គម្រោងអភិវឌ្ឍសហគមន៍ហាន់ជ័យ៖ ការរៀបចំទីតាំងប្រវត្តិសាស្រ្តសម្រាប់ទស្សនកិច្ចស្រាវជ្រាវ និងទេសចរណ៍
អត្ថបទ ដោយ ទូច វណ្ណេត
មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម
I. សេចក្ដីផ្ដើម
អស់រយៈពេលប៉ុន្មានសប្ដាហ៍មកនេះ, ខ្ញុំបានបន្តការអានឯកសារ និងចុះសិក្សាស្រាវជ្រាវទៅលើភូមិសាស្រ្តនានានៅក្នុងខេត្តកំពង់ចាម ដើម្បីស្វែងរកទីកន្លែងសម្រាប់អនុវត្តគម្រោងអភិវឌ្ឍសហគមន៍។ ខ្ញុំបានចុះទៅដល់ឃុំហាន់ជ័យ ស្រុកកំពង់សៀម។ ឃុំហាន់ជ័យ ក៏ជាសហគមន៍ធំមួយដែលមានភូមិសាស្រ្តស្ថិតនៅតាមបណ្ដោយទន្លេមេគង្គ និងមានចម្ងាយ២០គីឡូម៉ែត្រតាមផ្លូវទឹក និង២៤គីឡូម៉ែត្រពីតាមផ្លូវគោក ពីទីរួមខេត្តកំពង់ចាម។ សហគមន៍ហាន់ជ័យ មានរឿងនិទានខ្មែរអំពីទន្លេមេគង្គ និងមានរឿងរ៉ាវប្រវត្តិសាស្រ្ត និងប្រាសាទបុរាណ គឺប្រាសាទគុកខាងត្បូង ដែលស្ថិតនៅលើភ្នំហាន់ជ័យ។ ក្នុងអំឡុងពេលចុះស្រាវជ្រាវ ខ្ញុំក៏បានដឹងអំពីប្រវត្តិសាស្រ្តសហគមន៍ និងទុក្ខលំបាករបស់ប្រជាជននៅឃុំហាន់ជ័យក្នុងបបខ្មែរក្រហម និងទីតាំងមួយចំនួនដូចជា៖ ទី១) ទីតាំងសម្លាប់ប្រជាជន នៅវត្តក្រូចសើច និងវត្តមាន់ហើរ, ទី២) ទីកន្លែងលាក់ខ្លួនរបស់ប្រជាជនតស៊ូប្រឆាំងខ្មែរក្រហម នៅលើភ្នំហាន់ជ័យ, ទី៣) ទំនប់កែប្រែ (ល្ពាក) និងទំនប់ជ្រោយចេក។
បន្ទាប់មកទៀត ខ្ញុំបានបន្តទៅពិនិត្យមើលទីតាំងប្រវត្តិសាស្រ្ត និងប្រាសាទបុរាណខ្មែរផ្សេងទៀត រួមមាន៖ អតីតទីធ្លាប្រលានយន្តហោះខេត្តកំពង់ចាម, រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំស្រីភ្នំប្រុស និងប្រាសាទនគរបាជ័យ។
ក្នុងដំណាក់កាលនេះ, ខ្ញុំគ្រោងអនុវត្តកិច្ចការងារ៖
ទី១) ការចុះស្រាវជ្រាវ និងចងក្រង ប្រវត្តិសាស្រ្តសហគមន៍
ទី២) ការចុះសួរនាំ និងប្រមែប្រមូលរឿងនិទានខ្មែរអំពីទន្លេមេគង្គដែលអ្នកភូមិបាននិយាយតៗគ្នា
ទី៣) ការចុះស្រាវជ្រាវប្រាសាទបុរាណខ្មែរ
បន្ទាប់មក, ខ្ញុំអាចធ្វើសេចក្ដីសន្និដ្ឋានអំពីការចាប់ផ្ដើមអនុវត្តគម្រោងអភិវឌ្ឍសហគមន៍ហាន់ជ័យតាមរបៀបណា។ ក្នុងពេលនេះ, អ្វីដែលខ្ញុំអាចមានជាគំនិតផ្ដួចផ្ដើមនោះ គឺការរៀបចំទីកន្លែងប្រវត្តិសាស្រ្តសម្រាប់ទស្សនកិច្ចស្រាវជ្រាវ និងទេសចរណ៍ ដោយហេតុថា សហគមន៍ហាន់ជ័យ មានរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរក្រហម, ប្រាសាទបុរាណ, ទំនប់ខ្មែរក្រហម និងទីតាំងប្រវត្តិសាស្រ្តមូលដ្ឋានផ្សេងទៀត។
II. សហគមន៍ហាន់ជ័យក្នុងរបបខ្មែរក្រហម
បន្ទាប់ពីរដ្ឋប្រហារលន់ នល់ នៅឆ្នាំ១៩៧០, កងទ័ពខ្មែរក្រហមបានចូលមកដល់ឃុំហាន់ជ័យ និងសុំផ្ទះរបស់អ្នកភូមិស្នាក់នៅ។ ក្រោយពីមានវត្តមានកងទ័ពខ្មែរក្រហមនេះ, ទាហានលន់ នល់ ត្រូវបានបញ្ចូនមកដើម្បីវាយបណ្ដេញកងទ័ពខ្មែរក្រហមចេញពីភូមិ។ ទាហានលន់ នល់ តែងតែបើកការវាយប្រហារ ទាំងការបាញ់ផ្លោងគ្រាប់ និងការបញ្ចូនទ័ពថ្មើរជើងចូលមកវាយប្រហារកងទ័ពខ្មែរក្រហម។ កងទ័ពខ្មែរក្រហម ត្រូវបានដកចេញពីភូមិទៅលាក់ខ្លួននៅក្នុងព្រៃនៅលើភ្នំហាន់ជ័យ។ បើទោះបីជាយ៉ាងណាក៏ដោយ កងទ័ពខ្មែរក្រហមនៅបន្តចូលមកឈរជើងនៅហាន់ជ័យជាបន្តបន្ទាប់។ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហមចាប់ផ្ដើមផ្ទុះឡើងកាន់តែខ្លាំងៗឡើងរហូតដល់ឆ្នាំ១៩៧៣។ ក្នុងអំឡុងពេលសង្រ្គាមនេះផងដែរ កងទ័ពខ្មែរក្រហមបានវាយគ្រប់គ្រងភូមិនានានៅឃុំហាន់ជ័យ និងបន្តប្រយុទ្ធជាមួយទាហានលន់ នល់ ដែលពេលខ្លះការវាយប្រយុទ្ធគ្នាអស់បន្លាយរយៈពេលជាច្រើនយប់ជាច្រើនថ្ងៃ។ សិ្ថតនៅចំទីកណ្ដាលនៃសមរភូមិប្រទាញប្រទង់, ប្រជាជនត្រូវធ្វើការសម្រេចចិត្តរត់ភៀសខ្លួនចេញពីភូមិទៅកាន់ទីកន្លែងសុវត្ថិភាពមិនប្រាកដប្រជា។ ប្រជាជនមួយចំនួនរត់ភៀសខ្លួនទៅកាន់តំបន់រំដោះខ្មែរក្រហម ដែលខ្លួនអាចទៅដល់ និងមានបងប្អូនរស់នៅ។ ប្រជាជនខ្លះទៀតរត់ភៀសខ្លួនទៅទីរួមខេត្តកំពង់ចាម ដែលខ្លួនគិតថាជាទីសុវត្ថិភាព និងមានទាហានលន់ នល់ ឈរជើងយ៉ាងរឹងមាំមិនឲ្យសត្រូវចូលមកក្បែរ ចំណែកឯកប្រជាជនមួយចំនួនទៀតសម្រេចចិត្តធ្វើដំណើរទៅទីក្រុងភ្នំពេញ ដែលជាទីកន្លែងដែលមានបងប្អូនរស់នៅ និងជាទីសុវត្ថិភាពបំផុតរបស់ជនភៀសខ្លួន។ គិតត្រឹមពាក់កណ្ដាលឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមវាយចូលដល់ទីរួមខេត្តកំពង់ចាម និងបានគ្រប់គ្រងផ្នែកខ្លះនៃទីរួមខេត្ត។ កងទ័ពខ្មែរក្រហមជម្លៀសប្រជាជនទាំងនេះចេញពីផ្ទះសម្បែងរបស់ខ្លួនឲ្យទៅនៅទីជនបទនានា ឬទៅរស់នៅភូមិកំណើតរបស់ខ្លួន។ បន្ទាប់ពីកងទ័ពខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីរួមខេត្តកំពង់ចាមត្រូវបានខ្មែរក្រហមវាយផ្ដាច់គ្រប់គ្រងផងដែរ។ ខ្មែរក្រហមចាប់ផ្ដើមរៀបចំ និងបែងចែងក្រុមប្រជាជន ដូចខាងក្រោម៖
ក្រុមទី១ គឺជាប្រជាជនចាស់ (ហៅថា ប្រជាជន៧០) ដែលត្រូវបានរំដោះចាប់តាំងពីឆ្នាំ១៩៧០។
ក្រុមទី២ គឺជាប្រជាជនកណ្ដាល (ហៅថា ប្រជាជន៧៣) ដែលត្រូវបានរំដោះនៅឆ្នាំ១៩៧៣។
ក្រុមទី៣ គឺជាប្រជាជនថ្មី (ហៅថា ប្រជាជន៧៥) ដែលត្រូវបានរំដោះ និងជម្លៀសមកភូមិនៅឆ្នាំ១៩៧៥។
ក្នុងចំណោមក្រុមប្រជាជនទាំងនេះ ប្រជាជនថ្មី (ប្រជាជន៧៥) ទទួលរងគ្រោះខ្លាំងជាងគេ គឺត្រូវបានបង្ខំធ្វើការងារជាទម្ងន់ និងចាប់យកទៅសម្លាប់។ ការកាប់សម្លាប់ទៅលើប្រជាជនថ្មី កើតឡើងកាន់តែខ្លាំងឡើងៗ គឺនៅពេលដែលកម្មាភិបាលខ្មែរក្រហមពីភូមិភាគនិរតីចូលមកគ្រប់គ្រងនៅឆ្នាំ១៩៧៧ ដើម្បីអនុវត្តគោលនយោបាយបន្សុទ្ធកម្ម។
បន្ទាប់ពីកាន់កាប់ទីក្រុងភ្នំពេញ ខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនចេញពីទីក្រុងដោយបង្ខំ ហើយប្រជាជនថ្មីមួយចំនួនបានមកដល់ហាន់ជ័យ។ នៅឆ្នាំ១៩៧៥ដដែរ ប្រជាជននៅហាន់ជ័យត្រូវបានដាក់ឲ្យធ្វើស្រែប្រវាស់ដៃរយៈពេលជាច្រើនខែដើម្បីចែកស្រូវអង្ករគ្នាហូប។ រហូតដល់សហករណ៍ត្រូវបានបង្កើតនៅឆ្នាំ១៩៧៦ ទើបប្រជាជននៅហាន់ជ័យត្រូវបានដាក់ធ្វើការងារតាមកងនីមួយៗ ដូចជា កងកុមារ, កងចល័តយុវជន-យុវនារី, កងចល័តវ័យកណ្ដាល និងកងជរា នៅតាមទិសដៅផ្សេងៗនៅក្នុងភូមិសាស្រ្តស្រុកកំពង់សៀម។ ប្រជាជន៧០, ប្រជាជន៧៣ (ប្រជាជនកណ្ដាល) និងប្រជាជន៧៥ (ប្រជាជនថ្មី) ត្រូវបានដាក់កំណត់ការងារផ្សេងៗគ្នា ខណៈដែលប្រជាជន៧០ ទទួលបានការទុកចិត្ត និងគ្រប់គ្រងទៅប្រជាជន៧៣ និងប្រជាជន៧៥ដែលរស់នៅក្នុងភូមិ។
ប្រជាជនមូលដ្ឋាននៅហាន់ជ័យ និងប្រជាជនថ្មី (ប្រជាជន១៧មេសា) ត្រូវបានយកសម្លាប់នៅវត្តក្រូចសើច និងវត្តមាន់ហើរ។ ការកាប់សម្លាប់អ្នកភូមិ និងប្រជាជនថ្មី កើតឡើងកាន់តែខ្លាំងឡើង ចាប់ពីឆ្នាំ១៩៧៧រហូតដល់ឆ្នាំចុង១៩៧៨ គឺនៅពេលដែលកម្មាភិបាលខ្មែរក្រហមកពីភូមិភាគនិរតី ដែលមានឈ្មោះ មិត្តនារី យុទ្ធ ចូលមកគ្រប់គ្រង។ កម្មាភិបាលកម្រិតមូលដ្ឋាន ដូចជា មេភូមិ មេកង ឬមេក្រុម និងប្រជាជនថ្មី ដែលនៅសេសសល់ និងប្រជាជនកណ្ដាល (ប្រជាជន៧៣) ដែលប្រព្រឹត្តិកំហុកឆ្គងត្រូវបានបណ្ដើរ ឬដឹកទាំងកាណូតពីត្រើយម្ខាងយកទៅសម្លាប់នៅបរិវេណវត្តទាំង២ខាងលើ។ ក្នុងអំឡុងពេលដែលការកាប់សម្លាប់កាន់តែខ្លាំងឡើង ប្រជាជនខ្លះសម្រេចចិត្តរត់ភៀសខ្លួនឡើងទៅលាក់ខ្លួននៅលើភ្នំហាន់ជ័យដែលហ៊ំព័ទ្ធទៅដោយព្រៃក្រាស់។ ប្រជាជនដែលលាក់ខ្លួននៅលើភ្នំហាន់ជ័យ តែងតែធ្វើការវាយឆ្មក់ប្លន់យកអាហារពីកម្មាភិបាលខ្មែរក្រហមនៅពេលយប់ រហូតដល់ខ្មែរក្រហមបានដាក់ឈ្មោះអ្នកទាំងនេះជា «ចោរព្រៃ» ឬ «ខ្មែរស» ដែលធ្វើសកម្មភាពប្រឆាំងអង្គការ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅខែមករា ឆ្នាំ១៩៧៩ ប្រជាជននៅហាន់ជ័យ អាចរស់រានមានជីវិត និងស្វែងរកសាច់ញាតិ ដែលបានបាត់ខ្លួន និងស្លាប់ក្នុងរបបខ្មែរក្រហម។ ប្រជាជននៅហាន់ជ័យ ប្រកបជីវភាពរស់នៅជាកសិករ និងប្រជានេសាទ។
III. ប្រវត្តិសាស្រ្តផ្ទាល់មាត់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំហាន់ជ័យ
សាច់រឿងសង្ខេបរបស់ ម៉ឹល ស្រឿន មេភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដែលចែករំលែកបទពិសោធន៍ និងការចងចាំអំពីរបបខ្មែរក្រហម៖
ខ្ញុំឈ្មោះ ម៉ឹល ស្រឿន អាយុ៧៣ឆ្នាំ មានទីន្លែងកំណើត និងរស់នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានតួនាទីជាមេភូមិក្រូចសើច ឃុំហាន់ជ័យនេះ។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ភួង ឡៃ និងមានកូនប្រុសស្រីចំនួន៦នាក់(ប្រុស៥នាក់ ស្រីនាក់)។ ឪពុកខ្ញុំឈ្មោះ ហ៊ាន ម៉ឹល និងម្ដាយឈ្មោះ ជា នឹម មានបងប្អូនប្រុសចំនួន២នាក់ ស្លាប់១នៅរបប ប៉ុល ពត ។ នៅពីក្មេងខ្ញុំបានរៀនសូត្រថ្នាក់ទី៨ (សង្គមចាស់) នៅសាលាបឋមសិក្សាហាន់ជ័យ។ បន្ទាប់ពីមានរដ្ឋប្រហារលន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប្រជាជននាំគ្នាធ្វើបាតុកម្មដង្ហែរទៅទីរួមខេត្តកំពង់ចាម ដើម្បីទាមទារឲ្យសម្ដេចព្រះ នរោត្តម សីហនុ មកកាន់អំណាចឡើងវិញ។ នៅពេលនោះ ទាហានលន់ នល់ បានបង្រ្កាបបាតុករ ដោយបានបាញ់កាំភ្លើង។ អ្នកភូមិបានរត់កាត់ព្រៃ មកផ្ទះរៀងខ្លួននៅភូមិវិញ។ មិនយូរប៉ុន្មានកងទ័ពខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ក្រោយមកទៀត សង្រ្គាមក៏ផ្ទុះឡើង។ ក្នុងរយៈពេលសង្រ្គាមនោះ ខ្ញុំបានជីករណ្ដៅត្រង់សេសម្រាប់ការពារខ្លួន នៅតាមទួលដំបូក ដែលមានដើមឈើធំៗ។ នៅពេលដែលមានការបាញ់កាំភ្លើងធំ, ការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នាម្ដងៗ ខ្ញុំ និងគ្រួសាររត់ទៅលាក់ខ្លួននៅក្នុងរណ្ដៅ រហូតដល់មានសភាពស្ងប់ស្ងាត់ទៅវិញទើបយើងចេញពីរណ្ដៅវិញ។ នៅពេលដែលមានការផ្លោងគ្រាប់បែក និងការទម្លាក់គ្រាប់បែកខ្លាំង, យើងមិនបានធ្វើអ្វីទាល់តែសោះ ក្រៅតែពីសង្ងំលាក់ខ្លួននៅក្នុងរណ្ដៅត្រង់សេ ហើយនៅពេលយប់ ទើបហ៊ានចេញមកដាំបាយដើម្បីហូប។ ចន្លោះពីឆ្នាំ១៩៧១ដល់ចុងឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហមវាយរំដោះ និងគ្រប់គ្រងភូមិនានា និងឃុំហាន់ជ័យ។ នៅក្នុងតំបន់រំដោះ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់អ្នកភូមិឲ្យចូលរួមចលនាបដិវត្តន៍។ បើទោះបីជាភូមិក្រូចសើចត្រូវបានខ្មែរក្រហមរំដោះនិងគ្រប់គ្រងយ៉ាងណាក្ដី ទាហាន់លន់ នល់ ដោយមានការគាំទ្រពី សហរដ្ឋអាមរិក បន្តយុទ្ធនាការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ដែលបំផ្លិចបំផ្លាញផ្ទះសំបែង និងបណ្ដាលឲ្យអ្នកភូមិរងរបួស ឬស្លាប់បាត់បង់ជីវិត។ ខ្ញុំនៅចាំព្រឹត្តិការណ៍ ដែលកងទ័ពខ្មែរក្រហមបើកការវាយប្រហារទៅលើម៉ារីនទាហាន លន់ នល់ បើកតាមបណ្ដោយទន្លេមេគង្គ កាត់តំបន់ហាន់ជ័យទៅកាន់ទីរួមខេត្តកំពង់ចាម។ កងទ័ពខ្មែរក្រហម បានដាក់ច្រវ៉ាក់កាត់ទន្លេនៅមុខវត្តក្រូចសើច ដើម្បីស្ទាក់វាយប្រហារ។ សង្រ្គាមរវាងទាហានលន់ នល់ និងកងទ័ពខ្មែរក្រហម ក៏កាន់តែផ្ទុះខ្លាំងឡើង រហូតដល់ឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥ ទើបលែងមានការប្រយុទ្ធគ្នានៅតំបន់ហាន់ជ័យ។ នៅឆ្នាំ១៩៧៥ ខ្ញុំរៀបការប្រពន្ធ។
បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ខ្ញុំឃើញមានប្រជាជនជម្លៀសមកពីទីរួមខេត្តកំពង់ចាម និងទីក្រុងភ្នំពេញបានមកដល់ភូមិ។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់ឲ្យខ្ញុំធ្វើការងារនៅកងសិប្បកម្ម (ដំដែក, កាំបិត, ពូថៅ, កណ្ដៀវ និងចបជីក)។ នៅក្នុងកងសិប្បកម្ម មានគ្នាសរុបចំនួន៨នាក់ ដែលមានប្រធានកងឈ្មោះ តាអែម និងមិត្ត ម៉ន។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុ២៣ឆ្នាំ។ ខ្ញុំត្រូវក្រោកពីម៉ោង៦ចេញធ្វើការដល់ម៉ោង១១ និងធ្វើការបន្តនៅម៉ោង១ ដល់ម៉ោង៥ ទើបអាចឈប់សម្រាក។ បើសិនជាធ្វើការងារមិនទាន់ផែនការរបស់អង្គការ ខ្ញុំត្រូវបន្តធ្វើការនៅពេលយប់ទៀត។ ការហូបចុករបស់ខ្ញុំ គឺហូបបបរ ដាក់កាតូ១វែក។ នៅពេលដែលស្រែកឃ្លានពេក, ខ្ញុំយកដំឡូង និងពោតលាយគ្នាដើម្បីហូប។ ដោយសារតែហូបមិនឆ្អែត និងគ្មានពេលសម្រាកគ្រប់គ្រាន់ ខ្ញុំមានសភាពស្គមខ្លាំង។ ខ្ញុំបន្តធ្វើការងារដំដែក បើទោះបីជាមិនមានកម្លាំងកំហែងធ្វើការងារក៏ដោយ។ ឧបករណ៍ដែលខ្ញុំធ្វើបាន ត្រូវបានខ្មែរក្រហមយកទៅប្រើប្រាស់ទាំងអស់ នៅក្នុងឃុំហាន់ជ័យ។ ខ្មែរក្រហម ដាក់ចេញផែនការឲ្យកងសិប្បកម្មរបស់ខ្ញុំ ធ្វើកណ្ដៀវឲ្យបានច្រើន។
នៅឆ្នាំ១៩៧៧ កម្មភិបាលខ្មែរក្រហមកពីភូមិភាគនិរតីចូលមកដល់ក្នុងភូមិ។ ប្រសិនបើអ្នកភូមិណាម្នាក់ធ្វើខុសឆ្គងបន្តិចបន្តួចនោះ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីនឹងចាប់យកទៅសម្លាប់ចោល ជាពិសេសប្រជាជន៧៣ និងប្រជាជន៧៥។ ប្រពន្ធខ្ញុំ ត្រូវបានខ្មែរក្រហមចល័តទៅធ្វើការខាងភូមិរំចេក។ នៅឆ្នាំ១៩៧៨ ប្រពន្ធខ្ញុំមានផ្ទៃពោះ និងបង្កើតកូនម្នាក់។ នៅពេលដែលកងទ័ពខ្មែរក្រហមផ្ដួលរំលំដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ខ្ញុំអាចរស់រានមានជីវិត និងជួបជុំជាមួយគ្រួសារវិញបាន។ ខ្ញុំបានបន្តរស់នៅភូមិក្រូចសើច និងប្រកបរបរជាកសិករ រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំមានទួលនាទីជាមេភូមិ។
សាច់រឿងសង្ខេបរបស់ ងីម ងន់ មេភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដែលចែករំលែកបទពិសោធន៍ និងការចងចាំអំពីរបបខ្មែរក្រហម៖
ខ្ញុំឈ្មោះ ងីម ងន់ អាយុ៧៣ឆ្នាំ គឺជាមេភូមិមាន់ហើរ។ ខ្ញុំកើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ពិន ស៊ីណា និងមានកូនប្រុសស្រីចំនួន៦នាក់(ប្រុស៤និងស្រី២នាក់)។ ឪពុកខ្ញុំឈ្មោះ ហ៊ុន ងីម និងម្ដាយឈ្មោះ ឌុច លីម និងមានបងប្អូនស្រីប្រុសចំនួន១២នាក់(ប្រុស៥និងស្រី៧នាក់) ខ្ញុំជាកូនទី៦ក្នុងគ្រួសារ។ ខ្ញុំនៅក្មេងបានរៀនសូត្រថ្នាក់ទី៨ សង្គមចាស់នៅសាលាបឋមសិក្សាហាន់ជ័យ។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារសម្ដេចឪ ដោយសេនាប្រមុខលន់ នល់ ប្រជាជននាំគ្នាធ្វើបាតុកម្ម ស្រែកថា«ជ័យោ!សម្ដេចឪ អ្នកមិនទៅកាប់ចោល» ដង្ហែមកត្រឹមភូមិថ្មគោល ទាហានលន់ នល់ បានបាញ់អារេវីដេមកលើប្រជាជន។ ឪពុកខ្ញុំនិងបងខ្ញុំ លឺសូរគ្រាប់កាំភ្លើងនាំគ្នារត់ត្រឡប់មកផ្ទះវិញ មិនរត់តាមផ្លូវទេខ្លាច តែរត់តាមទន្លេនិងតាមព្រៃបឹង។ នៅឆ្នាំ១៩៧១ កងរំដោះចូលមកក្នុងភូមិក្រូចសើច មានការបាញ់គ្នារវាងទាហានលន់ នល់ និងកងរំដោះនៅលើភ្នំហាន់ជ័យ។ ខ្ញុំបានរត់គេចភូមិក្រូចសើចម្ដងម្កាលដែរ នៅពេលប្រយុទ្ធគ្នានិងផ្លោងគ្រាប់ពីទាហានលន់ នល់មកលើកងរំដោះ។
នៅឆ្នាំ១៩៧៣ ទាហាន លន់ នល់ មានអាម៉ារីនឡើងមកមានការបាញ់គ្នាខ្លាំង ខ្ញុំរត់ទៅរស់នៅឃុំស្រក។ នៅពេលយន្ដហោះទម្លាក់គ្រាប់បែក ខ្ញុំរត់ចូលរណ្ដៅត្រងសេខាងក្រោយផ្ទះ។ ពេលអាម៉ារីនឡើងមកភូមិកៀនជ្រៃម្ដងៗ កងរំដោះបានធ្វើក្បូនបណ្ដែតយកដើមគរប្រទាក់គ្នា ដាក់បង្កៃគ្រាប់បែកនិងបាញ់អាដេកា៧៥ កន្លែងបាញ់វត្តមាន់ហើរ។ នៅឆ្នាំ១៩៧៥ ថ្ងៃទី១៧ មេសា ទាហាន លន់ នល់ បានទម្លាក់គ្រាប់បេ៥២ចំនួន៣ដងក្នុង១ថ្ងៃ ចាប់ពីម៉ោង៩ ទៅម៉ោង១០ព្រឹកដែលមានចំនួន១៥០គ្រាប់ ក្រោយមកកំពង់ចាមត្រូវបានកងរំដោះវាយដណ្ដើមបាន។ បន្ទាប់មក ខ្ញុំត្រូវបានធ្វើការនៅក្រុមសាមគ្គីឬក្រុមប្រវាស់ដៃ ធ្វើការរួមគ្នា ប្រមូលផលចែកគ្នាហូបតាមផ្ទះវិញ។
នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានបង្កើតជាសហករណ៍ ខ្ញុំត្រូវបានឲ្យធ្វើការនៅកងចល័ត រែកដី លើកទំនប់ជ្រោយចេក ទំនប់សណ្ដាន។ ខ្ញុំធ្វើការមិនទៀងទេ តាមតែខ្មែរក្រហមដកយកទៅធ្វើការកន្លែងផ្សេងៗទៀត ដូចស្រុកព្រៃឈរ កុមាររាជ, ទន្លេសរ, វត្តតុងរ៉ុង, នៅលើកប្រព័ន្ធភ្លឺរាប់ខែរហូតដល់រដូវច្រូតស្រូវរួច។ នៅពេលចស្រូវទុំ ខ្មែរក្រហមបានខ្ញុំធ្វើការច្រូតពីម៉ោង៦ព្រឹកដល់ម៉ោង១១ ឡើងមកហូបបបររួច ហើយម៉ោង១២រសៀលចាប់ផ្ដើមធ្វើការបន្តដល់ម៉ោង៦ល្ងាចមកហូបបបររួច ចេញទៅធ្វើការពេលយប់ទៀតមានដកសំណាប រែកសំណាបយកទៅស្រែរហូតដល់ម៉ោង៩យប់ បានមកដេក។ ពេលដែលមមាញឹកខ្លាំង ខ្មែរក្រហមហៅទៅដកសំណាប ពេលសម្រាបបានតិចណាស់ នៅម៉ោង៤ ទៀបភ្លឺក្រោកទៅទៀត។ ខ្ញុំទៅធ្វើការនៅកងចល័តមានការសម្លាប់ប្រជាជន និងបងប្អូនខ្មែរអ៊ីស្លាម ចំណែកគ្រួសារខ្ញុំបាត់បង់ម្នាក់ត្រូវជាបងស្រីមានផ្ទៃពោះយកទៅពេទ្យទីរួមខេត្តកំពង់ចាម នៅឆ្នាំ១៩៧៨។ បងស្រីខ្ញុំស្អាតស ខ្មែរក្រហមយកទៅសម្លាប់ចោលខាងណាក៏មិនដឹង។ ការហូបចុកខ្ញុំ ខ្មែរក្រហមឲ្យហូបបបរលាយជាមួយពោតក្រហម ក្នុង១ថ្ងៃបាន២ពេលមានពេលថ្ងៃត្រង់និងពេលល្ងាច។ ហូបបបររាវមានពោតក្រហម ខ្ញុំត្រូវលួចដើរបេះស្លឹកផ្ទី និងបន្លែផ្សេងទៀតយកមកដាក់បន្ថែមជាមួយបបរ។ នៅពេលខ្ញុំឈឺស្កាត់ ខ្មែរក្រហមបានឲ្យថ្នាំអាចម៌ទន្សាយមានពណ៌ក្រហមប៉ុនម្រាមដៃ និងមានថ្នាំទឹកដបធំប៉ុនដបទឹកក្រូច ថ្នាំទឹកពណ៌ក្រហម(វីតាមីនឌូវ ,វីតាមីនសេ,បេអង់)។ នៅក្នុងកងចល័តខ្ញុំមានគ្នាច្រើនដល់ចំនួន១០០នាក់ ខ្មែរក្រហមបានយកប្រជាជនទៅសម្លាប់ចោលច្រើនណាស់។
ខ្ញុំនិងគ្រួសាររួចផុតពីទុកវេទនានឹងសេចក្ដីស្លាប់ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេសនិងប្រជាជនពីរបបខ្មែរក្រហម។ ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិករនិងរហូតមកដល់ឆ្នាំ១៩៨៤ ខ្ញុំមានតួនាទីប្រធានភូមិមាន់ហើរ។
សាច់រឿងសង្ខេបរបស់របស់ វិន នឿន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម៖
ខ្ញុំឈ្មោះ វិន នឿន អាយុ៦៣ឆ្នាំ កើតនិងរស់នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ថេង ចាន់ថននិងមានកូនស្រីប្រុសចំនួន៥នាក់(ស្រី៤និងប្រុស១)។ ឪពុកខ្ញុំឈ្មោះ វិន និងម្ដាយ មន បានស្លាប់ទាំង២នាក់ប្រហែលជាង១០ឆ្នាំ មានបងប្អូនប្រុសស្រីចំនួន៩នាក់(បងទី១ចែណេ, បងទី២ចែអឿន,ទី៣បងអាត,ទី៤បងចំរើន, ទី៥ខ្ញុំ,ទី៦ភឿន,ទី៧ តាក, ទី៨ តុប)។ នៅពីក្មេងខ្ញុំរៀនសូត្រនៅសាលាវត្តក្រូចសើច បានតិចតួចណាស់។
នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចឪ មានទម្លាក់គ្រាប់បែកនៅក្រោមផ្ទះខ្ញុំជីករណ្ដៅត្រងសេ លឺតែយន្ដហោះម្ដាយខ្ញុំស្រែកហៅកូនចូលក្នុងរណ្ដៅ។ ការទម្លាក់គ្រាប់បែកយូរដែរ នៅភូមិក្រូចសើចមិនសូវទម្លាក់ខ្លាំងទេ តែនៅភូមិបន្ទាយស្រុតនិងភូមិរំលេចទម្លាក់ខ្លាំងរណ្ដៅគ្រាប់បែកច្រើន។ នៅពេលទម្លាក់គ្រាប់បែកមានឆេះផ្ទះនិងត្រូវចំប្រជាជន ជួនកាលទម្លាក់ចំរណ្ដៅស្លាប់អស់មួយគ្រួសារនៅភូមិឈើទាលស្រុត។ កងរំដោះច្រើនចូលមកភូមិមាន់ហើរ មិនហ៊ានចូលទេនៅភូមិហាន់ ព្រោះបារមីខ្លាំងណាស់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមឲ្យខ្ញុំធ្វើការនៅកងកុមារ លើកអាចម៌គោ ដើរកាប់ស្លឹកឈើធ្វើជី។ ខ្ញុំត្រូវដើរប្រមូលអាចម៌គោតាមភូមិយកទៅថ្លឹងនៅកន្លែងរោងជី ដើម្បីឲ្យគ្រប់គីឡូក្នុងម្នាក់បាន១០គីឡូអាចម៌គោ។ ខ្ញុំត្រូវក្រោកពីម៉ោង៤ទៀបភ្លឺ ចាំលើកអាចម៌គោឲ្យគ្រប់គីឡូក្នុងមួយព្រឹក មានការដណ្ដើមគ្នា ខ្ញុំដើរលើកយូរដែរ ពិបាករកមានគ្នាច្រើន ហើយក្រុមខ្ញុំមានគ្នាចំនួន១០នាក់ មានប្រធានក្រុមម្នាក់មិនចាំឈ្មោះទេ។ កុមារសុទ្ធតែក្មេងរស់នៅក្នុងភូមិ មានច្រើនក្រុមពីភូមិហាន់ជ័យដល់ភូមិមាន់ហើរ ដើរលើកអាចម៌គោ នៅពេលថ្ងៃ ខ្ញុំត្រូវដើរកាប់ស្លឹកឈើនៅលើភ្នំរួចលីចុះមកក្រោមវិញ។ ខ្ញុំរស់នៅបែកពីឪពុកម្ដាយ នៅក្នុងកងកុមារមានគ្រូម្នាក់ដឹកនាំធ្វើការ មិនដែលជួបជាមួយបងប្អូនទេ។ ឪពុកខ្ញុំ ខ្មែរក្រហមឲ្យទៅភ្ជួរដីនៅវាលស្វាយ នៅវត្តក្រូចសើចជាកន្លែងសហករណ៍កិនស្រូវ ដំដែក។ ខ្ញុំបានឃើញខ្មែរក្រហមជម្លៀសមកពីភ្នំពេញដាក់នៅវត្តក្រូចសើចក្នុងវិហារ និងយកទៅសម្លាប់ចោលចងទាំងខ្សែៗនៅលើភ្នំភ្លៀងស្រិចបណ្ដើរយកទៅ។ ខ្មែរក្រហមចាប់មក ខ្ញុំនៅក្មេងៗរត់ទៅមើលសួរអ្នកយាមប្រាប់ថាយកមកពីភ្នំពេញ រួចដេញខ្ញុំឲ្យកន្លែងវិញ។ នៅពេលនោះ មិនសូវហៅទៅប្រជុំទេ ចំណែកគ្រូប្រជុំនៅក្នុងសាលាល្វាទេរពីរឿងប្រឹងធ្វើការងារ។ ម្ដាយខ្ញុំធ្វើការនៅក្នុងវត្ត ខាងកងកិនស្រូវ ខ្មែរក្រហមឲ្យហូបបបររាវក្នុង១ថ្ងៃ២ដងគឺពេលថ្ងៃត្រង់និងពេលល្ងាច។
នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានខ្មែរក្រហមឲ្យរៀនធ្វើពេទ្យនិយាយថា ប្រវត្តិគ្រួសារខ្ញុំល្អ ឲ្យទៅរៀននៅភូមិអង្គួញដីនៅក្នុងវត្តរយះពេលជិត១ឆ្នាំ។ ខ្ញុំរៀនពេទ្យ តែខ្មែរក្រហមធ្វើការកាប់ព្រៃតាមភ្លឺស្រែ ដក ស្ទួងស្រូវ ខ្ញុំខ្លាចឈ្លើងរត់វង្វេងផ្លូវនៅអង្គួដី បានជួបតានិងចៅកំពុងកាប់អុស។ តាសួរទៅណាក្មួយ ខ្ញុំប្រាប់ថាវង្វេងផ្លូវ តានិយាយថាព្រៃនេះមានសុទ្ធតែខ្លាក្មួយ ចាំទៅជាមួយតា។ ខ្ញុំអង្គុយលើរទេះ ចាំតាកាប់អុសពេញរទេះជូនមកកន្លែងរៀនពេទ្យវិញ។ ខ្ញុំត្រូវចាក់ថ្នាំឲ្យអ្នកជម្ងឺ ដែលមានដបថ្នាំប៉ុនទឹកក្រូច។ ថ្នាំហើម យកស្រូវលីងកិនគ្រាប់ឡែងឲ្យម៉ត់ជាមួយទឹកឃ្មុំ លុញសូន្យប៉ុនកូនដៃ។ ថ្នាំទឹក តានៅខាងឳសថយកដើមឈើនិងឬសឈើមកចំហុយចេញញើសធ្វើជាថ្នាំ ទឹកថ្លា និងទៅបើកនៅកំពង់ចាម។ នៅពេលចាក់ថ្នាំអ្នកជម្ងឺរួច ខ្ញុំត្រូវយកសារាំង ម្ជុល មកចំហុយលាងសម្អាតទឹកក្ដៅ ដើម្បីអនាម័យ ខ្ញុំធ្វើពេទ្យនៅភូមិមាន់ហើរមានមន្ទីរពេទ្យឥឡូវបាក់ច្រាំងចូលទន្លេហើយ។ ថ្នាំប្រើប្រាស់ទៅលើអ្នកជម្ងឺ គ្រុនពោះវៀន គ្រុនក្ដៅ មានប្រជាជនឈឺមកដេកនៅមន្ទីរពេទ្យ ព្យាបាលបានជា ខ្មែរក្រហមប្រើឲ្យទៅធ្វើការស្ទួងស្រូវ។ ខ្ញុំមិនដែលជួបអ្នកជម្ងឺ ឈឺធ្ងន់ទេ ការព្យាបាលជម្ងឺមានពេទ្យច្រើន ខ្ញុំធ្វើពេទ្យរយះពេល២ឆ្នាំ។ ប្រធានកងភាគច្រើនពួកនិរតី និយាយរដឺនមកចាប់ប្រជាជនសម្លាប់នៅពេលដែលធ្វើអ្វីមួយខុសដូចការលួចហូបចុក។
ខ្ញុំបានរួចផុតពីទុកវេទនានឹងសេចក្ដីស្លាប់ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេសនិងប្រជាជនពីរបបខ្មែរក្រហម។ ឪពុកខ្ញុំបានបររទេះគោទៅយកស្រូវនៅទីរួមខេត្តកំពង់ចាមចំនួន២ដឹករទេះគោ។ ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។
IV. ផែនទីសម្រាប់រៀបចំទីតាំងប្រវត្តិសាស្រ្តសម្រាប់ទស្សនកិច្ចស្រាវជ្រាវ និងទេសចរណ៍
អ្នកសិក្សាស្រាវជ្រាវ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អាចធ្វើដំណើរដោយការជិះកង់ចេញពីការិយាល័យនៃមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាមទៅកាន់ទីតាំងក្នុងផែនទីដែលបានភ្ជាប់ខាងលើនេះ។ សកម្មភាពក្នុងអំឡុងពេលជិះកង់ មានដូចជា៖ ការស្ដាប់សាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ការស្ដាប់រឿងព្រេងនិទានខ្មែរទាក់ទងហ្នឹងទន្លេមេគង្គ, ការទស្សនាប្រាសាទបុរាណខ្មែរ, ការថតរូបជាមួយទេសភាពដ៏ស្រស់ស្អាតនៅលើខ្នងភ្នំហាន់ជ័យ, ទស្សនៈកិច្ចនៅទំនប់ខ្មែរក្រហម និងរមណីយដ្ឋានប្រវត្តិសាស្រ្តនានា។ ពេលជិះកង់ទៅកាន់ទីតាំងប្រវត្តិសាស្រ្ត និងទេសចរណ៍នេះ អាចចំណាយរយៈពេល៨ម៉ោង។
Kampong Cham Documentation Center: Meeting with Khmer Rouge Survivors on Community Development Initiatives.
Photo by Ly David and Sang Chanthou
November 17-19, 2025
Documentation Center of Cambodia Archives