Home / Post

Koh Thma Documentation Center:សិស្សចំនួន២នាក់(ស្រី) មកពីវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនក្ដុលផ្សារ បានអញ្ជើញមកអានសៀវភៅនៅផ្ទះសហគមន៍ក្ដុលលើ-សាលាគរុភណ្ឌស្ទៀង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥

នាវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មានសិស្សស្រីចំនួន២នាក់ មកពីសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនក្ដុលផ្សារ បានធ្វើដំណើរមកអានសៀវភៅនៅផ្ទះសហគមន៍ភូមិក្ដុលលើ-សាលាគរុភណ្ឌស្ទៀង។

ជាកិច្ចចាប់ផ្ដើម កញ្ញា វី ស៊ីថា ធ្វើការណែអំពីផ្ទះសហគមន៍ក្ដុលលើ-សាលាគរុភណ្ឌស្ទៀង ដែលជាទីតាំងមួយស្ថិតនៅក្នុងតំបន់កោះថ្ម ដែលមានជនជាតិស្ទៀងរស់នៅ ជាពិសេសភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ផ្ទះសហគមន៍ភូមិក្ដុលលើ-សាលាគរុភណ្ឌស្ទៀងមិនត្រឹមជាកន្លែងជួបជុំរបស់សហគមន៍ជនជាតិស្ទៀងតែក៏ជាកន្លែងសម្រាប់សិស្សស្រាវជ្រាវ និងអានសៀវភៅប្រវត្តិសាស្រ្តមួយចំនួនផងដែរ។

ជាកិច្ចបន្ទាប់ខ្ញុំចង់ណែនាំឲ្យប្អូនៗអានទស្សនាវដ្ដីនៃមជ្ឈមណ្ឌលកម្ពុជា ស្វែងរកការពិត មជ្ឈមណ្ឌលឯកសារកោះថ្ម លេខពិសេសឆ្នាំ២០២៤ ឲ្យបានចប់ ព្រោះនៅក្នុងនេះបានសរសេរបង្ហាញ អំពីពិព័រណ៍រូបភាពប្រវត្តិសាស្រ្តជាច្រើន ជាពិសេសពិព័រណ៍បង្ហាញពេលវេលាប្រវត្តិសាស្រ្ត ដំណើរឆ្ពោះរកទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

ជាកិច្ចបញ្ចប់កញ្ញា វី ស៊ីថា បាននិយាយអំពីរបបខ្មែរក្រហមបានធ្វើប្រជាជនកម្ពុជាជាច្រើននាក់បានស្លាប់ ដោយសារជំងឺ ការធ្វើការងារហួសកម្លាំង ហូបមិនគ្រប់គ្រាន់ ធ្វើទារុណកម្ម និងមានប្រជាជនផ្សេងទៀតត្រូវបានសម្លាប់ក្រោមរូបភាពបន្សុទ្ធកម្ម ដើម្បីស្វែងរកសមាសភាពក្បត់និងអង្គការ។ យ៉ាងណាមិញក្រោយពីរបបខ្មែរក្រហមបានដួលរំលំ យ៉ាងហោចណាស់មានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជា៥លាននាក់បានរួចផុតពីរបបខ្មែរក្រហម ហើយក្នុងនោះក៏មានសាច់ញាតិបងប្អូន ជីដូនជីតា និងឪពុកម្ដាយអ្នកទាំងអស់គ្នាផងដែរ។

សំណូមពរចុងក្រោយសូមប្អូនៗជួយឆ្លើយសំណួរចំនួនពីរ៖
១) តើប្អូនៗធ្លាប់បានស្ដាប់រឿងពីសម័យខ្មែរក្រហមពីឪពុកម្ដាយឬ ជីដូនជីតាដែរទេ ?
២) បើសិនជាប្អូនធ្លាប់បានស្ដាប់ តើមានរឿងរ៉ាវអ្វីខ្លះដែរប្អូនបានដឹង ? ចូរប្អូនរៀបរាប់។

ចម្លើយរបស់ប្អូនៗ៖
១) ឆាន់ សុម៉ាលី ជាសិស្សថ្នាក់ទី៧ មកពីសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនក្ដុលផ្សារ។ ខ្ញុំរស់នៅ ភូមិក្ដុលលើតាំងពីតូចមក ប៉ុន្តែខ្ញុំមិនបានដឹងសោះថាភូមិក្ដុលលើគឺជាភូមិមួយដែលមានជនជាតិស្ទៀង រស់នៅពីមុនមក។ ចំពោះរឿងរ៉ាវនៅក្នុងសម័យខ្មែរក្រហមដែលខ្ញុំធ្លាប់បានដឹងនោះ ខ្ញុំបានឮពីលោក យាយរបស់ខ្ញុំប្រាប់ថានៅក្នុងសម័យខ្មែរក្រហមហូបមិនបានហូបបាយទេ។

២) ឃឿន សុខចាន់ ជាសិស្សថ្នាក់ទី៧ មកពីសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនក្ដុលផ្សារ។ ខ្ញុំធ្លាប់ឮយាយ ខ្ញុំនិយាយថា សម័យខ្មែរក្រហមបានឲ្យប្រជាជនហូបរួមនៅរោងបាយរួមមួយ។ ចំណែកកុមារតូចៗក៏មាន ការងារធ្វើដូចមនុស្សធំ។

Koh Thma Documentation Center
Text by Vy Sitha
Photos by Vy Sitha
Documentation Center of Cambodia Archives
December 8, 2025

Full report