នៅវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក ញឹក នៅ ជាអភិបាលរងស្រុកមេមត់ ដឹកនាំក្រុមការងារចំនួន៣នាក់(ស្រី៣) បានធ្វើដំណើរមកទស្សនាផ្ទះសហគមន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀង។
ជាកិច្ចចាប់ផ្ដើមកញ្ញា វី ស៊ីថា បានទទួលស្វាគមន៍លោក ញឹក នៅ និងក្រុមការងារ។ បន្ទាប់មក កញ្ញាវី ស៊ីថាបានណែនាំអំពីសៀវភៅដែលមាននៅក្នុងផ្ទះសហគមន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀង មួយចំនួនជាភាសាខ្មែរ ដូចជាទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកោះថ្ម លេខពិសេស ឆ្នាំ២០២៤ សៀវភៅរំឭកវិញ្ញាណកន្ធជនរងគ្រោះនៃរបបខ្មែរក្រហម(១៩៧៥-១៩៧៩)វគ្គទី១ សៀវភៅរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) សៀវភៅរបបប៉ុលពត សៀវភៅរឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម សៀវភៅសាក្សីប្រវត្តិសាស្រ្ត និងសៀវភៅផ្សេងៗទៀត។
វី ស៊ីថា លើកឡើងពីផ្ទះសហគមន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀង ជាកន្លែងសម្រាប់ជួបជុំ កន្លែងធ្វើបុណ្យ កន្លែងរៀនធម៌ និងជាកន្លែងផ្ដល់ចំណេះដឹងដល់ប្អូនៗជំនាន់ក្រោយសិស្សាអំពីប្រវត្តិសាស្រ្តរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
ជាកិច្ចបន្ទាប់កញ្ញា វី ស៊ីថាបានណែនាំអំពីទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកោះថ្ម លេខពិសេស ឆ្នាំ២០២៤ ដែលមានសេចក្ដីអធិប្បាយចំពោះផ្ទាំងពិព័រណ៍រូបភាពមួយចំនួនក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម។ ជាក់ស្តែងដូចជាពិព័រណ៍រូបថត និងរូបភាពបង្ហាញពីដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់ សម្ដេចតេជោ ហ៊ុន សែន ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ១៩៧៧។ សៀវភៅរំឭកវិញ្ញាណកន្ធជនរងគ្រោះនៃរបបខ្មែរក្រហម(១៩៧៥-១៩៧៩)វគ្គទី១ ដែលស្រាវជ្រាវ និង ចងក្រងដោយមជ្ឈមណ្ឌលឯកសារ ដោយចាប់ផ្ដើមពីប្រវត្តិរូបអ្នកទោសជាប់ឃុំនៅ មន្ទីរស-២១ មានរូបថតចំនួន២៣៩៧នាក់ រួមទាំងមានរូបថតនៅលើប្រវត្តិរូបរបស់អ្នកទោស។
ជាកិច្ចបបញ្ចប់កញ្ញាវី ស៊ីថាបានជូនទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកោះថ្មដល់ លោក ញឹក នៅ និងក្រុមការងារ ជាអនុស្សាវរីយ៍។ លោកញឹក នៅ និងក្រុមការងារបានស្នើរសុំសៀវភៅចំនួនបីក្បាលបន្ថែមទៀត៖ ១)សៀវភៅរំឭកវិញ្ញាណកន្ធជនរងគ្រោះនៃរបបខ្មែរក្រហម(១៩៧៥-១៩៧៩)វគ្គទី១ ២)សៀវភៅរបប ប៉ុល ពត ៣)សៀវភៅរឿងរ៉ាវក្នុងភូមិសម័យខ្មែរក្រហម។
លោកញឹក នូវបានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានផ្តល់សៀវភៅដូចរៀបរាប់ខាងលើ។ លោកក៏បានបន្ថែមថា កសាងផ្ទះសហគមន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀងនេះពិតជាមានប្រយោជន៍ដល់សហគមន៍ និងយុវជនជំនាន់ក្រោយក្នុងការអប់រំប្រវត្តិសាស្ត្រ និងថែរក្សាប្រពៃណីទំនៀមទម្លាប់របសជនជាតិដើមភាគតិចជាយូរអង្វែងតទៅទៀត។
លោក ញឹក នៅ ជាអភិបាលស្រុកមេមត់ បានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានកសាងផ្ទះសហគមន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀងសម្រាប់ជាប្រយោជន៍ដល់ប្រជាជនដែលរស់នៅក្នុងភូមិក្ដុលលើ ឃុំទន្លូង និង យុវជនជំនាន់ក្រោយ។ ជាពិសេសលោកញឹក នៅនិងក្រុមការងារបានចាប់អារម្មណ៍ទៅលើសៀវភៅរំឭកវិញ្ញាណកន្ធជនរងគ្រោះនៃរបបខ្មែរក្រហម(១៩៧៥-១៩៧៩)វគ្គទី១, សៀវភៅរបបប៉ុលពតនិង សៀវភៅរឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហមជាខ្លាំង និងចង់យកទៅផ្សព្វផ្សាយបន្ត។
Photos by Mab Sina
July 22, 2025
Documentation Center of Cambodia Archives