នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង«កិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្តកំពង់ចាម» ដែលមានការចូលរួមពីថ្នាក់ដឹកនាំ គណៈអភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាព មន្រ្តីរាជការ អជ្ញាធរមូលដ្ឋាន បណ្ដាសមាគម និងអង្គការសង្គមស៊ីវិលជាច្រើន ដែលស្ថិតនៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម។
ជាកិច្ចបើកកម្មវិធីពិភាក្សា ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍សំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុង,ស្រុក និងមន្ត្រីទាំងអស់ដែលពាក់ពន្ធ័ នឹងសមាគម, អង្គការមិនមែនរដ្ឋាភិបាល ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើការអនុវត្តន៍ការងាររបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានការងាររបស់ខ្លួន និងត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានា ។
តាមគោលការណ៍ណែនាំ បានឃើញអនុក្រឹត្យលេខ ២១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីការកសាងផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្ដោតលើវិស័យអាទិភាពចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីបន្តកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឈ្នាំ២០៥០។ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នេះ គឺចាមគ្គុទេស សម្រាប់តម្រង់ទិសដល់ការរៀបចំ និងអនុវត្តសកម្មភាពអាទិភាពនានារបស់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ក្នុងគោលដៅបន្តរក្សាឲ្យបានរឹងមាំនូវសុខសន្ដិភាព ពង្រឹងសមិទ្ធផលនៃកិច្ចអភិវឌ្ឍដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងកសាង និងជំរូញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងរយៈពេលមធ្យម និងរយៈពេលវែង។
ដើម្បីចូលរួមសម្រេចនូវយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ២០២៥-២០២៩ របស់រដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត បានរៀបចំកម្មវិធីវិនិយោបីឆ្នាំរំកិល ២០២៦-២០២៨ របស់ខ្លួនដោយបានកំណត់នូវគម្រោងសកម្មភាពជាអាទិភាព និងសូចនាករច្បាស់លាស់ ព្រមទាំងបានកំណត់អំពីអ្នកទទួលខុសត្រូវរបស់មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា។ ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត បានឃើញអំពីស្ថានភាពបច្ចុប្បន្ន និងសក្ដានុពលលើផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រាងរដ្ឋបាល និងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងគម្រោងនានា ដែលជាសកម្មភាពជាក់ស្ដែងសម្រាប់អនុវត្តន៍ក្នុងឆ្នាំ២០២៦-២០២៨។
កិច្ចបន្ទាប់ លោក ប៊ិ ប៊ុន្ថា ប្រធានមន្ទីរផែនការខេត្តកំពង់ចាម ឡើងអានរបាយការណ៍ពីការរៀបចំ កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨ ដោយយោងតាមគោលការណ៍ណែនាំ បានឃើញប្រកាសអន្ដរក្រសួងលេខ០៨៤ ផក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ របស់ក្រសួងផែនការ និងក្រសួងមហាផ្ទៃ ស្ដីពីការកសាងផែនការការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានរៀបចំឡើងដោយពិនិត្យទៅលើសក្ដានុពល ចក្ខុវស័យ គោលដៅ គោលបំណង សូចនាករជាក់លាក់ និងយុទ្ធសាស្រ្តដែលបានកំណង់នៅក្នុងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ២០២៥-២០២៩ ជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១។ កម្មវិធីវិនិយោគបីឆ្នាំរំកិល នេះបានឆ្លុះបញ្ខាំងពីគម្រោង ឬសេវាដែលជាអាទិភាព និងតម្លៃប៉ាន់ស្នាន់តាមបណ្ដាឆ្នាំនីមួយៗក្នុងរយៈពេលបីឆ្នាំស្របនឹងក្របខណ្ឌចំណាយពេលមធ្យមរបស់រដ្ឋបាលខេត្ត។ ពាក្យថា«បីឆ្នាំរំកិល» មានន័យថាកម្មវិធីវិនិយោគត្រូវរៀបចំឡើងសម្រាប់រយៈពេលបីឆ្នាំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ ការរៀបចំនេះមកនូវភាពងាយស្រួលក្នុងការបង្ហាញពីអ្វីដែលគ្រោងនឹងអនុវត្តនៅឆ្នាំខាងមុខ។ គម្រោងសកម្មភាពវិនិយោគ គឺជាគម្រោងសកម្មភាពត្រូវចំណាយមូលនិធិដោយមានពេលចាប់ផ្ដើម និងពេលបញ្ចប់ច្បាស់លាស់ ដែលរៀបចំឡើងដើម្បីបង្កើតទ្រព្យសម្បត្តិសាធារណៈ(ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងអរូបវន្ដ) និងសេវាកម្មសម្រាប់ឆ្លើយតបតាមតម្រូវការជាអាទិភាពរបស់ប្រជាពល រដ្ឋ។
កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់មន្ទីរផែនការខេត្តកំពង់ចាម ត្រូវបានរៀបចំឡើងតាមខ្លឹមសារសំខាន់ៗដែលចែកចេញជាបីជំពូកគឺ៖
ជំពូកទី១៖ បានបង្ហាញពីទិន្នន័យចម្បងៗរបស់ខេត្ត ស្ថានភាពបច្ចុប្បន្នក្នុងខេត្ត នៃផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ផ្នែករដ្ឋបាលនិងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈដែលបានបង្ហាញពីសក្ដានុពល និងបញ្ហាប្រឈមសម្រាប់លើកជាគម្រោងសកម្មភាព ដើម្បីដោះស្រាយបញ្ហាជាអាទិភាពជូនប្រជាជននៅមូលដ្ឋាន។
ជំពូកទី២៖ គឺជាគម្រោង សកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលបានបង្ហាញនិងកំណត់នូវភាពជាក់លាក់ នៃគម្រោងសកម្មភាពកំពុងដំណើរការ គម្រោងសកម្មភាពវិនិយោគខេត្តមានថវិកាគាំទ្រ គម្រោងសកម្មភាពជាអាទិភាពមិនទាន់មានថវិកាគាំទ្រ សម្រាប់ចង្អុលបង្ហាញពីបញ្ហានានា ដែលជាតម្រូវការចាំបាច់ សម្រាប់លើកជាដំណោះស្រាយគាំទ្រស្របតាមទីកន្លែង និងពេលវេលាសម្រាប់អភិវឌ្ឍមូលដ្ឋាន។
ជំពូកទី៣៖ បង្ហាញពីយន្ដការការតាមដានត្រួតពិនិត្យ និងវាយតម្លៃនៃការអនុវត្តកម្មវិធីវិនិយោគ ដែលត្រូវបានរៀបចំឡើងសម្រាប់ តាមដានការអនុវត្តគម្រោងសកម្មភាព នៅក្នុងតារាងដាន ត្រួតពិនិត្យ និងវាយតម្លៃដែលធ្វើឲ្យមានភាពងាយស្រួល ក្នុងការវាស់វែងពីវឌ្ឍនភាពរីកចម្រើននៃការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល។
ជាចុងបញ្ចប់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍បូកសរុបកិច្ចប្រជុំក្នុងនាមក្រុមប្រឹក្សាខេត្ត ខ្ញុំមានសេចក្ដីសោមនស្សរីករាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោបីឆ្នាំរំកិលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដែលបានយកចិត្តទុកដាក់បង្កើតឲ្យមានរូបរាងឡើងជាទីមោទនៈ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨នេះ នឹងទទួលបានការគាំទ្រពីគ្រប់ក្រសួងស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជននានា។
Meeting to Review and Provide Comments on the Draft Three-Year Rolling Investment Program 2026-2028 of the Kampong Cham Provincial Administration
Photo & Report by Touch Vannet
December 05, 2025
Documentation Center of Cambodia Archives