំពេញ ក្រុងបាត់ដំបង ក្រុងសៀមរាប និង ក្រុង ពីរ-បីផ្សេងទៀត ចាប់តាំងពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥, ដំណាក់កាលទី ២ ការផ្លាស់ទីប្រជាជននៅតាមទីជនបទ ក្នុងភូមិភាគកណ្តាល ភូមិភាគនិរតី ភូមិភាគបស្ចឹម ភូមិភាគបូព៌ាចាប់តាំងពីចុងឆ្នាំ ១៩៧៥ ទៅកាន់ផ្នែកផ្សេងទៀត នៃប្រទេសកម្ពុជា និង ដំណាក់កាលទី ៣ ការផ្លាស់ទីប្រជាជនចេញពីភូមិភាគបូព៌ានៅក្នុងឆ្នាំ ១៩៧៧ ទៅកាន់ភូមិភាគពាយ័ព្យ។ ជាទូទៅប្រជាជនត្រូវបានជម្លៀសដោយបង្ខំចេញពីទីក្រុង ទៅកាន់ទីជនបទដាច់ស្រយាល។ ការជម្លៀសប្រជាជន អាចចាត់ទុកបានថាជាវិនាសកម្មចំពោះមនុស្សភាគច្រើន និង ជាការចាប់ផ្តើមនៃរបបផ្តាច់ការថ្មីមួយសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ខ្មែរក្រហម បានពន្យល់អំពី«ការជម្លៀស»ដោយបង្ខំថា ខ្លាចអាមេរិកទម្លាក់គ្រាប់បែកលើទីក្រុងភ្នំពេញ, ខ្មែរក្រហមត្រូវការបោសសម្អាតខ្មាំង ហើយ ប្រជាជនត្រូវទៅយកស្បៀងនៅទីជនបទ។ ការជម្លៀសដោយបង្ខំ គឺបង្ខំឱ្យប្រជាជនចាកចេញពីទីលំនៅ ដោយពុំមានការយល់ព្រម ដូច្នេះគឺជាការរំលោភច្បាប់អន្តរជាតិ។
ក្រុមទី៣ (សិស្សឈ្មោះ តន ដាវី ហ៊ុន វីរៈ និង ដាំ ប្រាថ្នា)
បន្ទាប់ពីខ្មែរក្រហម កាន់កាប់ខេត្តពោធិ៍សាត់ ខ្មែរក្រហមបានយកទាហាន លន់ នល់ ទៅស្នាក់ការខេត្តដើម្បីជួបជាមួយមេដឹកនាំខ្មែរក្រហម។ អំឡុងពេលប្រជុំ ទាហាន លន់ នល់ ត្រូវបានប្រាប់ថា ខ្លួននឹងត្រូវបញ្ជូនទៅចូលរួមវគ្គ បណ្តុះបណ្តាលផ្សេងៗ ព្រមទាំងចូលគាល់សម្តេចព្រះ នរោត្តម សីហនុ។ ទាហានទាំងនោះក៏ត្រូវបានប្រាប់ទៀតថា ខ្លួនអាចទៅកាន់តំណែង ចាស់វិញបន្ទាប់ពីវគ្គបណ្តុះបណ្តាល។ ទាហាន លន់ នល់ ពុំមានការព្រួយបារម្ភ ឬ ខ្វល់ខ្វាយ និង ភិតភ័យបន្ទាប់ពីប្រជុំរួចនោះទេ ព្រោះបន្ទាប់ពីប្រជុំរួច ពួកគេមានភាពសប្បាយរីករាយ ជជែកលេងជាមួយសាច់ញាតិ ខណៈពេលដែលកំពុងរង់ចាំ និង ប្រាប់សាច់ញាតិថា ខ្លួននឹងទៅសិក្សា ព្រមទាំងបានជួបជាមួយព្រះមហាក្សត្រ។ បន្ទាប់ពីប្រជុំរួច ទាហាន លន់ នល់ បានត្រឡប់មកកាន់រថយន្តដែលដឹកខ្លួនចូលប្រជុំ។ បន្ទាប់មក រថយន្តទាំងនេះបានបើកសំដៅទៅកាន់ទួលពោធិ៍ជ្រៃ។ បើតាមសម្តីបុគ្គលមួយរូបទៀត គឺលោក អ៊ុង ឆាត ទាហាន លន់ នល់ បានស្ម័គ្រចិត្តឡើងជិះលើរថយន្តដោយខ្លួនឯង។ នៅឯបន្ទាយក្នុងភូមិពោធិ៍ ខ្មែរក្រហមបានបង្កើតទីតាំងត្រួតពិនិត្យនានា ដើម្បីរារាំងប្រជាជនក្នុងការធ្វើដំណើរទៅកាន់ទីកន្លែងនោះ។ ខ្មែរក្រហម អនុញ្ញាតឱ្យបររថយន្តចូលម្តងតែមួយប៉ុណ្ណោះទៅក្នុងបន្ទាយ។ ទាហាន លន់ នល់ ដែលត្រូវបានយកទៅសម្លាប់នៅទួលពោធិ៍ជ្រៃ គឺពុំមានតួលេខច្បាស់ថា តើមានទាហាន លន់ នល់ ប៉ុន្មាននាក់ត្រូវបានសម្លាប់នៅទួលពោធិ៍ជ្រៃទេ មានតែតួលេខប៉ាន់ស្មានប៉ុណ្ណោះ គឺមានទាហានចំនួនចន្លោះពី ២០០០ នាក់ រហូតដល់ ៨០០០ នាក់។
ចុងបញ្ចប់នៃកិច្ចពិភាក្សា អ្នកដឹកនាំពិភាក្សា បានសង្ខេប ខ្លឹមសារសំខាន់ៗទៅកាន់សិស្សានុសិស្សដើម្បីកាន់តែយល់ និង ចងចាំ។ ជាចុងក្រោយ អ្នកដឹកនាំពិភាក្សា បានជូនពរសិស្សានុសិស្សទាំងអស់ ឱ្យ ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និង ទទួលបានពិន្ទុល្អ គ្រប់ៗគ្នា។
ការសង្កេត៖
• សិស្សានុសិស្សបានផ្តោតអារម្មណ៍លើមេរៀន និងយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់អ្នកដឹកនាំពិភាក្សា។
• អំឡុងពេលសិស្សានុសិស្សតាមក្រុមនីមួយៗឡើងធ្វើបទបង្ហាញ សិស្សានុសិស្សដែលអង្គុយស្តាប់បានលើកជាសំណួរផ្សេងៗ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់។ ប្រការនេះបានធ្វើឱ្យកម្មវិធីពិភាក្សាកាន់តែមានសកម្មភាព និង រស់រវើក។
បញ្ហាប្រឈម
• សិស្សានុសិស្ស ក្នុងក្រុមទី២ បានភាន់ច្រឡំ នឹង សំណួរបន្តិចបន្តួច រវាង ដំណាក់កាលចម្បង ៣ យ៉ាងនៃការជម្លៀសប្រជាជន និង មូលហេតុនៃការជម្លៀសប្រជាជន។ អ្នកដឹកនាំពិភាក្សា បានឱ្យសិស្សានុសិស្សក្នុងក្រុមទី ២ ឡើងឆ្លើយសំណួរម្តងទៀត ទាក់ទងនឹងដំណាក់កាលចម្បង ៣ យ៉ាងនៃការជម្លៀសប្រជាជនដោយបង្ខំ។
សេចក្តីណែនាំពីអ្នកដឹកនាំពិភាក្សា
• តាមរយៈកំហុសខាងលើ អ្នកដឹកនាំពិភាក្សា បានណែនាំទៅកាន់សិស្សានុសិស្ស មុននឹងឆ្លើយសំណួរ ត្រូវអានសំណួរឱ្យបានច្បាស់ និងផ្ចង់អារម្មណ៍។ ផ្សេងពីនេះបើសិនជាសិស្សានុសិស្សបានឆ្លើយខុសពីអ្វីដែលសំណួរបានសួរ នោះអាចបណ្តាលឱ្យបាត់ពិន្ទុ ឬមិនទទួលបានពិន្ទុលើសំណួរនោះជាដើម។ ដូច្នេះ កំហុសដែលកើតមាន នៅក្នុងថ្ងៃនេះ អាចចាត់ទុកជាមេរៀន ដើម្បីកុំឱ្យកើតឡើងម្តងទៀត ជាពិសេសនៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេល ខាងមុខនេះ។
លទ្ធផល
• វេទិកាពិភាក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) គឺទទួលបានភាពជោគជ័យ និង ដោយរលូន។ សិស្សានុសិស្សបានទទួលចំណេះដឹងបន្ថែម ហើយ ក្រៅពីនេះ សិស្សានុសិស្ស អាចត្រៀមខ្លួនរួចជាស្រេច នៅក្នុងការប្រឡងសញ្ញាបត្រ ទុតិយភូមិនៅពេលខាងមុខនេះ។ អ្វីដែលកាន់តែពិសេសសិស្សានុសិស្សទទួលបានបទពិសោធន៍ថ្មីមួយទៀត ពីរបៀបនៃការឆ្លើយសំណួរឱ្យបានត្រឹមត្រូវដោយអានសំណួរទាំងនោះឱ្យបានយល់ និង ច្បាស់លាស់ មុននឹងឆ្លើយ ដើម្បីទទួលបានពន្ទុពេញលេញ។
https://photos.app.goo.gl/V4RFe4FkkWYoByj5A