គរុសិស្សនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ធ្វើទស្សនកិច្ចសិក្សាមកកាន់ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម
ដោយ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ គរុសិស្សជំនាន់ទី៣២ ឯកទេសប្រវតិ្តវិទ្យា-ភូមិវិទ្យា នៃមជ្ឈមណ្ឌលគរុកោសល្យភូមិខេត្តកំពង់ចាម សរុបចំនួន៩នាក់ ធ្វើទស្សនៈកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ គរុសិស្សទាំងអស់ ទទួលបានកម្មវិធីសិក្សា រួមមាន ទី១) បទបង្ហាញអំពីពិព័រណ៍ប្រវត្តិមេដឹកនាំខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំ, និងការកាត់ទោសមេដឹកនាំខ្មែរក្រហម; ទី២) ការអានសៀវភៅ និងឯកសារនៅបណ្ណាល័យខ្មែរក្រហម និងបន្ទប់បណ្ណសារនៃមជ្ឈមណ្ឌល; ទី៣) ការទស្សនាវីដេអូឯកសារ៖ កុំស្មានបងភ្លេចខ្មែរបាត់បង់តន្រ្តីរ៉ក់; និងទី៤) កិច្ចសន្ទានអន្តរជំនាន់អំពីការចងចាំរបស់ជនភៀសខ្លួនកម្ពុជានៅជំរំណងចាន់។
ជាកិច្ចចាប់ផ្តើម ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម ទទួលស្វាគមន៍ និងធ្វើបទបង្ហាញទៅកាន់គរុសិស្សស្ដីពីពិព័រណ៍អចិន្ត្រៃយ៍ដែលបង្ហាញអំពីប្រវត្តិមេដឹកនាំខ្មែរក្រហម, ព្រឹត្តិការណ៍ការជម្លៀសប្រជាជនដោយបង្ខំ, ការបង្ខំធ្វើការជាជាទំងន់នៅការដ្ឋានលើកទំនប់, និងការដួលរលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។ បន្ទាប់មកទៀត គរុសិស្សទាំងអស់បានចូលទៅកាន់បណ្ណាល័យខ្មែរក្រហម និងបន្ទប់បណ្ណសារខ្មែរក្រហម ដើម្បីស្វែងយល់អំពីប្រភពធនធានសៀវភៅ និងឯកសារអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។ គរុសិស្សទាំងអស់ក៏បានបន្តការទស្សនាពិព័រណ៍ស្ដីពី«ក្តីសង្ឃឹមកម្ពុជា»។ ក្រោយពីគរុសិស្សទាំងអស់បានបញ្ចប់ការទស្សនាផ្ទាំងពិព័រណ៍, គរុសិស្សទាំងអស់បានចំណាយពេលជិត២ម៉ោង ដើម្បីទស្សនាខ្សែភាពយន្តឯកសារ ដែលមានចំណងជើងថា «កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្ត្រីរ៉ក់» ដែល បង្ហាញពីដំណើរប្រវត្តិសាស្រ្តរបស់កម្ពុជាចាប់តាំងពីសម័យអាណានិគមនិយមបារាំង រហូតមកដល់សម័យបច្ចុប្បន្ន ដែលបានឆ្លុះបញ្ចាំងអំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ការផ្ទុះឡើងនូវសង្រ្គាមស៊ីវិលនៅកម្ពុជា របបប្រល័យពូជសាសន៍ខ្មែរក្រហម និងការកសាងប្រទេសជាតិមួយឡើងវិញ។
ក្រោយពីការចាក់បញ្ចាំងខ្សែភាពយន្តឯកសារនេះបានបញ្ចប់, ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម បានធ្វើបទបង្ហាញបន្ថែមទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហម និងសម្របសម្រួលកិច្ចសន្ទនាអន្តរជំនាន់រវាងអ៊ុំស្រី គឹម អាត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានចែករំលែកបទពិសោធន៍ក្នុងរបបខ្មែរក្រហម និងជីវិតរស់នៅជាជនភ្លៀសខ្លួនខ្មែរម្នាក់ នៅជំរំណងចាន់។ អ៊ំស្រី គឹម អាត បានគូសបញ្ជាក់ថា៖ «ជំរំណងចាន់ គឺស្ថិតនៅក្នុងទឹកដីខ្មែរ មិនមែនទឹកដីថៃទេ តែវាចង់បាននិយាយថាទឹកដីវា។ អូរបីជាន់ សុទ្ធតែជាទឹកដីខ្មែរ។ ទឹកដីថៃ នៅឆ្ងាយមានទំនប់មួយកាត់ផ្លូវ មិនឲ្យខ្មែរយើងចូលបានទេ។» បន្ទាប់ពីបទបង្ហាញនិងការនិយាយចែករំលែកបានបញ្ចប់, គរុសិស្សបានបន្តសួរចំនួរជាច្រើនបន្ថែមទៀតទាក់ទងការរស់នៅក្នុងរបបខ្មែរក្រហម និងផលវិបាកដែលជនភៀសខ្លួនខ្មែររស់នៅជំរំ ក្រោយរបបខ្មែរក្រហមដួលរំលំ។
ខាងក្រោមនេះ គឺជាមតិយល់ឃើញរបស់គរុសិស្ស ដូចខាងក្រោម៖
ជឿន ឈុនអ៊ាង គរុសិស្សឯកទេសប្រវតិ្តវិទ្យា-ភូមិវិទ្យា ជំនាន់ទី៣១ នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម បានលើកឡើងថា៖ «នេះគឺជាលើកទី១សម្រាប់ខ្ញុំដែលបានចូលមកទស្សនានៅមជ្ឈមណ្ឌលកម្ពុជា សាខាខេត្តកំពង់ចាម និងទស្សនាភាពយន្តឯកសាររឿងកុំស្មានបងភ្លេចនេះ។ ការទស្សនាវីដេអូនេះ គឺមិនមានការធុញទ្រាន់នោះឡើយ ដោយសារតែបទចម្រៀងពីរោះៗពីសម័យមុនបានដាក់បញ្ចូលក្នុងខ្សែភាពយន្តឯកសារនេះ ដែលខ្ញុំចូលចិត្ត។ ខ្ញុំបានដឹងអំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃទេសកម្ពុជា ត្រូវបានរៀបរ៉ាប់តាមលំដាប់លំដោយ ក្នុងសម័យកាលនីមួយៗ។ បន្ថែមលើនេះទៀត ខ្ញុំបានជួបនិងស្ដាប់សាច់រឿងផ្ទាល់របស់អ៊ំស្រី គឹម អាត ដែលជាសាក្សីរស់ឆ្លងកាត់ជីវិតក្នុងរបបខ្មែរក្រហម និងជំរំជនភៀសខ្លួននៅជាយដែន ដែលសែនលំបាកវេទនា និងខ្លោចផ្សារឈឺចាប់ ទម្រាំអាចរួចរស់ជីវិតរស់នៅដល់សព្វថ្ងៃ។»
ឃុំ ណាវ៉ាត់ គរុសិស្សឯកទេសប្រវតិ្តវិទ្យា-ភូមិវិទ្យា ជំនាន់ទី៣១ នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម បានលើកឡើងថា៖ «ខ្ញុំពិតជារៀនសូត្របានច្រើនផងពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ តាមរយៈទស្សនាផ្ទាំងពិព័រណ៍ប្រវត្តិសាស្រ្ត, ការសៀវភៅ និងឯកសារ ដែលមាននៅក្នុងមជ្ឈមណ្ឌលនេះ។ ខ្សែភាពយន្តឯកសារ ក៏បានធ្វើឲ្យខ្ញុំនៅស្វែងយល់កាន់ច្បាស់ពីបរិបទប្រវត្តិសាស្រ្តខ្មែរដែលបានកើតឡើងក្នុងប្រវត្តិសាស្រ្តសម័យទំនើបកម្ពុជា។»
Kampong Cham Documentation Center: Film Screening & Lecture on Khmer Rouge History.
Pre-service Teachers at Regional Teacher Training Center Kampong Cham
A documentary film, entitled “Don’t Think I’ve Forgotten: Cambodia’s Lost Rock and Roll.”
Text by Sang Chanthou
Photo by Ly David
Date: September 10, 2025
Documentation Center of Cambodia Archives