Home / Post

Hill Tribes Memory Community Center: សាវតារសង្ខេបស្តីពីប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ, ថេរដីការបស់ ព្រះបវរសត្ថា ហួរ សារិទ្ធិ វត្តលង្កាព្រះកុសមា រាម។

 

 

បុណ្យភ្ជុំបិណ្ឌនេះ មានប្រភពតាំងពីនៅក្នុងសម័យពុទ្ធកាលមកម៉្លេះ ចំណែកឯក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះគឺមានតាំងពីពុទ្ធសតវត្សរ៍ទី៣ក្នុងពុទ្ធទសវត្សរ៍២៣៤ឆ្នាំ។ចាប់តាំងពីព្រះពុទ្ធសាសនាបានផ្សាយ មកដល់ដែនដីសុវណ្ណភូមិ ហើយដែលយើងបានជឿនិងគោរពប្រតិបត្តិជាហូរហែរមក ប៉ុន្តែនៅក្នុងឯកសារព្រះរាជពង្សាវតារប្រទេសកម្ពុជា ក្នុងរជ្ជកាលព្រះករុណា ព្រះបាទហរិររាមាឥស្សរាធិបតីព្រះអង្គឌួង ចាប់ពីឆ្នាំ១៨៤៨ រហូតដល់ឆ្នាំ១៨៥៩ គឺមានសរសេរពាក់ព័ន្ធជាមួយ និងព្រះរាជពិធីទ្វាទសមាស ជាពិសេស គឺបុណ្យភ្ជុំបិណ្ឌនិងបុណ្យដាក់បិណ្ឌ។ ទាំងនេះគឺព្រះពុទ្ធសាសនា ពិធីបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យនានា មានដំណើរដើមទងតាំងពីសម័យបុព្វកាលមក ប៉ុន្តែមានជារបៀបរបបជាក់លាក់ច្បាស់លាស់ គឺចាប់តាំងពីក្នុងរជ្ជកាលព្រះបាទហរិររាមាឥស្សរាធិបតី ព្រះអង្គឌួង ក្នុងឆ្នាំ១៨៤៨ ដល់ ឆ្នាំ១៨៥៩ នៃគ្រឹះសករាជ។ រីឯ កម្មវត្ថុនៃបុណ្យទក្ខិណានុប្បទាន ដែលយើងឲ្យឈ្មោះថា៖ បុណ្យភ្ជុំបិណ្ឌ និងបុណ្យដាក់បិណ្ឌនេះ គឺជាគោលបំណងចម្បងនេះឯងគឺបានឧទ្ទិសមហាកុសលជូនដល់បេតជនទាំងឡាយដែលធ្វើកាលកិរិយាទៅ។ ពាក្យថា”បេតជន” បានសេចក្តីថា៖ បេតកជន ប្រែមកថា “អ្នកស្លាប់” អ្នកដែលបានស្លាប់ទៅ គឺយើងធ្វើបុណ្យឧទ្ទិសកុសលជូនដល់ទៅគាត់។ អ្នកណាក៏ដោយដូចជា ជីដូនជីតា សាច់ញាតិ បងប្អូន រហូតដល់វីរជន ឥស្សរជន ឫុ យុទ្ធជនដែលបានធ្វើកាលកិរិយា គឺស្លាប់ទៅ គឺយើងធ្វើបុណ្យនឹងឧទ្ទិសមហាកុសលជូនទៅបាន ។

ក្នុងឳកាសដែលរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជា បានប្រារព្ធធ្វើនូវពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅក្នុងឆ្នាំ២០២៥នេះ និងនៅក្នុងឳកាសដែលប្រកបដោយបុណ្យកុសលនេះដែរ ប្រព័ន្ធផ្សព្វផ្សាយជាតិបានមកផ្តិត យកនូវរូបភាពក៏ដូចជាការសាកសួរសំណួរដល់ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព នូវខ្លឹមសារទាំងឡាយ ដែលពាក់ពន្ធ័ជាមួយខ្លឹមសារនៃព្រះរាជពិធីបុណ្យភ្ជុំបិណ្ឌ និងដាក់បិណ្ឌ ដែលជារបៀបប្រពៃណីព្រះពុទ្ធសាសនានិងប្រពៃណីរបស់ជាតិ ដើម្បីចែកជូនទៅដល់អ្នកស្តាប់និងទស្សនារបស់កម្ពុជាឲ្យបានជ្រាបបន្ថែម ក្រែងលោភ្លេចជាច្រើនឆ្នាំកន្លងទៅ។ នៅសំណួរជាដំបូងនេះបានលើកឡើងថា៖ តើព្រះរាជពិធីបុណ្យដាក់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ មានប្រវត្តិកកើតមកតាំងពីត្រឹមណា៎មក? ឆ្លើយទៅនឹងសំណួរនេះ អនុញ្ញាតឲ្យទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព ឆ្លើយទៅតាមទិដ្ឋភាពពីរយ៉ាង៖ ទី១ គឺឆ្លើយទៅតាមទិដ្ឋភាពខ្លឹមសារនៃព្រះពុទ្ធសាសនា និងទី២ គឺឆ្លើយទៅតាមរបត់ប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា។

ចម្លើយទី១ ប្រវត្តិទាក់ទងទៅនឹងពិធីបុណ្យដាក់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ គឺមានចែងក្នុងគម្ពីរដីការបស់ព្រះពុទ្ធសាសនា ប្រវត្តិនេះមិនមែនត្រឹមតែនៅក្នុងពុទ្ធសាសនយុកាលនៃព្រះពុទ្ធនាមសមណគោត្តមនោះទេ គឺមានតាំងពីសម័យព្រះពុទ្ធព្រះនាមបទុមុត្តរ បន្ទាប់អំពីព្រះពុទ្ធព្រះនាមបទុមុត្តរ គឺព្រះពុទ្ធព្រះនាម កស្សប ហើយរហូតមកដល់បច្ចុប្បន្ននេះ គឺព្រះពុទ្ធនាមសមណគោត្តម ព្រះបរមគ្រូ សុទ្ធតែព្រះបរិនិពា្វនអស់ហើយ ប៉ុន្តែគឺនៅសល់សាសនា។ អញ្ជឹងប្រវត្តិហ្នឹង គឺមានរឿងរ៉ាវតាំងពីក្នុងនោះមក ហើយព្រះសម្មាសម្ពុទ្ធនៃយើង ព្រះអង្គទ្រង់សម្តែងរឿងហ្នឹង ទុកនៅក្នុងគម្ពីរព្រះពុទ្ធសាសនា មានគម្ពីរបេតវត្ថុ គម្ពីរវិមានវត្ថុ ឫុ នៅក្នុងគម្ពីរធម្មបទខុទ្ទកនិកាយ និងអដ្ឋកថាដីកាមួយចំនួនបន្សល់ទុកសម្រាប់ជាប្រទីបទ្រោលបំភ្លឺឲ្យអ្នកកាន់ព្រះពុទ្ធសាសនាជំនាន់ក្រោយគោរពប្រតិបត្តិតាម។នេះពាក់ព័ន្ធនឹងចម្លើយដែលសំណួរសួរ ថាតើមានប្រវត្តិពីណាមក?គឺផ្អែកទៅលើឯកសារព្រះពុទ្ធសាសនាគឺមានប្រវត្តិដោយសង្ខេបខ្លីបែបនេះ។

ដោយឡែកសម្រាប់ប្រទេសកម្ពុជា ដែលជាអ្នកជឿស៊ុបគោរពទៅតាមពុទ្ធោវាទ ហើយដាក់ទុកថាព្រះពុទ្ធសាសនាជាសាសនារបស់ជាតិ បរិស័ទ៩០ភាគរយប្លាយ គោរពប្រតិបត្តិតាម នៅក្នុងនោះមានអ្នកប្រាជ្ញបណ្ឌិត តាំងពីក្នុងបុព្វកាលរហូតមកដល់សម័យនេះ។ បើយើងគិតថា ព្រះពុទ្ធសាសនាចូលមកក្នុងអាស៊ីអាគ្នេយ៍ ឫុសុវណ្ណភូមិនេះ តាំងពីពេលណាមក? គឺចាប់តាំងពីពេលពុទ្ធសតវត្សរ៍ទី៣មកម្ល៉េះ គឺ២៣៤ឆ្នាំ ក្រោយអំពីព្រះពុទ្ធបរិនិពា្វនទៅ។ អីចឹងក្នុងពុទ្ធសតវត្សរ៍ទី៣រហូតដល់សម័យក្រោយអង្គរ ឫុហៅថា៖ បច្ឆា អង្គរ និងសម័យលង្វែក សម័យចតុម្មុខ សម័យឧត្តុង្គ និងសម័យទួលបាសាន អ្នកប្រាជ្ញរបស់ព្រះពុទ្ធសាសនា លោកបានប្រតិបត្តិមួយផ្នែកជាទំនៀមទម្លាប់ មួយផ្នែកមានលក្ខដ្ឋានត្រឹមត្រូវច្បាស់លាស់ ប៉ុន្តែនៅក្នុងគ្រឹះសករាជ១៨៤៨ នៅក្នុងរាជ្ជកាលរបស់ព្រះករុណា ព្រះបាទព្រះបរមកោដ្ឋ ព្រះបាទហរិររាមាឥស្សរាធិបតីព្រះអង្គឌួង មានពង្សាវតារមួយឈ្មោះថា៖ ព្រះរាជពង្សាវតារប្រទេសកម្ពុជា នៅក្នុងនោះគឺមានប្រវត្តិសរសេរចារកត់ត្រាទុកជារបៀបពិធីទ្វាទសមាស គឺព្រះរាជពិធីបុណ្យព្រះពុទ្ធសាសនាផង បុណ្យដែលពាក់ព័ន្ធនឹងក្សត្រផង និងបុណ្យដែលពាក់ព័ន្ធជាមួយពិធីប្រពៃណីទំនៀមទម្លាប់របស់ប្រជាជន នៅក្នុងប្រទេសកម្ពុជាផង គឺមាន១២ខែ ដោយគិតចាប់ពីខែពិសាខ រហូតមកដល់ ខែចែត្រ។ ក្នុង១២ខែ គឺក្នុងខែនីមួយៗសុទ្ធតែមានព្រះរាជពិធីទាំងអស់ ព្រះរាជពិធីពាក់ព័ន្ធជាមួយព្រះពុទ្ធសាសនាដែលហៅថា៖ ពុទ្ធសាសនពិធី ព្រះរាជពិធីទាក់ទងជាមួយព្រះមហាក្សត្រដែលហៅថា៖ ព្រះរាជសាសនពិធី និងពិធីពាក់ពន្ធ័និងទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ ហៅថា៖ ព្រះរាជពិធីប្រពៃណីជាតិ គឺមានដូចជាពិធីចូលឆ្នាំជាដើម។ នៅក្នុងព្រះរាជពិធីទ្វាទសមាសទាំង១២ខែ ក្នុងព្រះរាជពង្សាវតារប្រទេសកម្ពុជា សម័យរបស់ព្រះបាទព្រះករុណា ព្រះអង្គឌួង ក្នុងគ្រឹះសករាជ១៨៤៨ រហូតដល់១៨៥៩ មានប្រវត្តិតាក់តែងជាក្បួន ជាខ្នាត ជាច្បាប់ សម្រាប់ឲ្យនត្តាបច្ឆាជនជំនាន់ក្រោយ ជាពិសេសព្រះរាជពិធី ក្នុងព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រ និងប្រតិបត្តិតាមទ្វាទសមាសនៃខែនីមួយៗ ក្នុងនោះគឺខែភទ្របទនេះ ព្រះមហាក្សត្រគ្រប់ព្រះអង្គកាលបើបានសោយរាជ្យ គ្រប់សម័យកាលទាំងអស់ តោងតែដល់ខែភទ្របទ គឺចាប់ពីថ្ងៃទី១រោចខែភទ្របទនេះឡើងទៅរហូតដល់ថ្ងៃ១៥រោច គឺមានព្រះរាជពិធីធ្វើបុណ្យឧទ្ទិសកុសលដល់បេតកជនតាមថ្ងៃនីមួយៗ ហៅថា៖ បុណ្យកាន់បិណ្ឌ ហើយដល់ថ្ងៃ១៥រោច ខែភទ្របទ គឺបុណ្យភ្ជុំបិណ្ឌ។ ដូច្នេះចម្លើយឆ្លើយមកវិញថា សំណួរសួរថាតើព្រះរាជពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌនេះមានប្រវត្តិទាក់ទងមកពីខាងណា? គឺមានប្រវត្តិទាក់ទងផ្នែកព្រះពុទ្ធសាសនាផង និងនៅក្នុងប្រវត្តិទាក់ទងប្រទេសកម្ពុជានេះផង គឺប្រទេសកម្ពុជាមានប្រវត្តិនៅក្នុងព្រះរាជពង្សាវតារខ្មែរ ប្រទេសកម្ពុជា ក្នុងសម័យរបស់ព្រះករុណា ព្រះបាទព្រះបរមកោដ្ឋ គឺព្រះបាទហរិររាមាឥស្សរាធិបតីព្រះអង្គឌួង គឺចាប់ពីឆ្នាំ១៨៤៨ ដល់ ឆ្នាំ១៨៥៩។

អំពីរបៀបធ្វើបុណ្យភ្ជុំបិណ្ឌនិងកាន់បិណ្ឌរបស់ខ្មែរ មានន័យថា៖ កម្ពុជាគឺខ្មែរ ដែលទទួលបាននូវព្រះពុទ្ធសាសនាយូរមកហើយ ហើយបានដាក់ព្រះទ័យនិងដាក់ចិត្តគោរពប្រតិបត្តិនេះ ទាំងព្រះមហាក្សត្រ ទាំងមន្រ្តីរាជការ ទាំងប្រជារាស្ត្រ គឺគោរពព្រះពុទ្ធសាសនានិងធ្វើបុណ្យភ្ជុំបិណ្ឌនេះ យូរអង្វែងមកមុននឹងឆ្នាំ១៨៤៨នោះមកទៀត ប៉ុន្តែមិនទាន់រៀបជាកម្មវិធីរបៀបវារ:ក្នុងឆ្នាំនីមួយៗឲ្យបានច្បាស់លាស់ ប៉ុន្តែចាប់ពីរជ្ជកាលរបស់ព្រះបាទព្រះអង្គឌួងមក គឺមានរបៀបបែបផែនច្បាស់លាស់ជាក្បួន និងខ្នាតថាតើត្រូវធ្វើបែបម៉េច។ កាលពីសម័យដើមយើងដឹងស្រាប់ហើយថា កម្ពុជាយើងគឺលិចអណ្តែតទៅតាមសម័យកាល សម័យកាលណាទទួលបានសុខសន្តិភាព សម័យកាលនោះរបៀបធ្វើបុណ្យសុន្ទរ៍កុសលទាំងព្រះមហាក្សត្ររហូតដល់ប្រជារាស្រ្តក៏បានរីកចម្រើនធំធាត់ទៅ សម័យកាលណាដែលយើងត្រូវបានរុកគួនទៅដោយអមិត្ត ឫុសង្រ្គាម យើងក៏ធ្វើបុណ្យសុន្ទរ៍កុសលទៅតាមស្ថានភាពនោះទៅ។ បានសេចក្តីថា សម័យមុនបច្ឆាអង្គរ ទាំងហេដ្ឋារចនាសង្គម ទាំងហេដ្ឋារចនារូបវ័ន្ត និងជាពិសេស គឺជីវភាពរបស់ប្រជាជននៅមានកម្រិតនៅឡើយ ហេតុដូច្នេះបរិបទនោះ សម្រាប់ការបំពេញកុសលក្នុងឪកាសបុណ្យភ្ជុំបិណ្ឌ និងដាក់បិណ្ឌ គឺជារបៀបស្របទៅតាមបរិបទនោះ ដោយឡែកក្នុងបច្ចុប្បន្នសម័យយើងនេះ គឺទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងគមនាគមន៍ ទាំងជីវភាពនិងស្ថានភាពសុវត្ថិភាពនៃសង្គម និងការយល់ដឹងជាពិសេសគឺភាពបរិបូរណ៌ដោយអាហារ សម្លៀកបំពាក់របស់ប្រជាជន ហេតុដូច្នេះការដែលបំពេញបុណ្យកុសលចុងរដូវភ្លៀងហ្នឹងរបស់ប្រជាជនដែលស្ថិតនៅក្នុងស្ថានភាពស្ងប់ល្អ ហើយសម្បូរទៅដោយអាហារភោជន សម្លៀកបំពាក់ សុខសុវត្ថិភាព របៀបធ្វើបុណ្យសុន្ទរ៍ទានក៏អនុលោមទៅតាមបរិយាកាសដូច្នេះដែរ ដូចដែលយើងបានឃើញស្រាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ពេលដាក់បិណ្ឌ និងពេលភ្ជុំបិណ្ឌ មិនខុសគ្នាទេព្រោះរបៀបហ្នឹង គឺមានតាំងពីអើយរ៉ាមកអីចឹង ប៉ុន្តែបើនៅក្នុងព្រះរាជពិធីក្នុងព្រះបរមរាជវាំង វេនទី១៣និង១៤ ជាថ្ងៃពិសេសជាងបន្តិច គឺវេនថ្ងៃទី១២ ១៣ ១៤ និង១៥ គឺថ្ងៃពិសេសជាងរាស្រ្តយើងធម្មតាបន្តិច ប៉ុន្តែរបៀបរបបគឺដូចគ្នាដដែលទេ។ សីលក៏ដោយ ភ្ជុំក៏ដោយ គឺគ្មានធំទេ ថ្ងៃសីលគឺគ្មានធំ គ្មានតូចទេ ថ្ងៃសីលគឺថ្ងៃសីលហើយ ថ្ងៃសីលគឺថ្ងៃឧបោសថ ខុសពីថ្ងៃសីលថ្ងៃឧបោសថ គឺជាថ្ងៃធម្មតា ភ្ជុំក៏អញ្ចឹងដែរ ភ្ជុំអត់មានធំទេគឺភ្ជុំ ឯថ្ងៃទាំង១៤ថ្ងៃ គឺគេហៅថាថ្ងៃបិណ្ឌ ថ្ងៃទី១ហៅបិណ្ឌ១ ទី២បិណ្ឌ២ ថ្ងៃបិណ្ឌ៣ បិណ្ឌ៤ បិណ្ឌ៥ និង។ល។ រហូតដល់បិណ្ឌ១៤ ដល់ថ្ងៃទី១៥ហ្នឹង គឺមិនមែនថ្ងៃបិណ្ឌទេ គឺជាថ្ងៃភ្ជុំ មិនធំទេបានសេចក្តីថា៖ ប្រជុំ។ ភ្ជុំហ្នឹង ថ្ងៃប្រជុំ គឺប្រជុំបិណ្ឌតាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ មកធ្វើជុំគ្នាហ្នឹង ហើយឆ្លងតែម្តងទាំងអស់គ្នាបញ្ចប់បិទកម្មវិធីដាក់បិណ្ឌ និងភ្ជុំបិណ្ឌហ្នឹងត្រឹមហ្នឹង អញ្ចឹងរបៀវារហ្នឹងឯង គឺអត់មានប្រែប្រួលទេ តាំងពីសម័យដើមរហូតដល់សម័យនេះ។ កម្ពុជាយើង គឺអនុលោមតាមគំនិតរបស់អ្នកប្រាជ្ញ ទាំងផ្នែកព្រះសង្ឃ កាលនោះតាមដឹងថាផ្នែកព្រះសង្ឃ គឺមានសម្តចព្រះមហាសង្ឃរាជ និល ទៀង ជាដើម គឺជាអ្នករៀបចំកម្មវិធីនេះ ព្រោះលោកឈ្លាសប្រតិពល គេហៅថា៖ អ្នកសិក្សារៀនសូត្រព្រះពុទ្ធសាសនាបានជ្រៅណាស់ ទាំងគម្ពីរធម្មបទ ទាំងមង្គល ទាំងវិសុទ្ធិមគ្គ ទាំងព្រះអភិធម្ម ទាំងព្រះវិន័យ លោកចេះដឹងជ្រៅជ្រះនៅក្នុងអត្ថបទហ្នឹង ហើយអ្នកប្រាជ្ញផ្នែកខាងព្រះពុទ្ធសាសនាជាគ្រហស្គ គឺព្រះករុណាព្រះបាទហរិររាមាឥស្សរាធិបតី ព្រះអង្គឌួងហ្នឹង លោកជាអ្នកប្រាជ្ញលោកចេះចាំព្រះពុទ្ធសាសនាជ្រៅជ្រះណាស់ ហើយក្រុមខាងគ្រហស្គនិងក្រុមខាងព្រះសង្ឃ លោកបានជួបជុំគ្នាពិភាក្សាគ្នាធ្វើជាកម្មវិធីហ្នឹង អនុលោមទៅតាមខែនីមួយៗ បានកំណត់នៅក្នុងរបៀបវារហ្នឹង ហៅថា៖ ព្រះរាជពិធីទ្វាទសមាស មានមកដល់សព្វថ្ងៃហ្នឹង ឯកសារហ្នឹង មិនខ្វះទេ ក្នុងឯកសារហ្នឹង គឺអធិប្បាយដដែលៗជារៀងរាល់ឆ្នាំ។ យើងជាអ្នកនៅរស់ យើងប្រាថ្នាចង់បានហូបឲ្យឆ្អែត ស្លៀកពាក់ឲ្យល្អ រស់នៅដោយសុខស្រួល ដូច្នោះបេតកជនរបស់យើងដែលបានធ្វើកាលកិរិយាទៅហើយ តើលោកនឹងដល់នូវសេចក្តីទុក្ខលំបាកបែបណា? ហេតុដូច្នេះក៏ត្រូវតែសង្គ្រោះដល់លោកដែរ អីចឹងរបៀបវារហ្នឹង គឺនៅរក្សាដដែលទេ។

ចម្លើយទី២ ពិធីបុណ្យព្រះពុទ្ធសាសនាមួយនេះ នៅក្នុងរដូវភ្លៀងនេះនៃខែងងឹតនេះ ខ្លឹមសារចម្បងនិងខ្លឹមសារសំខាន់ទាំងដាក់បិណ្ឌនិងភ្ជុំបិណ្ឌ គឺដើម្បីឧទ្ទិសផលទាំងអស់នេះសង្រ្គោះដល់បេតកជន។ ពាក្យថា៖ បេតជន ឫុ បេតកជន ប្រែមកថា៖ អ្នកស្លាប់ តើហ្នឹងអ្នកណា អ្នកស្លាប់? គឺជាញាតិរបស់យើងណឹង! ម្តាយឪពុក បងប្អូនកូនក្មួយរបស់យើងអ្នកស្លាប់ទៅហ្នឹង! បុណ្យហ្នឹងគេធ្វើដើម្បីឧទ្ទិសទៅដល់បេតកជន ហើយបេតកជនដែលស្លាប់ទៅហើយនឹងមកទទួលផលនៅក្នុងរដូវវស្សា ក្នុងខែងងឹត បុណ្យភ្ជុំបិណ្ឌនិងដាក់បិណ្ឌហ្នឹង បេតកជនហ្នឹង ស្លាប់ទៅកើតក្នុងស្ថានមួយឈ្មោះថា៖ បរទត្តូបជីវិកា ដែលមកទទួលផលហ្នឹង បានសេចក្តីថា៖ គាត់ស្លាប់ទៅ គឺគាត់មិនទៅកើតជាមនុស្ស ស្លាប់ទៅគាត់អត់បានទៅកើតជាទេវតា ស្លាប់ទៅគាត់អត់បានកើតនៅទីណាទេ ហើយក៏យើងមិនបានដឹងគាត់ស្លាប់ទៅកើតជានរក ឫុកើតទៅជាប្រេត ឫុកើតទៅជាតិរច្ឆានទេ ប៉ុន្តែផលបុណ្យរបស់យើង ដែលឧទ្ទិសទៅនេះគឺយើងផ្សងទៅដល់ពេលដែលគាត់ស្លាប់ហើយទៅទីណាមិនដឹងទេ ជាពិសេសក្នុងជាតិបំផុតរបស់គាត់នឹងជិតបានចាប់កំណើតជាមនុស្ស គាត់នឹងយកកំណើតក្នុងស្ថានមួយឈ្មោះថា៖ បរទត្តូបជីវិកាប្រេត យើងឧទ្ទិសទៅដល់ណឹង នៅពេលដែលយើងឧទ្ទិសទៅជូនដល់គាត់ភ្លាម គាត់ទទួលភ្លាម អានុភាពហ្នឹងឯងញ៉ាំងអត្តភាពឲ្យគាត់បានកើតជាមនុស្ស អីចឹងបាន កម្មវត្ថុនៃទក្ខិណានុប្បទាន ឫុ វារិកភតដែលយើងធ្វើ១៤ថ្ងៃ និង១៥ថ្ងៃ នៃថ្ងៃភ្ជុំហ្នឹងឯង គឺដើម្បីឧទ្ទិសដល់បេតជនរបស់យើងទាំងឡាយណា ដែលបានកើតក្នុងបរទត្តូបជីវិកា។

នៅក្នុងឳកាសដែលយើងបំពេញកុសល១៥ថ្ងៃនេះ គប្បីយុវជនទាំងឡាយដែលជាអ្នកស្នងមរតករបស់ដូន តា គឺឪពុកម្តាយរបស់យើង ពីព្រោះយើងជាសរសរទ្រូងរបស់ប្រទេសជាតិផង ជាអ្នកទ្រទ្រង់សាសនាអក្សរសាស្រ្ត ភាសារបស់ជាតិ ជាពិសេសប្រពៃណីទំនៀមទម្លាប់ផង អញ្ជឹងក្នុងសម័យទំនើបដែលបរិបូណ៌ទៅដោយការស្លៀកពាក់ ម្ហូបអាហារ មធ្យោបាយធ្វើដំណើរ ដំបូងបំផុតគឺត្រូវគោរពច្បាប់ចរាចរណ៍ ក្នុងការធ្វើដំណើរចល័តពីទីមួយទៅទីមួយទៅធ្វើបុណ្យ ត្រូវគោរពច្បាប់ចរាចរណ៍ និងអធ្យាស្រ័យឲ្យបានខ្ពស់ ជាពិសេសទាំងត្រីចក្រយានយន្ត ទោចក្រយានយន្ត និងទាំងយានយន្ត គប្បីបើកបរឲ្យស្គាល់គន្លងផ្លូវរបស់ខ្លួន និងគោរពតាមស្លាកចរាចរណ៍ដែលក្រសួងសាធារណការបានបំពាក់បំពេញបង្ហាញផ្លូវហើយ។ នៅពេលដែលស្លៀកពាក់ចូលទៅបំពេញកុសលតាមវត្តតាមអារាម គប្បីរក្សានូវកិត្យានុភាពនៃតម្លៃស្រ្តី ឫុ បុរសដែលជាខេមរបុត្រមានអារ្យធម៌ដ៏ខ្ពង់ខ្ពស់នៅក្នុងអាស៊ីអាគ្នេយ៍យើងនេះ ជាអ្នកមានអារ្យធម៌ដ៏ចំណាស់ដែលធ្វើឲ្យប្រទេសជិតខាងគេអាចឆក់យកនូវអារ្យធម៌របស់គេ ហើយបំប្លែងអំពីសភាពពិតរបស់យើង ដូច្នេះយើងជាម្ចាស់អារ្យធម៌ នៅពេលឳកាសចូលធ្វើបុណ្យកុសលតាមវត្តអារាម គប្បីរក្សានូវកិត្យានុភាពនៃប្រពៃណីទំនៀមទម្លាប់ដោយរាប់តាំងអំពីការរៀបចំខ្លួនប្រាណ ការស្លៀកពាក់ និងការបំពេញបុណ្យកុសល គប្បីមើលរបៀបចាស់ៗ ដែលមានជាគម្រូជាឫស្សីយើងជាទំពាំងត្រូវត្រាប់តាមឫស្សីរបស់យើង ជាឫស្សីខ្លឹម និងជាឫស្សីល្អៗ។

នៅពេលឳកាសដែលបានបំពេញបុណ្យ គប្បីតាំងចិត្តឲ្យស្ងប់ដល់ញាតិរបស់យើង យើងរស់នៅយើងចង់សប្បាយរីករាយ ដូច្នេះញាតិរបស់យើងគាត់លំបាកវេទនាណាស់ ហេតុដូច្នេះត្រូវតាំងចិត្តឲ្យស្ងប់ក្នុងការឲ្យទាន រក្សាសីល ចម្រើនមេត្តាភាវនា ឧទ្ទិសផលនេះជូនទៅគាត់ នឹកឈ្មោះគាត់ ពាក្យថាឧទ្ទិសមានសេចក្តីថានឹកឈ្មោះគាត់ អញ្ជើញឈ្មោះគាត់មកទទួល ខ្ញុំបានធ្វើនៅទីនេះ ខ្ញុំបានធ្វើនៅទីនោះ វេនទីប៉ុន្មានៗ សូមអញ្ជើញមក! ហើយជាពិសេសកុំភ្លេចផងដែរ យើងបានសុខបានសប្បាយ បានធ្វើបុណ្យសុំកុសលជូនដល់ពលីកម្មរបស់កងទ័ពរបស់យើង ដែលឈរជ្រែងយកទ្រូងការពារមាតុភូមិ ហើយកងទ័ពរបស់យើងមួយចំនួនក៏បានពលី យើងក៏ឧទ្ទិសផលនេះជូនដល់គាត់ផង មួយផ្នែកទៀតឧទ្ទិសផលដល់យុទ្ធជនដែលឈរតាមបន្ទាត់ព្រំដែន ដែលអានុភាពនេះបានធ្វើឲ្យគាត់មានសេចក្តីក្លាហាន មានកម្លាំងខ្លាំងក្លា មិនមានជំងឺមកបៀតបៀន និងជួយផ្តល់អានុភាពនេះឯងជួយដល់ទឹកចិត្តរបស់គាត់ ដែលមិនអាចមានបច្ចាមិត្តណាមកបៀតបៀនបាន។

របៀបទាំងអស់ដែលចាស់ទុំបាននាំធ្វើនៅក្នុងពេលនេះ សូមយុវជនទាំងឡាយ គប្បីសូមកុំយកវេទិការនេះទៅជាការសប្បាយ គប្បីសិក្សារៀនសូត្រព្រោះអស់ពីចាស់ៗទៅគឺមានយើងនេះ យើងចង់បានឲ្យយុវជនទាំងឡាយវិវត្តអំពីការគោរពប្រតិបត្តិបែបប្រពៃណីឲ្យទៅជាការគោរពប្រតិបត្តិបែបចំណេះដឹង បែបពុទ្ធិជាគោល។ ដូច្នេះសព្វថ្ងៃនេះ មានប្រពន្ធ័ផ្សព្វផ្សាយជួយយើងច្រើនណាស់ ប្រសិនបើយើងមិនមានពេលវេលាទៅអានគម្ពីរដីកា ឯកសារទាំងទូរទស្សន៍ ទាំងឌីជីថល ទូរស័ព្ទយើងមានគ្រប់ដៃ សារព័ត៌មាន ឫុឯកសារនានា សុទ្ធតែបង្ហោះខ្លឹមសារ កម្មវត្ថុ របៀបវារ អីចឹងយកអានទាំងអស់ហ្នឹង ដែលជាសារខ្លីៗពាក់ពន្ធ័ជាមួយខ្លឹមសារនេះ យើងអានយកចេះហើយចាំទុកក្នុងខ្លួន ហើយប្រតិបត្តិតាមហ្នឹង។ ជាងនោះទៅទៀត អ្វីៗដែលជារឿងធំ គឺខ្មែរកាន់ព្រះពុទ្ធសាសនា មានប្រពៃណីល្អ ទាំងការអង្គុយ ការដើរ និងការនិយាយស្តី ដូច្នេះគប្បីយុវជនទាំងឡាយ ទាំងនៅក្នុងពិធីបុណ្យក៏ដូចជានៅក្នុងសង្គមត្រូវរក្សាសណ្តាប់ធ្នាប់ និងឲ្យមានរបៀបបែបផែនជាការចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយក្រសួងវប្បធម៌ដើម្បីរក្សាសន្តិសុខផ្លូវចិត្ត សន្តិភាពផ្លូវចិត្ត បុគ្គលមានផ្លូវចិត្តសុខសន្តិភាព មានផ្លូវចិត្តជ្រាបច្បាស់នូវសុជីវធម៌ តម្លៃពិតនៃជីវិត គឺធ្វើឲ្យសង្គមរបស់ជាតិ ក្មេងក៏ដោយ កណ្តាលក៏ដោយ ចាស់ក៏ដោយ ពោរពេញទៅដោយមនុស្សមានគុណវុឌ្ឍិ។ កាលណាបើ ប្រជាជននៃប្រទេសមួយបរិបូរណ៌ទៅដោយគុណវុឌ្ឍិ ប្រទេសនោះឯងគឺសុទ្ធតែអ្នកប្រាជ្ញពេញមួយប្រទេស បើអ្នកប្រាជ្ញមានពេញមួយប្រទេស វិវត្តនភាពរបស់ប្រទេសគឺមិនចង់បានសង្រ្គាមទេ ប្រាកដជាចង់បានសន្តិភាពហើយ ហេតុដូច្នេះការចូលរួមរក្សាប្រពៃណីវប្បធម៌ក្តី ការចូលរួមរក្សានូវព្រះពុទ្ធសាសនាក្តី ការចូលរួមជាមួយសុខសុវត្ថិភាព ទាំងការគោរពច្បាប់ចរាចរណ៍ និងបទដ្ឋានរបស់ជាតិក្តី នោះមានឈ្មោះថា៖ ជាកតាលិករនៃការចូលរួមទ្រទ្រង់និងថែរក្សាសុខសន្តិភាពរបស់ប្រទេសជាតិ កាលណាបើប្រទេសជាតិបានសុខចម្រើនហើយ នោះយើងមានឳកាសធ្វើអ្វីៗបានសព្វបែបយ៉ាងទាំងអស់ យើងរៀនសូត្រក៏បានខ្ពង់ខ្ពស់ យើងរកចំណូលក៏បានច្រើន ហើយយើងចូលវត្តចូលវ៉ាធ្វើបុណ្យ ក៏បានបុណ្យកុសល និងរីករាយដែរ ។

មជ្ឈមណ្ឌលឯកសារកម្ពុជា៖ សាវតារសង្ខេបស្តីពីប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ថេរដីការបស់ ព្រះបវរសត្ថា ហួរ សារិទ្ធិ វត្តលង្កាព្រះកុសមារាម
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥