ទស្សនកិច្ចសិក្សានេះក្នុងគោលបំណងឈ្វេងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ឆ្នាំ២០២៥។
នៅម៉ោង៣:៣០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សិស្សានុសិស្សអញ្ជើញមកពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ចំនួន១៣នាក់ (ស្រី៨នាក់) ចូលរួមទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម។
ជាកិច្ចចាប់ផ្តើម ឈុំ រ៉ា ណែនាំខ្លួននិងក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ហើយដឹកនាំសិស្សានុសិស្សដើរទស្សនាពិព័រណ៍នៃបណ្តុំរូបថត រូបគំនូរ ផែនទីបង្ហាញផ្លូវ និងពេលវេលាដែលបានដាក់តាំងនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម។ សិស្សានុសិស្សបានទស្សនាពីបណ្តុំរូបថតនៃសង្គ្រាមនៅទសវត្សរ៍ឆ្នាំ១៩៦០ នៅតំបន់កោះថ្ម, បណ្តុំរូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បណ្តុំរូបថតនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែក្រហមបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, បណ្តុំរូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩), បណ្តុំរូបគំនូរដែលសមមិត្ត ហ៊ុន សែន (បច្ចុប្បន្នសមេ្តចតេជោ ហ៊ុន សែន) និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាមដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងផែនទីបង្ហាញផ្លូវ និងពេលវេលា ដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបបានចាកចេញពីបន្ទាយកងវរសេនាធំតំបន់២១ ភូមិភាគបូព៌ា នៅភូមិកោះថ្ម ទៅកាន់តំបន់ព្រំដែនអាងដាច់ដើមត្រយឹង (X-16) និងទីតាំងមួយចំនួននៅក្នុងស្រុកឡុកនិញ ខេត្តសុងប៊ែរ ប្រទេសវៀតណាម។
បន្ទាប់មក ឈុំ រ៉ា ធ្វើបទបង្ហាញពីប្រទេសកម្ពុជា-ថៃមានជម្លោះប្រដាប់អាវុធនៅតាមព្រំដែន និងឈានដល់ការបិទព្រំដែនគោកជាលក្ខណៈឯកតោភាគីពីប្រទេសថៃចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ ធ្វើឲ្យសេដ្ឋកិច្ចប្រទេសទាំងពីរមានការធ្លាក់ចុះ ជាពិសេសប្រជាជនខ្មែរ និងប្រជាជនថៃរស់នៅតាមតំបន់ព្រំដែន។ ទំនិញ ឬសម្ភារៈប្រើប្រាស់ផ្សេងៗធ្លាប់បានដោះដូរគ្នាទៅវិញទៅមកតាមច្រកព្រំដែនអន្តរជាតិកម្ពុជា និងថៃត្រូវបានបិទ ធ្វើឲ្យប្រជាជនទាំងពីរខាតបង់ប្រាប់ចំណូល ហើយប៉ះពាល់ដល់ស្ថានភាពរស់នៅ និងជីវភាពគ្រួសារ។
ថ្ងៃទី២៤-២៨ ខែកក្កដា និងថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥ ជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ តាមព្រំដែនកាន់តែខ្លាំង។ ប្រជាជនកម្ពុជារាប់ពាន់នាក់ត្រូវភៀសសឹក ចាកចេញពីលំនៅឋានរកទីសុវត្ថិភាព។ ជនភៀសសឹកកម្ពុជាបង្ខំចិត្តចាកចោលផ្ទះសំបែង ទ្រព្យសម្បត្តិ ខំរកស្ទើរពេញមួយជីវិតត្រូវបាត់បង់ក្នុងរយៈពេលដ៏ខ្លី។ ការឈ្លានពានវាយប្រហាររបស់យោធាថៃ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា រួមមាន ផ្ទះសំបែងពលរដ្ឋ សាលារៀន វត្តអារាម អគារ ផ្លូវថ្នល់ និងស្ពានជាដើម។ លើសពីនេះទៅទៀតយោធាថៃបើកការវាយកម្ទេចប្រាសាទរបស់កម្ពុជា ដូចជាប្រាសាទតាក្របី ប្រាសាទខ្នា ប្រាសាទតាមាន់ ពិសេសប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុននិងជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយសំរុកចូលទន្រ្ទាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួនបួន រួមមាន ដូចជា៖
១) ខេត្តបន្ទាយមានជ័យ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន
២) ខេត្តពោធិ៍សាត់៖ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ)
៣) ខេត្តព្រះវិហារ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ
៤) ខេត្តឧត្តរមានជ័យ៖ តំបន់អូរស្មាច់ ប្រាសាទខ្នា ប្រាសាតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស។
ចំណាប់អារម្មណ៍សិស្ស
១) អ៊ំ ថាវីន ភេទស្រី ជាសិស្សារៀននៅសាលាបឋមសិក្សាកោះថ្ម ។ ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ ពេលដែលបានចូលរួមក្នុងវេទិកាថ្នាក់រៀននៅថ្ងៃនេះ។ ខ្ញុំពិតជាមានអារម្មណ៍ប្លែកជាខ្លាំង ពេលបានដឹងនិងរៀនសូត្រជាមួយបងៗក្រុមការងារ ពីព្រោះគាត់បានរៀបរាប់អំពីព្រឹត្តិការណ៍ក្នុងសម័យសង្គ្រាម។ ខ្ញុំមិនចង់ឲ្យទេកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាមដូចសម័យមុនទេ ប៉ុន្តែពេលនេះខ្ញុំឃើញសង្គ្រាមកម្ពុជានិងថៃ។ យោធាថៃចូលមកឈ្លានពានកម្ពុជា ចង់បានប្រាសាទរបស់ខ្មែរ ហើយវាយប្រហារមកលើ អ៊ំ ពូ បង វីរកងទ័ពកម្ពុជា ខ្លះត្រូវពលី ខ្លះរងបួសធ្ងន់និងស្រាល។ ខ្ញុំសូមអរគុណចំពោះបងៗដែលបានបង្រៀនពួកខ្ញុំនៅថ្ងៃនេះ។
២)ខ្ញុំបាទឈ្មោះ រុក ខាំមីន ជាសិស្សនៃសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនកោះថ្ម។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានចូលរួមទស្សនាពិព័រនៅមជ្ឈមណ្ឌលឯកសារកោះថ្មនិងបានស្ដាប់ពីបទបង្ហាញស្ដីពីតំបន់កោះថ្ម ដែលជាចំណុចចាប់ផ្ដើមនៃការធ្វើដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ រួមទាំងបទបង្ហាញទាក់ទងជាមួយជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ។ បើមានឱកាសម្តងទៀត ខ្ញុំចង់បបួលមិត្តភក្តិរបស់ខ្ញុំមកស្តាប់បងៗធ្វើបទបង្ហាញដូចថ្ងៃនេះ។
សិស្សានុសិស្សអញ្ជើញមកពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ចំនួន១៣នាក់ (ស្រី៨នាក់) ចូលរួមទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯសារកោះថ្មក្នុងគោលបំណងឈ្វេងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងជម្លោះប្រដាប់កម្ពុជា-ថៃ ឆ្នាំ២០២៥, ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
Koh Thma Documentation Center: Genocide Education
Photos by Vy Sitha
Documentation Center of Cambodia Archives
January 13, 2026