រឿងរ៉ាវវរកងទ័ពពលី ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ចំនួន៤រូប ១)ព្រឹន្ទបាលទោ ឆៃ រ័ត្ន ២)នាយចំណង់ ទេព ម៉ាឡា ៣)ឧត្តមសេនីយ៍ឯក ដួង សំនៀង ៤)វរសេនីយ៍ត្រី ជួង លៀប។
ចាន់ បូរី៖ ចេញមុខបដិសេធនូវព័ត៌មានមិនពិតពីការពលីព្រឹន្ទបាលទោ ឆៃ រ័ត្ន ត្រូវទាហានថៃកាប់ចិញ្ច្រាំបាត់ពាក់កណ្តាលខ្លួន
ដោយៈ ឈុំ រ៉ា មជ្ឈមណ្ឌលឯកសារកោះថ្ម
គេហទំព័រហ្វេសប៊ុក (Facebook) ឈ្មោះ Vik Mean Bosba ចុះផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ទាហានខ្មែរម្នាក់ដែលបាត់បង់ជីវិតក្នុងចំណោមទាហានខ្មែរ២១នាក់ ត្រូវបានទាហានថៃចាប់ខ្លួន ហើយសពទាហានខ្មែរបញ្ជូនត្រឡប់មកវិញ ដោយភាគីថៃកាប់ចិញ្ច្រាំបាត់ពាក់កណ្តាលខ្លួន ។ អ្នកស្រី ចាន់ បូរី ត្រូវជាប្រពន្ធព្រឹន្ទបាលទោ ឆៃ រ័ត្ន ចេញមកបដិសេធនូវព័ត៌មានមិនពិត ហើយបញ្ជាក់ថាសាកសពប្តីខ្ញុំត្រូវយន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់លើឃ្លាំងស្បៀង បណ្តាលឲ្យវរកងទ័ពចំនួនពីររូបពលី គឺព្រឹន្ទបាលទោ ឆៃ រ័ត្ន(ត្រូវជាប្តី ចាន់ បូរី) និង អនុសេនីយ៍ត្រី សៀង សាត (ជាមិត្តរួមអាវុធជាមួយ ព្រឹន្ទបាលទោ ឆៃ រ័ត្ន) ពលីនៅម៉ោង១១:០០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។
ឈ្មោះ ចាន់ បូរី ភេទស្រី អាយុ ៣៧ឆ្នាំ មានស្រុកកំណើតភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ ពាង ចាន់ ម្តាយឈ្មោះ អ៊ុំ ពីនខា។ ខ្ញុំមានបងប្អូនចំនួន៦នាក់ (ស្រី៤នាក់) ខ្ញុំជាកូនពៅ។ ខ្ញុំរៀបការជាមួយប្តីឈ្មោះ ព្រឹន្ទបានទោ ឆៃ រ័ត្ន មានកូនចំនួន៣នាក់ (ស្រីម្នាក់)។ កូនខ្ញុំបានសិក្សារៀនសូត្រទាំង៣នាក់។ កូនទី១ឈ្មោះ រ័ត្ន ឈីងឈីង រៀនថ្នាក់ទី១០, កូនទី២ឈ្មោះ រ័ត្ន ឈុនអ៊ី រៀនថ្នាក់ទី៤ និងកូនទី៣ឈ្មោះ រ័ត្ន ឈុនម៉េងហួរ រៀនថ្នាក់មតេ្តយ្យ។
ព្រឹន្ទបាលទោ ឆៃ រ័ត្ន អាយុ ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិដារលិច ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ឆៃ រ័ត្ន ចូលធ្វើយោធាក្នុងឆ្នាំ២០១២ បម្រើការងារក្រុមយុទ្ធជន នៃវរសេនាតូចអន្តរាគមន៍លេខ៣៩៤ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ៩ នៃកងពលធំអន្តរាគមន៍លេខ៣ នៅកងពលតូចថ្មើរជើងលេខ២១ ចំណុះយោធភូមិទី២។ ឆៃ រ័ត្ន នៅប្រចាំការវរសេនាតូចលេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ភារកិច្ចការពារជាតិមិនសូវបានត្រឡប់មកលេងប្រពន្ធកូន។
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឆៃ រ័ត្ន ស្នើសុំអង្គភាពឈប់សម្រាកមួយសប្តាហ៍ ដើម្បីមកលេងប្រពន្ធកូន និងក្រុមគ្រួសារនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ឆៃ រ័ត្ន ត្រឡប់មកផ្ទះបានមួយថ្ងៃ ដឹកនាំគ្រួសារ និងប្រពន្ធកូន ធ្វើដំណើរដោយឡានផ្ទាល់ខ្លួន ទៅទស្សនាប្រាសាទអង្គវត្ត ខេត្តសៀមរាប រយៈពេលពីរថ្ងៃ។ ក្នុងរយៈពេលពីរថ្ងៃ ព្រឹន្ទបាលទោ ឆៃ រ័ត្ន អញ្ជើញទស្សនាប្រាង្គប្រាសាទមួយចំនួនដូចជា ប្រាសាទតាព្រហ្ម, ប្រាសាទបាយ័ន, ប្រាសាទអង្គវត្ត, ប្រាសាទបាពួន, នឹងទស្សនាផ្សារ-
រាត្រីក្នុងខេត្តសៀមរាប។ ថ្ងៃទី២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ប្រពន្ធព្រឹន្ទបាលទោ ឆៃ រ័ត្ន ទៅជួលសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីថតរូបជុំគ្រួសារទុកជាអនុស្សាវរីយ៍។ បន្ទាប់ពីថតរូបនឹងទស្សនាប្រសាទអង្គវត្តចប់ នាំគ្នាត្រឡប់មកផ្ទះស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ។ ការធ្វើដំណើរចាកចេញពីខេត្តសៀមរាបនៅរសៀលម៉ោង៣:០០នាទី ចំណាយពេលធ្វើដំណើរអស់៦ម៉ោងទើបមកដល់ផ្ទះនៅម៉ោង៨:១២នាទីយប់។ ព្រឹកថ្ងៃបន្ទាប់ វរសេនាតូចអន្តរាគមន៍លេខ៣៩៤ បានហៅទូរសព្ទឲ្យ ឆៃ រ័ត្ន ត្រឡប់ទៅឈរជើងនៅតំបន់មុំបីវិញ ព្រោះសភាពការណ៍មិនស្រួល ដោយសារភាគីថៃនៅតែទន្ទ្រានចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។
មុនមួយថ្ងៃប្តីខ្ញុំធ្វើដំណើរទៅតំបន់មុំបី ខ្ញុំយល់សប្តឃើញប្តីមកលេងផ្ទះ ទឹកមុខខ្មៅ ដើរសំដៅមករកកូន ប៉ុន្តែអត់ញញឹមនិងមិននិយាយជាមួយខ្ញុំ។ ការយល់សប្តនេះ ដូចជាប្រផ្នូលអាក្រក់ចំពោះប្តី។ មុនថ្ងៃឡើងទៅសមរភូមិ ប្តីខ្ញុំមានជំងឺប្រចាំកាយ ដូចជាឈឺក្រពះ ពោះវៀន និងក្អក។ ខ្ញុំប្រាប់ថាបងកុំសូវជក់បារី ព្រោះបណ្តាលឲ្យក្អក និងប៉ះពាល់សួត។ ប្តីឆ្លើយថា បងមិនអាចអត់បារីបានទេ ណាមួយនៅក្នុងព្រៃមានមូសច្រើន ហើយបារីអាចដេញមូសបាន។
វេលាព្រឹកម៉ោង៦:០០នាទី ថ្ងៃទី២៨ ខែឧសភា ឆៃ រ័ត្ន ធ្វើដំណើរចេញពីផ្ទះឡើងទៅកាន់អង្គភាពវិញ។ ឆៃ រ័ត្ន លើកដៃលាប្រពន្ធកូន ហើយនិយាយថា បងទៅហើយ! អូនមើលថែកូនឲ្យបានល្អ បងមិនដឹងថ្ងៃណាត្រឡប់មកលេងផ្ទះទេ! ខ្ញុំរត់ទៅឱបប្តី ហើយនិយាយជូនពរ សូមបងទៅឲ្យសុខសប្បាយ នឹងយកជ័យជម្នះជូនជាតិ អូននៅចាំបងត្រឡប់មកផ្ទះវិញ។ មុនពេលឡើងឡានទៅសមរភូមិប្តីខ្ញុំ និយាយជាលើកទីពីរថា «បងលាអូនសិនហើយ! សូមអូនមើលថែកូនឲ្យបានល្អ ព្រឹកឡើងត្រូវជូនកូនប្រុសពៅ ឈ្មោះ រ័ត្ន ឈុងម៉េងហួរ ទៅសាលារៀន ហើយត្រូវថៃសុខភាពខ្លួនឯងផង ព្រោះបងមិនដឹងថាថ្ងៃណាអាចត្រឡប់មកវិញទេ» ចាន់ បូរី ឆ្លើយតបទៅប្តីថា «ចាសបង! អូនធ្វើតាមការណែនាំរបស់បង សូមបងថែរក្សាសុខភាព ពេលចូលគេង បងត្រូវគេងក្នុងមុង ព្រោះនៅក្នុងព្រៃមានមូសច្រើន ការពារកុំឲ្យមានជំងឺគ្រុនឈាមណាមួយនៅឆ្ងាយពីមន្ទីរពេទ្យ»។ ក្នុងថ្ងៃនោះព្រឹន្ទបាលឯក សួន រោន ត្រូវភាគីថៃបាញ់សម្លាប់នៅតំបន់មុំបី ថ្ងៃទី២៨ ខែឧសភា។
ជារៀងរាល់យប់មុនចូលគេង ខ្ញុំតែងតែហៅទូរសព្ទទៅប្តី ដើម្បីសួរពីសុខទុក្ខ និងស្ថានភាពព្រំដែន។ ប្តីនិយាយថា បងមិនមានពេលទំនេរច្រើនទេ ពេលថ្ងៃត្រូវជីកលេណដ្ឋាន និងដឹកជញ្ជូនស្បៀងអាហារទៅឲ្យកងទ័ពជួរទីមួយនៅតំបន់មុំបី។ កន្លែងបងស្នាក់នៅមិនពិបាកហូបចុកទេ ប៉ុន្តែបងគេងមិនបានគ្រប់គ្រាន់ បងត្រូវយាមការជាប្រចាំនៅឃ្លាំងអាហារ នឹងត្រៀមស្បៀងសម្រាប់ដឹកទៅសមរភូមិមុខបន្ត។ ខ្ញុំសួរបន្ថែមទៀតថា តើកន្លែងឃ្លាំងស្បៀង ដែលបងស្នាក់នៅប្រចាំមានគ្នាប៉ុន្មាននាក់? ប្តីខ្ញុំឆ្លើយថា បងមានគ្នា៥នាក់ សម្រាប់ដឹកស្បៀងជូនកងទ័ពជួរទី១។ ក្រុមបងមានឈ្មោះ ណាវិបុល ជាប្រធានគ្រប់គ្រងឃ្លាំងស្បៀង, ផាត, មិន, សៀង សាត និងបង(ឆៃ រ័ត្ន)។ ឆៃ រ័ត្ន បន្ថែមទៀតថា បងត្រូវដឹងស្បៀងចេញពីឃ្លាំងស្ថិតនៅឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទៅកាន់តំបន់មុំបីជួរទី១ មានចម្ងយ១០គីឡូម៉ែត្រ រួមដំណើរជាមួយ ណាវិបុល ជាតៃកុងឡាន។ ស្បៀង ត្រូវបានដឹកបានត្រឹមពាក់កណ្តាល់ផ្លូវ ហើយពាក់កណ្តាលផ្លូវទៀតត្រូវប្រើកម្លាំងថ្មើរជើង។ បន្ទាប់មកមានកម្លាំងបីនាក់នៅជួរមុខតំបន់មុំបីចុះមកទទួលស្បៀង រួចដាក់អម្រែកលើស្មាបន្តដំណើរឡើងភ្នំ ថ្ងៃខ្លះមានភ្លៀងធ្វើឲ្យរអិលពិបាកធ្វើដំណើរ។
វេលាព្រឹកម៉ោង៩:១៥នាទី ថ្ងៃទី២៤ ខែកក្កដា ឆៃ រ័ត្ន បានហៅទូរសព្ទទៅកាន់ ចាន់ បូរី ជាប្រពន្ធ ប្រាប់ពីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ កំពុងផ្ទុះអាវុធ។ ឆៃ រ័ត្ន និយាយទៅកាន់ប្រពន្ធថា «សួស្តីអូន! កន្លែងបងឈរជើងមានការផ្ទុះអាវុធមុននេះបន្តិច! ប៉ុន្តែគ្រាប់មិនអាចធ្លាក់មកដល់កន្លែងបងកំពុងឈរជើងទេ គឺមានចម្ងាយឆ្ងាយពីជួរមុខ សូមអូននិងគ្រួសារកុំមានការភ័យព្រួយ បងមិនកើតអ្វីទេ»។ ចាន់ បូរី សួរទៅប្តីថា តើប្រជាជននៅជាប់ព្រំដែនជម្លៀសចេញពីភូមិដែរឬទេ? ឆៃ រ័ត្ន ឆ្លើយថា ប្រជាជនភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត កំពុងជម្លៀសចេញពីភូមិ។ សូរគ្រាប់កាន់តែបន្លឺឡើងខ្លាំងឥតឈប់ឈរបង្ខំចិត្ត ឆៃ រ័ត្ន ដាក់ទូរសព្ទចុះ(បិទទូរសព្ទ) ដោយមិនទាន់និយាយជាមួយប្រពន្ធចប់សេចក្តី។
យប់ថ្ងៃទី២៧ ខែកក្កដា ខ្ញុំបានហៅទូរសព្ទទៅប្តី តើកន្លែងបងស្នាក់នៅសុខសប្បាយទេ? ឆៃ រ័ត្ន ឆ្លើយថា បងអត់បានហូបបាយមួយថ្ងៃហើយ បងមិនសូវមានកម្លាំងទេ ចាប់តាងពីថ្ងៃផ្ទុះអាវុធមកមិនទាន់បានឈប់សម្រាក។ បន្ទាប់មកប្តីខ្ញុំសួររកកូនឈ្មោះ រ័ត្ន ឈុនម៉េងហួរ និយាយថា កូនខំរៀន កុំធ្វើឲ្យម៉ាក់ពិបាក ត្រូវស្តាប់តាមម៉ាក់ ពេលប៉ាត្រឡប់ទៅផ្ទះវិញ ចាំប៉ាទិញឡានដឹកដីធំមួយជូនកូន(ឡានជ័រ) ប៉ាចូលគេងមុនហើយ កូនឆាប់គេងចុះ យប់ម៉ោង៩:១០នាទីហើយ។ ខ្ញុំនិយាយតបទៅកាន់ប្តីថា «សូមបងកុំនិយាយពាក្យនេះ ធ្វើឲ្យខ្ញុំមិនសប្បាយចិត្តសោះ! បងនិយាយលេងជាមួយកូនទេ សូមអូនកុំគិតច្រើន នៅកន្លែងបងមានសុវត្តិភាព យប់ជ្រៅហើយបងបិទទូរសព្ទជាមួយអូន ព្រោះបងត្រូវចេញទៅល្បាត។ សម្តីប្តីខ្ញុំ ដូចជាពាក្យលាកូន និងប្រពន្ធចុងក្រោយ។ ខ្ញុំចាប់ផ្តើមមិនស្រួលក្នុងចិត្តចេះតែគិត នឹកដល់ប្តីជានិច្ច ក្នុងយប់នោះគេងមិនលក់ទាល់តែសោះ។
ព្រឹកថ្ងៃទី២៨ ខែក្កកដា ខ្ញុំបានឃើញការផ្សព្វផ្សាយតាមព័ត៌មាននៅតំបន់មុំបីមានយោធិនពលីក្នុងសមរភូមិ។ ប្រហែល៣ម៉ោងក្រោយ ឈ្មោះ ភាព ត្រូវជាបងថ្លៃ(ភាព ត្រូវជាប្តីបងស្រី ចាន់ បូរី) នៅវរសេនាតូចអន្តរាគមន៍លេខ៣៩៤ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ៩ បានហៅទូរសព្ទមកខ្ញុំប្រាប់ថា «ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងវរសេនីយ៍ត្រី សៀង សាត បានពលីនៅតំបន់មុំបី កាលពីយប់ម៉ោង១១:00នាទី ថ្ងៃទី២៧ ខែកក្កដា ដោយភាគីថៃប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់លើឃ្លាំងស្បៀង»។ ចំណែកមិត្តរួមអាវុធពីរនាក់ផ្សេងទៀត ឈ្មោះ មិន និងផាត ចេញយាមល្បាតឆ្ងាយពីឃ្លាំងស្បៀង ទើបអ្នកទាំងពីរមិនគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែវរកងទ័ពទាំងពីររូប ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ។ នៅម៉ោង៨:០០នាទីយប់ ថ្ងៃទី២៨ ខែឧសភា សាកសពប្តីខ្ញុំ បានដឹកមកដល់ផ្ទះនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។ ខ្ញុំស្រែកយំទទួលយកមិនបាន ពេលឃើញសាកសពប្តីបាត់ពាក់កណ្តាលខាងលើ សពនៅសល់ត្រឹមចង្កេះចុះមកក្រោម។ ទោះបីជាខ្ញុំមិនបានឃើញមុខប្តីពេលងូតទឹកសម្អាតសព ប៉ុន្តែខ្ញុំចាំច្បាស់ខោខ្លី(ខោទាហាន) និងជើងទាំងសងខាងរួមទាំងម្រាមជើង គឺជាសពប្តី។
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ត្រូវនឹងពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៤ គ្រួសារខ្ញុំ បានធ្វើចង្ហាន់យកទៅប្រគេនព្រះ ធ្វើបុណ្យឧទ្ទិសមហាកុសលជូនព្រឹន្ទបាលទោ ឆៃ រ័ត្ន និងវរកងទ័ពបានពលីក្នុងសមរភូមិជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ រួមទាំងជីដូនជីតា សាច់ញាតិ បងប្អូន រហូតដល់វីរជន ឥស្សរជន ឬ យុទ្ធជន ដើម្បីធ្វើការដឹងគុណដ៏ធំធេងនូវវីរភាពអង់អាចក្លាហាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ ការពារជាតិមាតុភូមិ។ ខ្ញុំបានអុចធូបចំនួន៥សរសៃផ្សងចំពោះព្រះពុទ្ធប្បដិមាថា បើជាតិក្រោយមានពិត សូមបងត្រឡប់មកធ្វើជាស្វាមីដ៏ល្អរបស់អូន និងកូនៗ យើងនឹងរស់នៅជាមួយគ្នារហូតចាស់កោងខ្នង កុំឲ្យអភ័ព្វដូចជាតិនេះ។ ប្តីខ្ញុំសង្ហាណាស់ គាត់កូនកាត់ខ្មែរ-ចិន ហើយមិនចេះពិសារស្រាទេ។ ប្តីខ្ញុំមិនដែលធ្វើឲ្យខ្ញុំពិបាកចិត្ត មិនធ្លាប់ប្រើអំពើហិង្សា តែងតែដំបូន្មានកូនៗឲ្យខំប្រឹងរៀនសូត្រ និងចេះជួយការងារម្តាយ។
ខ្ញុំពីរនាក់បងប្អូនជម្នះចិត្តឪពុកចូលធ្វើជាយោធា
វី ស៊ីថា៖ មជ្ឈមណ្ឌលឯកសារកោះថ្ម
លោកនាយចំណង់ ទេព ម៉ាឡា ជាយុទ្ធជនទ័ពពិសេសឆត្រយោង កងពលតូចទ័ពពិសេសឆត្រ យោង៩១១ ដែលបានពលីជីវិតលើសមរភូមិតំបន់ភ្នំទ្រព្យ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣២ឆ្នាំ។ លំនៅដ្ឋានគ្រួសារ នៃសពស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ទេព ម៉ាលីន ត្រូវជាបងស្រីទេព ម៉ាឡាមានអនុស្សាវរីយជាមួយប្អូនប្រុសដូចខាងក្រោម៖
ឈ្មោះទេព ម៉ាលីន ត្រូវជាបងស្រីទេព ម៉ាឡា។ នាយចំណង់ ទេព ម៉ាឡា កើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៣។ នាយចំណង់ ទេព ម៉ាឡា ជាកូនទី៤(កូនពៅ)នៅក្នុងគ្រួសារ។ ទេព ម៉ាឡាជាមនុស្សល្អ ណាស់។
តាំងកុមារភាព ខ្ញុំជាមួយប្អូនប្រុសខ្ញុំឈ្មោះទេព ម៉ាឡាស្រលាញ់ខាងយោធាណាស់ ប៉ុន្តែឪពុកខ្ញុំ មិនសូវចូលចិត្តខាងយោធាទេ។ ខ្ញុំពីរនាក់បងប្អូនដូចជាមាននិស្ស័យជាមួយគ្នាតែម្ដង ស្រលាញ់ខាង យោធាដូចគ្នា។ ខ្ញុំពីរនាក់បងប្អូនជម្នះចិត្តឪពុកចង់ចូលធ្វើជាយោធា។ ខ្ញុំបានធ្វើជាយោធាកងទ័ពជើង គោកមុនប្អូនប្រុសរបស់ខ្ញុំមួយឆ្នាំ។
ក្រោយពេលប្អូនប្រុសខ្ញុំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមិនជាប់ ខ្ញុំបានណែនាំឲ្យប្អូន ប្រុសចូលរួមប្រឡងចូលធ្វើជាយោធា។ ប្អូនខ្ញុំបានប្រឡងជាប់ធ្វើជាយោធាតាំងពីអាយុ១៩ឆ្នាំ។ បើគិតមក ដល់ពេលបច្ចុប្បន្ននេះ ប្អូនប្រុសរបស់ខ្ញុំបានធ្វើជាយោធាអស់រយៈពេល១៣ឆ្នាំ។ នៅពេលប្អូនប្រុសខ្ញុំហ្វឹក ហាត់ពិបាកពេក ប្អូនប្រុសខ្ញុំតែងតែហៅទូរសព្ទទៅប្រាប់ម្ដាយខ្ញុំថា «ម៉ែអើយ! ហ្វឹកហាត់ពិបាកណាស់។» ម្ដាយខ្ញុំបានឆ្លើយតបថា«កូនអើយ! បើសិនជាកូនហត់ កូនឈប់ទៅ»។ ប្អូនប្រុសខ្ញុំមិនឈប់ទេ គាត់តស៊ូ ណាស់។
ប្អូនប្រុសខ្ញុំបន្ទាប់ពីបានចូលធ្វើជាយោធាប្រាក់បៀវត្សរ៍ដែលទទួលបានគាត់ផ្ញើជូនម៉ែទាំងអស់។ ប្អូនប្រុស ខ្ញុំជាមនុស្សឧស្សាហ៍ព្យាយាមនិងខិតខំប្រឹងប្រឹងប្រែងណាស់។ ប្អូនប្រុសខ្ញុំមិនដែលធ្វើឲ្យម្ដាយខ្ញុំ ខកបំណងទេ។ នៅពេលប្អូនប្រុសខ្ញុំនៅផ្ទះ ប្អូនប្រុសខ្ញុំតែងតែរៀបចំផ្ទះសម្បែងយ៉ាងស្អាត។ ប្អូនប្រុសខ្ញុំ គិតដល់គ្រួសារណាស់។ ប្អូនខ្ញុំបារម្ភខ្លាចឪពុកម្ដាយពិបាក។
ប្អូនប្រុសខ្ញុំលោកនាយចំណង់ ទេព ម៉ាឡាបានរៀបការជាមួយ ធី សាវ៉ាត់ នៅឆ្នាំ២០២៣។ នាយ ចំណង់ទេព ម៉ាឡា បានបន្សល់ទុកនូវចំណងដៃកូនស្រីម្នាក់ឈ្មោះ រ៉ុន សុដាលីសមានអាយុ៦ខែ។ បើ យោងតាមសម្ដីប្អូនថ្លៃខ្ញុំឈ្មោះធី សាវ៉ាត់បាននិយាយថា «អំឡុងពេលធី សាវ៉ាត់ មានផ្ទៃពោះ នាយចំណង់ ទេព ម៉ាឡាមិនសូវរវល់ហ្វឹកហាត់រៀនទេ ទើបមានអាចនៅមើលថែធី សាវ៉ាត់បានច្រើនរហូតដល់កូនស្រី មានអាយុ៣ខែ។ បន្ទាប់ពីទេព ម៉ាឡាបានធ្វើដំណើរត្រឡប់ទៅសាលាហ្វឹកហ្វឺនវិញ ទេព ម៉ាឡាមិនដែល បានមកលេងកូនស្រីទៀតទេ។ ពេលទេព ម៉ាឡាចេញពីសាលាហ្វឹកហាត់ ទេព ម៉ាឡាបានទទួលបទបញ្ជា ទៅប្រចាំការណ៍នៅខេត្តព្រះវិហារ។ រយៈពេលបីខែដែលទេព ម៉ាឡាបានចេញពីផ្ទះ ទេព ម៉ាឡាបានហៅ ទូរសព្ទមកធី សាវ៉ាត់រាល់ថ្ងៃ។ ធី សាវ៉ាត់ជាមួយទេព ម៉ាឡាមានគម្រោងថាសន្សំទុកធ្វើបន្ទប់មួយឲ្យកូនស្រី មួយព្រោះពេលមេឃភ្លៀង ពិបាកណាស់ សាចទឹកសើម ខ្លាចរអិលកូន។ ទេព ម៉ាឡាបានផ្ញើសារមកធី សាវ៉ាត់ថា«អូនប្រឹងហូបបាយ មិនបាច់ព្រួយ បារម្ភពីបងទេ! អូនមើលថែកូនយើងឲ្យបានល្អ។ បងមិនអី ទេ! »។ ប្អូនប្រុសខ្ញុំស្រលាញ់កូនណាស់។
ទេព ម៉ាឡាប្អូនប្រុសខ្ញុំជាកូនល្អខ្លាំងណាស់ ទោះបីមានគ្រួសារក៏នៅតែផ្ញើថវិកាតាមរយៈខ្ញុំទុក ជូនឪពុកម្ដាយខ្ញុំជារៀងរាល់ខែ ព្រួយបារម្ភខ្លាចម្ដាយគ្មានអ្វីពិសារ។ ប្អូនប្រុសខ្ញុំចង់ឲ្យម្ដាយឪពុកបានពិសារឆ្ងាញ់។
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំអាចហៅទូរសព្ទទៅប្អូនប្រុសខ្ញុំបាន។ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំចាប់ផ្ដើមបាត់ដំណឹងប្អូនប្រុស និងចាប់ផ្ដើមទាក់ទងប្អូនប្រុសលែងបាន។ ខ្ញុំ ចាប់ផ្ដើមសួររកដំណឹងពីប្អូនប្រុស ប៉ុន្តែមិនបានទទួលដំណឹងអ្វីសោះ។ ខ្ញុំនិងគ្រួសារចាប់ផ្ដើមព្រួយបារម្ភ និងខិតខំស្វែងរកដំណឹងប្អូនប្រុស។ ខ្ញុំបានហៅទូរសព្ទទៅមិត្តភក្ដិប្អូនប្រុសខ្ញុំសួរអំពីដំណឹងរបស់ ទេព ម៉ាឡា ប៉ុន្តែមិត្តភក្តិប្អូនខ្ញុំមិនបានមិនបានឆ្លើយតបទេ។ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មិត្តភក្តិប្អូន ប្រុសខ្ញុំដែលធ្វើការងារជាមួយគ្នាបានហៅទូរសព្ទមកខ្ញុំ រួចប្រាប់ខ្ញុំថា«ប្អូនប្រុសខ្ញុំទេព ម៉ាឡាអាចស្លាប់ ៥០ភាគរយ»។ នៅថ្ងៃដដែលនេះខ្ញុំព្យាយាមហៅទូរសព្ទទៅសួរមិត្តភក្តិប្អូនប្រុសខ្ញុំ ដើម្បីសាកសួរពត៌មាន អំពីដំណឹងរបស់ប្អូនប្រុសខ្ញុំឈ្មោះទេព ម៉ាឡា ប៉ុន្តែទាក់ទងមិនបាន។ លុះមួយសន្ទុះក្រោយមកមិត្តភក្តិប្អូន ប្រុសខ្ញុំបានហៅទូរសព្ទមក រួចខ្ញុំប្រាប់ថា «សូមបងស្រីត្រៀមចិត្ត ទេព ម៉ាឡាបានស្លាប់ហើយ ប៉ុន្តែមិន ទាន់អាចយកសពមកបាន»។ ខ្ញុំបានហៅទូរសព្ទទៅមេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១ ដើម្បីសួរនាំអំពីដឹងសពប្អូនប្រុសខ្ញុំ មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១បានឆ្លើយតបថា«ចាំខ្ញុំព្យាយាមស៊ើបរក»។
នៅវេលាម៉ោងប្រមាណជា៧និង០០នាទីយប់ មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង ៩១១ បានហៅទូរសព្ទមកខ្ញុំថា«គ្រួសារសពអាចទៅទទួលយកសព ពេទ ម៉ាឡា នៅទីបញ្ជាការ ស្រាលកងទ័ពជើងគោក ទិសស្រែណូយ»។ ក្រោយពេលខ្ញុំទទួលបានដំណឹងនេះ ខ្ញុំបានធ្វើដំណើរចេញ ទៅទាំងយប់ ដើម្បីធ្វើដំណើរទៅយកសពប្អូនប្រុស។ ខ្ញុំធ្វើដំណើរទៅដល់ពេលយប់ជ្រៅ ឃ្លាំងសពបាន បិទ។ ខ្ញុំនៅចាំរហូតដល់ម៉ោងប្រមាណជា៨និង០០នាទីព្រឹក ទើបខាងទីបញ្ជាការស្រាលកងទ័ពជើង គោកទិសស្រែណូយបានបើកឃ្លាំង ដើម្បីឲ្យគ្រួសារខ្ញុំពិនិត្យមើលនិងបញ្ជាក់ថាជាសពប្អូនប្រុសខ្ញុំពិត មែនទើបក្រុមការងារកងទ័ពជើងគោកទិសស្រែណូយជួយស្វែងរកឡានពេទ្យដឹកសពប្អូនប្រុសខ្ញុំ។ នៅថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ សពប្អូនប្រុសខ្ញុំបានដឹកមកដល់ផ្ទះដែលស្ថិតនៅភូមិ បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ សពនាយសំណង់ ទេព ម៉ាឡាប្អូនប្រុសខ្ញុំមានសភាពហើម។ ម្យ៉ាងទៀតតាមក្រុម ស៊ើបអង្កេតធ្វើកោសល្យវិច័យសពប្អូនប្រុសខ្ញុំបានរកឃើញថា« ទេព ម៉ាឡា ត្រូវគ្រាប់កាំភ្លើងចំនួន២ គ្រាប់»។ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ សពទេព ម៉ាឡា បានយកទៅបូជានៅវត្តរការ នៅភូមិ បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
មតិជាច្រើនបានលើកឡើងថា តើ ទេព ម៉ាឡា ស្លាប់ដោយសារឡើងដកទង់ជាតិសត្រូវឈ្លានពាន ថៃនៅតំបន់ភ្នំទ្រព្យឬយ៉ាងណា?
ចំពោះមតិខាងលើនេះខ្ញុំបានឮបងប្អូននិយាយតៗគ្នា និងបានឃើញបងប្អូនយកផុសនៅលើ ប្រព័ន្ធផ្សាយជាច្រើន ប៉ុន្តែខ្ញុំត្រូវជាបងស្រីរបស់ទេព ម៉ាឡា ជាសាច់ញាតិគ្រួសារនៃសពនៅតែមិនទាន់ទទួលបានពត៌មានច្បាស់លាស់នៅឡើយទេ។ ខ្ញុំមិនទាន់ប្រាកដនៅលើមតិមួយនេះទេថា«វាជាការពិត ឬ យ៉ាងណា» ប៉ុន្តែខ្ញុំបានចាប់អារម្មណ៍រឿងមួយ នៅ ពេលមិត្តភក្តិប្អូនខ្ញុំបានហៅទូរសព្ទមកខ្ញុំរួចប្រាប់ថា”សពទេពម៉ាឡានៅលើភ្នំទ្រព្យមិនទាន់អាចយកមកបានទេ”។បើតាមមតិយោបល់ផ្ទាល់របស់ខ្ញុំគិតថាអាចជាការពិត៨០ភាគរយ ព្រោះទ័ពប្អូនប្រុសខ្ញុំជាទ័ព ស្រួច(ទ័ពពិសេស)។ យោងតាមសម្ដីធី សាវ៉ាត់ត្រូវជាភរិយារបស់លោកនាយចំណងទេព ម៉ាឡា បាន បញ្ជាក់ឡើងថា« ប្ដីខ្ញុំឈ្មោះ ទេព ម៉ាឡាបានឡើងទៅលើភ្នំទ្រព្យ ដោយសារទទួលបទបញ្ជាឡើងទៅដក ទង់ជាតិរបស់សត្រូវឈ្លានពានថៃ» ។
ខ្ញុំពិតជាមានមោទនភាព ជាមួយប្អូនប្រុសខ្ញុំដែលហ៊ានពលីជីវិត។ ប្អូនប្រុសខ្ញុំ ធ្លាប់និយាយប្រាប់ខ្ញុំថា”ទង់ជាតិខ្មែរត្រូវតែដោតនៅ លើទឹកដីខ្មែរ”។
____________________________________
ភក្ដីភាពរបស់សេនាធិកា សុភាព ចំពោះ ឧត្តមសេនីយ៍ឯកដួង សំនៀង
វន បុប្ផា៖ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា
សុភាព មានអាការៈស្លុតស្មារតីជាខ្លាំង ក្រោយដឹងថាខ្លួននៅរស់ ហើយមេបញ្ជាការបានពលីជីវិត។ សុភាពបាននិយាយថា“ហេតុអ្វីត្រូវជាមេ មិនមែនជាខ្ញុំ?”។ សុភាពបានបន្ទោសខ្លួនឯង និងមានក្ដីឈឺចាប់ជាខ្លាំង ដែលខ្លួនមិនអាចទៅចូលរួមពិធីគោរពវិញាណក្ខន្ធរបស់លោកឧត្តមសេនីយ៍ឯកដួង សំនៀង ក្នុងពិធីបុណ្យសពបាន ព្រោះគ្រូពេទ្យមិនអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងតម្រូវឲ្យសម្រាកព្យាបាលបន្ដ។ សុភាពនិយាយក្នុងស្មារតីតក់ស្លុត។ សុភាពនៅតែសោយស្ដាយយំអាឡោះអាល័យនឹងការបាត់បង់លោកឧត្តមសេនីយ៍ឯកដួង សំនៀង។ សុភាពបានបន្ទោសខ្លួនឯងជាខ្លាំងដែលខ្លួនមិនអាចការពារលោកឧត្តមសេនីយ៍ឯកដួង សំនៀង រហូតឈានដល់ការចង់ធ្វើអត្តឃាតខ្លួនឯង ដោយបន្លំឲ្យកូនប្រសារប្រុសដែលនៅមើលថែឲ្យជួយទិញថ្នាំងងុយគេងចំនួនពីរបន្ទះ ហើយសុភាពបានឆ្លៀតឱកាសលេបថ្នាំទាំងអស់។ ខាងក្រោមនេះជាសាច់រឿងលោកឧត្តមសេនីយ៍ឯកដួង សំនៀង តាមរយៈការរៀបរាប់របស់សេនាធិការសុភាព៖
ឧត្តមសេនីយ៍ឯកដួង សំនៀង ជន្មាយុ៦៧ឆ្នាំ មានភរិយាឈ្មោះលោកជំទាវអ៊ុក ស៊ុនរ៉ានី ។ ឧត្តមសេនីយ៍ឯកដួង សំនៀង រស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាមេបញ្ជាការកងពលធំលេខ៧ ប្រចាំការនៅសមរភូមិមុខខេត្តព្រះវិហារ គឺជាវីរជនដ៏មហិមាដែលហ៊ានបូជាជីវិត ដើម្បីបូរណភាពជាតិមាតុភូមិ។ ឧត្តមសេនីយ៍ឯកដួង សំនៀង នៅការពារខ្សែរបន្ទាត់ព្រំដែនអស់រយៈពេលជាង ៤០ឆ្នាំ។
នៅឆ្នាំ១៩៨៥ កងពលធំលេខ៥ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបង្កើតឡើង និងឈរជើងនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅពេលនោះលោកដួង សំនៀង ជាប្រធាននយោបាយ និងសមមិត្ត អ៊ុង សាម៉េត ជាប្រធានយោធាកងពលធំលេខ៥។ បន្ទាប់ពីកងពលធំលេខ៥ បានចល័តទៅឈរជើងនៅសាលាវិស័យ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កងពលលេខ៥នេះ បានផ្ទេរមួយវរសេនាធំ (ង-១៩) មកឲ្យយោធាខេត្តព្រះវិហារគ្រប់គ្រងជំនួស។ នៅពេលនោះប្រធាន ង-១៩ មានឈ្មោះស្រេង ហុង, សុខ ថី, និង យោគ វណ្ណាលុច។ ង-១៩ បានឈរជើងនៅភូមិសាស្រ្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំណែកវរសេនាតូចលេខ២៥ នៃង-១៩ បានបោះទីតាំងនៅម្តុំតំបន់បុស្សស្បូវ-ជាំតែ។ ប្រធានវរសេនាតូចលេខ២៥ មានឈ្មោះ ឃុត ជា និង ហៃ សុផាត។ នៅឆ្នាំ១៩៨៧ វរសេនាតូចលេខ១ របស់យោធាខេត្តព្រះវិហារ បានទៅឈរជើងជំនួសវរសេនាតូចលេខ២៥ នៃង-១៩ នៅតំបន់បុស្សស្បូវជាំតែ។ ប្រធានវរសេនាតូចលេខ១ មានឈ្មោះ មួន សាម៉ន ។
នៅឆ្នាំ២០០០ អនុសេនាធំមួយនៃកងឯកភាពការពារព្រំដែនលេខ៤០១ បានឈរជើងនៅតំបន់បុស្សស្បូវ-ជាំតែ ជំនួសឲ្យង-៣៨។
បន្ទាប់ពីមានជម្លោះកម្ពុជា-ថៃ នៅតំបន់ព្រំដែនប្រាសាទព្រះវិហារឆ្នាំ២០០៨ ផ្នែកសឹករងស្រុកជាំក្សាន្តបានមកឈរជើងនៅតំបន់បុស្សស្បូវ-ជាំតែ រហូតមកដល់សព្វថ្ងៃ។ មេបញ្ជាការផ្នែកសឹករងស្រុកជាំក្សាន្ត មានឈ្មោះ វរសេនីយ៍ទោ ផាន់ សាម៉ែន ។
នៅថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពនៅជួរមុខកងពលធំលេខ៧ មានកិត្តិយសដ៏ឧត្ដុង្គឧត្ដមដែលបានជួបសំណេះសំណាលជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី។ លោកទាំងពីរបានចុះមកដល់ព្រំដែនសួរសុខទុក្ខនិងពាំនាំនៅសម្ភារៈនិងថវិកាមួយចំនួនចែកជូនដល់បណ្ដាលអង្គភាព ដើម្បីដោះស្រាយបញ្ហាស្បៀងនិងឧបករណ៍ សម្ភារៈដូចជា វិទ្យុទាក់ទង តង់ និងកាដុងទឹក។
លោកឧត្តមសេនីយ៍ឯក ដួង សំនៀង មានប្រសាសន៍មុនពេលពលីជីវិតយ៉ាងម៉ឺងម៉ាត់ដល់កងទ័ពថា”ត្រូវតែតស៊ូប្រយុទ្ធកុំខ្លាចសត្រូវ ត្រូវតែប្រយុទ្ធដើម្បីការពារជាតិ” ។ ឧត្តមសេនីយ៍ឯកដួង សំនៀង បានថ្លែងអំណអរគុណដល់ បងៗ ពូៗ ក្មួយៗ ដែលមានវត្តមាននៅទីនេះ។ ឧត្តមសេនីយ៍ឯកដួង សំនៀង ពិតជាមានសេចក្ដីរីរាយណាស់។ កងទ័ពនៅទីនេះ មានការគាំទ្រពីសមរភូមិជួរក្រោយ គឺកងទ័ពជួរមុខត្រៀមពលីជីវិត និងការធ្វើពលិកម្ម ដើម្បីជាតិមាតុភូមិរបស់យើង។ កងទ័ពរបស់ខ្ញុំទាំងអស់នេះប្ដេជ្ញាទាំងឆន្ទៈ ទាំងបេះដូង និងអាយុជីវិតសាច់ស្រស់ឈាមស្រស់ គឺដើម្បីបុព្វហេតុជាតិមាតុភូមិ ទោះបីយ៉ាងណាក៏ដោយមិនឲ្យមានការបាត់បង់បូរណភាពទឹកដីរបស់យើងឡើយ ។ មួយវិញទៀត សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងជំទាវបណ្ឌិតពេជ ចន្ទមុន្នី លោកបានចូលរួមសំណេះសំណាលទាំងយប់នៅក្នុងលេណដ្ឋានកងពលធំលេខ៧។ នៅវេលាម៉ោង៩និង០០នាទីយប់ លោកទាំងពីរបានសំណេះសំណាលចប់ រួចលោកទាំងពីរបានធ្វើដំណើរទៅទិសផ្សេងទៀត។ នេះគឺជាការយកចិត្តទុក្ខដាក់យ៉ាងខ្ពង់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំដែលបានយកចិត្តទុក្ខដាក់គ្រប់ពេលវេលា។
នៅចន្លោះថ្ងៃទី២៦ ខែកក្កដា ២០២៥ ឧត្តមសេនីយ៍ឯកដួង សំនៀង មេបញ្ជាការកងពលធំលេខ៧ នៃកងពលធំអន្តរាគមន៍លេខ៣។ ឧត្តមសេនីយ៍ឯកដួង សំនៀង កំពុងតែអង្គុយពិនិត្យមើលផែនទីសឹកនៅក្នុងលេណដ្ឋាន។ ពេលនោះ កងទ័ពថៃបានផ្លោងគ្រាប់ចំលេណដ្ឋានកងពលធំលេខ៧ ធ្វើឲ្យឧត្តមសេនីយ៍ឯកដួង សំនៀង ពលីជីវិតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។
យោងតាមប្រសាសន៍លោក រ៉ាវី ជាសេនាធិកាម្នាក់របស់ឧត្តមសេនីយ៍ឯក ដួង សំនៀង បានបញ្ជាក់ថា”អំឡុងពេលកំពុងប្រជុំមើលផែនទីសឹកនៅក្នុងលេណដ្ឋានមានសមាជិកចំនួន៥នាក់ មានប្អូនម្នាក់ឈរកាន់វិទ្យុទាក់ទង(Icom)នៅខាងស្ដាំដៃលោកឧត្តមសេនីយ៍ឯក ដួង សំនៀង ហើយខ្ញុំអង្គុយនៅចុងតុខាងស្ដាំលោកឧត្តមសេនីយ៍ឯក ដួង សំនៀង ចំណែកដៃខាងឆ្វេងខ្ញុំកាន់ដបទឹកសុទ្ធ និងដៃស្ដាំដាក់លើតុនៅជិតលោកឧត្តមសេនីយ៍ឯកដួង សំនៀង។ នៅពេលពិនិត្យមើលផែនទីសឹកដបទឹកក៏ធ្លាក់ទៅក្រោមតុ ខ្ញុំបានឱនរើសដបទឹកស្របពេលគ្រាប់ផ្លោងធ្លាក់ ទើបខ្ញុំគេចផុតពីគ្រាប់ផ្លោង តែអំបែងខ្ទាតត្រូវដៃនិងជើងរបស់ខ្ញុំ។ ចំណែកត្រចៀករបស់ខ្ញុំនៅថ្លង់តិចៗ។ នៅពេលគ្រាប់ផ្លោងធ្លាក់នោះ បានធ្វើឲ្យវីរកងទ័ពពលីជីវិតចំនួន២នាក់ គឺលោកឧត្តមសេនីយ៍ឯកដួង សំនៀង និងមេការិល័យទី៥ឈ្មោះ រៀម តុងសៀន វរសេនីយ៍ទោកងពលលេខ៧ ប្រចាំការនៅសមរភូមិមុខភ្នំខ្មោច ខេត្តព្រះវិហារ ។
បើយោងតាមប្រសាសន៍លោក សុភាព ជាសេនាធិការផ្ទាល់របស់លោកឧត្តមសេនីយ៍ឯកដួង សំនៀងបានបញ្ជាក់ថា ក្រោយទទួលរងការវាយប្រហារមកលើលេណដ្ឋានបញ្ជាការរបស់អន្តរាយគមន៍លេខ៧ បណ្ដាលឲ្យមានវីរកងទ័ពពីរនាក់បានពលីជីវិត(ដួង សំនៀង និងរៀម តុងសៀន)។ លោក សុភាព ត្រូវបានចាត់បញ្ជូនមកសម្រាកព្យាបាលភ្លាមៗ។ បន្ទាប់ពីបានខិតខំជួយទាញ និងសែងសាកសព ដួង សំនៀង ចេញមកខាងក្រៅ។ សុភាព មានអាការៈស្លុតស្មារតីជាខ្លាំង ក្រោយដឹងថាខ្លួននៅរស់ ហើយមេបញ្ជាការបានពលីជីវិត។ សុភាព បាននិយាយថា“ហេតុអ្វីត្រូវជាមេ មិនមែនជាខ្ញុំ?”។ សុភាពបានបន្ទោសខ្លួនឯង និងមានក្ដីឈឺចាប់ជាខ្លាំង ដែលខ្លួនមិនអាចទៅចូលរួមពិធីគោរពវិញាណក្ខន្ធរបស់លោកឧត្តមសេនីយ៍ឯកដួង សំនៀង ក្នុងពិធីបុណ្យសពបាន ព្រោះគ្រូពេទ្យមិនអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងតម្រូវឲ្យសម្រាកព្យាបាលបន្ដ។ សុភាពនិយាយក្នុងស្មារតីតក់ស្លុត។ សុភាពនៅតែសោយស្ដាយយំអាឡោះអាល័យនឹងការបាត់បង់លោកឧត្តមសេនីយ៍ឯកដួង សំនៀង។ សុភាពបានបន្ទោសខ្លួនឯងជាខ្លាំងដែលខ្លួនមិនអាចការពារលោកឧត្តមសេនីយ៍ឯកដួង សំនៀង។ សុភាពគិតច្រើន រហូតគេងមិន ទើបបង្ខំឲ្យកូនប្រសារប្រុសទៅទិញថ្នាំងងុយគេងចំនួនពីរបន្ទះ ដើម្បីបន្លប់ការឈឺចាប់។ ក្រោយពេលសុភាពទទួលបានថ្នាំងងុយគេងក៏ឆ្លៀតឱកាសលេបថ្នាំនោះទាំងអស់ ប៉ុន្ដែជាសំណាងល្អ លោក រ៉ាវី ដែលកំពុងសម្រាកព្យាបាលនៅគ្រែក្បែរនោះចាប់អារម្មណ៍ក៏បានសួរនាំទើបដឹងថាសុភាពលេបថ្នាំងងុយគេងអស់ពីរបន្ទះ។ លោក រ៉ាវីបានហៅគ្រូពេទ្យមកសង្រ្គោះបានទាន់ពេលវេលា។ សុភាព បានរួចផុតពីគ្រោះថ្នាក់ ក្រោយពីការមើលថែយ៉ាងយកចិត្តទុកដាក់ និងមានការពន្យល់លើកទឹកចិត្ត ។
____________________________________
សេចក្ដីស្រឡាញ់និងទំនួលខុសត្រូវចំពោះប្រពន្ធនិងកូនរបស់វរសេនីយ៍ត្រី ជួង លៀប
ម៉ាប់ ស៊ីណា ៖ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ប្ដីរបស់ខ្ញុំបានហៅទូរសព្ទនិយាយប្រាប់ខ្ញុំថា”ឲ្យខ្ញុំរត់ទៅខ្លាចយន្តហោះគ្មានមនុស្សបើកទម្លាក់គ្រាប់ត្រូវខ្ញុំនិងកូន”ប្ដីរបស់ខ្ញុំបានបន្តទៀតថា”កុំភ័យពីបងអី បងជាទាហានហើយ ការពារទឹកដី បើគាត់ខ្លាចមិនបានធ្វើទាហានទេ”។ នៅពេលល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ប្ដីរបស់ខ្ញុំ បានហៅទូរសព្ទមកខ្ញុំម្ដងទៀត ហើយបាននិយាយថា”ព្រឹកថ្ងៃទី២៤ពេលបើកលុយហើយខ្ញុំនិងខ្ចីម៉ូតូគេយកលុយឲ្យកូនរៀនមួយភ្លែត”។ ប្ដីខ្ញុំបារម្ភខ្លាំងជាងគេកូនស្រីទី២ឈ្មោះ លៀប សារ៉ូ ដែលខ្សោយបញ្ញាខ្លាចរត់ចោលកូន។
នៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្ដីខ្ញុំបានហៅទូរសព្ទដោយនិយាយថា “កុំដើរទៅណានាំកូន? អូនត្រូវងើបដាំបាយពីព្រលឹមឲ្យកូនឆាប់ហូប ហើយកុំដើរចេញពីផ្ទះ ខ្លាចគេរត់ចោលគ្រួសារ ព្រោះគ្រួសារយើងគ្មានម៉ូតូជិះ។ មួយសន្ទុះក្រោយមកប្ដីរបស់ខ្ញុំបានហៅទូរសព្ទមកប្រាប់លើកទី២ថា”ស្ថានភាពបងកំពុងឈរជើងមិនស្រួលទេ បងមិនបានទៅផ្ទះទេ ហើយអូនកុំនាំកូនរត់ទៅឆ្ងាយពីទីប្រជុំជន រងចាំមើលគេទៅខាងណា អូននិងកូនត្រូវរត់តាមគេ“ បន្ទាប់មកប្ដីខ្ញុំក៏បិតទូរស័ព្ទ ដោយនិយាយថា “ប៉ុណ្ណឹងសិនហើយ! បងផឹកកាហ្វេសិន!” ខ្ញុំបានប្រាប់ប្ដីថា “កុំដើរទៅណាឆ្ងាយពីលេណដ្ឋាន បើសភាពការណ៍មិនស្រួល សូមបងប្រញាប់លាក់ខ្លួនក្នុងលេណដ្ឋាន” ជួង លៀប បានឆ្លើយថា “ បងដឹងហើយ! បងមានលេណដ្ឋានជ្រកហើយ អូនកុំភ័យអី កន្លែងលេណដ្ធានបងមានសុវត្តិភាព សូមអូនគិតពីខ្លួនឯងនិងកូន ជាជាងគិតបារម្ភពីបង “។
នៅម៉ោង៧ព្រឹកថ្ងៃដដែលប្ដីខ្ញុំបានហៅទូរសព្ទម្ដងទៀត ហើយនិយាយប្រាប់ថា”ថៃបើការបាញ់ប្រហារចំនួនប្រាំមួយគ្រាប់ ទ័ពខ្មែរនៅខ្សែត្រៀមទី១ ត្រៀមខ្លួនវាយត្រឡប់ទៅវិញ សូមអូននិងកូនត្រៀមខ្លួនជម្លៀសចេញពីផ្ទះ។ លុះនៅម៉ោង៨ព្រឹក ប្ដីរបស់ខ្ញុំបានហៅទូរសព្ទម្ដងទៀតបានប្រាប់ខ្ញុំថា”ឲ្យចេញទៅៗ ទ័ពថៃកំពុងបាញ់ជញ្ជ្រំ” ខ្ញុំបានប្រាប់ប្ដីវិញថា “ខ្ញុំគ្មាន ម៉ូតូ ឬឡាន ជាមធ្យោបាយជម្លៀសចេញពីផ្ទះទេ ចំណែកប្រជាជននៅក្នុងភូមិត្រពាំងម្អមសែនជ័យ ឃុំបន្សាយរាក់ ស្រុកសំរោង មិនទាន់ជម្លៀសចេញអស់ទេ សូមបងកុំភ័យ គិតតែពីសុវត្តិភាពបងចុះ!” ប្ដីរបស់ខ្ញុំបាននិយាយថា “មិនកុំភ័យពីបងឡើយ អូនត្រូវបារម្ភពីកូននិងខ្លួនឯង ហើយព្យាយាមរកយានជំនិះ ដើម្បីជម្លៀសខ្លួនចេញពីភូមិ” ។
ឈ្មោះ អួង ចក់ អាយុ ៥០ឆ្នាំ មានស្រុកកំណើតភូមិស្រោមដែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ អួង ចក់ បានរៀបការនៅអាយុ ១៧ឆ្នាំ ក្នុងឆ្នាំ២០០៨ ជាមួយ ជួង លៀប និងមានកូន៤នាក់នៅក្នុងបន្ទុក ក្នុងនោះប្រុសពីរនាក់ និងស្រីពីរនាក់។ កូនស្រីទី១ឈ្មោះ លៀប ស្រីរត័្ន ភេទស្រី អាយុ ២៧ឆ្នាំ ឈប់រៀនតាំងពីឪពុកចូលធ្វើទាហានធ្វើការនៅកំពង់សោម ,កូនទី២ឈ្មោះ លៀប សារ៉ូភេទស្រី អាយុ ២៥ឆ្នាំ មានបញ្ហាខ្សោយបញ្ញា,កូនទី៣ឈ្មោះ លៀប លុច ភេទប្រុស អាយុ២៣ឆ្នាំរៀនបានត្រឹមថា្នក់ទី៦ក៏ឈប់រៀនដោយសារជីវភាពគ្រួសារខ្វះខាតនិងកូនទី៤ឈ្មោះ លៀប សារុណ ភេទប្រុស អាយុ១៨ សិក្សានៅវិទ្យាល័យហ៊ុនសែនឧត្ដរមានជ័យ ដែលស្ថិតនៅក្រុងសំរោង។ អួង ចក់ មានម្ដាយឈ្មោះ ហ៊ុនសំបូរ បានស្លាប់ចោលតាំងពីនៅ អួង ចក់នៅតូចចំណែកឪពុកឈ្មោះ ស៊ឹម អួងអាយុ ៨៥ឆ្នាំ ។ អួង ចក់មានបងប្អូន៩នាក់(ស្រី៥នាក់ប្រុស៤នាក់)។ កាលពីនៅតូចអួង ចក់មិនបានរៀនសូត្រទេ ដោយសារគ្រួសារក្រីក្រ។ អួង ចក់ បានរៀបរាប់រឿងរ៉ាវរបស់ប្តី និងក្រុមគ្រួសារដូចខាងក្រោម៖
ប្ដីរបស់ខ្ញុំ ឈ្មោះ ជួង លៀប អាយុ៥០ឆ្នាំមានទីកន្លែងកំណើត ភូមិព្រំស្រី ឃុំរុងរឿងស្រុកស្ទោង ខេត្តកំពង់ធំ។ ប្ដីរបស់ខ្ញុំមានឪពុកឈ្មោះ ជុំ ជួង (ស្លាប់),ម្ដាយឈ្មោះគីវ ហូយ(ស្លាប់)និងមានបងប្អូនបួននាក់ស្រីម្នាក់ប្រុសបីនាក់។ ជួង លៀប ចូលបម្រើកងទ័ពនៅឆ្នាំ២០១១ នៅវរសេនាតូច៤២៣កងពលតូចថ្មើជើងលេខ៤២ ចំណុះយុទ្ធភូមិភាគទី៤ ខេត្តឧត្ដរមានជ័យ។ មុនពេលប្តីខ្ញុំពលីគាត់មានឋានន្តរសក្កិវរសេនីយ៍ត្រី ជួង លៀប។ ប្ដីខ្ញុំឈរជើងនៅខេត្តឧត្ដរមានជ័យ ប្រចាំការនៅទិសប្រាសាទតាមាន់ធំ។ បន្ទាយរបស់ប្ដីខ្ញុំស្ថិតនៅភូមិត្រពាំងម្អមសែនជ័យ ឃុំបន្សាយរាក់ ខេត្តឧត្ដរមានជ័យ។ កាលពីសភាពការណ៍ស្ងប់ស្ងាត់ ក្នុងរយៈ១០ថ្ងៃប្ដីរបស់ខ្ញុំមកលេងផ្ទះម្ដង។ បន្ទាយប្ដីខ្ញុំមាន៣គ នៅក្នុង១គ មានគ្នា៣០ទៅ៣៥នាក់ ដូច្នេះប្ដីខ្ញុំអាចផ្លាស់ប្ដូរសមាជិកមកលេងផ្ទះម្ដងម្នាក់បាន ប៉ុន្តែចាប់តាំងពីសភាពការណ៍មិនស្រួល ប្ដីខ្ញុំមិនសូវបានមកលេងផ្ទះទេ រយៈពេល២ខែទើបបានមកផ្ទះម្ដង។ អំឡុងសភាពការណ៍តាមព្រំដែនមិនស្រួល ខ្ញុំបានហៅទូរសព្ទទៅកូនប្រុសទី៤ឈ្មោះ លៀប សារុណ កំពុងសិក្សានៅក្រុងសំរោង ដើម្បីស្នាក់នៅជាមួយកូននៅក្រុងសំរោង។
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ជួង លៀប ហៅទូរស័ព្ទប្រាប់ខ្ញុំថា ”អូន និងកូន ត្រូវជម្លៀសចេញពីផ្ទះ ខ្លាចយន្តហោះគ្មានមនុស្សបើកទម្លាក់គ្រាប់” ជួង លៀប បន្តទៀតថា”កុំភ័យបារម្ភពីបង ព្រោះបងជាទាហានទទួលការហ្វឹកហាត់យ៉ាងស្ទាត់ជំនាញ ដើម្បីការពារទឹកដី បើបងខ្លាចបាននរណាការពារទឹកដីពីសត្រូវឈ្លានពាន”។ ល្ងាចថ្ងៃទី២៣ខែកក្ដដា ប្ដីរបស់ខ្ញុំ បានហៅទូរស័ព្ទមកខ្ញុំម្ដងទៀត ហើយបាននិយាយថា”ព្រឹកថ្ងៃទី២៤ពេលបើកលុយហើយខ្ញុំនិងខ្ចីម៉ូតូគេយកលុយឲ្យកូនរៀនមួយភ្លែត” ។ ប្ដីខ្ញុំបារម្ភខ្លាំងជាងគេកូនស្រីទី២ឈ្មោះ លៀប សារ៉ូ ដែលខ្សោយបញ្ញាខ្លាចគេរត់ចោលកូន ។
នៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៥ ប្ដីខ្ញុំបានហៅទូរសព្ទដោយនិយាយថា “កុំដើរទៅណានាំកូន? អូនត្រូវងើបដាំបាយពីព្រលឹមឲ្យកូនឆាប់ហូប ហើយកុំដើរចេញពីផ្ទះ ខ្លាចគេរត់ចោលគ្រួសារ ព្រោះគ្រួសារយើងគ្មានម៉ូតូជិះ។ មួយសន្ទុះក្រោយមកប្ដីរបស់ខ្ញុំបានហៅទូរសព្ទមកប្រាប់លើកទី២ថា”ស្ថានភាពបងកំពុងឈរជើងមិនស្រួលទេ បងមិនបានទៅផ្ទះទេ ហើយអូនកុំនាំកូនរត់ទៅឆ្ងាយពីទីប្រជុំជន រងចាំមើលគេទៅខាងណា អូននិងកូនត្រូវរត់តាមគេ“ បន្ទាប់មកប្ដីខ្ញុំក៏បិតទូរស័ព្ទ ដោយនិយាយថា “ប៉ុណ្ណឹងសិនហើយ! បងផឹកកាហ្វេសិន!” ខ្ញុំបានប្រាប់ប្ដីថា “កុំដើរទៅណាឆ្ងាយពីលេណដ្ធាន បើសភាពការណ៍មិនស្រួល សូមបងប្រញាប់លាក់ខ្លួនក្នុងលេណដ្ឋាន” ជួង លៀប បានឆ្លើយថា “ បងដឹងហើយ! បងមានលេណដ្ឋានជ្រកហើយ អូនកុំភ័យអី កន្លែងលេណដ្ឋានបងមានសុវត្តិភាព សូមអូនគិតពីខ្លួនឯងនិងកូន ជាជាងគិតបារម្ភពីបង “។ នៅម៉ោង៧ព្រឹកថ្ងៃដដែលប្ដីខ្ញុំបានហៅទូរសព្ទម្ដងទៀត ហើយនិយាយប្រាប់ថា”ថៃបើការបាញ់ប្រហារចំនួនប្រាំមួយគ្រាប់ ទ័ពខ្មែរនៅខ្សែត្រៀមទី១ ត្រៀមខ្លួនវាយត្រឡប់ទៅវិញ សូមអូននិងកូនត្រៀមខ្លួនជម្លៀសចេញពីផ្ទះ។ លុះនៅម៉ោង៨ព្រឹក ប្ដីរបស់ខ្ញុំបានហៅទូរសព្ទម្ដងទៀតបានប្រាប់ខ្ញុំថា”ឲ្យចេញទៅៗ ទ័ពថៃកំពុងបាញ់ជញ្ជ្រំ” ខ្ញុំបានប្រាប់ប្ដីវិញថា “ខ្ញុំគ្មាន ម៉ូតូ ឬឡាន ជាមធ្យោបាយជម្លៀសចេញពីផ្ទះទេ ចំណែកប្រជាជននៅក្នុងភូមិត្រពាំងម្អមសែនជ័យ ឃុំបន្សាយរាក់ ស្រុកសំរោង មិនទាន់ជម្លៀសចេញអស់ទេ សូមបងកុំភ័យ គិតតែពីសុវត្តិភាពបងចុះ!” ប្ដីរបសខ្ញុំបាននិយាយថា “មិកុំភ័យពីបងឡើយ អូនត្រូវបារម្ភពីកូននិងខ្លួនឯង ហើយព្យាយាមរកយានជំនិះ ដើម្បីជម្លៀសខ្លួនចេញពីភូមិ” ។
ខ្ញុំបានបិតទូរសព្ទ រួចឡើងលើផ្ទះ អុជធុបបន់ស្រន់ ដោយនិយាយថា” សូមឲ្យប្ដីខ្ញុំមានសេចក្ដីសុខគេចផុតពីគ្រាប់” ខ្ញុំអុជធុបបន់ស្រន់រួចក៏ចុះពីលើផ្ទះ។ ខ្ញុំបានចាក់សោរផ្ទះរួចរាល់ ត្រៀមយកអីវ៉ាន់ដាក់ក្រោមផ្ទះទៅជាមួយ ប៉ុន្តែសំឡេងគ្រាប់បានផ្ទុះឡើង។ ខ្ញុំបាននាំកូនស្រីទី២ខ្ញុំឈ្មោះ លៀប សារ៉ូ រត់ចេញពីផ្ទះទាំងដែលខ្លួននិងកូនស្រីទី២ គ្មានម៉ូតូជិះ។ ខ្ញុំបានឈរហៅសុំរថយន្តប្រជាជនជិះ ប៉ុន្តែរថយន្តបើកហួសមិនឈប់ឲ្យខ្ញុំនិងកូនស្រីទៅជាមួយ។ ខ្ញុំពីរនាក់កូនស្រីបានដឹកដៃគ្នារត់ ប៉ុន្តែជាសំណាងល្អបានអ្នកជិតខាងផ្ទះទល់ឈ្មោះ ណត ភេទប្រុស បានឲ្យខ្ញុំនិងកូនស្រីខ្ចីម៉ូតូ។ ខ្ញុំនិងកូនស្រីទី២ជិះម៉ូតូចេញទៅជជំរំភៀសសឹក។ កូនស្រីទី២របស់ខ្ញុំជាមនុស្សខ្សោយបញ្ញា។ ខ្ញុំជម្លៀសចេញពីភូមិដល់ជំរំភៀសសឹកគ្មានថវិកាមួយរៀល ដោយរងចាំប្រាប់ខែរបស់ប្ដីត្រូវបើកនៅថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែជាអកុសលមិនទាន់បានបើកប្រាក់ខែផងចាប់ផ្តើមផ្ទុះអាវុធ។ ខ្ញុំបាននាំកូនស្រី លៀប សារ៉ូ ជិះម៉ូតូទៅជំរំភៀសសឹក រយៈពេលមួយថ្ងៃខ្ញុំអត់បានហូបបាយ។
ខ្ញុំបានជិះម៉ូតូទៅជំរំភៀសសឹកនៅភូមិអតីតយុជនស្រុកចុងកាល ខេត្តឧត្ដរមានជ័យ។ ក្នុងចិត្តខ្ញុំមិនចង់ចាកចេញពីផ្ទះ ដោយសារគ្រាប់ផ្ទុះខ្លាំងបង្ខំចិត្តចាកចេញទាំងមិនបានត្រៀមខ្លួន។ ខ្ញុំបារម្ភនិងគិតពីប្ដីកំពុងឈរជើង នៅលើប្រាសាទតាមាន់ធំ។ ទាហានប្រចាំនៅភូមិត្រពាំងម្អមសែនជ័យបានប្រាប់ខ្ញុំថា”សូមមីងចាកចេញពីភូមិឲ្យឆាប់ ព្រោះភូមិត្រពាំងម្អមសែនជ័យគ្មានសុវត្តិភាពទេ! ខ្ញុំសម្រេចចិត្តចាកចេញទៅភ្លាមៗ។ ខ្ញុំព្យាយាមហៅទូរសព្ទទៅប្ដីរហូត ប៉ុន្តែទាក់ទងមិនបានទាល់តែសោះ។ ខ្ញុំធ្វើដំណើរបណ្ដើរឆ្លៀតហៅទូរស័ព្ទទៅប្ដីបណ្ដើរ តែទោះបីជាខ្ញុំព្យាយាមយ៉ាងណានៅតែទាក់ទងមិនបាន។ ខ្ញុំនៅចាំរឿងរ៉ាវទាំងអស់វាដក់ជាប់ក្នុងខួរក្បាលខ្ញុំជានិច្ច។ ប្ដីរបស់ខ្ញុំ បានពលីជីវិតនៅថ្ងៃទី២៤ខែកក្ដដា ឆ្នាំ២០២៥ នៅម៉ោង ៩ព្រឹក នៅអាយុ៥០ឆ្នាំ។ ប្ដីរបស់ខ្ញុំបានពលីជីវិតដោយសារត្រូវគ្រាប់ផ្លោង។ បើយោងតាមសមាជិករួមក្រុមរបស់ប្ដីខ្ញុំឈ្មោះទ្រូបានរៀបរាប់ថាខណៈពេលប្ដីខ្ញុំកំពុងក្រោកចេញពីលេណដ្ឋាន ដើម្បីបាញ់តតាំងជាមួយសត្រូវឈ្លានពានស្រាប់គ្រាប់ផ្លោង ក៏ខ្ទាតអំបែងគ្រាប់ត្រូវប្ដីខ្ញុំចំរន្ធភ្នែកនិងចិញ្ចើម។ នៅក្នុងលេណដ្ឋាន របស់ប្ដីខ្ញុំមានសមាជិកប្រាំពីរនាក់ រួមមាន៖១)ឈ្មោះ លន់ លៀប ភេទ ប្រុស មានស្រុកកំណើតភូមិតាវ៉ាន សង្កាត់ បន្សាយរាក ក្រុងសំរោង ខេត្តឧត្ដរមានជ័យ, ២)ឈ្មោះ ទ្រូ ភេទប្រុស ភូមិត្រាំសរសរឃុំត្រាំសរសរ ស្រុកស្រីស្នំ ខេត្តសៀមរាប,៣)ឈ្មោះ ម៉ៃ ភេទប្រុស ភូមិគោកព្រេច ឃុំត្រាំសរសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ,៤)ឈ្មោះ ក្លែប រាយ ភេទប្រុស មានស្រុកកំណើត ភូមិធ្លក ឃុំ ត្រាំសរសរ ស្រុកស្រីស្នំ ខេត្តតសៀមរាប, ៥)ឈ្មោះ ឡោកម៉ៅ ភេទប្រុស មានស្រុកកំណើត ភូមិព្រេច ឃុំត្រាំសរសរ ស្រុកស្រីស្នំ ខេត្តសៀមរាប,៦)ជួង លៀបភេទប្រុសដែលត្រូវជាប្ដីខ្ញុំ មានស្រុកកំណើត ភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ,៧) ឈ្មោះ ស្រឿន ស្រស់ ភេប្រុស ដែលមានស្រុកកំណើតភូមិត្រពាំងម្អមសែនជ័យ សង្កាត់បន្សាយរាក ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ក្នុងនោះមានបីនាក់បានបាត់បង់ជីវិតដែលមានឈ្មោះ ដូចជា១)ឈ្មោះ ក្លែប រាយ , ២)ឈ្មោះ ឡោកម៉ៅ ,៣)ជួង លៀបដែលជាប្ដីរបស់ខ្ញុំ។ ចំណែកម្នាក់ត្រូវរបួស ឈ្មោះ ស្រឿន ស្រស់ ភេប្រុសកំពុងសម្រាកព្យាបាយនៅមន្ទីពេទ្យភូមិភាគ ខេត្តសៀមរាប។
ខ្ញុំបានឮប្រពន្ធទាហានៗដែលនៅជុំរុំភៀសសឹកជាមួយគ្នាបាននិយាយថា”លៀបស្លាប់ហើយ”ប៉ុន្តែពេលគេឃើញខ្ញុំមកជិតគេមិននិយាយទេ។ គេខ្លាចខ្ញុំដឹងរឿងហើយទទួលយកមិនបាន។ ពេលដែលខ្ញុំឮគេនិយាយ ខ្ញុំមិននឹកស្មានថាជាប្ដីខ្ញុំទេព្រោះ នៅក្នុងក្រុមប្ដីរបស់ខ្ញុំមានឈ្មោះ លៀបពីរនាក់ក្នុងនោះ មានឈ្មោះលន់ លៀបម្នាក់ត្រូវជាកូនចៅរបស់ប្ដីខ្ញុំនិងម្នាក់ទៀតឈ្មោះ ជួង លៀបត្រូវជាប្ដីរបស់ខ្ញុំ ។
នៅម៉ោង៥ល្ងាចថ្ងៃទី២៤ ខ្ញុំទទួលដំណឹងថាប្ដីរបស់ខ្ញុំបាត់បង់ជីវិតដោយមេប្ដីរបស់ខ្ញុំឈ្មោះ គង់ សុខា បានហៅទូរសព្ទមកប្រពន្ធគាត់ឈ្មោះ ឈូក ឲ្យប្រាប់ខ្ញុំថា”លៀបបានស្លាប់បាត់បង់ជីវិតហើយ“។ បន្ទាប់ពីខ្ញុំទទួលដំណឹងភ្លាមស្រាប់តែឮសំឡេងទូរសព្ទរោទ៍។ ទាហាន បានដឹកសាកសពប្ដីរបស់ខ្ញុំបានហៅទូរស័ព្ទមកខ្ញុំដោយនិយយាថា” អ៊ីអើយសពប្ដីអ៊ីដឹកទៅណា ដឹកទៅផ្ទះឬទៅណា?”ខ្ញុំបានប្រាប់ថា”អត់ដឹងដឹកទៅណាទេព្រោះនៅផ្ទះគេរត់អស់ហើយចាំមើលខ្ញុំសួរបងប្អូនសិន” ខ្ញុំក៏បានហៅទូរសព្ទទៅសាច់ញាតិខាងប្ដី ។ បងថ្លៃខ្ញុំឈ្មោះ ជួង ឡាន បានប្រាប់ថា “ដឹកមកស្រុកមក”ខ្ញុំបានហៅទូរសព្ទទៅទាហានឲ្យដឹកសពរបស់ប្ដីខ្ញុំដោយផ្ដែផ្ដាំថា “សម្អាតសពប្ដីខ្ញុំឲ្យស្អាតហើយដាក់ឡានពេទ្យចេញដំណើរមុនគេ ព្រោះខ្ញុំនៅឆ្ងាយ”។ ខ្ញុំបានជិះឡានពីភូមិអតីតយុជនមកស្រុកចុងកាល អស់ថវិកាចំនួនប្រាំម៉ឺនរៀននៅចាំទទួលសពប្ដី។ ខ្ញុំបានចាំទទួលសពប្ដីនៅភូមិចុងកាល ឃុំចុងកាល ស្រុកចុងកាល ខេត្តឧត្ដរមានជ័យ។ ខ្ញុំចាំចាប់តាំងពីម៉ោង៥ល្ងាចរហូតដល់ម៉ោង១២យប់ទើបឡានពេទ្យដឹក សពប្ដីរបស់ខ្ញុំ មកដល់ស្រុកចុងកាល។ ខ្ញុំនិងកូនស្រីទី២បានឡើងឡានពេទ្យដែលដឹកសពប្ដីរបស់ខ្ញុំ ចេញពីស្រុកចុងកាលនៅម៉ោង១២យប់ ។ឡានដឹកសពប្ដីរបស់ខ្ញុំទៅដល់ភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ នៅវេលាម៉ោង៣យប់ដែលជាស្រុកកំណើតរបស់ប្ដីខ្ញុំ ។ ពេលខ្ញុំបានទទួលដំណឹងថាប្ដីស្លាប់ភ្លាមខ្ញុំមិនហ៊ានប្រាប់កូនៗភ្លាមទេ ព្រោះកូនៗនៅឆ្ងាយនិងកូនស្រីទី១ខ្ញុំឈ្មោះ លៀប ស្រីរត្ន័មានជំងឺបេះដូង ។ ក្រោយមកទៀតបានកូនទី៤ ខ្ញុំឈ្មោះ លៀប សារុណ បានហៅទូរសព្ទទៅបងស្រី ឈ្មោះ លៀប ស្រីរត្ន័ ដោយប្រាប់បងស្រីថា” ពង្រឹងស្មារតីឡើង ឪពុករបស់យើងបានស្លាប់ហើយ “ ។ លុះព្រឹកឡើងថ្ងៃទី២៥ ស្រីរត័្នបានធ្វើដំណើរចេញពីកំពង់សោម មកខេត្តកំពង់ធំ ។ នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែលស្រីរត័្នបានធ្វើដំណើរមកដល់ផ្ទះអ៊ំ ជួង ឡាន នៅភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
តាំងពីបាត់បង់ប្ដីរបស់ខ្ញុំមកហាក់ដូចជាបាត់បង់អ្វីៗគ្រាប់យ៉ាង ទោះបីក្រលំបាកយ៉ាងណាឲ្យតែបានរស់នៅជួបជុំគ្រួសារ គឺជាសេចក្តីសុខផ្លូវចិត្ត។ ប្ដីរបស់ខ្ញុំស្លូតបូតណាស់ កូនចៅគោរពស្រឡាញ់គ្រប់គ្នា។ ខ្ញុំពិតជួបការលំបាកច្រើនណាស់ ណាមួយខ្ញុំគ្មានដីធ្លាទេសូម្បីតែម៉ូតូមួយគ្មានជិះផង ។ ខ្ញុំពិតជាលំបាកវេទនាណាស់ម៉្យាងទៀតខ្ញុំត្រូវរ៉ាប់រងគ្រប់បែបយ៉ាងពេលដែលអត់ពីប្ដីខ្ញុំទៅ កូនរៀនផង ការចាយវាយប្រចាំថ្ងៃនិងត្រូវទទួលបន្ទុកចិញ្ចឹមកូនដែលខ្សោយបញ្ញាម្នាក់ទៀត ។ បច្ចុប្បន្នខ្ញុំរស់ នៅភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំដោយបានអំណោយពីសម្ដេច តេជោហ៊ុនសែន ដែលបបានទិញដី និងសាងសង់ផ្ទះឲ្យខ្ញុំនិងកូនៗ។