Home / Post

Kampong Cham Documentation Center: Weekly Progress Report of June 2026

Weekly Progress Report of June 2026
June 12, 2026
Photo by Sang Chanthou and Ly David
Documentation Center of Cambodia Archives

During the second week of June 2026, the team continued to advance its core objectives through administrative support, documentation activities, and public outreach efforts. Key achievements are summarized as follows:

1. Administrative and Office Maintenance: the team carried out routine administrative responsibilities and office maintenance to ensure smooth daily operations. Public display areas were regularly maintained to remain clean, organized, and welcoming for visitors.

2. Reading PA Interview and Article Writing: staff members accessed PA Interviews and successfully produced 3 new articles. These articles contribute to the preservation of survivor narratives and serve as valuable resources for educational outreach and archival documentation.

3. Media and Public Outreach: to broaden public engagement, the Center actively disseminated the story of the Khmer Rouge survivors through its digital platforms, particularly the Kampong Cham DC Facebook page.

របាយការណ៍វឌ្ឍនភាពការងារប្រចាំសប្តាហ៍ទីពីរ នៃខែមិថុនា ឆ្នាំ២០២៦
ក្នុងសប្តាហ៍ទី២នៃខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បន្តបំពេញកិច្ចការងារ និងសម្រេចបាននូវគោលដៅ របស់ខ្លួន មានដូចជា ការងាររដ្ឋបាល, ការអានឯកសារ និងការផ្សព្វផ្សាយជាសាធារណៈ។ ខាងក្រោមនេះគឺជាលទ្ធផលសង្ខេបចេញពីការអនុវត្តកិច្ចការងារខាងលើនេះ៖

(១) ការងាររដ្ឋបាល និងការថែទាំការិយាល័យ៖ ក្រុមការងារយើងខ្ញុំបន្តអនុវត្តភារៈកិច្ចរដ្ឋបាលប្រចាំថ្ងៃ និងមើលថែទាំការិយាល័យ ដើម្បីធានាឲ្យបានដំណើរការការងារប្រព្រឹត្តទៅដោយរលូន។ សាលពិព័រណ៍, ការិយាល័យបុគ្គលិក, បន្ទប់ឯកសារ, និងបណ្ណាល័យ ត្រូវបានរៀបចំ និងសម្អាតជាប្រចាំ ដើម្បីរក្សាបាននូវរបៀបរៀបរយ និងអនាម័យសម្រាប់សាធារណៈជនចូលសិក្សាស្រាវជ្រាវ និងទស្សនា។
(២) ការអានឯកសារ និងសរសេរអត្ថប្រចាំសប្ដាហ៍៖ ក្រុមការងារយើងខ្ញុំ ជ្រើសរើសបទសម្ភាសន៍ ដើម្បីអាន និងសរសេរអត្ថបទថ្មីបានចំនួន ៣អត្ថបទ។ អត្ថបទទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការចងក្រង និងផ្សព្វផ្សាយសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
(៣) ប្រព័ន្ធផ្សព្វផ្សាយ និងការផ្សព្វផ្សាយជាសាធារណៈ៖ ដើម្បីពង្រីកការយល់ដឹងជាសាធារណៈ, ក្រុមការងារយើងខ្ញុំចូលរួមយ៉ាងសកម្ម ក្នុងការចែករំលែកសាច់រឿងរបស់អ្នករស់រានមានជីវិត តាមរយៈបណ្តាញទំនាក់ទំនងឌីជីថលនានា ជាពិសេសទំព័រហ្វេសប៊ុកផ្លូវការរបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម (Kampong Cham DC Facebook page)។

សុំ សុខន រំឭកអំពីបទពិសោធន៍ជីវិតជាកងទ័ពនៅសម័យខ្មែរក្រហម

សុំ សុខន ភេទប្រុស អាយុ៤៦ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើតភូមិទឹកនឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិទឹកនឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ ចាម។ ខ្ញុំបានរៀបការប្រពន្ធឈ្មោះ កៀន ថៃរ៉ាត់ និងមានកូនចំនួន៤នាក់(ស្រី២និងប្រុស២នាក់) ប្រកបមុខរបរធ្វើស្រែចម្ការ ។ ខ្ញុំមានឪពុកឈ្មោះ គាន តុន និងម្ដាយឈ្មោះ អ៊ុយ អុក មានបងប្អូនចំនួន៨នាក់(ស្រី២ និងប្រុស៦នាក់) ។ ខ្ញុំ នៅពីក្មេងរស់នៅជាមួយឪពុកម្ដាយធ្វើស្រែចម្ការ និងរៀនសូត្រនៅសាលាបឋមសិក្សាត្រពាំងអំពិលបានត្រឹមថ្នាក់ទី៨។ ខ្ញុំឈប់រៀននៅពេលមានរដ្ឋប្រហារទម្លាក់សម្ដេចឪឆ្នាំ១៩ ៧០។ នៅពេលនោះប្រទេសជាតិកើតមានសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះ ខ្ញុំមិនបានទៅរៀនឯណាទៀតទេ គឺនៅឃ្វាលគោធម្មតា។ បន្ទាប់មកទៀតនៅឆ្នាំ១៩៧២ ខ្ញុំបានចូលរួមក្នុងចលនាបដិវត្តន៍ ដែលដឹកនាំសម្ដេច នរោត្ដម សីហនុ។ ខ្ញុំត្រូវបានបញ្ជូនមកហាត់រៀននៅស្ពឺស្រែវាលប្រហែល៣ខែ ត្រឡប់មកវិញវាយនៅអូរដើជាមួយទាហាន លន់ នល់។ បន្ទាប់មកប្រយុទ្ធគ្នារួច ខ្ញុំមករស់នៅតំបន់កន្លែងទឹកចេញ អណ្ដូងដៃដែលមានព្រំប្រទល់ស្រុកកងមាសនឹងស្រុកព្រៃឈរ ប្រចាំការនៅសមរភូមិខាងត្បូងព្រៃទទឹងមិនដល់១ឆ្នាំទេ។ ចូលមកវាយនៅសមរភូមិ៣យប់៤ថ្ងៃ វាយរំដោះបាន ខ្ញុំវិលមកស្នាក់នៅកន្លែងបន្ទាយវិញ ។ ក្រោយមកទៀតបានបញ្ជួនខ្ញុំឲ្យទៅវាយនៅកោះព្រលូង និងវាយតាមផ្លូវជាតិព្រែកដើមចាន់, ព្រែកជីក, ព្រែកជីអ៊ែរ។ ខ្ញុំនៅជាយុទ្ធជនដដែរអត់បានមានតួនាទីអីទេ ព្រោះខ្ញុំនៅក្មេងតូចជាងគេ។ នៅឆ្នាំ១៩៧៤ ចាប់ផ្ដើមបង្កើតដល់វីរៈសេនាតូច វីរៈសេនាធំ គឺថាក្នុងអង្គភាពមានបញ្ជួនទៅវាយនៅព្រែកក្ដាម និងជ្រោយចំបួរ។ ខ្ញុំនៅយាមប្រចាំការជ្រោយចំបួរ ខ្លាគ្រហឹមនឹងប្រហែល៦ខែ វេទនាណាស់ កន្លែងនឹង។ នៅខែ៧ គ្មានដីគោកទេ មានតែទឹកជុំវិញ នៅតែប្រឡោះកណ្ដាលបន្តិច ។ សមរភូមិប្រយុទ្ធ ម្ដងៗ រកកន្លែងរត់គេចឲ្យរស់នៅនឹងពិបាកពេលបាក់ទ័ពស្លាប់រាយ រកកន្លែងមិនឃើញទេ។ ដល់នឹងទៅកន្លែងវាយខ្សែក្រវ៉ាត់សាលាលេខ៥ អន្លុងង្វែក វាយបានប្រហែលជា៤ខែទៅប្រចាំការនៅកន្លែងនឹងទៀត។

នៅឆ្នាំ១៩៧៥ ខ្ញុំបានចូលវាយក្នុងភ្នំពេញ កាលហ្នឹងមានដល់កងពលហើយ គឺកងពល៣១០ ដឹកនាំដោយតាអឿន ជាមេបញ្ជាការ។ ចូលទៅដំបូងវាយចាប់ពីផ្លូវលំប្រសិទ្ធហៅវត្តទួលគរ ថ្ងៃទី១ ខែ១ ឆ្នាំ១៩៧៥ វាយបានប៉ុន្មានយប់ ៣យប់បានកាន់កាប់ដាច់ខ្សែត្រៀមស្លាប់អស់ច្រើននាក់។ ជួបជាមួយរថក្រោះ៣០ទៅ៤០គ្រឿង បាក់ទ័ពរត់អស់ គិតទៅមួយខ្សែត្រៀមបណ្ដោយប្រហែលជា៣០០នាក់ គេរត់ចោលខ្ញុំនៅសល់តែ១៨នាក់។ ខ្ញុំមិនដឹងរត់ទៅណារួចចូលទឹកបឹងធំមួយកន្លែង យន្ដហោះបាញ់មកឆ្លងស្ពាន ដល់យូរទៅរថក្រោះស្កាត់លើស្ពានចាំបាញ់។ ខ្ញុំស្រាតខោអាវចូលក្នុងទឹកបឹងប្រលិមក្បាលទុកតែក្បាលបន្តិចៗ កាលហ្នឹងចូលពីម៉ោង៨ព្រឹក ត្រាំទឹកទល់តែម៉ោង៦ល្ងាច។ ទាហានលន់ នល់ នៅព័ទ្ធជុំវិញ ស្រែកគំរាមថា បាញ់បេដាក់ ប៉ុន្តែបានព្រៃអញ្ចាញប្រហែលជា៣០ម៉ែត្រមួយដុំ។ បើសិនបាញ់ចំ ១គ្រាប់ស្លាប់យ៉ាងតិច៣នាក់ដែរ ក្នុងព្រៃអញ្ចាញហ្នឹងខ្ញុំតោងមែកអញ្ចាញ ដល់ពេលរងាញាក់ និយាយពីរង្គើអស់ហើយ។ ពួកខ្ញុំ១៨នាក់ អត់មានអ្នកបញ្ជាការណាមួយត្រឹមត្រូវទេ គឺសុទ្ធតែកូនទាហានទាំងអស់។ ទាហាន បាញ់គ្រាប់កាំភ្លើងផឹងៗ ភ្លឺពេញទាំងហទឹកទាំងអស់ខ្ញុំយកកំផ្លោកដាក់លើក្បាលទៅប្រលិមធ្វើដើរដូចទា។ ប៉ុន្តែទឹកត្រឹមករ ខ្លះត្រឹមចង្កេះក៏ត្រូវតែធ្វើដើរដូចទាដែរ ឲ្យផុតទៅដល់ត្រើយម្ខាង ប្រហែល៣គីឡូម៉ែត្របានផុតទឹក។ ពេលដែលឡើងគោកអស់ នៅសល់គ្នា១៨នាក់ កំពុងតែគិតថាបាត់ម្ចាស់ការមិនទៅកន្លែងណាដើម្បីរកកន្លែងគេចរួចទេ បើទាហានព័ទ្ធជុំវិញ។ ខ្ញុំស្គាល់ភូមិសាស្រ្តទៅខាងព្រែកលាប, ទួលលាប ខាងទៅជិតពោធិ៍ចិនតុងវិញនឹងមានគេនាំផ្លូវទៅ១០នាក់មិនទាន់មានដំណឹងទេ។ ពេលចេញដំណើរនឹងគេចេញទៅ ខ្ញុំសល់គ្នា៨នាក់ ដាច់បាយមានអ្នកណាយកទៅឲ្យ បើដាច់រយះអ្នកអង្គភាពពីក្រោយក៏អត់ដឹងស្លាប់ឬរស់ដែរ ។ ខ្ញុំធ្វើដំណើរពីម៉ោង៨យប់ដើរចុះដើរឡើងធ្លាក់ខាងលិចមកខ្សែត្រៀមចាស់វិញ វង្វេងក្នុងព្រៃ១យប់ អត់មានបាយហូប រងាក៏លែងរងា ដើរគ្នា៨នាក់។ ដើរចុះឡើង ទៅឡើងលើដើមឈើមើលផ្លូវ ខ្ញុំឆ្លងដើរទៅលុកព្រៃៗមកដល់ឃើញផ្លូវលំប្រសិទ្ធ។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានដកអាវុធចេញអស់ឲ្យទៅធ្វើស្រែនៅបឹងស្រយាប,ទួលគោក នឹងកាប់គាស់ជាយៗក្រុង បាកំផ្លោកភក់យកមកធ្វើជី។ ពេលឆ្នាំ១៩៧៧ គឺថាពេលនឹងការអត់ឃ្លាន មនុស្សចាប់ផ្ដើមឈឺគ្រុនច្រើនដោយសារការហូបចុកមិនគ្រប់គ្រាន់។ កងទ័ពដករំសាយ បំបែកទ័ពអស់ច្រើនណាស់ ប្រមូលផ្ដុំទៅធ្វើការនៅតាមសហករណ៍។ ខ្ញុំត្រូវបានបញ្ជួនឲ្យទៅធ្វើព្រលានយន្ដហោះនៅកំពង់ឆ្នាំង ដោយសារចោទប្រកាន់ថាពួកក្បត់។ ខ្ញុំត្រូវធ្វើការពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១១យប់ បានឲ្យឈប់សម្រាកហូបបាយ។ នៅម៉ោង៤ទៀបភ្លឺក្រោកប្រជុំពិសោធន៍ធ្វើការទៀត គិតទៅដេកបានតិចហើយ ហូបបានតិចបំផុតនៅកំពង់ឆ្នាំង មានកងកម្លាំងនិងអ្នកបូព៌ាទាំងអស់ធ្វើការជាមួយគ្នា វេទនាខ្លាំង។ ដល់ពេលថ្ងៃទី៧ ខែមករា ថ្ងៃរំដោះ វៀតណាមចូលមករំដោះ ខ្ញុំបានចេញពីកំពង់ឆ្នាំមកនៅរមាសក្រាំងនឹង កម្មាភិបាលខ្មែរក្រហមប្រមូលមនុស្សវាយសម្លាប់ចោលច្រើន។ ខ្ញុំបែកបាក់គ្នា៧ទៅ៨នាក់ ដើរកាត់ព្រៃទៅរកកន្លែងរស់និងរកកន្លែងចេញវិញខ្លាចតែទាហានចេញមកវៀតណាមកាត់យកក្បាលដូរអំបិល។ ខ្ញុំគិតប្ដេជ្ញាចិត្តមកផ្ទះ បើស្លាប់ត្រូវតែមកផ្ទះ រស់ក៏ត្រូវតែមកផ្ទះ ពីព្រោះការតស៊ូខ្ញុំ៩ឆ្នាំហើយ អត់មានប្រយោជន៍រហូតដល់ការជិះជាន់ផ្លូវចិត្ត។ បើនិយាយពីសិទ្ធមនុស្សសព្វថ្ងៃវិញ ជិះជាន់ខ្លាំងណាស់ របបខ្មែរក្រហម សូម្បីតែមកលេងឪពុកម្ដាយមិនឲ្យមកដែរ ជយបបងប្អូនមិនឲ្យនិយាយរកគ្នាទេ។

សោម ម៉ុន រំឭកអំពីបទពិសោធន៍ជីវិតនៅខ្មែរក្រហម

សោម ម៉ុន ភេទស្រី អាយុ៤៩ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើតភូមិក្បាលដំរី ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ខ្ញុំបានរៀបការប្ដីឈ្មោះ ប៉ូច និងមានកូនប្រុសម្នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ។ ខ្ញុំមានឪពុកឈ្មោះ សោម ធុយ និងម្ដាយឈ្មោះ កែវ យឺន មានបងប្អូនចំនួន២នាក់(ស្រី២នាក់) ខ្ញុំជាកូនទី២។ ខ្ញុំ នៅពីក្មេងរស់នៅជាមួយឪពុកម្ដាយធ្វើស្រែចម្ការ និងរៀនសូត្រនៅសាលាបឋមសិក្សាកុមាររាជបានត្រឹមថ្នាក់ទី១០។ ខ្ញុំឈប់រៀនមុនពេលមានរដ្ឋប្រហារទម្លាក់សម្ដេចសីហនុ នៅឆ្នាំ១៩៧០។ ខ្ញុំនៅធ្វើស្រែជាមួយបងប្អូនឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ ខ្ញុំត្រូវបានចេញមកនៅឃុំកុមាររាជចូលធ្វើមិត្តនារី ប្រធានសង្កាត់ឈ្មោះមិត្តរិន ឆេង។ ខ្ញុំមកឃុំកុមាររាជ ២នាក់បងជីដូនមួយ ឈ្មោះសាវុធ ឈប់នៅផ្ទះហើយ។ ពេលហ្នុងឪពុកម្ដាយ បងប្អូនខ្ញុំមិនចង់ឲ្យធ្វើជាមិត្តនារីឃុំទេ ប៉ុន្តែមិត្តរិន ឆេង សុំដកយកមកនៅមន្ទីរឃុំ។ ខ្ញុំបានមកលេងផ្ទះ ជួនកាល៤ទៅ១០ថ្ងៃឬមួយខែទៅលេងម្ដង។ ខ្ញុំនៅមន្ទីរឃុំបានប្រហែល១ឆ្នាំ ដែលមានគ្នាចំនួន៥០នាក់ ធ្វើស្រែ។ ដល់ពេលធ្វើស្រែហើយ ខ្ញុំត្រូវដកទៅធ្វើយោធា មានអាយុ២១ឆ្នាំ ចូលនៅព្រៃទទឹងហាត់កន្លះខែរួចបញ្ជួនទៅភ្នំពេញ។ ខ្ញុំនៅកងទី៣ វរៈសេនាធំទី២ កងតូចទី៣ ប្រធានឈ្មោះមិត្ត កាន មានស្រុកកំណើតផ្ដៅជុំ ស្រុកជើងព្រៃ។ បន្ទាប់មក ខ្ញុំចេញពីព្រៃទទឹងមកនៅខាងលិចព្រកភ្នៅ កងតូចទី៣ អត់មានបុរសទេ សុទ្ធតែនារីទាំងអស់ឲ្យយាមសែងអ្នករបួស។ កងនារីមិនមានប្រយុទ្ធទេ នៅសែងតាមខ្សែត្រៀម ខ្ញុំទៅនៅកន្លះខែ ភ្នំពេញបានវាយបែក។ ពេលបែកភ្នំពេញដំបូង ខ្ញុំឃើញទិដ្ឋភាពខ្មែរក្រហមជម្លៀសប្រជាជនចេញ។ ខ្ញុំអត់មានធ្វើម៉េចទេ គ្រាន់តែបញ្ជួនឲ្យទៅប្រជាជនចេញមក ទៅនៅតាមផ្ទះភ្នំពេញហ្នុង ដើររៀបចំផ្ទះនៅផ្សារតូចនិងផ្សារថ្មីរយះពេល៣ខែ។ ខ្ញុំនៅធ្វើការក្នុងកងពលតូច ដល់រួចចេញទៅនៅក្រសួងពាណិជ្ជកម្មក្រុង បញ្ចេញមកកាលហ្នុង៣កងពលតូចស្មើ៩០នាក់ សុទ្ធតែនារី ប្រធានពាណិជ្ជកម្មក្រុងឈ្មោះ ប៊ាន អ្នកនៅខេត្តក្រចេះ។

ខ្ញុំនៅរៀបចំតាមផ្ទះហ្នុងឲ្យបោសសំអាត បកគរ ជួនកាលទៅរើសសម្រាមដាក់ឡានចាក់ចោល ព្រោះខ្ញុំអត់មានតួនាទីប្រធានអីហ្នឹងគេទេ។ លឺតែឈ្មោះតារិទ្ធហ្នឹង កាលខ្ញុំចូលអង្គភាពនៅភ្នំពេញ អត់ដឹងការងារដែរ ទល់តែប្រធានបានដឹងការងារ។ កាលធ្វើការងារនៅពាណិជ្ជកម្មក្រុង ការហូបចុកបបរពេលព្រឹក និងពេលល្ងាចហូបបាយ។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានចាប់ទៅព្រៃសរ ដោយសារខ្មែរក្រហមចោទថាប្ដីខ្ញុំក្បត់។ ខ្ញុំបានរៀបការប្ដីឈ្មោះ ធឿន បានកន្លះខែ ខ្មែរក្រហមយកប្ដីទៅជម្លៀស។ ខ្ញុំរៀបការចំនួន៩គូរ ប៉ុនខ្មែរក្រហមយកទៅវ៉ៃចោលទាំងអស់ ចំណែកប្រពន្ធយកទៅជាមួយខ្ញុំទាំងអស់។ ប្រធានក្រសួងពាណិជ្ជកម្មក្រុម ប៊ាន កម្មាភិបាលខ្មែរក្រហមយកទៅវ៉ៃចោលបាត់ដែរ។ ប្ដីខ្ញុំត្រូវបានចោទក្បត់ កាលហ្នុងកម្មាភិបាលខ្មែរក្រហមចាប់ កុយ ឃួន(ហៅធុច) ភូមិភាគឧត្ដរទាំងអស់សុទ្ធតែខ្សែក្បត់។ កម្មាភិបាលខ្មែរក្រហមចាប់ទៅដាក់នៅឯព្រៃសរ ផ្លាស់អង្គភាពឲ្យទៅដាំបន្លែកន្លែងមន្ទីរសន្ដិសុខ(ក១២)។ កម្មាភិបាលខ្មែរក្រហមចាប់មនុស្សច្រើនយកទៅដាក់៣ឡានចោទថាពួកក្បត់។ ប្រធានសន្ដិសុខ(ក១២) ឈ្មោះ តៃគ្រី និយាយរដឺនមកពីនិរតី។ ខ្ញុំហូបចែករបបម្នាក់១វែក ពេលហូបបបរ១វែកនិងបាយ១វែក អត់បានឆ្អែតទេ។ ការងារធ្វើទាំងយប់ទាំងថ្ងៃ យប់ម៉ោង១០បានឈប់។ កម្មាភិបាលខ្មែរក្រហមប្រជុំ

អំពីការងារឲ្យប្រឹងធ្វើការងារ ពីណាមិនប្រឹងពីហ្នុងខ្មាំង ក្បត់ ខ្ជិលច្រអូស។ កន្លែងសន្ដិសុខ ព្រោះនៅជាមួយខ្ញុំហ្នឹងគេយកទៅវ៉ៃចោលច្រើនដែរ។ បើដឹងអ្នកនៅជាមួយធ្លាប់ដឹងពីកន្លែង ប៉ុន្តែខ្ញុំអត់ដែរឃើញមុខតាឌុចទេ។ ការងារអីក៏ដោយតែប្រាប់មកឲ្យធ្វើត្រូវតែធ្វើឲ្យបាន បើធ្វើមិនបានទេ ដកចេញមិនដឹងយកទៅខាងណា។ មេមិនដែលធ្វើបាបអីទេ គ្រាន់តែប្រើថាទៅស្ទួងស្រែ កាប់ដើមទន្រានខែត្រយកមកដាក់ជីស្រែ រែកអាចម៌គោ លើកទំនប់ ជីកប្រឡាយទាំងយប់ ។ នៅឆ្នាំ១៩៧៩ ខ្ញុំទៅដល់កំពង់ត្រឡាចនិងទៅនៅភ្នំកោះកុងបាន៧ខែ ត្រឡប់មកស្រុកវិញ។ ខ្ញុំបានឃើញតែកម្មាភិបាលខ្មែរក្រហមវ៉ៃទាត់ធាក់ប្រមៀលត្រឡប់ត្រឡិន ។ ខ្ញុំរត់ចូលមកមានតែខោអាវមួយចង្កេះ ។ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជនបានជាបន្ត បន្ទាប់។ ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិករ រហូតមកដល់សព្វថ្ងៃនេះ។

យិន អេង រំឭកពីការចង់ចាំរបស់ខ្លួនដែលបានឆ្លងកាត់នៅក្នុងសម័យខ្មែរក្រហម

ខ្ញុំបានឈ្មោះ យិន អេង មានអាយុ៤៨ឆ្នាំ(គិតត្រឹមឆ្នាំ២០០៣)។ មានស្រុកកំណើតនៅ ភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅក្នុង ភូមិតាលៃ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ភរិយារបស់ខ្ញុំមានឈ្មោះ យឹម ប៉ិច មានអាយុ៤៨ឆ្នាំ។ មានកូនទាំងអស់សរុបបួននាក់ ស្រីពីរនាក់ ប្រុសពីរនាក់ ។ រស់នៅរាល់ថ្ងៃខ្ញុំប្រកបមុខរបរធ្វើស្រែ។ ខ្ញុំមានឪពុកឈ្មោះ អ៊ុល និងម្ដាយឈ្មោះ ឡុង ។ មានបងប្អូនបង្កើតចំនួនប្រាំមួយនាក់ ស្រីមួយនាក់ ប្រុសប្រាំនាក់ ខ្ញុំជាកូនទីបួនក្នុងគ្រួសារ។ កាលនៅពីតូចខ្ញុំបានចូលនៅសាលាបឋមសិក្សាគរបានត្រឹមថ្នាក់ទី៤ សង្គមចាស់។
នៅក្រោយពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ហើយចំពេលនោះខ្ញុំរៀនត្រឹមថ្នាក់ទី៤ នោះផងខ្ញុំបានឃើញមានអ្នកភូមិរបស់ខ្ញុំ និងប្រជាជនមួយចំនួនទៀតបានដើរដំណើរទៅកាន់ទីរួមខេត្តកំពង់ចាម ដើម្បីធ្វើបាតុកម្មទាមទារអំណាចថ្វាយសម្តេចព្រះនរោត្តមសីហនុវិញ។ នៅក្នុងឆ្នាំ ១៩៧២-១៩៧៣ ខ្ញុំក្រោយពីពេលដែលខ្ញុំមិនបានបន្តការសិក្សាទៀតនោះ ខ្ញុំបានត្រឹមនៅផ្ទះជួយការងារឪពុកម្តាយដូចជាមើលគោ និងការងារធ្វើស្រែចំការ។
រហូតដល់កំឡុងចុងឆ្នាំ ១៩៧៣ ដើមឆ្នាំ១៩៧៤ ខ្ញុំចាប់ផ្ដើមចូលបម្រើនៅក្នុងជួរកងទ័ពដែលដំបូងខ្ញុំធ្វើជាកងឈ្លបនៅថ្នល់កែវ តែពេលនោះខ្ញុំចេះដែលលួចរត់មិនជួបឪពុកម្តាយនៅផ្ទះជាច្រើនលើកច្រើនសារ តែតែងមានគេមកតាមទៅវិញជានិច្ច ។ ចាប់ពីឆ្នាំ១៩៧៤ ខ្ញុំបានចូលជាកងទ័ព ហើយក៏បានត្រូវផ្លាស់ប្ដូរទៅកាន់ស្រុកមុខកំពូល និងត្រូវហាត់ត្រៀមសម្រាប់ការវវាយចូលកាន់កាប់ទីក្រុងភ្នំពេញ។

នៅក្នុងឆ្នាំ ១៩៧៥ ខ្មែរក្រហមបានទទួលជ័យជម្នះ និងបានវាយចូលកាន់កាប់ដណ្ដើមបានទីក្រងភ្នំពេញ។ នៅក្នុងសមរភូមិកាលពីឆ្នាំ ១៩៧៩ ខ្ញុំបានរងរបួស និងចូលសម្រាកនៅក្នុងមន្ទីរពេទ្យ ក្រោយមកខ្ញុំត្រូវបានបញ្ជូលចូលទៅក្នុងអង្គភាពចាស់ និងបានទៅខេត្តព្រះសីហនុ។ ការនៅកំពង់សោម មានដូចជាដាំដើមដូង និងការងារបោសសម្អាតមួយចំនួនទៀត ដែលដឹកនាំប្រធានកងវីរៈម្នាក់ទៀតឈ្មោះ មួយ។ ក្រោយពីកិច្ចការនៅចំការដូង ខ្ញុំក៏ត្រូវបាននាំទៅធ្វើការនៅកំពង់ផែ ដែលត្រូវធ្វើការដូចជា លីអង្ករ របស់របរ គ្រាប់ឈូក និងសម្ភារនាំចេញនាំមួយចំនួនធំទៀត។ នៅពេលនោះខ្ញុំឃើញមានការនាំចេញពីប្រទេសយើងមានដូចជា អង្ករ គ្រាប់ឈូក សណ្ដែក និងជ័រកៅស៊ូ ភាគច្រើនកប៉ាលដែលនាំចេញ មានកប៉ាលមកពីប្រទេសចិន និងកូរ៉េ (មិនច្បាស់ថាកូរ៉េខាងណា តែយើងអាចសន្និដ្នានបានថាប្រហែលជាកូរ៉េខាងជើង) ឯឥវ៉ាន់ដែលបាននាំចូលមកវិញភាគច្រើនជាគ្រឿងម៉ាស៊ីន ឯម៉ោងការងារវិញខ្ញុំត្រូវធ្វើការឡើង ដាក់ឥវ៉ាន់នៅវេនពេលព្រឹក ចាប់ពីម៉ោង ៦ព្រឺក ដល់ម៉ោង ១២ថ្ងៃត្រង់ ហើយពេលរសៀលត្រូវធ្វើការអូស និងលើកដាក់ឥវ៉ាន់ពីរថភ្លើង នៅដាក់នៅឃ្លាំង។ រហូតខែធ្នូ ឆ្នាំ១៧៩៥ ទើបខ្ញុំបានត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ។ ពេលដែលបានមកកាន់ទីក្រុងភ្នំពេញវិញ ខ្ញុំបានទៅធ្វើការនៅម្ដុំ ច្រាំងចំរេះ គីឡូលេខ៦ ហើយការងារដែលបានធ្វើនៅពេលនោះរួមមានលីអង្ករ អំបិល ស៊ីម៉ង់ត៍ ដែលបានបញ្ជូលមកពីកំពត និងសហការណ៍នានាសម្រាប់ត្រៀមនាំចេញទៅកាន់បរទេស ដើម្បីដោះដូរជាមួយសម្ភារផ្សេងៗ។ នៅកន្លែងឃ្លាំងច្រាំងចំរេះខ្ញុំបានធ្វើទៅនោះតែមួយរយៈប៉ុណ្ដោះក៏ត្រូវបញ្ជូលមកធ្វើការនៅស្តាតចាស់វិញ ដែលកាលពីពេលនោះខ្ញុំត្រូវបានខ្មែរក្រហមប្រើឱ្យបកគរ សម្រាប់យកទៅកែច្នែនៅរោងចក្រ នៅក្រុងតាខ្មៅ តែខ្ញុំធ្វើការនៅទីនេះបានមួយខែក៏ត្រូវទៅធ្វើការនៅទួលទំពូងវិញ។ ការងារនៅទួលទំពូង ការងារខ្ញុំនៅដដែលគឺ បកគរ និងរើសយកគ្រាប់ឈូក និងគ្រាប់កាហ្វេល្អ ទុកសម្រាប់នាំចេញ និងដោះដូរឥវ៉ាន់ផងដែរ ដោយពេលនោះ គ្រាប់បាក់ៗ ដាក់បាវផ្សេង និងគ្រាប់ល្អៗ ឬគ្រាប់លេខមួយដាក់បាវផ្សេងមួយទៀត។ ខ្ញុំធ្វើការនៅទីនោះរហូតដល់ឆ្នាំ ១៩៧៨ ពេលកំឡុងពេលដែលខ្ញុំធ្វើចាប់តាំងពីទីតាំងនៅគីឡូ៦ តែងតែឃើញ អ្នកកាន់ខាងក្រសួងពាណិជ្ជកម្ម ឈ្មោះរិទ្ធិ មកមើលការជាប្រចាំថ្ងៃ ហើយនៅទួលទំពូង ខ្ញុំក៏ធ្លាប់ឃើញ ខៀវ សំផន ចុះមកមើលនៅកន្លែងដែលខ្ញុំធ្វើការផងដែរ ហើយធ្លាប់បានលឺគាត់ស្ដីឱ្យខាងចុងភៅដែលបានធ្វើម្ហូបមិនឆ្ងាញ់ ឱ្យធ្វើម្ហូបឱ្យឆ្ងាញ់សម្រាប់ឱ្យកម្មករហូបឱ្យបានឆ្ងាញ់។

ក្រោយពីការនៅទួលទំពូងហើយ ខ្ញុំត្រូវផ្លាស់ប្ដូរទីតាំងទៀតទៅកាន់ស្ទឹងមានជ័យ និងពោធិ៍ចិនតុង រួចនៅពេលដែលមានកងទ័ពរំដោះចូលមកដល់ខ្ញុំបានបន្តរត់ទៅកាន់ខេត្តកំពង់ស្ពឺ និងបន្តរយៈដល់ខេត្តបាត់ដំបង ដែលពេលដែលខ្ញុំបានទៅដល់ខេត្តបាត់ដំបងទើបខ្ញុំបានជួបនឹងប្រពន្ធរបស់ខ្ញុំ។ ខ្ញុំបាននៅខេត្តបាត់ដំបង់ អស់រយៈពេល២ ៣ឆ្នាំ ទើបខ្ញុំ និងគ្រួសារបានត្រឡប់មកនៅស្រុកកំណើតវិញ។

https://photos.app.goo.gl/BeZM8vAUsLVEn9Tg9