Koh Thma Documentaton Center
Text and Photos by Chhum Ra
Documentation Center of Cambodia Archives
October 6, 2025
ជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើប្រារព្ធពិធីឆ្លងផ្តាច់បាយវេនព្រះសង្ឃគង់ចាំព្រះវស្សាតាមប្រណៃណីនៅផ្ទះសហគន៍ក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង
ដោយ ឈុំ រ៉ា៖ បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
ព្រឹកថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ គឺមួយថ្ងៃមុនពីធីបុណ្យចេញព្រះវស្សា ប្រជាជនដែលជាជនជាតិដើមភាគតិចស្ទៀងរស់នៅភូមិក្តុលលើបានប្រារព្ធពិធីឆ្លងផ្តាច់បាយវេនព្រះសង្ឃគង់ចាំព្រះវស្សាតាមប្រណៃណីនៅផ្ទះសហគន៍ក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង។
ភូមិក្តុលលើជាភូមិជនជាតិដើមភាគតិចស្ទៀងមួយក្នុងចំណោមភូមិទាំង១៣ នៃឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅថ្ងៃទី១៤កើត ខែអស្សុជជារៀងរាល់ឆ្នាំអ្នកភូមិក្តុលលើតែងតែប្រារព្ធពិធីមួយហៅថា «ផ្តាច់បាយវេនព្រះសង្ឃគង់ចាំព្រះវស្សា» ពិធីផ្តាច់បាយវេនព្រះសង្ឃគង់ចាំព្រះវស្សា ជាប្រពៃណីតាំងពីដូនតាតរៀងមក។ នៅមុនពេលពិធីចាប់ផ្តើម តាយាយ អ៊ំ ពូ មីង យុវជន យុវនារី នាំគ្នាមកកន្លែងប្រារព្ធពិធីមបុណ្យ ដើម្បីជួយជាកម្លាំង ឬសម្ភារៈផ្សេងៗ។ លោកតា លោកយាយ មានចំណេះដឹងផ្នែកគ្រឿងសក្ការៈ ថ្វាយព្រះពុទ្ធ ចាប់ផ្តើមស្វះស្វែងរកដូចជាទៀន ធូប ដើមចេក រៀបចំធ្វើស្លាធម៌ បាយសី ចងផ្កាប្រាក់ និងទៅនិមន្តព្រះសង្ឃនៅវត្ត ចំណែកយុវជន មកជួយជាកម្លាំងរកបន្លែបង្កា និងដាំស្លជាដើម។
នៅម៉ោង១០:៣០នាទីព្រឹកថ្ងៃដដែល ព្រះសង្ឃប្រមាណ២៥អង្គបាននិមន្តពីវត្តហត្ថិវនារាម ហៅវត្តក្តុល គោចបិណ្ឌបាត្រនៅទីតាំងផ្ទះសហគមន៍ក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង ជាកន្លែងប្រជាពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យ។ ព្រះភិក្ខុ យស ផារី ព្រះចៅធអិការវត្តហត្ថិវនារាម ហៅវត្តក្តុលមានសង្ឃដីកាថា បន្ទាប់ពីគង់ចាំព្រះវស្សាអស់រយៈពេល៣ខែ គឺនៅថ្ងៃ១៥កើត ខែអស្សុជ ព្រះភិក្ខុសង្ឃគ្រប់អង្គនៅតាមទីវត្តអារាមនានាតែងប្រារព្ធពិធីបុណ្យបែបសាសនាមួយដែលមានឈ្មោះថា បវារណា ឬហៅថាបុណ្យចេញព្រះវស្សា ដែលជាពិធីមួយស្របតាមពុទ្ធវិន័យរបស់ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង។ ពិធីបវារណាចេញវស្សានេះ គឺជាឱកាសដ៏ពិសេសមួយសម្រាប់ព្រះភិក្ខុសង្ឃគ្រប់អង្គធ្វើការអប់រំណែនាំ ដើម្បីឆ្លុះបញ្ចាំងពីទោសកំហុសគ្នាទៅវិញទៅមក ក្នុងគោលបំណងដើម្បីបានសង្រួម និងប្រតិបត្តិនូវធម៌វិន័យតទៅមុខទៀត។ ក្នុងអំឡុងពេល៣ខែដែលព្រះសង្ឃគង់ចាំព្រះវស្សា ដើម្បីសិក្សានិងបដិបត្តិព្រះធម៌ជុំគ្នានោះ ការប៉ះទង្គិចឬប្រព្រឹត្តកំហុសដោយប្រការណាមួយតែងកើតមានដោយចៀសមិនរួចឡើយ។
ព្រះភិក្ខុ យស ផារី ព្រះចៅធអិការវត្តហត្ថិវនារាម ហៅវត្តក្តុល ថ្លែងអំណរគុណដល់ប្រជាជនភូមិក្តុលលើដែលបានមូលមតិគ្នាធ្វើពិធីបុណ្យឆ្លងផ្តាច់បាយវេនព្រះសង្ឃគង់ចាំព្រះវស្សារយៈពេលបីខែ បន្ទាប់មកព្រះសង្ឃនិមន្តធ្វើបទនមស្សការ ចម្រើនព្រះបរិត្ត និងប្រគេនយាគូរព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។
ចំណាប់អារម្មណ៍ៈ
១)ខ្ញុំឈ្មោះ ហម សំបុក ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាត់ដើមភាគតិចស្ទៀង។ ចំពោះអារម្មណ៍ខ្ញុំថ្ងៃនេះសប្បាយ រីករាយ បានមកចូលរួមពិធីបុណ្យផ្តាច់បាយវេនព្រះសង្ឃគង់ចាំព្រះវស្សា។ ក្នុងនាមខ្ញុំជាអ្នកកាន់ព្រះពុទ្ធសាសនា ខ្ញុំបានស្វែងយល់ពីបុណ្យ និងបាប ធ្វើឲ្យខ្ញុំចិត្តជ្រះថ្លាជាមួយបុណ្យ។ ថ្ងៃនេះ ខ្ញុំបានឧទ្ធិសកុសល ដល់ម្តាយបានស្លាប់អត់បាយក្នុងសម័យខ្មែរក្រហម និងឪពុកស្លាប់ ដោយសារជំងឺ ឬញាតិសន្តានដែលបានចែកឋាន។
២)យុវតី ម៉ុន ដាវ៉ាន់ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិដើមភាគតិចស្ទៀង រស់នៅភូមិក្តុលលើ ឃុំទន្លូង។ ខ្ញុំចូលរួមកម្មវិធីបុណ្យឆ្លងផ្តាច់វេនព្រះសង្ឃគង់ចាំព្រះវស្សាមិនដាច់មួយឆ្នាំណាឡើយ។ ខ្ញុំជួយបេះបន្លែ រកផ្លែឈើ សាច់ ត្រី និងជួយធ្វើម្ហូប។ រយៈពេល៣ខែ ព្រះសង្ឃគង់ចាំព្រះវស្សា អ្នកភូមិតែងតែធ្វើចង្ហាន់យកទៅវត្តក្តុល គ្រប់គ្រងចង្ហាន់ព្រះសង្ឃ។ ជាទូទៅបន្ទាប់ពីយប់កម្មវិធីឆ្លងបុណ្យ យប់ឡើងចាក់ធុងបាសរាំកម្សាន្តភូមិ ប៉ុន្តែជាក់ស្តែងឆ្នាំនេះភូមិខ្ញុំអត់ចាក់ធុងបាសទេ ដោយសារប្រទេសជាតិកំពុងមានជម្លោះតាមព្រំដែនខ្មែរ-ថៃ។