នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះទៅសួរសុខទុក្ខដល់ក្រុមគ្រួសារ ឬសាច់ញាតិវរកងទ័ពនៅវរសេនាតូចថ្មើរជើងលេខ២១២ មានទីតាំងភូមិក្តុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្រុមការងារធ្វើដំណើរទៅកាន់វរសេនាតូចថ្មើរជើងលេខ២១២ ដើម្បីសួរសុខទុក្ខវរកងទ័ព និងក្រុមគ្រួសារ។ លោក ឥន្ទ វាសនា ប្រចាំការនៅកងអនុសេនាធំថ្មើរជើងលេខ២ បានមានប្រសាសន៍ថាកងកម្លាំងវរសេនាតូចថ្មើរជើងលេខ២១២ មួយចំនួនត្រូវបញ្ជូនទៅកាន់សមរភូមិទិសប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ដើម្បីការពារអធិបតេយ្យភាពកម្ពុជា។ កងកម្លាំងវរសេនាតូចថ្មើរជើងលេខ២១២ ដែលកំពុងឈរជើងនៅសមរភូមិតំបន់ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ មិនទាន់ត្រឡប់មកអង្គភាពវិញឡើយ។ ដូច្នេះក្រុមការងារបានសុំអនុញ្ញាតពីលោក ឥន្ទ វាសនា ដើម្បីសួរសុខទុក្ខប្រពន្ធ កូន ឬសាច់ញាតិរបស់វរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ។
ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានសួរសុខទុក្ខ និងសំណះសំណាលជាមួយប្រពន្ធ កូន ឬសាច់ញាតិរបស់វរកងទ័ពប្រចាំនៅវរសេនាតូចថ្មើរជើងលេខ២១២ ចំនួន៦នាក់(ស្រី៦) មានឈ្មោះដូចខាងក្រោម៖ ១)ស៊ន សុម៉ាលី ភេទស្រី អាយុ ៣២ឆ្នាំ ២)សៀង ណាគ្រួន ភេទស្រី អាយុ ៤៦ឆ្នាំ ៣)មួង លីដា ភេទស្រី អាយុ ៥៣ឆ្នាំ ៤)សយ ចិន្តា ភេទស្រី អាយុ៣៩ឆ្នាំ ៥)ឃីម គីមស្រ៊ាង ភេទស្រី អាយុ៥៥ឆ្នាំ និង៦)ប៉ោង អឿន ភេទស្រី អាយុ៦៤ឆ្នាំ។
ការសង្កេត៖
ក្រុមគ្រួសារឬសាច់ញាតិរបស់វរកងទ័ពដែលកំពុងឈរជើងនៅទិសតំបន់ប្រសាទតាក្របី និងប្រសាទតាមាន់ធំ ពួកគាត់គេងមិនគ្រប់គ្រាន់ និងហូបបាយមិនឆ្ងាញ់ក្នុងអំឡុងពេលផ្ទះអាវុធនៅព្រំដែនកម្ពុជា និងថៃ។ រឿងរ៉ាវក្រុមគ្រួសាររវកងទ័ពបានដឹងតាមរយៈទំនាក់ទំទងតាមទូរសព្ទដៃ និងព័ត៌មានពីមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ២១២។ ក្រោយពីស្តាប់រឿងរ៉ាវកងកម្លាំងការពារដែនអធិតេយ្យភាព បូរណភាពទឹកដីនៅព្រំដែនកម្ពុជានិងថៃ ក្រុមគ្រួសារវរកងទ័ពនិយាយពីជីវភាពក្នុងគ្រួសារមានការខ្វះខាត ហើយចុងក្រោយពួកគាត់ត្រូវការស្ថេរភាព នឹងសន្តិភាពត្រឡប់មកដូចមុនពេលមានជម្លោះតាមព្រំដែន។
បញ្ហាប្រឈម៖
ក្រុមការងារអត់មានស្តាប់រឿងរ៉ាវផ្ទាល់មាត់ពីវរកងទ័ព ព្រោះរវកងទ័ពជាប់បំពេញភារកិច្ចនៅសមរភូមិមុខ មិនទាន់ត្រឡប់មកទីតាំង។ អ្នកផ្តល់បទសម្ភាសន៍ចាកចេញមិនបានប្រាប់មុន ជាប់ធុរៈផ្ទាល់ខ្លួន គឺត្រូវយកកូនចេញពីសាលារៀន។
នាងខ្ញុំឈ្មោះ សយ ចិន្តា អាយុ៣៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិត្រពាំងព្រះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំ ឈ្មោះសយ ជឹម និង ម្ដាយឈ្មោះ យ៉ន ថុល ។ ខ្ញុំមានបងប្អូន៧នាក់ ក្នុងនោះមានស្រី២នាក់ និងប្រុស៥នាក់។ ខ្ញុំជាកូនទី២នៅក្នុងគ្រួសារ។
នៅឆ្នាំ២០០៤ ខ្ញុំរៀបការជាមួយលោក អ៊ុន ញ៉ាញ់ ហើយបានមករស់នៅភូមិក្ដុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ២០២៣ ខ្ញុំបានទៅនៅភូមិកោះថ្ម។ សព្វថ្ងៃនេះអ៊ុន ញ៉ាញ់ អាយុ៤៧ឆ្នាំជា មេបញ្ជាការរងក្រុមទី១ ”ក១” កងអនុសេនាតូច? កងអនុសេនាធំទី២ វរសេនាតូចលេខ២១២ កងពលតូចថ្មើរជើងលេខ២១។ ខ្ញុំមានកូនចំនួន៤នាក់ ក្នុងនោះមានប្រុស៣នាក់។
នៅដើមខែមិថុនា ឆ្នាំ២០២៥ ប្ដីខ្ញុំត្រូវទទួលបទបញ្ជាឲ្យត្រៀមខ្លួន ព្រោះមានសភាពការមិនស្រួលនៅ ព្រំដែនកម្ពុជា-ថៃ។ លុះដល់ថៃ្ងទី៣ ខែមិថុនា ឆ្នាំ២០២៥ ប្ដីខ្ញុំត្រូវទទួលបទបញ្ជាឲ្យរៀបចំសម្ភារៈ ដើម្បីបញ្ជូនទៅសមរភូមិមុខ។ ល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ប្ដីខ្ញុំបានធ្វើដំណើរចេញពីផ្ទះនៅភូមិកោះថ្ម មកសម្រាក នៅបន្ទាយ៧៥ ដែលស្ថិតនៅក្នុងភូមិក្ដុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មួយយប់ ដើម្បីងាយស្រួល ក្នុងការធ្វើដំណើរទៅព្រំដែនកម្ពុជា-ថៃ។
នៅវេលាទៀបភ្លឺ ថ្ងៃទី៤ ខែ ខែមិថុនា ឆ្នាំ២០២៥ប្ដីខ្ញុំបានចេញដំណើរទៅព្រំដែនកម្ពុជា-ថៃ។ ប្ដីខ្ញុំស្នាក់ នៅតាមបន្ទាយមួយយប់ព្រោះផ្លូវនៅឆ្ងាយទៀត។ លុះព្រឹកឡើងទើបបន្តដំណើរទៅដល់ប្រាសាទតាមាន់។ ប្ដីខ្ញុំ បានទាក់ទងមកប្រាប់ខ្ញុំថាបាន ធ្វើដំណើរមកដល់គោលដៅហើយកុំបារម្ភអី។ តាមសម្តីប្ដីខ្ញុំប្រាប់ថាមានការ បែងចែកក្រុមដោយមួយក្រុមមានសមាជិក៤នាក់មានមុខងាររៀងៗខ្លួនមានក្រុមខ្លះជីកលេណដ្ឋាន ក្រុមខ្លះធ្វើរោងនិងជីកប្រឡាយ ដើម្បីអាចដើររកគ្នាទៅវិញទៅមកបាន។ បើថ្ងៃខ្លះទំនេរត្រូវដើរមើលភូមិសាស្រ្តនៅក្នុង តំបន់ក្បែរលេណដ្ឋាន។ ចំពោះការហូបចុកមិនសូវមានខ្វះខាតទេ តែពិបាកគ្មានទឹកសម្រាប់ប្រើប្រាស់គ្រប់ គ្រាន់ ជាពិសេសទឹកផឹក។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំពិតជាអារម្មណ៍ភ័យខ្លាចនិងព្រួយបារម្ភជាខ្លាំង ព្រោះទាក់ទងទៅប្តីមិនបាន។ ខ្ញុំក៏បានទាក់ទងទៅមេធូ គាត់ថាមិនអីទេ ព្រោះនៅក្នុងលេណដ្ឋានគ្មានសេវា។ ថ្ងៃនេះខ្ញុំបន់ព្រះឲ្យតាមជួយថែរក្សាកងទ័ពខ្មែរ។ ខ្ញុំមើលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ(ហ្វេសប៊ុក)មានការផ្ទុះអាវុធខ្លាំង។ ខ្ញុំធ្វើអីមិនកើតចេញតែទឹកភ្នែក។
រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ប្ដីខ្ញុំបានទាក់ទងមកថាមិនបាច់ទាក់ទងទេ បើសិនជាមាន ពេលទំនេរប្ដីនិងទាក់ទងទៅប្រពន្ធ ព្រោះមកនៅក្នុងលេណដ្ឋានគ្មានសេវាទេ ហើយកាលពីម្សិល(ថ្ងៃទី២៤) ប្ដីខ្ញុំរវល់គេចគ្រាប់កាំភ្លើងរបស់សត្រូវ។ ម្យ៉ាងទៀតប្តីខ្ញុំមិនហ៊ានទាក់ទងទៅដោយសារតែខ្លាចសត្រូវចាប់សេវាបាន។ ប្ដីខ្ញុំបានហូបមីជាមួយបាយព្រោះគ្រាប់របស់សត្រូវនៅតែបន្តបាញ់មិនឈប់សោះ។
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ប្ដីខ្ញុំបានឆ្លៀតពេលទំនេរទាក់ទងមកខ្ញុំ ដើម្បីឲ្យខ្ញុំបានដឹងអំពីសុខទុក្ខ ព្រោះខ្លាចប្រពន្ធនិងកូនព្រួយបារម្ភ។
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ប្ដីខ្ញុំខលមកប្រាប់ថ្ងៃនេះនៅប្រាសាទតាមាន់មានភាពស្ងប់ស្ងាត់ល្អទេ។ ប្ដីខ្ញុំបានហូបចុកគ្រប់គ្រាន់មិនសូវពិបាកដូចពេលផ្ទុះអាវុធទៀតទេ។ ម្យ៉ាងទៀតមានជំនួយច្រើនសម្រាប់អាហារហូបចុក។ ខ្ញុំបានឮប្ដីនិយាយបែបក៏សប្បាយចិត្តមិនសូវពិបាកចិត្តទៀតទេ។
ជាក់ស្ដែងដូចជាថ្ងៃនេះទី៦ ខែសីហា ឆ្នាំ២០២៥ នៅវត្តក្តុល មានប្រជាជនជាច្រើននាំគ្នាធ្វើម្ហូបនិង វេចខ្ចប់ជូនដល់កងទ័ពវរសេនាតូចលេខ២១២ដែលបានប្រចាំការនៅពំ្រដែនកម្ពុជា-ថៃ។ ចំណែកគ្រួសារកងទ័ពដែលមានជីវភាពធូរធារបានផ្ញើរបស់របរនិងសម្ភារៈមួយចំនួនទុកឲ្យប្ដី ឬកូនប្រើប្រាស់និងបម្ហូបអាហារត្រីសាច់ឲ្យប្តីនៅជួរមុខ។ ខ្ញុំមិនដែលមានអីផ្ញើឲ្យប្ដីហូបទេ ព្រោះនៅខាងនេះជីវភាពគ្រួសារក៏ពិបាក។
តាំងពីប្ដីខ្ញុំទៅឈរជើងនៅប្រសាទតាមាន់ខ្ញុំមិនដែលបានទៅលេងប្ដីទេ។ អារម្មណ៍ខ្ញុំពេលឃើញប្រពន្ធទាហានផ្ញើរបស់ហូបនិងរបស់របរឲ្យប្ដីនៅឈរជើងនៅព្រំដែនកម្ពុជា-ថៃ។ ខ្ញុំពិតជាអាណិតប្ដីខ្ញុំណាស់ដែល ប្រពន្ធគ្មានអ្វីផ្ញើឲ្យហូប។ ស្ថានភាពសុខភាពប្ដីខ្ញុំពេលនេះគ្មានបញ្ហាទេ។ ប្ដីខ្ញុំតែងទាក់ទងប្រាប់ខ្ញុំថាកុំឲ្យបារម្ភពីគាត់អី ត្រូវខិតខំមើលថែរក្សាកូននិងមើលថែរក្សាខ្លួនឯងឲ្យបានល្អ។
ចំពោះប្ដីខ្ញុំមិនទាន់ត្រឡប់មកផ្ទះវិញទេ ព្រោះសភាពការមិនទាន់ស្រួល។ បើការផ្លាស់វេនគ្នា ខ្ញុំឮថា ចាប់ពី៦ខែទៅមួយឆ្នាំអីទើបអាចប្ដូរវេនគ្នាបាន មានករណ៍លើកលែងឲ្យមានការផ្លាស់ប្ដូរឲ្យមកលេងប្រពន្ធកូន ទាហានដែលមានប្រពន្ធជិតសម្រាលកូន។
ដោយៈ វី ស៊ីថា
នាងខ្ញុំឈ្មោះឃីម គីមស្រ៊ាង អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅក្នុងភូមិក្ដុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ឪពុកខ្ញុំឈ្មោះសុង ស្លាប់ឆ្នាំ១៩៩៦ ដោយសារវ័យចាស់ជរា។ ម្ដាយខ្ញុំឈ្មោះ ហ៊ិន អៀន ស្លាប់នៅឆ្នាំ១៩៩៨ ដោយសារវ័យចាស់ ជរា។ ខ្ញុំមានបងប្អូន៧នាក់ ក្នុងនោះមានស្រី៤នាក់ និងប្រុស៣នាក់។ ខ្ញុំជាកូនទី៣ នៅក្នុងគ្រួសារ។
កាលពីកុមារខ្ញុំបានចូលរៀននៅអាយុ១១ឆ្នាំ ក្នុងសម័យខ្មែរក្រហម។ ខ្ញុំរៀននៅតាមរោងបាយ ក្នុងភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ខ្ញុំឃើញកុមារទៅរៀនប្រហែលជា៣០នាក់។ កុមារត្រូវទៅកាប់ដើមទន្រទានខេត្ត១ពំនូល និងរើសអាចម៌គោចំនួន៣បង្គីរ ទើបអាចទៅរៀនបាន។ ប្រធាន នារីគ្រប់គ្រងកុមារឈ្មោះម៉ិច ស្រីវី។ ក្នុងមួយថ្ងៃខ្ញុំរៀនបានរយៈពេល១ម៉ោង លុះពេលចេញពីរៀនអង្គការឲ្យខ្ញុំ ទៅដេញចាបនៅតាមវាលស្រែ។ ពេលយប់ឡើងខ្ញុំត្រឡប់ទៅជួបជុំគ្រួសារវិញ។
ឪពុកម្ដាយខ្ញុំអង្គការឲ្យធ្វើការនៅរោងបាយក្នុងភូមិភូមិប្រម៉ាត់ដី។ នៅក្នុងភូមិប្រម៉ាត់ដីក្នុងមួយថ្ងៃប្រជាជនហូបអាហារបាន២ដង គឺ ពេលព្រឹកហូបបបរនិងពេលថ្ងៃហូបបាយ។ រាល់ព្រឹកខ្ញុំឃើញឪពុកម្ដាយខ្ញុំធ្វើបបរលាយជាមួយចេករលួយ ដូចអាចម៌ត្រចៀក។ ឪពុកម្ដាយខ្ញុំធ្លាប់ប្រាប់ថាក្នុងមួយខ្ទះអង្គការឲ្យដាក់អង្ករ៤កំប៉ុង និងត្រូវរកបន្លែឬផ្លែឈើមកលាយជាមួយបបរ។ ប្រជាជនក្នុងភូមិប្រម៉ាត់ដីអាចហូបចុកបានឆ្អែតគ្រប់គ្រាន់មិនសូវពិបាកទេ។
ខ្ញុំនៅរៀនរហូតតែរៀនមិនបានដិតដល់។ ខ្ញុំរៀនតែ ព្យពញ្ជនៈ ក ខ មិនបានរៀនអីច្រើនទេ។ ម្ដាយខ្ញុំច្រើនតែយក គល់ល្ហុងមកប្រលាក់អំបិល ធ្វើដូចជាសាច់ប៉ូវទុកហូប។ ជំនាន់ខ្មែរក្រហមតែអំបិលក៏អង្គការមិនឲ្យហូបដែរ។
ខ្ញុំរស់នៅជាមួយគ្រួសាររហូតដល់ឆ្នាំ១៩៧៩ អង្គការជម្លៀសគ្រួសារខ្ញុំទៅភូមិពាមជីកង។ គ្រួសារខ្ញុំ ស្នាក់នៅបានរយៈពេល២ខែ។ នៅទីនោះឪពុកខ្ញុំអញ្ជតលៀស ដើម្បីយកទៅដូរស្រូវ មួយល្អីលៀសដូរបាន មួយល្អីស្រូវ។
លុះប្រទេសបានសន្តិភាព ខ្ញុំនិងគ្រួសារបានធ្វើដំណើរមកផ្ទះវិញ។ នៅពេលគ្រួសារខ្ញុំធ្វើដំណើរតាមផ្លូវបានឃើញអណ្ដូងមួយដែលមានសាកសពឡើងពេញ ស្ថិតនៅកន្លែងស្វាយចន្ទីរ។
នៅឆ្នាំ១៩៨០ ខ្ញុំបនាចូលរៀនម្ដងទៀតនៅសាលាស្វាយ។ កាលនោះខ្មែរក្រហមនៅមាននៅស្រុក ចំការលើមិនទាន់ចុះចូលជាមួយរាជរដ្ឋាភិបាលទេ។ ខ្ញុំរៀនបណ្ដើររត់បណ្ដើរ បើសិនជាមានខ្មែរក្រហមចូល មក។ ខ្ញុំរៀនបានច្រើនគួរសម។ ថ្ងៃមួយអ្នកគ្រូឃិនបានឲ្យសិស្សទៅរើសឆ្អឹងនៅខាងកើតវត្តស្វាយទាបយក មកដាក់តម្កល់នៅលើគ្រែក្នុងវត្តស្វាយទាប ដើម្បីទុកជាប្រវត្តិសាស្រ្តឲ្យសិស្សជំនាន់ក្រោយបានឃើញឆ្អឹង ប្រជាជនគរដូចភ្នំ។ កាលនោះនៅសាលាខ្ញុំមានមេសូត្រមួយ មានឃ្លាមួយនិយាយថា “ឆ្អឹងប្រជាជនគរដូចភ្នំ”។ នៅសាលារៀងរាល់ថ្ងៃសុក្រ លោកគ្រូ អ្នកគ្រូតម្រូវឲ្យសិស្សសូត្រ មេសូត្រ“ឆ្អឹងប្រជាជនគរដូចភ្នំ” ដោយប្រើ រយៈពេល២០នាទី។ ខ្ញុំនៅតែបន្តរៀនរហូត។ នៅឆ្នាំ១៩៨៧ គ្រួសារឲ្យខ្ញុំឈប់រៀន ដើម្បីជួយធ្វើស្រែ ចំការ។ ខ្ញុំជួយធ្វើស្រែចំការរហូត។
នៅឆ្នាំ១៩៩០ខ្ញុំបានរៀបការជាមួយលោក សរ សុផល នៅក្នុងភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៩៨ ខ្ញុំមកនៅភូមិក្ដុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាមួយប្ដី។ ខ្ញុំនិងលោកសរ សុផល មានកូនចំនួន៤នាក់ ក្នុងនោះមានស្រី៣នាក់ ។
បច្ចុប្បន្ននេះលោក សរ សុផល មានអាយុ៥៣ឆ្នាំ ជាយោធានៅវរៈសេនាតូច២១២ កងពលតូចថ្មើរជើងលេខ២១។ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ប្ដីខ្ញុំបានធ្វើដំណើរចេញទៅព្រំដែនកម្ពុជា-ថៃ តាំងពីម៉ោង៣ទាបភ្លឺ។ ប្ដីខ្ញុំបានយកសម្ភារៈប្រើប្រាស់ចាប់បាច់ទៅទុកប្រើប្រាស់។ នៅវេលាម៉ោង៦:០០នាទីល្ងាចប្ដីខ្ញុំបានទាក់ទងមកប្រាប់ អំពីស្ថានភាពការធ្វើដំណើរថា នៅតាមផ្លូវមានប្រជាជនឈរអបអរសាទរនិងឲ្យបាយទឹកទុកហូបច្រើនណាស់។ ប្ដីខ្ញុំឈរជើងនៅប្រាសាទតាក្របី ស្ថិតនៅលើជួរភ្នំដងរែក ត្រង់ព្រំប្រទល់កម្ពុជា-ថៃ ក្នុងភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្ដីខ្ញុំប្រាប់ថានៅកន្លែងឈរជើងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ជាពិសេសទឹកផឹក។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្ដីខ្ញុំបានទាក់ទងមកខ្ញុំថាផ្ទុះអាវុធហើយ។ ថ្ងៃនោះប្រពន្ធទាហាន នៅក្នុងបន្ទាយ៧៥(កងពលតូចថ្មើរជើងលេខ២១)ទាំងអស់យំ ហើយនាំគ្នាបន់ស្រន់ឲ្យវត្ថុស័ក្តិសិទ្ធតាមជួយថែរក្សាដល់កងទ័ពខ្មែរទាំងអស់។ ប្ដីខ្ញុំ និយាយថាឆុងមីហូបជាមួយបាយ។ នៅកន្លែងនោះខ្វះទឹកផឹក ប្ដីខ្ញុំបានទ្រងទឹកភ្លៀងផឹក។ ហើយបានបញ្ជាក់ ប្រាប់ខ្ញុំទៀតថាកុំឲ្យបារម្ភនិងកុំទាក់ទងមកព្រោះនៅក្នុងលេណដ្ឋានទាក់ទងមិនបានទេ គ្មានសេវា។
ចាប់តាំងពីល្ងាចថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំទាក់ទងទៅប្តីមិនបានសោះ។ ខ្ញុំកើតសេចក្ដីបារម្ភក្នុងចិត្ត។ ខ្ញុំបន់ស្រន់សំពះទេវតាម្ចាស់ទឹកដី ដើម្បីជួយថែរក្សា។
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចចរចា បទឈប់បាញ់រវាងកម្ពុជា និងថៃ ។ នៅវេលាម៉ោង៥ៈ០០ល្ងាច ប្ដីខ្ញុំបានទាក់ទងមកថាសុខសប្បាយទេ។ នៅប្រាសាទតាក្របីម្ចាស់ទឹកដី ដើម្បីជួយ ថែរក្សា ព្រោះគ្រាប់ដែលកងថៃទម្លាក់៣គ្រាប់នៅតំបន់នោះមិនផ្ទុះសោះ។ ប្ដីខ្ញុំទៅឈរជើងរយៈពេល២ខែជាង ហើយ។
ដោយៈ វី ស៊ីថា
ខ្ញុំឈ្មោះ មួង លីដា ភេទស្រី អាយុ៥៣ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិត្របុស្ស ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នខ្ញុំរស់ននៅភូមិក្ដុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំបានមករស់នៅភូមិក្ដុលក្រោម ក្រោយបោះឆ្នោតអ៊ុន តាក់។ អ៊ុន តាក់បោះឆ្នោតនៅឆ្នាំ១៩៩៣។ ខ្ញុំមានកូន៥នាក់(ប្រុស២នាក់ ស្រី៣នាក់)។ ខ្ញុំមានបងប្អូន៧នាក់ (ប្រុស៤នាក់ ស្រី៣នាក់) ។ បងប្អូនខ្ញុំសព្វថ្ងៃនៅសល់តែ៤នាក់ទេ (ប្រុស២នាក់ ស្រី២នាក់) ។ បងប្រុសខ្ញុំឈ្មោះ ថា បានបាត់ខ្លួននៅសម័យខ្មែរក្រហម មានមេកងម្នាក់បានហៅបងខ្ញុំទៅតែខ្ញុំមិនបានដឹងថាទៅណានោះទេរហូតមកដល់បច្ចុប្បន្នមិនដែលទទួលដំណឹងអ្វីពីបងខ្ញុំឡើយ។ បងប្រុសខ្ញុំម្នាក់ទៀតខ្ញុំមិនបានចាំឈ្មោះ ទេក៏បានបាត់ខ្លួននៅសម័យខ្មែរក្រហមដែរ មិនដឹងថាស្លាប់ឬនៅរស់ទេ។ ចំណែកបងស្រីខ្ញុំម្នាក់ទៀតបានទៅរស់នៅខាងប្ដីនិងបានបាត់ដំណឹងពីឆ្នាំ១៩៩៧រហូតដល់បច្ចុប្បន្ន។
ខ្ញុំមានប្ដីឈ្មោះ ហែម ស៊ន អាយុ៥៩ឆ្នាំ។ ប្ដីខ្ញុំមានស្រុកកំណើត ភូមិតួលអំបិល ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ប្ដីខ្ញុំជាទាហាននៅវរសេនាតូចថ្មើរជើងលេខ២១២ បច្ចុប្បន្នប្ដីខ្ញុំត្រូវបានបញ្ចូនទៅជួរមុខកាលពីថ្ងៃទី២៤ខែកក្ដដា ឆ្នាំ២០២៥ ដើម្បីការពារទឹកដីពីការឈ្លានពានរបស់សៀម នៅប្រាសាទតាក្របី ដែលដឹងនាំដោយលោកវរសេនីយ៍ទោ ប្រាក់ សុធី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ២១២ កងពលតូចថ្មើរជើងលេខ២១។ មុនប្ដីខ្ញុំចេញទៅសមរភូមិលោកវរសេនីយ៍ទោ ប្រាក់ សុធី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ២១២ កងពលតូចថ្មើរជើងលេខ២១បានជម្រាបប្រាប់ប្ដីខ្ញុំមុន៤,៥ថ្ងៃ ដើម្បីឲ្យត្រៀមលក្ខណៈក្នុងការធ្វើដំណើរក៏ដូចសម្ភារផ្សេងៗ។ ខ្ញុំក្នុងនាមជាប្រពន្ធគាត់ខ្ញុំបានរៀបចំអ៊ីវ៉ាន់ និងសម្ភារផ្សេងដូចជាខ្នើយ មុង ភួយ ស្បៀងតិចតួចឲ្យប្ដីដាក់តាមខ្លួន។ បន្ទាប់ពីទទួលដំណឹងថាប្ដីខ្ញុំត្រូវទៅសមរភូមិខ្ញុំមិនសប្បាយចិត្តសោះ គិតបារម្ភពីប្ដី បាយមិននឹកទឹកមិនស្រេចដេកគិតព្រួយបារម្ភណាស់ ។ ខ្ញុំហូបបាយមិនបានទេ ពិបាកចិត្តពេក។ ទោះបីស្ថានភាពប្រទេសជាតិមានភាពតានតឹងជាមួយសត្រូវឃ្លានពេលទឹកដីយ៉ាងណាក៏ដោយ។ ក្នុងនាមខ្ញុំជាប្រពន្ធមិនបានហាមឃាតប្ដីមិនឲ្យទៅសមរភូមិជួរមុខទេ ព្រោះប្ដីខ្ញុំជាទាហានមានតួនាទីការពារទឹកដី សុខសុវត្ថិភាពបងប្អូនជូនប្រទេសជាតិយើងទាំងមូល ។ ខ្ញុំគ្មានអ្វីក្រៅពីផ្ដល់កម្លាំងចិត្តឲ្យប្ដី ប្រាប់ឲ្យប្ដីថែទាំងសុខភាព ។
នៅយប់ម៉ោង១២រំលងអធ្រាត្រចូលថ្ងៃទី២៤ខែកក្ដដាឆ្នាំ២០២៥ ប្ដីខ្ញុំ និងទាហានប្រមាណជាង១០០នាក់បានចេញដំណើរទៅព្រំដែនកម្ពុជា-ថៃ។ នៅក្នុងយប់នោះ ខ្ញុំដេកមិនលក់ទេ ក្រោយពេលប្ដីចេញដំណើរទៅបាត់។ ខ្ញុំបានដុតធូបបែបន់សូមឲ្យទាវតាជួយតាមថែរក្សារប្ដីខ្ញុំនិងកងទ័ពទាំងអស់ឲ្យមានសុវត្ថិភាពគ្រប់ៗគ្នាប្រកបដោយសេចក្ដីសុខ បានត្រឡប់មកដល់ស្រុកវិញ ដោយសុវត្ថិភាព ។ ប្ដីខ្ញុំកម្សត់ណាស់ចេញដំណើរទៅសមរភូមិទាំងខ្លួនឈឺ។ ខ្ញុំបានទិញថ្នាំរៀបចំឲ្យគាត់ដែរ។ ពេលដែលប្ដីខ្ញុំទៅដល់កន្លែងសមរភូមិគាត់ប្រាប់ថាគាត់បានជីកលានដ្ធានទុកសម្រាប់ការពារខ្លួនពីសត្រូវឃ្លានពានទឹកដី ។ ខ្ញុំបានប្រាប់ប្ដីខ្ញុំថាកុំទៅណាឆ្ងាយពីលានដ្ធានឲ្យសោះព្រោះខ្លាចមានគ្រោះថ្នាក់។
នៅថ្ងៃទី២៥ខែកក្ដដាឆ្នាំ២០២៥មានការបាញ់គ្នាខ្លាំងរវាងកងទ័ពកម្ពុជានិងកងទ័ពសៀម។ ខ្ញុំបារម្ភប្ដីខ្ញុំណាស់។ ខ្ញុំបានដុតធូបបន់សូមឲ្យព្រះ ទេវតាតាមថែរក្សារប្ដីខ្ញុំនិងកងទ័ពខ្មែរទាំងអស់ដែលបានទៅការពារទឹកដីឲ្យមានសុវត្ថិភាព។ ខ្ញុំធ្វើអ្វីមិនត្រូវទេបារម្ភប្ដីផង ខឹងនិងសៀមដែលជាសត្រូវឈ្លានទឹកដីខ្មែរផង ។ ស្ថាបភាពកាន់តែតានតឹងឡើងមិនធូស្បើយសោះ។ សៀមនៅតែព្យាយាមឈ្លានពានមកលើទឹកដីកម្ពុជា។
នៅព្រឹកថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២៥ ពេលដែលខ្ញុំទទួលដំណឹងថាយន្តហោះថៃបានបាញ់ផ្សែងពុលមកលើទឹកដីកម្ពុជា។ ខ្ញុំបារម្ភខ្លាំងណាស់អំពីសុខទុកប្ដីនិងកងទ័ពខ្មែរយើងទាំងអស់។ ខ្ញុំបាននិយាយប្រាប់ប្ដីខ្ញុំថាកុំហូប ឬងូតទឹកប្រឡាយអី ព្រោះខ្លាចសារធាតុពុលជ្រាប់ចូលក្នុងខ្លួន។ ខ្ញុំបានប្រាប់ប្ដីខ្ញុំឲ្យយកខ្ទឹមស និងក្រូចឆ្នាដាក់តាមខ្លួនដើម្បីបន្សាំជាតិពុលបានខ្លះដែលពួកសៀមឈ្លានពានបានបាញមកលើទឹកដីកម្ពុជា ។ ខ្ញុំតែងតែនិយាយប្រាប់ប្ដីខ្ញុំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ ខ្ញុំបារម្ភពីប្ដីណាស់ ចង់ដឹងសុខទុក្ខប្ដីយ៉ាងណាហើយប៉ុន្តែខ្ញុំមិនអាចខលរកគាត់បានទេ។ ខ្ញុំបានត្រឹមរកចាំទូរសព្ទពីប្ដីប៉ុណ្ណោះ ព្រោះកាលណាខ្ញុំខលទៅគាត់អាចមានគ្រោះថ្នាក់ដល់គាត់ចឹងខ្ញុំរកចាំប្ដីខ្ញុំទាក់ទងមកខ្ញុំវិញ ទើបខ្ញុំហ៊ានសួរនាំអំពីសុខទុក្ខគាត់ ។
នៅថ្ងៃទី២៨ខែកក្ដដាឆ្នាំ២០២៥នៅកន្លែងប្ដីខ្ញុំស្ថានភាពស្ងប់ស្ងាត់ពិតមែន ប៉ុន្តែខ្ញុំមិនឲ្យប្ដីខ្ញុំទុកចិត្តពួកសៀមឈ្លានពានទឹកដីខ្មែរទេ ព្រោះពួកសៀមនេះមានល្បិចច្រើនណាស់ ។ ពួកសៀមនេះវាគ្រាន់តែស្ងាត់តែមិនព្រមបញ្ឈប់ចង់បានទឹកដីខ្មែរនោះទេ ។ សៀមនៅតែបន្តចង់បានទឺកដីកម្ពុជាជានិច្ច។ ខ្ញុំមិនទុកចិត្តសត្រូវដូចជាសៀមទេ។ ទោះបីខ្ញុំមានប្ដីជាទាហានលះបង់គ្រប់យ៉ាងដើម្បីប្រទេសជាតិពិបាកយ៉ាងណាក៏ដោយ។ ខ្ញុំនៅតែបន្តឲ្យកូន ក៏ដូចជាចៅនិងក្មេងៗជំនាន់ក្រោយឲ្យចូលធ្វើទាហានការពារប្រជាជនយើង ជាតិសាសន៍យើងនិងតស៊ូទៅមុខពីការឈ្លានពានប្រទេសជិតខាងមកលើទឹកដីកម្ពុជា។
នៅព្រឹកថ្ងៃទី៦ខែសីហា ឆ្នាំ២០២៥ ប្ដីខ្ញុំមិនទាន់ត្រឡប់មកពីសមរភូមិនៅឡើយទេ គាត់បានទូរសព្ទមកខ្ញុំបាននិយាយជាមួយខ្ញុំថា” ប្ដីនៅទីនេះសុខសប្បាយធម្មតាទេឯងកុំបារម្ភាពីប្ដីអី”ខ្ញុំស្ដាប់ហើយអួលណែនដើមទ្រូងអស់ហើយទឹកភ្នែកក៏ហូបមក។ ខ្ញុំបានប្រាប់ប្ដីខ្ញុំកុំភ្លេចខ្លួនឲ្យសោះ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដូចពាក្យចាស់លោកពោលថា”វៃស្មៅបង្អើលពស់”ពួកសៀមនោះមិនស្មោះត្រង់ជាមួយយើងទេ ប្រើល្បិចគ្រប់បែបយ៉ាងដើម្បីបានទឹកដីយើង។ ប្ដីខ្ញុំនឹកផ្ទះណាស់បានប្រាប់ឲ្យខ្ញុំមើលផ្ទះសំបែង ឲ្យខ្ញុំមើលសួនច្បារផ្ទះផងបោចស្មៅផង ។ ខ្ញុំក៏តបវិញថាកុំបារម្ភអី ធ្វើមើលខ្ញុំនៅផ្ទះមិនដឹងអីសោះ។ ខ្ញុំអាណិតប្ដីខ្ញុំណាស់ទៅទាំងខ្លួនឈឺ។ ព្រឹកនេះខ្ញុំបានទិញថ្នាំ និងធ្វើម្ហូបខ្លះទុកផ្ញើប្ដី។ ខ្ញុំសុខចិត្តនៅផ្ទះគ្មានអីហូបក៏អត់ទៅសំខាន់ឲ្យតែប្ដីខ្ញុំនៅសមរភូមិបានហូបគ្រប់គ្រាន់ ដើម្បីមានកម្លាំងត្រៀមតតាំងជាមួយសត្រូវ ឈ្លានពានទឹកដី។
ខ្ញុំមានមោទកភាពខ្លាំងណាស់ដែលមានប្ដីជាទាហានព្រោះគាត់ជាគំរូដល់ក្មេងៗជំនាន់ក្រោយឲ្យមានការតស៊ូការពារស្រឡាញ់ទឹកដីរបស់ខ្លួនកុំឲ្យសត្រូវឈ្លានពាន់បាន។ បើយើងមិនការពារទឹកដី ជាតិសាសន៍របស់ខ្លួនទេនោះគ្មានអ្នកណាមកការពារទឹកដីឲ្យយើងទេមានតែកូនខ្មែរគ្រប់រូបហ៊ានលះបង់ដើម្បីទឹកដីយើងទុកឲ្យកូនចៅជំនាន់ក្រោយបានរស់នៅលើទឹកដីខ្មែរ ។ សៀមបានឈ្លានពានទឹកដីកម្ពុជាតាំងពីជំនាន់ដូនតាយើងមកម្លេះ ដូច្នេះហើយទឹកដីកម្ពុជាដែលនៅសល់ត្រូវរួមគ្នាថែរក្សាឲ្យបានគងវង្សព្រោះថាការរស់នៅក្រោមការគ្រប់គ្រងជាតិសាសន៍ដទៃវាមិនស្រួលទេ គេកៀបសង្កត់គ្រប់បែបយ៉ាង ស្រួលមិនស្រួលលុបបំបាត់ខ្មែរចេញពីពិភពលោកផងមិនដឹង។
ជាចុងក្រោយខ្ញុំសូមឲ្យប្រទេសមហាអំណាចទាំងអស់ជួយដល់ប្រទេសកម្ពុជាដែលជាប្រទេសតូចមួយឲ្យរួចផុតពីការឈ្លានពានរបស់សៀម ។ ប្រជាជនកម្ពុជាទាំងអស់ត្រូវការសន្តិភាព ។ប្រជាជនកម្ពុជាស្លូតត្រង់ណាស់មិនដែលឈ្លានពានប្រទេសជិតខាងទេ ចង់បានតែសេចក្ដីសុខប៉ុណ្ណោះ។ កងទ័ពកម្ពុជាស្លូតត្រង់ណាស់ មានតែសៀមទេបាញ់វាយប្រហារឈ្លានពានមកលើទឹកដីកម្ពុជាមុន។ សូមឲ្យសៀមឈប់ឈ្លានពានមកលើកម្ពុជា។
ដោយៈ ម៉ាប់ ស៊ីណា
ឈ្មោះ ស៊ន សុម៉ាលី ភេទស្រី អាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិត្របុស្ស ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្ននៅភូមិក្តុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ ថែម ស៊ន ម្តាយឈ្មោះ ម៉ង លីដា។ ប្តីឈ្មោះ ម៉ៅ សាវ៉េត ជាព្រឹន្ទបាលឯកនៅវរសេនាតូចថ្មើរជើងលេខ២១២។ ខ្ញុំមានកូនចំនួន៤នាក់(ស្រី៤)។
កាលពីកុមារភាពខ្ញុំបានសិក្សារៀនសូត្រនៅសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ត្រឹមថ្នាក់ទី៧ ខ្ញុំសម្រេចចិត្តឈប់បន្តសិក្សា ដោយសារជីរភាពគ្រួសារខ្វះខាត។
ប្តីខ្ញុំចេញចេញពីបន្ទាយកងវរសេនាតូចថ្មើរជើង២១២ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីឈរជើងការពារនៅតំបន់ប្រាសាទតាក្របី។ មុនពេលមានជម្លោះព្រំដែនខ្មែរ និងថៃ ប្តីខ្ញុំបានជីកលេណដ្ឋាន សម្រាប់ការពារខ្លួន និងគេចគ្រាប់ពីជនឈ្លានពាន។ ប្តីខ្ញុំប្រាប់ថានៅលើភ្នំអត់មានភ្លៀងធ្លាក់ ដីមានសភាពរឹងខ្លាំង ដៃប្តីខ្ញុំឡើងពងបែក ដាច់រលាត់ស្បែក។ ជីកដីបានច្រើន រួចយកបេឬការ៉ុងច្រកដីដាក់តម្រៀបលើកគ្នាជាជួៗ គ្រប់លេណដ្ឋានកំពុងឈរជើង។ តំបន់ប្រសាទតាក្របី ពិបាកទឹកក្នុងការប្រើប្រាស់ ព្រោះជាតំបន់ភ្នំ។ មុនពេលផ្ទុះអាវុធមួយថ្ងៃ ប្តីខ្ញុំបានទាក់ទងតាមទូរសព្ទដៃ សួរនាំពីកូនបានទៅសាលារៀនអត់? មើលថែរកូនឲ្យបានល្អ បងមិនដឹងពេលណាបានត្រឡប់ទៅផ្ទះយើងទេ ប្រហែលទាល់ឈប់មានជម្លោះតាមព្រំដែនកម្ពុជា និងថៃ។
នៅម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អាវុធផ្ទុះឡើងនៅព្រំដែន មានខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ខ្ញុំបានដឹងព័ត៌មានភ្លាមក៏យកទូរសព្ទ ដើម្បីទាក់ទងទៅប្តីដែលកំពុងឈរជើងនៅប្រសាទតាក្របី ប៉ុន្តែទូរសព្ទខាងប្តីមិនអាចទាក់ទងបាន ក្នុងចិត្តចេះតែព្រួយបារម្ភ សូម្បីតែដេកក៏មិនលក់ បាយហូបមិនឆ្ងាញ់។
ចាប់តាំងពីថ្ងៃ២៤ ខែកក្កដា រយៈពេលខ្ញុំទាក់ទងទៅប្តីអត់បាន មានតែបន់ស្រន់ អារក្ស អ្នកតា ជំនាងផ្ទះ ដើម្បីឲ្យប្តីមានសុវត្ថិភាព កុំឲ្យមានរបួសស្នាម និងឈ្នះមារសត្រូវ។ ថ្ងៃមិនទាន់អស់ពន្លឺខ្ញុំមិនសូវជាគិតច្រើន ព្រោះមានបងប្អូន សាច់ញាតិមកនិយាយលើកទឹកចិត្ត ឲ្យខំហូបបាយឲ្យបានច្រើន គេងបានគ្រប់គ្រាន់ ប៉ុន្តែចាប់ពីថ្ងៃអស់ពន្លឺ យប់ឡើងកាលណាក្នុងចិត្តចេះតែគិតពីនេះ ពីនោះ បារម្ភពីប្តីនៅសមរភូមិមុខ។ ខ្ញុំចេះតែគិតថា ប្រសិនជាប្តីកើតអ្វី គ្មាននរណាជួយមើលថែកូនតូចៗក្នុងគ្រួសារ។
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបានទៅសួរលោកវរសេនីយ៍ទោ ប្រាក់ សុធី មេបញ្ជាការវរសេនាតូចថ្មើរជើង លេខ២១២ ចង់ដឹងពីសុខទុក្ខរបស់ប្តី។ លោកប្រាក់ សុធី បានផ្តល់ដំណឹងថា នៅតំបន់ប្រសាទតាក្របីកន្លែងប្តីខ្ញុំនិងកងទ័ពប្រហែល២០នាក់ទៀតសុវត្ថិភាពទាំងអស់គ្នា។ បន្ទាប់ពីដឹងដំណឹងថាប្តីមានសុវត្ថិភាព ខ្ញុំបានរៀបចំចង្ហាន់យកទៅប្រគេនព្រះសង្ឃគង់នៅវត្តហត្ថិវនារាម ហៅវត្តុក្តុល អង្គុយបត់ជើងថ្វាយបង្គំព្រះពុទ្ធរូប ហើយបួងសួងឲ្យវត្ថុសក្ត័សិទ្ធ និងបុណ្យធ្វើកន្លងមកជួយឃុំគ្រងប្តីនៅក្នុងសមរភូមិមុខឲ្យជោគជ័យ និងសុខសប្បាយ។
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងចូលរួមកិច្ចប្រជុំពិសេសមួយ នៅប្រទេសម៉ាឡេស៊ី ដើម្បីសម្រេចបទឈប់បាញ់បន្ទាន់ ជាមួយតំណាងរដ្ឋាភិបាលថៃ។ ផ្តួចផ្តើមដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កិច្ចប្រជុំកម្រិតខ្ពស់នេះនឹងមានការចូលរួមពីតំណាងរដ្ឋាភិបាលចិន និងមានលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនជាអ្នកសម្របសម្រួល។ បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ បទឈប់បាញ់នឹងចូលជាធរមានផុតម៉ោង១២យប់រំលងអធ្រាត្រ។ នៅក្នុងយប់នោះខ្ញុំគេងមិនលក់ទេ។
ព្រឹកថ្ងៃទី២៩ ខែកក្កដា ទើបខ្ញុំទាក់ទងតាមទូរសព្ទដៃម្តងទៀត ប្តីខ្ញុំបានទទួលទូរសព្ទ ហើយនិយាយសួរទៅកាន់ប្តីថា រយៈពេល៥ថ្ងៃហេតុអ្វីបានជាទាក់ទងអត់បាន? ប្តីខ្ញុំ ប្រាប់ថានៅក្នុងសមរភូមិមេបញ្ជាការមិនអនុញ្ញាតឲ្យប្រើទូរសព្ទសម្រាប់ថតរូប ថតវីដេអូ និងទាក់ទងមកគ្រួសារ ដើម្បីសុវត្ថិភាពវរកងទ័ព និងកងកម្លាំងកំពុងវាយក្នុងសមរភូមិមុខ។ ក្រោយពីបាននិយាយជាមួយប្តីតាមរយៈទូរសព្ទ ប្តីខ្ញុំបានផ្ញើសារតាមទូរសព្ទដៃថា «ទោះបូជាជីវិតជូនជាតិ ប្តីក៏យល់ព្រម ដើម្បីការពារជាតិ»។ ខ្ញុំពិតជាមានមោទនភាពចំពោះប្តី គាត់ហ៊ានលះបង់ ចាកចេញពីគ្រួសារឈរជើងនៅប្រសាទតាក្របី ដើម្បីការពារទឹកដីមិនឲ្យសត្រូវឈ្លានពាន។
ទោះបីបទឈប់បាញ់ចូលជាធរមាន ខ្ញុំនៅតែបារម្ភប្តីកំពុងឈរជើងតំបន់ប្រសាទតាក្របី។ ប្តីខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការការពារទឹកដី។ បន្ទាប់ពីបាននិយាយគ្នាជាមួយប្តីតាមរយៈទូរសព្ទ ខ្ញុំចាប់ផ្តើមសប្បាយចិត្ត ត្រេកអរពេលបានឮសំឡេងប្តី ព្រមទាំងរាងកាយមិនរងរបួសស្នាម និងកងទ័ពឈរជើងជាមួយគ្នាមិនបានពលីក្នុងសមរភូមិ។
ដោយៈ ឈុំ រ៉ា
ឈ្មោះ សៀង ណាគ្រួន ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិក្តុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ ហ៊ាន សៀង ម្តាយឈ្មោះ ទួត អ៊ុន មានបង្អូនចំនួន៩នាក់ (ស្រី៤នាក់)។ ខ្ញុំជាកូនទី៨។ ប្តីឈ្មោះ មិ ប៊ុនធឿន អាយុ ៥៥ឆ្នាំ ជាទាហាននៅកងអនុសេនាធំថ្មើរជើងលេខ២ នៃវរសេនាតូចថ្មើរជើងលេខ២១២ ។ ខ្ញុំមានកូនចំនួន៣នាក់ (ប្រុស៣)។
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ប្តីខ្ញុំបានធ្វើដំណើរចេញពីបន្ទាយទាហាន កងអនុសេនាតូចថ្មើរជើងលេខ២ ទៅកាន់ប្រាសាទតាក្របី កំពុងមានជម្លោះតាមព្រំដែនកម្ពុជា និងថៃ។ រហូតដល់ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២៥ ផ្ទះអាវុធ ខ្ញុំបានទាក់ទងទៅប្តី ប៉ុន្តែទាក់ទងអត់បាន។ ខ្ញុំចាប់ផ្តើមមិនសប្បាយចិត្ត អារម្មណ៍មិននៅក្នុងខ្លួន ច្របូកច្របល់ពេញផ្ទះ។
រាល់ថ្ងៃគ្រួសារខ្ញុំតែងលក់បាយចាប់ពីព្រឹកដល់ពេលយប់ ប៉ុន្តែចាប់តាំងពីប្តីទៅសមរភូមិ ខ្ញុំឈប់លក់បាយ ដោយសារអត់មានកម្លាំង ហើយកូនៗត្រូវទៅសាលារៀន។ ខ្ញុំសម្រេចចិត្តឈប់លក់បាយមួយរយៈទាល់ប្តីខ្ញុំត្រឡប់មកពីសមរភូមិមុខ។ បន្ទាប់ពីឈប់លក់បាយ មិនមានចំណូលសម្រាប់កូនចាយ និងសម្ភារផ្សេងៗផ្គត់ផ្គង់ក្នុងគ្រួសារ។
ចាប់តាំងពីផ្ទុះអាវុធនៅព្រំដែនកម្ពុជា និងថៃ ខ្ញុំមិនអាចទាក់ទងប្តីបាន។ ខ្ញុំចេះតែគិតក្នុងចិត្តមិនដឹងស្លាប់ឬរស់? មុនពេលបាញ់គ្នាទាក់ទងតាមរយៈទូរសព្ទបានធម្មតា ហេតុអ្វីពេលនេះមិនអាចទាក់ទងគ្នាបាន? ខ្ញុំដើរចេញមកក្រៅផ្ទះ ដូចខ្លួនឯងស្រាលៗ អត់មានទម្ងន់ជើង ពេលយប់បួងសួង អុចធូបនៅមុខជំនាងផ្ទះឲ្យប្តីបានសុខសប្បាយ។
ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកមេបញ្ជាការ សុខ សារ៉ាក់ បានទាក់ទងមកខ្ញុំ ដើម្បីផ្តល់ដំណឹង ប្រាប់គ្រួសារថា កងកម្លាំងនៅប្រាសាទតាក្របីមានសុវត្ថិភាព រួមទាំងប្តីខ្ញុំផង។ ក្រោយពេលគ្រាប់ស្ងាត់ ប្តីខ្ញុំបានសុំទូរសព្ទដៃមេបញ្ជាការ ទាក់ទងមកខ្ញុំ ហើយនិយាយប្រាប់អំឡុងពេលបាញ់គ្នា ទូរសព្ទបានខូច ដោយសារចូលទឹក ពេលគេចពីគ្រាប់លាក់ខ្លួនក្នុងរណ្តៅត្រង់សេ។ កងកម្លាំងថៃបាញ់ពេលយប់កំពុងភ្លៀងខ្លាំង ហើយគ្រាប់ប្លោងធ្លាក់ក្រោយខ្នងស្ទើរគេចពីគ្រាប់មិនទាន់។ ប្តីបានបន្តទៀតថា កុំបារម្ភពីប្តី នៅខាងនេះសុខសប្បាយធម្មតា មើលថែកូននៅផ្ទះ រៀបចំបាយទឹក ហើយនាំកូនទៅសាលារៀន។ ខ្ញុំបានឮពាក្យចេញពីមាត់ប្តី តាមរយៈទូរសព្ទដែលមេបញ្ជាការឲ្យសន្ទនា បន្ទាប់មកគាត់ប្រាប់ថា បងអត់មានពេលច្រើនទេ បងប្រញាប់ទៅទីតាំងកន្លែងឈរជើងវិញ។ ខ្ញុំនិយាយចប់ដាក់ទូរសព្ទចុះ អាម្មណ៍ពេលបានដឹងថាប្តីមានសុវត្ថិភាព គឺរីករាយ រំភើបរកអ្វីប្រៀបមិនបាន!
ដល់ថ្ងៃទី២៩ដល់៣០ ខែកក្កដា ខ្ញុំបានរៀនចំណីអាហារ រួមទាំងអំណោយ មានសម្ភារប្រើប្រាស់ គ្រឿងឧបភោគ និងទិញទូរសព្ទដៃមួយគ្រឿង ដើម្បីបានទំនាក់ទំនងគ្នា ព្រោះទូរសព្ទប្តីខ្ញុំខូច អំឡុងពេលបាញ់គ្នាជាមួយថៃ។
មកដល់ថ្ងៃទី១ ខែសីហា ប្តីខ្ញុំនិងវរកងទ័ពនៅប្រចាំតំបន់ប្រាសាទតាក្របី ទទួលបានអំណោយពីសប្បុរសជនទាំងអស់ ក្នុងស្មារតីខ្មែរមួយ រួមសាមគ្គីគ្នា ក្នុងគ្រាមានអាសន្ន។ យប់ថ្ងៃដដែលប្តីបានទាក់ទងមកខ្ញុំ និយាយាថាទ័ពថៃនៅតែមានចិត្តឈ្លានពាន ប្រើដ្រូនពេលយប់ ហោះទៅវិញទៅមក ប៉ុន្តែកងកម្លាំងខ្មែរត្រៀម២៤ម៉ោង លើ២៤ម៉ោង។
នាមខ្ញុំជាប្រពន្ធព្រឹន្ទបាកឯក មិ ប៊ុនធឿន ខ្ញុំពិតជាមានមោទនភាពចំពោះប្តីដែលបានបំពេញកាតព្វកិច្ចជូនជាតិ ដើម្បីការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា។ ជាចុងក្រោយសូមឲ្យជម្លោះកម្ពុជា និងថៃបានបញ្ចប់ឆាប់ៗ ខ្ញុំត្រូវការសន្តិភាព មិនចង់ឃើញភាគីកម្ពុជា ឬថៃស្លាប់ និងខូចខាតឡើយ។
ដោយៈ ឈុំ រ៉ា
ឈ្មោះ ប៉ោង អឿន អាយុ៦៤ឆ្នាំ ភេទស្រី មានទីកន្លែងកំណើតកើតនៅភូមិចុងជាច ឃុំចុងជាច ស្រុកតំបែរ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិក្ដុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ ប៉ោង ណេត ស្លាប់ក្នុងឆ្នាំ១៩៧៣ ដោយសារគាត់ធ្វើទាហានជំនាន់ លន់ នល់ កាលពីសង្គ្រាមវៀតណាមខាងជើង នឹងវៀតណាមខាងត្បូង។ ឪពុកខ្ញុំត្រូវទាហានអាធីវគីបាញ់ចំក្បាលស្លាប់នៅកន្លែងសមរភូមិ។ ម្ដាយឈ្មោះ អ៊ុន អយ ស្លាប់អស់រយៈពេល១៥ឆ្នាំ។ ខ្ញុំមានបងប្អូន៤ ស្រី៣នាក់ និងប្រុសម្នាក់។ ស្វាមីខ្ញុំឈ្មោះ សក់ សៀត ស្លាប់បាន១២ឆ្នាំ គាត់ជាអតីតទាហាន។ សព្វថ្ងៃនេះខ្ញុំមានកូនចំនួន៦នាក់ ប្រុស២នាក់ ស្រី៤នាក់ ។
កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ ពីព្រោះមានជីវភាពខ្វះខាតខ្លាំងពេក។ ឪពុកក៏ស្លាប់តាំងពីពួកខ្ញុំនៅតូចៗ ម្ដាយក៏ចាស់ កូនៗសុខចិត្តជួយការងារម្តាយមិនបានចូលរៀនឡើយ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមមិនទាន់បានជម្លៀសខ្ញុំចេញពីភូមិចុងជាចទេ។ ខ្មែរក្រហមឲ្យខ្ញុំធ្វើការងារជាកងកុមារនៅក្នុងភូមិចុងជាចដើររើសលាមកគោមកធ្វើជីដាក់តាមស្រែ និងបាចស្រូវ។ ខ្ញុំធ្វើការក្នុងកងកុមារទាល់ចូលឆ្នាំ១៩៧៦។
ឆ្នាំ១៩៧៦ ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីភូមិចុងជាចទៅនៅខាងលិចផ្សារស្ទឹងយើងសព្វថ្ងៃនេះ។ កាលនិងខ្ញុំលែងធ្វើការនៅក្នុងកងកុមារទៀតហើយ ខ្មែរក្រហមបានចាត់ឲ្យខ្ញុំចូលធ្វើការក្នុងកងចល័តម្ដង។ ខ្មែរក្រហមឲ្យលើកប្រឡាយក្នុងមួយថ្ងៃ ខ្មែរក្រហមដាក់កំណត់ម្នាក់រែកដីឲ្យបាន១ម៉ែត្រគីប ប្រសិនបើ យើងធ្វើមិនគ្រប់តាមចំនួនកំណត់ ខ្មែរក្រហមនឹងផ្ដាច់របប។ ប្រជាជននៅភូមិចុងជាចទៅលើកប្រឡាយនៅខាងលិចផ្សារស្ទឹងជាមួយខ្ញុំមានគ្នាទាំងអស់១០នាក់។ ខ្ញុំចាំឈ្មោះតែ៣នាក់ទេ មានឈ្មោះ តន់ ណាសៀ និងឳន ក្រៅពីនេះខ្ញុំមិនចាំទេ។ ពេលជួបគ្នាពួកខ្ញុំមិនដែលបាននិយាយរកគ្នាទេ ព្រោះខ្លាចខ្មែរក្រហមឃើញនិងយកទៅទិទៀន ឬយកទៅកសាង។ ខ្ញុំធ្វើការគ្មានពេលសម្រាកទេ។ ខ្មែរក្រហមបើករបបឲ្យក្នុងមួយថ្ងៃម្នាក់ទទួលបានតែ១ពេលទេ។ ខ្ញុំបែកពីម៉ែអស់ហើយ មិនដឹងគាត់ទៅដល់ទីកន្លែងណាខ្លះទេ។
ឆ្នាំ១៩៧៧ ខ្ញុំលើកប្រឡាយនៅផ្សារស្ទឹងខាងជើងថ្នល់។ ខ្ញុំនៅលើកប្រឡាយ ដែលប្រឡាយនោះក្បាលវាហូបចាក់មកពីស្រុកយួន។ ខ្ញុំលើករហូតទាល់ដល់ឆ្នាំ១៩៧៨ ក៏បានជួបបងប្រុសវិញ។ ខ្ញុំក៏ទៅនៅជាមួយបងប្រុសត្រឡប់មកភូមិចុងជាចវិញ។ ពេលមកដល់ភូមិចុងជាចមិនបានជួបម៉ែទេ។ ខ្ញុំនិងបងប្រុសរស់នៅក្នុងព្រៃ ពេលខ្មែរក្រហមបាញ់គ្នាម្ដងៗបងខ្ញុំបានវាយឲ្យខ្ញុំងើបស្ដាប់សូរកាំភ្លើងខាងណាបាញ់។ កាលនោះ បងខ្ញុំធ្វើបាបខ្ញុំណាស់វាយផង ធាក់ផង។
ចូលឆ្នាំ១៩៧៩ ខ្ញុំក៏ដឹងដំណឹងថាភ្នំពេញបែកហើយ ខ្ញុំក៏ចូលភូមិជួបម៉ែវិញ។ ខ្ញុំនៅជាមួយម៉ែបាន២ឆ្នាំ ខ្ញុំក៏មានគ្រួសារ។ ម៉ែនិងបងប្អូនខ្ញុំមិនពេញចិត្តក៏បដិសេធមិនឲ្យខ្ញុំយកទេ។ គាត់ក៏បានវាយខ្ញុំ រហូតដល់បាក់ឆ្អឹងខ្នងបងប្រុសខ្ញុំនិងអាក្រកណាស់ធ្វើបាបតែខ្ញុំទេ។ ខ្ញុំក៏បានមករស់នៅតាមប្ដីនៅភូមិក្ដុលក្រោម ឃុំទន្លូង ស្រុកមេមត់ អស់រយៈពេល២០ឆ្នាំជាង។ ប៉ុន្ដែ ប្ដីក៏ស្លាប់ចោលខ្ញុំទៀត បន្សល់ទុកនៅកូន៦នាក់ ឲ្យចឹញ្ចិមម្នាក់ឯងទាល់ដល់សព្វថ្ងៃនេះ។
ថ្ងៃ២៤ កក្កដា ២០២៥ មានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ នៅតាមជួរព្រំដែនប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងតំបន់មុំបី។ ខ្ញុំបានទាក់ទងសួរសុខទុក្ខកូនប្រសារខ្ញុំដែលជាទាហានជួរមុខ។ គាត់មានឈ្មោះ ណាន សុខណា អាយុ២៧ឆ្នាំ ភេទប្រុស មានទីកន្លែងកំណើតកើតនៅភូមិចុងជាច ឃុំចុងជាង ស្រុកតំបែរ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិក្ដុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រពន្ធឈ្មោះ រឹម ណែត អាយុ២១ឆ្នាំ មានកូន២នាក់ស្រីទាំងពីរ។
ខ្ញុំបានព្យាយាមទាក់ទងទៅកូនប្រសារ រហូតព្រោះតែក្ដីបារម្ភពីកូន គាត់ក៏បានប្រាប់ខ្ញុំថាកូនមិនអីទេសុខសប្បាយ។ ខ្ញុំសួរមានបាយហូបគ្រាន់អត់ម៉ែនិងប្រពន្ធកូនឯងបានផ្ញើម្ហូបទៅជាមួយគេដែរ។ គាត់ប្រាប់ថាបានហូបឆ្អែតធម្មតាទេម៉ែ។ ខ្ញុំពេលបានទាក់ទងទៅកូនបានសប្បាយចិត្តណាស់។ ខ្ញុំនៅនេះបារម្ភពីកូនមួយថ្ងៃៗដេកបន់អង្គុយបន់ឲ្យកូនសុខសប្បាយយកឈ្នះពួកមារសត្រូវឈ្លានពានទឹកដី។
ចាប់តាំងពីថ្ងៃ២៤ ដល់ថ្ងៃ០៧ ខែសីហាមកកូនប្រសារខ្ញុំមិនទាន់បានត្រឡប់មកផ្ទះម្ដងទេ។ ថ្ងៃដែលបាញ់ខ្លាំងខ្ញុំទាក់ទងទៅកូនប្រសារមិនចូលសោះ។ ខ្ញុំបានទាក់ទងទៅមេបញ្ជាការ មេបញ្ជាការប្រាប់ថាឲ្យបិទទូរសព្ទអត់ឲ្យបើកទេ។ រហូតដល់ថ្ងៃ០១សីហាបានកូនប្រសារទាក់ទងមកខ្ញុំ គាត់ប្រាប់ថាស្ថានភាពនៅនេះស្ងាប់ស្ងាត់ហើយ បានកូនទាក់ទងទៅម៉ែសុំនិយាយជាមួយកូនៗរបស់គេ។
ខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់ ពេលដឹងដំណឹងថាទាហានថៃចាប់ទាហានកម្ពុជាធ្វើបាបដូចសត្វ ខ្ញុំអាណិតពួកគាត់ណាស់។ ប្រសិនបើ ខ្ញុំមានកូនប្រុសច្រើនឲ្យទៅធ្វើទាហានទាំងអស់ ដើម្បីការពារទឹកដីយើងកុំឲ្យថៃឈ្លានពាន។
ដោយៈ វន បុប្ផា
Photos by Vy Sitha, Mab Sina, Vorn Bopha and Chhum Ra
August 6, 2025
Documentation Center of Cambodia Archives