Home / Post

សាច់ញាតិរបស់ខ្ញុំ ដែលបានបាត់បង់ក្នុងរបបខ្មែរក្រហម (អ៊ុក សោភ័)

ខ្ញុំបាទឈ្មោះ អ៊ុក សោភ័ណ កើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៨០។ ខ្ញុំកើតមិនទាន់របបកម្ពុជាប្រជាធិបតេយ្យ ដែលគេហៅថា របបខ្មែរក្រហមទេ ប៉ុន្តែខ្ញុំបានសាកសួរឪពុកម្តាយរបស់ខ្ញុំ ដែលអ្នកទាំងពីរធ្លាប់បានឆ្លងកាត់របបនេះដោយផ្ទាល់ដើម្បីរៀបរាប់ពីប្រវត្តិក្រុមគ្រួសារខ្ញុំឡើងវិញ។

កាលដើមឡើយ ឪពុកម្តាយរបស់ខ្ញុំ មិនទាន់រៀបការជាមួយគ្នាជាប្តីប្រពន្ធនៅឡើយទេ គឺមានទីលំនៅនៅក្បែរគ្នាស្ថិតនៅក្នុងភូមិចន្រ្ទា (ថ្នល់ខាងកើត) ឃុំចន្រ្ទា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនប្រទេសវៀតណាម (ដែលកាលនោះប្រទេសវៀតណាមមានចម្ងាយប្រហែល៨គីឡួម៉ែត្រពីភូមិរបស់ខ្ញុំ)។

តាខាងឪពុករបស់ខ្ញុំឈ្មោះ អ៊ុក ម៉ៅ (ស្លាប់មុនរបបខ្មែរក្រហម) និងយាយខាងឪពុករបស់ខ្ញុំឈ្មោះ ឡុង អិត (ស្លាប់ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ នៅពេលដែលរបបខ្មែរក្រហមដូលរលំឆ្នាំ១៩៧៩)។ យាយតារបស់ខ្ញុំមានកូនចំនួន១១នាក់​​​​៖

១) អ៊ុក ង៉ូស ហៅ កូយ ស្លាប់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងឆ្នាំ១៩៧៩
២) អ៊ុក ឆេង ស្លាប់មុនខែភ្ជុំ ក្នុងឆ្នាំ១៩៧៨
៣) អ៊ុក ឆន ស្លាប់ក្នុងឆ្នាំ១៩៧៥ នៅខេត្តព្រៃវែង
៤) អ៊ុក សៀម
៥) អ៊ុក អ៊ុក
៦) អ៊ុក អាំ
៧) អ៊ុក សំអាន ហៅ សាន
៨) អ៊ុក ផែង ស្លាប់ក្នុងឆ្នាំ១៩៧៨ មិនដឹងស្លាប់នៅទីកន្លែងណា
៩) អ៊ុក សំអាត ហៅ ផៃ ស្លាប់ក្នុងឆ្នាំ១៩៧៧ ។
១០) អ៊ុក គឹមអេង (ឪពុករបស់ខ្ញុំ)
១១) អ៊ុក សំផន ស្លាប់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ក្នុងខែមេសា ឆ្នាំ១៩៧៩។

ចំណែកតាខាងម្តាយរបស់ខ្ញុំឈ្មោះ ជា ទឹម ហៅ យក្ស  (ស្លាប់នៅក្នុងខេត្តស្វាយរៀងនៅចុងឆ្នាំ១៩៧៧) និងយាយឈ្មោះ ហ៊ីង ហៀង ស្លាប់នៅមន្ទីរពេទ្យក្រគរ ខេត្តពោធិ៍សាត់។

យាយតាខាងម្តាយរបស់ខ្ញុំមានកូនចំនួន១០នាក់មានឈ្មោះ ៖

១) ជា សាម៉េន
២) ជា ឆាន (បាត់ដំណឹងសូន្យឈឹងនៅខេត្តបាត់ដំបង បន្ទាប់ពីរៀបការហើយ មានកូនចំនួនប្រាំនាក់ ដែលសព្វថ្ងៃ ប្រពន្ធនិងកូនរបស់គាត់បីនាក់រស់នៅសហរដ្ឋអាមេរិក។
៣) ជា សាម៉ាត់
៤) ជា ឆំ
៥) ជា ឆាំ
៦) ជា អាំ (ធ្វើជាទាហាន លន់ នល់ បាត់ដំណឹងសូន្យឈឹង បន្ទាប់ពីត្រូវរបួសក្នុងខែមេសា ឆ្នាំ១៩៧៥ មុនពេលខ្មែរក្រហមចូលកាន់អំណាច)។
៧) ជា សុផល (ជាម្តាយរបស់ខ្ញុំ)
៨) ជា សម័យ ស្លាប់តាំងពីមានអាយុបួនឆ្នាំ ក្នុងឆ្នាំ១៩៦១
៩) ជា សេន ហៅ ច្រិល ស្លាប់ក្នុងឆ្នាំ១៩៧៤
១០) ជា សាម៉េន។

ឪពុកម្តាយខ្ញុំបានរៀបរាប់ប្រាប់ខ្ញុំថា កាលពីឆ្នាំ១៩៦៤ មានការដឹកជញ្ជូនស្បៀង មានដូចជា អង្ករ ក្រណាត់ ខោអាវ ជាច្រើនពីសំណាក់វៀតកុង (ទ័ពយួនខាងជើង) យកមកផ្ញើនៅផ្ទះប្រជាជនខ្មែរដែលភាគច្រើនជាផ្ទះធំៗ ខ្ពស់ៗ នៅភូមិចន្ទ្រាទាំងខាងលិចថ្នល់ ក៏ដូចជាខាងកើតថ្នល់ ដោយមានទាំងប្រពន្ធ និងកូនរបស់ទ័ពខ្លះមកជាមួយផង មកនៅលាយឡំជាមួយប្រជាជនខ្មែរ ធ្វើឲ្យក្រុមធីវគី (ទ័ពវៀតណាមខាងត្បួង) គាំទ្រដោយអាមេរិក សម្រុកចូលមកដោយមានការផ្លោងគ្រាប់កាំភ្លើងបាញ់រះចេញពីរថក្រោះ ឧទ្ធម្ភាគចក្រ មកលើភូមិចន្រ្ទា ជាពិសេសនៅភូមិចន្រ្ទាខាងលិចថ្នល់ បណ្តាលឲ្យប្រជាជនខ្មែរមួយចំនួនមានក្មេងចាស់ប្រុសស្រី ត្រូវរបួសប្រហែល៣០នាក់ ស្លាប់ប្រហែល១០នាក់ ឆេះផ្ទះអស់៧ខ្នង និងងាប់គោក្របីអស់មួយចំនួន។ ទ័ពវៀតកុងដែលស្លាប់ គឺខាងធីវគីទុកចោល តែអ្នកដែលត្រូវរបួស និងមួយចំនួនទៀតដែលចាប់បាន ត្រូវបញ្ជូនឡើងឧទ្ធម្ភាគចក្រ បើកសំដៅទៅកម្ពុជាក្រោម (វៀតណាមខាងត្បូង) វិញ។

ប្រហែលជាជាងកន្លះខែក្រោយមក សម្តេចព្រះនរោត្តម សីហនុ បានមកថ្លែងការណ៍នៅវត្តសិរីវង្ស ហើយប៉ុន្មានថ្ងៃក្រោយមកទៀត ខាងក្រុមការងាររបស់សម្តេចព្រះនរោត្តម សីហនុ មកជួយកសាងផ្ទះដែលឆេះទាំង៧ខ្នងនោះឡើងវិញ និងមានជួយជាលុយកាក់មួយចំនួនដល់ប្រជាជនដែលបានស្លាប់ និងរបួស។

ចាប់ពីឆ្នាំ១៩៦៦មក មានការចូលមកជាបន្តបន្ទាប់ពីសំណាក់វៀតកុង​ ក្នុងទឹកដីខ្មែរតាមព្រំដែន​ នៅតាមមាត់បឹង ដោយមានការកសាងជាមន្ទីរពេទ្យ ឃ្លាំងជាដើម។ រហូតមកដល់ខែឧសភា ឆ្នាំ១៩៧០ ក៏មានការវាយប្រហារពីខាងធីវគី ចូលមកក្នុងព្រំដែនខ្មែរជាច្រើនគីឡូម៉ែត្រ ធ្វើឲ្យគ្រួសារឪពុកម្តាយខ្ញុំ និងអ្នកភូមិនាំគ្នារត់ចេញពីឃុំចន្រ្ទា មកនៅឃុំច្រេស រហូតដល់ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមវាយបែកភ្នំពេញហើយ ទើបឪពុកម្តាយខ្ញុំ និងប្រជាជននាំគ្នាវិលត្រឡប់ទៅរស់នៅក្នុងភូមិចន្ទ្រាវិញ។ ប៉ុន្តែនៅពេលនោះ ស្រុកភូមិត្រូវបានគ្រប់គ្រងជារបបសមូហភាព និងរបបរួម ដោយ គោ ក្របី ស្រូវ អង្ករ ត្រូវបានខ្មែរក្រហមប្រមូលយកមកដាក់ជាទ្រព្យសម្បតិ្តរបស់សមូហភាព ហើយការហូបចុកនៅពេលនោះ គឺបានបបរឈ្មោលហូបជាមួយអំបិល។ ចំណែកម្ហូបផ្សេងៗ បើចង់ហូប ត្រូវខំរកមកធ្វើហូបជុំគ្នាតាមក្រុម “ក”  (“ក” ឬ មួយ “ក” ស្មើ ១២នាក់, មួយ”ខ” ស្មើ ៣ “ក”  មានសមាជិក៣៦នាក់, មួយ “គ” ស្មើ ៣ “ខ” មានសមាជិកចំនួន១០៨នាក់)។

ដល់រដូវប្រាំងពេលច្រូតកាត់ (ខែមករា, ខែកុម្ភៈ) ឆ្នាំ១៩៧៦ ក្រុម “គ” ខាងឪពុកខ្ញុំ និងក្រុម “គ” ផ្សេងទៀត ប្រមាណបីទៅបួន “គ” ត្រូវទៅជីកប្រឡាយនៅម្តុំ “តុងលៀង”  ចម្ងាយប្រហែល៦គីឡូម៉ែត្រពីទីរួមខេត្តស្វាយរៀង។ នៅធ្វើការទីនោះរយៈពេលប្រមាណបីខែ រហូតដល់ក្រោយចូលឆ្នាំខ្មែររួច ទើបត្រឡប់មកភូមិវិញ។ ថ្ងៃមួយនោះ នៅសហករណ៍ឯភូមិចន្រ្ទា ឪពុកខ្ញុំហូបបន្លែច្រើនពេក បណ្តាលឲ្យគាត់កើតជំងឺហើម ចុះខ្សោយកម្លាំង ពិបាកធ្វើការ ពេលនោះម្តាយរបស់គាត់ (យាយខ្ញុំ) បានទៅរកកន្ទក់ដើម្បីជួយព្យាបាលឪពុកខ្ញុំ។ ពេលត្រឡប់មកពីជីកប្រឡាយ មកដល់សហករណ៍ភូមិវិញ ក៏ចំរដូវត្រូវធ្វើស្រែ ត្រូវភ្ជួររាស់ សាបព្រួស ដកស្ទូង វិញម្តង។ សកម្មភាពនេះ ត្រូវបានធ្វើដដែលៗ រហូតដល់ឆ្នាំ១៩៧៧ ឪពុករបស់ខ្ញុំបានសរសេរសំបុត្រស្នើទៅគណៈឃុំ ដើម្បីសុំរៀបការជាមួយនឹងម្តាយរបស់ខ្ញុំ ដែលពេលនោះក៏មានគូផ្សេងៗទៀតដែរ គឺមានចំនួន២៦គូ (ក្នុងនោះមានបងស្រីជីដូនមួយរបស់ខ្ញុំដែរ ដែលគាត់ទើបមានអាយុ១៤ឆ្នាំ) ត្រូវរៀបការក្នុងថ្ងៃតែមួយ ក្នុងពេលតែមួយ ដែលពិធីនេះមានរយៈពេលមួយព្រឹក។ នៅពេលថ្ងៃត្រង់ក៏មានកាប់គោមួយក្បាល និងកាប់ជ្រូកបីក្បាល និងមានបន្លែបន្តិចបន្តួច ដើម្បីធ្វើម្ហូប។ ក្នុងពេលរៀបការនោះ សាម៉ីខ្លួនទាំងប្រុសទាំងស្រីក្នុងចំណោមទាំង២៦គូនោះ ត្រូវឡើងប្តេជ្ញាចិត្ត (អ្នកឡើងប្តេជ្ញាចិត្តនៅខាងមុខ ចំណែកឪពុកម្តាយខ្ញុំ និងអ្នកឯទៀត អង្គការរៀបចំតុឲ្យអង្គុយនៅខាងក្រោយ)។ ការរៀបមង្គលការត្រូវបានបញ្ចប់នៅពេលថ្ងៃត្រង់ ហើយម្ហូបដែលនៅសេសសល់អាចទុកហូបពេលល្ងាចបានទៀត។ ក្នុងរយៈពេលមួយឆ្នាំ អង្គការខ្មែរក្រហមប្រកាសអនុញ្ញាតឲ្យមានពិធីរៀបការជុំគ្នាបានតែម្តងតែប៉ុណ្ណោះ គឺឲ្យអ្នកដែលពេញវ័យ មិនទាន់មានគូធ្វើលិខិតដើម្បីស្នើសុំអង្គការរៀបការ ដោយអ្នកថ្មីត្រូវស្នើសុំរៀបការជាមួយអ្នកថ្មីដូចគ្នា។ (ឪពុកម្តាយខ្ញុំត្រូវគណៈឃុំរបស់ខ្មែរក្រហមប្រមាថធ្ងន់ៗដល់ជីវិតនៅពេលដែលគាត់ទាំងពីរចង់ព្រមព្រៀងរៀបការជាមួយអ្នកផ្សេង ខុសពីច្បាប់តម្រូវរបស់អង្គការខ្មែរក្រហម។ ពេលនោះម្តាយខ្ញុំគាត់ប្រកែកមិនព្រមរៀបការជាមួយឪពុកខ្ញុំម្តងជាពីរដង ដោយចង់ទទូលការស្នើរបស់បុរសផ្សេង តែមិនអាចបដិសេធជាមួយអង្គការបានព្រោះម្តាយខ្ញុំ ជាអ្នក១៧មេសា រីឯបុរសនោះជាប្រជាជនចាស់ចូលរួមក្នុងចលនារបស់ខ្មែរក្រហមតាំងពីមុនថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ ចំណែកឪពុកខ្ញុំ គាត់ក៏បានស្នើទៅនារីម្នាក់ដែលជាអ្នកមូលដ្ឋានចាស់ ក៏ត្រូវអង្គការបដិសេធដូចគ្នាដោយប្រើពាក្យធ្ងន់ៗដាក់គាត់ គឺអ្នកចាស់ត្រូវរៀបការជាមួយអ្នកចាស់)។

ការរៀបការ កាលពីឆ្នាំ១៩៧៥ គូអ្នកចាស់ និងគូអ្នកថ្មី ឲ្យរៀបការនៅកន្លែងតែមួយជុំគ្នា តែដល់ឆ្នាំ១៩៧៦ អង្គការឲ្យរៀបការនៅកន្លែងផ្សេងគ្នា។ លុះដល់ឆ្នាំ១៩៧៧  អង្គការអនុញ្ញាតឲ្យគូអ្នកថ្មី និងគូអ្នកចាស់រៀបការជុំគ្នានៅក្នុងកន្លែងតែមួយវិញ។ អ្នករៀបការនៅឆ្នាំ១៩៧៧ មានសំណាងល្អជាងអ្នកដែលរៀបការនៅក្នុងឆ្នាំ១៩៧៥ និង១៩៧៦ ព្រោះបានហូបគ្រប់គ្រាន់។

នៅចុងឆ្នាំ១៩៧៧ យោធាខ្មែរក្រហមជាច្រើនមកពីភូមិភាគនិរតី បានមកចាប់ប្រធាន និងអនុប្រធានកង គណៈតំបន់​ គណៈស្រុក គណៈឃុំស្ទើរគ្រប់គ្នាដាក់ចូលក្នុងរថយន្តឃ្លុបបិទជិតយកទៅ បាត់ដំណឹងរហូត ហើយដាក់អ្នកមកពីខាងនិរតីគ្រប់គ្រងជំនួសអ្នកចាស់វិញ។ មិនយូរប៉ុន្មាន អ្នកមកពីខាងនិរតីក៏ចាប់ផ្តើមជម្លៀសអ្នកស្រុក និងឪពុកម្តាយខ្ញុំឲ្យទៅនៅឃុំជ្រៃក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង អស់រយៈពេលប្រហែលមួយឆ្នាំ រហូតដល់ចុងឆ្នាំ១៩៧៨។ មុនពេលត្រូវជម្លៀសមកនៅឃុំជ្រៃ គឺនៅចុងឆ្នាំ១៩៧៧ ម្តាយខ្ញុំត្រូវស្នាក់នៅចន្ទ្រា ខេត្តស្វាយរៀងអស់រយៈពេលប្រហែលពីរខែ ក៏ត្រូវបានអ្នកគ្រប់គ្រងខ្មែរក្រហមនៅចន្ទ្រាបា្រប់តៗគ្នាឲ្យមកហៅតាខាងម្តាយខ្ញុំ ក៏ដូចជាចាស់ៗដែលរស់នៅក្នុងភូមិជាច្រើនយកទៅបាត់ឈឹង នៅម្តុំខាងជើងទីរួមខេត្តស្វាយរៀង (ក្រោយមកពេលបែកឆ្នាំ១៩៧៩ មានមនុស្សម្នាក់ធ្លាប់ធ្វើឈ្លបនៅចន្រ្ទា ក្នុងរបបខ្មែរក្រហម បានមកប្រាប់ម្តាយខ្ញុំថា តារបស់ខ្ញុំស្គម មានពុកមាត់ ពុកចង្កាវែងៗ ត្រូវបានខ្មែរក្រហមយកចបវាយទម្លាក់ទៅក្នុងរណ្តៅ ស្លាប់យ៉ាងវេទនា)។ មុនទៅឃុំជ្រៃ​ ខេត្តព្រៃវែង ម្តាយខ្ញុំត្រូវបានខ្មែរក្រហមឲ្យទៅជីកព្រែកនៅស្រុករមាសហែក។ ចំណែកឪពុកខ្ញុំ និងអ្នកពេញកម្លាំងពី២០ទៅ៣០នាក់ផ្សេងទៀត ត្រូវទៅច្រកស្រូវ និងលីស្រូវដាក់ត្រាក់ទ័រនៅបាទី, បាវិត និង វត្តកោះ  (ស្ថិតនៅខាងត្បូងទីរួមខេត្ត)។ ក្នុងពេលនោះ មានការប្រយុទ្ធគ្នារវាងកងទ័ពវៀតណាម និងកងទ័ពខ្មែរក្រហម ដែលឪពុកខ្ញុំបានឃើញយោធាខ្មែរក្រហមស្លាប់អស់មួយចំនួន ហើយបានឲ្យយុទ្ធនារីសែងខ្មោចដើរក្បែរៗឪពុកខ្ញុំ ដោយខ្មោចទាំងនោះ ខ្លះត្រូវបានឈ្លើងទាមជាច្រើន។ នៅពេលដែលមានការប្រយុទ្ធគ្នា ក្រុមរបស់ឪពុកខ្ញុំត្រូវផ្អាកការងារមួយរយៈពេលខ្លី ហើយភាគច្រើនការវាយប្រយុទ្ធគ្នាកើតឡើងនៅពេលរសៀល។ ដូច្នេះ គាត់ត្រូវផ្អាកពីថ្ងៃរសៀលដែរ រហូតដល់ល្ងាច ក៏ប្រញាប់មកសម្រាកនៅកន្លែងដែលមានសុវត្តិភាពស្ថិតនៅក្បែរៗទីរួមខេត្តស្វាយរៀងវិញ។

មួយរយៈក្រោយមក អង្គការតម្រូវឲ្យក្រុមរបស់ឪពុកខ្ញុំ មកច្រក និងលីស្រូវនៅម្តុំអង្គតាសូ ខាងជើងទីរួមខេត្តស្វាយរៀង។ ពេលមកធ្វើការច្រក និងលីស្រូវនៅកន្លែងនោះ គាត់បានដាំបាយហូបឆ្អែតៗ។ ចំណែកម្តាយខ្ញុំ គាត់នៅជីកព្រែកក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលមាន ទទឹងប្រវែងដប់ម៉ែត្រ ជម្រៅបីម៉ែត្រ និងបណ្តោយជាច្រើនគីឡូម៉ែត្រ ដែលការជីកព្រែកនោះ គឺត្រូវជីកកាត់ព្រៃតែម្តង។ ការងារជីកព្រែក មានការលំបាកណាស់ តែម្នាក់ៗនៅតែខិតខំធ្វើការ ហើយចាស់ទុំដែលជាអ្នកមូលដ្ឋាននៅទីនោះតែងមានបំណងល្អ និងបានជួយប្រាប់ឲ្យចេះត្រណម កុំឲ្យនិយាយ អ្វីផ្តេសផ្តាស។ ហេតុនេះហើយ អ្នកដែលធ្វើការងារជីកប្រឡាយនៅទីនោះ តែងបានសុខជាហូរហែរហូតមក។ ចំណែកខាងក្រុមបុរសៗមួយចំនួនដែលមកជីកព្រែកដែរ ដែលមាត់រអិលនិយាយច្រើន ពេលឃើញមានផ្គរលាន់ ឬផ្លេកបន្ទោរព្រាកៗលើមេឃ ក៏និយាយលេងសើចថា នរណាកេះដែកកេះទៀតហើយ និងបាននិយាយពាក្យកំប្លុកកំប្លែងមួយចំនួន បានជួបនឹងគ្រោះរន្ទះបាញ់ស្លាប់មួយពីរមិនសូវលោះថ្ងៃឡើយ។

ឪពុកម្តាយខ្ញុំ បានរស់នៅបែកគ្នាជិតមួយឆ្នាំ ចាប់ពីចុងឆ្នាំ១៩៧៧ គឺពេលមានការវាយលុកលុយពីសំណាក់កងទ័ពវៀតណាមចូលមក ម្តាយខ្ញុំបានស្នាក់នៅចន្ទ្រា រហូតដល់ឆ្នាំ១៩៧៨ ទើបបានជួបគ្នាវិញ គឺពេលដែលខ្មែរក្រហមបានធ្វើការជម្លៀសឲ្យគាត់ទៅរស់នៅម្តុំឃុំជ្រៃ ខេត្តព្រៃវែង។ ម្តាយខ្ញុំនៅតែរម្លឹករឿងរ៉ាវរបស់ឪពុកគាត់ជាញឹកញាប់ថា តាំងពីនៅក្មេងម៉្លេះ តារបស់ខ្ញុំជាមនុស្សមិនសូវចូលចិត្តនិយាយលេងសើចច្រើនទេ កម្រមានអ្នកណាហ៊ានវាយធ្វើបាប ឬលេងសើចជាមួយគាត់ណាស់ ព្រោះគាត់ប្រកាន់ច្រើន រហូតដល់ពេលគាត់ចូលវ័យជំទង់ គាត់ចង់ចេះវិជ្ជាគុនទុកការពារខ្លួន។ គាត់ខិតខំព្យាយាម ហាត់រៀនណាស់ តែការខិតខំព្យាយាមរបស់គាត់មិនទាន់ពូកែល្មមឲ្យគាត់ពេញចិត្តទេ។ ពេលចូលដល់វ័យកម្លោះ គាត់បានលួចយកក្របីឡើងកមួយនឹម យកទៅលក់ ដើម្បីមានលទ្ធភាពទៅទីឆ្ងាយ ដូចជាខេត្តបាត់ដំបងជាដើមដើម្បីធ្វើការហាត់រៀនបន្ថែមទៀត​ រហូតដល់ការហាត់រៀនរបស់គាត់បានសម្រេចលទ្ធផលល្មមសមនឹងចិត្តរបស់គាត់។ គាត់ថែមទាំងចេះផ្សំថ្នាំខ្មែរព្យាបាលអ្នកជំងឺ ដោយមិនកំណត់ទាមទារប្រាក់ពីអ្នកជំងឺប៉ុណ្ណេះ ឬប៉ុណ្ណោះឡើយ តែបើអ្នកជំងឺនិយាយថាឲ្យប្រាក់ច្រើន តែដល់ពេលព្យាបាលហើយឲ្យប្រាក់មិនគ្រប់ ឬពេលអ្នកជំងឺមិនឲ្យម្តងៗ ក្នុងខ្លួនរបស់តារបស់ខ្ញុំតែងធ្វើទុក្ខលំបាកជានិច្ច។ ពេលខ្លះគាត់វាយ ដាល់ផ្ទះស្ទើរតែរលំផ្ទះផងក៏មាន។

នៅចុងឆ្នាំ១៩៧៧ ដែលកងទ័ពវៀតណាមវាយបណ្តេញយោធាខ្មែរក្រហមមកជិតមកដល់ទីរួមខេត្តស្វាយរៀង កងទ័ពវៀតណាមបានកៀរប្រជាជនខ្មែរជាច្រើននាក់ត្រឡប់ទៅប្រទេសវៀតណាមជាមួយដែរ។ តែសំណាងល្អ ដែលគ្រួសារខ្ញុំបានរួចខ្លួនស្ទើរគ្រប់គ្នា។ ជីតាខ្ញុំបានក្រាញមិនព្រមឲ្យទ័ពវៀតណាមកៀរយកទៅជាមួយទេ គាត់បានចូលទៅបន្លំក្នុងហ្វូងគោ ក្របី ដេញចាប់យកគោ ក្របីរបស់គាត់យកមកភូមិវិញ ដោយក្នុងចិត្តគិតថា ស្រុកទេសមានសន្តិភាព លែងកើតសង្រ្គាម គ្មានខ្មែរក្រហមណាមកទៀតទេ។ មានអ្នកចេះនិយាយវៀតណាម បានសួរទ័ពវៀតណាម ហើយទ័ពវៀតណាមបានប្រាប់ថា កងទ័ពខ្លួនអាចដកថយទៅស្រុកវិញ ហើយក្រុមខ្មែរក្រហមអាចនឹងមកទៀត តែតាខ្ញុំមិនព្រមជឿគេទេ។ ដូចដែលទ័ពវៀតណាមបាននិយាយប្រាប់មែន បន្ទាប់ពីទ័ពវៀតណាមបានដកទៅសុ្រកវិញតាមការចរចាបានមួយថ្ងៃ ខ្មែរក្រហមបានចូលមកវិញពេញភូមិស្រុក គឺនៅពេលនោះហើយ ដែលជីតាខ្ញុំភ្ញាក់ខ្លួន ហើយគាត់អត់ហូបបាយរយៈពេលពីរបីថ្ងៃដោយសារកំហុសរបស់គាត់។ មិនយូរប៉ុន្មាន ខ្មែរក្រហម​ បានមកប្រមូលយកតា និងចាសៗជាច្រើននៅភូមិក្បែរទីរួមខេត្ត យកទៅ ហើយបានបាត់ខ្លួនរហូតមក។

បន្ទាប់ពីខ្មែរក្រហមជម្លៀសអ្នកស្រុកចន្ទ្រាទៅឃុំជ្រៃ ខេត្តព្រៃវែង បានជាងពីរខែ ខ្មែរក្រហមក៏បានបញ្ជាឲ្យជម្លៀសបន្តទៅកន្លែងឆ្ងាយទៀត ដែលការជម្លៀសពីដំបូង ពីម្តុំជ្រៃទៅដល់កំពង់ចម្លងអ្នកលឿងដោយថ្មើរជើង។ ចំណែកយាយខាងឪពុកដែលមកមុនជាមួយ​មីង ត្រូវបានកត់ឈ្មោះ​ចូលក្នុងបញ្ជីសៀវភៅធំរួចហើយ ហើយឲ្យអ្នកមានគ្រួសារមកមុននោះទៅនៅសហករណ៍ពោធិ៍សាត់ និងបាត់ដំបង ខុសពីកន្លែងសហករណ៍ដែលឪពុកម្តាយអ៊ំខ្ញុំមកដល់ក្រោយ ប៉ុន្តែខ្មែរក្រហមប្រគល់សិទ្ធឲ្យយាយខាងឪពុកខ្ញុំតែម្នាក់គត់ឲ្យទៅនៅសហករណ៍ខាងមីងខ្ញុំក៏បាន ខាងឪពុកនិងអ៊ំខ្ញុំក៏បាន។ កាលនោះ យាយដើរទៅមកៗ មិនចង់ដាច់ចិត្តពីកូនមួយណាទេ នៅពេលព្រឹករៀបចេញកាណូតពីកំពង់ចម្លងអ្នកលឿង  យាយរលីងរលោងទឹកភ្នែកដើរចុះដើរឡើងជាច្រើនដង។ អ៊ំប្រុសខាងឪពុកខ្ញុំបា្រប់ថា យាយឯងតែហ៊ានទៅតាមកូនស្រី​ ច្បាស់ជាទឹកភ្នែកដល់ក្បាលជង្គង់មិនខាន ពេលមានអាសន្នអន់ក្រអី កូនស្រីមិនអាចជួយយកអាសាបានឡើយ។ យាយដឹងរឿងនេះ ប៉ុន្តែមិនដាច់ចិត្តពីកូនស្រីដែលគ្នាទើបនឹងមានកូនខ្ចីផង ក៏សម្រេចចិត្តទៅតាមកូនស្រីទាំងមិនសមនឹងបំណងដែលចង់សុំអង្គការឲ្យអនុញ្ញាតបានរស់នៅជួបជុំកូនចៅទាំងអស់ក្នុងសហករណ៍តែមួយ។ ចាប់ពីពេលនោះមក ក៏បាត់ដំណឹងយាយ និងមីងខាងឪពុករហូត។

ដំណើរចេញតាមកប៉ាល់ពីអ្នកលឿងតាំងពីព្រឹករហូតដល់យប់ ទើប​មកដល់ច្បារអំពៅ បន្ទាប់ពីអង្គការចែកបាយ និងបញ្ចាំងកុនឲ្យមើលចប់មួយរឿង ក៏ប្រញាប់ឲ្យប្រជាជនស្រូតឡើងជិះរថយន្តក្រុងធំៗបើកសំដៅមកស្ថានីយ៍រថភ្លើងទាំងយប់បន្តដំណើររហូតដល់ភ្លឺ ទើបមកដល់វាលមួយម្តុំស្រុកបាកាន ខេត្តពោធិ៍សាត់។ ពេលនោះ មានអ្នកគ្រប់គ្រងពីរបីនាក់មករង់ចាំរួចជាស្រេច ហើយបានយកបញ្ជីឈ្មោះមកអាន​ និងបានទទួលយកប្រជាជនទៅតាមកន្លែងរៀងៗខ្លួន។ ចំណែកឪពុកម្តាយខ្ញុំត្រូវទៅហួសពីទីនេះទៅដល់ស្រុកមោងឫស្សី ខេត្តបាត់ដំបង គឺសហករណ៍ “ចាហួយ”។

ចាប់ពីចុងឆ្នាំ១៩៧៨ នៅសហករណ៍ចាហួយនេះ ឪពុកម្តាយខ្ញុំ ត្រូវបានចាត់ឲ្យធ្វើការនៅកន្លែងផ្សេងៗគ្នា គឺឪពុកខ្ញុំត្រូវទៅធ្វើការខាងកាប់ដងកណ្តប់យកមកក្រងធ្វើស្លឹកសម្រាប់ប្រក់ដំបូងផ្ទះ និងដើររកអុសនៅព្រៃជិតៗសហករណ៍ ហើយគាត់បានទទួលរបបអាហារជាបបរឈ្មោលហូបជាមួយនឹងសម្ល។ ចំណែកម្តាយខ្ញុំវិញ ត្រូវច្រូតស្រូវរហូតដល់យប់ ហើយត្រូវដើរប្រមូលកណ្តាប់ស្រូវដែលច្រូតបានយកទៅឲ្យអ្នកផ្សេងទៀតបោក រួចហើយត្រូវប្រមូលផលស្រូវដែលបោកបែនហើយច្រកចូលក្នុងការុងពណ៌ស ក្នុងមួយការុងទម្ងន់ប្រហែលម្ភៃគីឡូក្រាម។ ពេលច្រករួចហើយ គាត់ត្រូវប្រញ៉ាប់ទូលការុងស្រូវទាំងអស់នោះ យកទៅដាក់ក្នុងជង្រុកកណ្តាលព្រៃដែលមានចម្ងាយប្រហែលជាងដប់គីឡូម៉ែត្រ ដោយក្នុងមួយថ្ងៃទួលឲ្យបានពីរការរ៉ុង (បួនត្រឡប់)។  ការណ៍ដែលជញ្ជូនស្រូវយកទៅដាក់ក្នុងជង្រុកកណ្តាលព្រៃនោះ មានផ្លូវមួយត្រូវបានហាមមិនឲ្យដើរកាត ឬដើរក្បែរ។ មានពេលមួយ ដោយអស់កម្លាំងខ្លាំង ម្តាយខ្ញុំក៏បានសម្រាកជ្រុលពេល។ ដើម្បីស្រូតដំណើរឲ្យលឿនទាន់ពេលវេលា គាត់មិនដើរផ្លូវវាងទេ គឺគាត់ដើរផ្លូវកាត់ដែលគេហាមមិនឲ្យដើរ គឺដើរតាមភ្លឺស្រែមានប្រឡាយនៅក្បែរៗស្រែ និងមានរណ្តៅរាក់ៗ ដែលពេលនោះគាត់បានឃើញសាកសពបួនដប់នាក់ដែលទើបនឹងសម្លាប់ហើយថ្មីៗ។ ក្នុងចំណោមសាកសពទាំងនោះ មានខ្លះបង់កក្រមាពណ៌ខៀវ ដែលអង្គការទើបនឹងចែកឲ្យប៉ុន្មានថ្ងៃមុននឹងយកមកសម្លាប់នេះ។ មិនខុសគ្នាទេ មនុស្សភាគច្រើនដែលអង្គការចែកក្រមាពណ៌ខៀវឲ្យ ត្រូវអង្គការយកទៅសម្លាប់ទាំងគ្រួសារៗ ហើយបើតាមដឹងពីអ្នកមូលដ្ឋានដែលមានចិត្តល្អមួយចំនួន បាននិយាយប្រាប់ថា គាត់អាណិតបងប្អូនខាងភូមិភាគបូព៌ា ដែល​អង្គការជម្លៀសយកមកទីនេះណាស់ តាមគម្រោងរបស់អង្គការ គឺសម្លាប់ចោលទាំងអស់ តែជាដំបូងគេទុកកម្លាំងប្រើការសិន ហើយបើមានផែនការឲ្យសម្លាប់ គឺត្រូវសម្លាប់ក្នុងមូយថ្ងៃចំនួនប្រាំគ្រួសារ។

មានពេលមួយនោះ ម្តាយខ្ញុំបានត្រឡប់មកពីងូតទឹកវិញ ពួកឈ្លបនៅសហករណ៍ក្បែរនោះ ដើរមកផឹកស៊ី បាននិយាយប្រាប់ម្តាយខ្ញុំថា ខិតខំប្រឹងប្រែងធ្វើការទៅ ក្រែងមានភ័ព្វសំណាងល្អ មានគេមកជួយរំដោះ និងមានភ័ព្វសំណាង បានវិលត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញ។ បន្ទាប់មក កងឈ្លបក៏ចង់ស្នើសុំយកម្តាយខ្ញុំ និងគី្នគ្នាគាត់ពីរបីនាក់ទៀតដែលធាត់ៗ មានសម្បុរសៗ យកទៅកន្លែងរបស់ខ្លួន តែត្រូវបានប្រធានរបស់ម្តាយខ្ញុំដែលមានចិត្តល្អជួយដោះស្រាយ ដោយបាននិយាយត្អូញត្អែរថា គ្មានសល់កម្លាំងច្រើនទុកសម្រាប់ធ្វើការទេ នៅសល់តែប៉ុណ្ណឹង សូមអធ្យាស្រ័យ មិនអាចឲ្យបានទេ។

ម្តាយខ្ញុំរស់នៅក្នុងសហករណ៍បាត់ដំបងបានរយៈពេលប្រហែលប្រាំខែ សភាពការណ៍កាន់តែច្របូលច្របល់ ដោយកងទ័ពវៀតណាម និងកងទ័ពខ្មែរ (ខាង ហេង សំរិន, ប៉ែន​ សុវណ្ណ) បានវាយលុកចូលមកពីទិសខាងលិចទីរួមខេត្តបាត់ដំបង គឺវាយចូលមកសហករណ៍កាត់តាមព្រៃ។ ហេតុនេះ ខ្មែរក្រហមទប់ទល់មិនឈ្នះ ក៏ប្រមូលប្រជាជននៅតាមសហករណ៍ផ្សេងៗឲ្យមកជួបជុំគ្នា។ បន្ទាប់មក អង្គការបានចាត់ឲ្យប្រជាជនមួយចំនួនទៅជីករណ្តៅអស់រយៈពេលបីថ្ងៃ ដោយជីកបានជម្រៅតែត្រឹមក្បាលជង្គង់ប៉ុណ្ណោះ ដោយសារដីមានលាយជាមួយថ្ម។ ចំណែកឪពុកខ្ញុំនៅខាងរៀបចំបាយទឹកឲ្យប្រជាជនហូប ឯម្តាយខ្ញុំវិញនៅក្រុមក្រងស្បូវវិញ។ ក្នុងអំឡុងជីករណ្តៅរយៈពេលបីថ្ងៃនោះ បើតាមការឮតៗ គឺដើម្បីធ្វើជីរូបមនុស្ស (សម្លាប់មនុស្សហើយយកមកកប់ក្នុងរណ្តៅនេះ)។ ប៉ុន្តែ ដោយសភាពការណ៍ចលាចល ព្រោះនៅតាមកន្លែងជាច្រើននៅក្បែរៗនោះ មានប្រជាជនជាច្រើនកំពុងភៀសខ្លួនដើរឆ្លងកាត់កន្លែងដែលឪពុកម្តាយខ្ញុំរស់នៅ ពេលនោះម្តាយខ្ញុំក៏បានសួរអ្នកដែលដើរកាត់ ទើបដឹងថា វៀតណាមបានវាយចូលមកបណ្តើរៗហើយ ដោយមានឮស្នូរគ្រាប់កាំភ្លើងជាច្រើនផង។ បន្ទាប់មក ប្រធានរោងបាយ បាននាំប្រជាជនទៅដេកនៅក្នុងព្រៃពីរយប់ លុះព្រឹកឡើងនៅថ្ងៃទីបី ទើបប្រាប់ប្រជាជននៅសហករណ៍ទាំងអស់គ្នាឲ្យរកស្រូវ អង្ករទុកដោះស្រាយហូបរៀងៗខ្លួន ហើយអាចចេញដំណើរទៅកន្លែងផេ្សងៗដែលខ្លួនចង់ទៅបាន។

ឪពុកម្តាយខ្ញុំ​ រួមជាមួយអ្នកនៅក្នុងសហករណ៍ផ្សេងទៀត បានចាកចេញពីសហករណ៍នោះ ដោយធ្វើដំណើរអស់រយៈពេលពីរយប់ពីរថ្ងៃ លុះដល់ព្រឹកថ្ងៃទីបីប្រហែលជាម៉ោង៧-៨ ទាំងអស់គ្នាបានជួបឈ្លបក្មេងៗពីរនាក់នៅក្បែរផ្លូវរថភ្លើង បានលើកកាំភ្លើងបម្រុងនឹងបាញ់សម្លាប់ក្រុមគាត់ តែដោយឃើញប្រជាជនច្រើនកកកុញ និងមានការប្តេជ្ញាចិត្តរបស់ប្រជាជនខ្លះក្នុងចំណោមនោះឲ្យត្រៀមកាំបិត និងពូថៅ ដំបងធ្វើជាអាវុធ ដើម្បីប្រយុទ្ធប្តូរផ្តាច់ជាមួយឈ្លប់ក្មេងៗពីរនាក់នោះក្នុងករណីបាញ់​ ទើបក្មេងឈ្លបទាំងពីរនាក់នោះមិនហ៊ានបាញ់ ហើយបាននិយាយបា្រប់ថា អ្នកទាំងអស់គ្នាមានសំណាងហើយដែលកងទ័ពខ្មែរក្រហមទើបតែដកចេញពីទីនេះកាលពីល្ងាចម៉ិញ។ ឈ្លប់ក្មេងៗទាំងពីរនេះបានប្រាប់ទៀតថា សូមកុំធ្វើដំណើរទៅទិសខាងកើត ព្រោះទ័ពមិនទាន់ដកទេ បើទៅគួរទៅទិសខាងជើងវិញ ព្រោះទ័ពបានដកចេញពីល្ងាចអស់ហើយ។ ប្រជាជនទាំងអស់ ក៏បានធ្វើដំណើរទៅទិសខាងជើងតាមឈ្លបក្មេងៗប្រាប់ គឺបានសុខសប្បាយមែន។ ប៉ុន្តែពេលកំពុងតែធ្វើដំណើរទៅមុខ ដោយការសប្បាយភ្លេចខ្លួន ស្រាប់តែមានមនុស្សម្នាក់រត់មកពីក្រោយ ហើយស្រែកបា្រប់ថា ឲ្យខិតខំបង្កើនល្បឿនឲ្យលឿន ព្រោះឈ្លបក្មេងពីរនាក់នោះ បានទៅប្រមូលគ្នាវានៅសហករណ៍ បានចំនួនប្រហែលសែសិបនាក់កំពុងដេញតាមពីក្រោយ​ និងកៀរប្រជាជនបានមួយកំណាត់ខាងក្រោយបាត់ហើយ។ ឯអ្នកខ្លះទៀតដែលមិនទាន់កៀរបាន ខំរត់យ៉ាងលឿនទៅមុខ និងបានប្រាប់ប្រជាជនដែលនៅខាងមុខឲ្យខំប្រឹងដើរឲ្យលឿនដើម្បីបានរួចផុតទុក្ខភ័យទាំងអស់គ្នា។ ក្នុងពេលរត់នោះ ម្តាយខ្ញុំចាប់ផ្តើមមានផ្ទៃពោះរូបខ្ញុំ បានប្រហែលជាពីរទៅបីខែ គឺចាប់ផ្តើមចាញ់ដំបូងនៅខែច្រូត (ខែមករា ឬខែកុម្ភៈ)។ ម្តាយខ្ញុំធ្វើដំណើរមកដល់សហករណ៍មួយនៅក្បែរនោះដែលមានមនុស្សរស់នៅតិចតួច ហើយបើតាមអ្នករស់នៅទីនោះប្រាប់ថា អ្នកនៅក្នុងសហករណ៍នេះភាគច្រើនគឺកូនកាត់ចិនដែលបានជម្លៀសមកពីភ្នំពេញ ហើយដល់រយៈកាលក្រោយៗមក ដោយមានការធ្វើបាប និងមិនសូវផ្តល់អាហារឲ្យហូបគ្រប់គ្រាន់ធ្វើឲ្យម្នាក់ៗចុះស្គម កើតមានជំងឺ និងដេកដូលស្លាប់នៅក្នុងស្រែជាបន្តបន្ទាប់។ ឪពុកម្តាយខ្ញុំចេះតែធ្វើដំណើរទៅមុខជាបន្តរហូតលែងឃើញក្រុមឈ្លបដេញតាមពីក្រោយ។ ពេលធ្វើដំណើរបន្តបានបន្តិច ក៏បានជួបនឹងអ្នកជិះសេះម្នាក់ដែលជាទាហានស៊ើបការណ៍ រួមជាមួយយោធាខ្មែរ និងកងទ័ពវៀតណាមជាច្រើនបានមកប្រាប់ថា ខ្លួនមករំដោះទេ អ្នកទាំងអស់គ្នាបានសុខសប្បាយហើយ។ និយាយពីអ្នកខ្លះដែលរត់មកជាមួយគ្នាដែលចេះនិយាយវៀតណាម បានសុំថ្នាំពេទ្យពីទ័ពវៀតណាមបានខ្លះៗ ហើយក៏មានអ្នកខ្លះទៀតសុំជិះរថយន្តជាមួយកងទ័ពវៀតណាមមកដល់ភ្នំពេញទៀតក៏មាន។

ការធ្វើដំណើរចេះតែបន្តជាហូរហែ ដោយពេលខ្លះត្រូវដើរតាមបណ្តោយផ្លូវរថភ្លើង ពេលខ្លះត្រូវដើរវាងចូលព្រៃទៀត ទំរាំបានមកដល់ផ្លូវកៅស៊ូ (ផ្លូវជាតិលេខ៥)​ និងបន្តមកទៀត រហូតដល់ទីរួមខេត្តពោធិ៍សាត់ ទើបបានជួបមីងខាងម្តាយ អ៊ំស្រីខាងម្តាយ និងបងជីដូនមូយស្រីពីរនាក់ បងជីដូនមួយប្រុសម្នាក់។ ពេលរស់នៅជាមួយគ្នា ដោយខ្វះការប្រុងប្រយ័ត្ន ម្តាយមីងខ្ញុំ បានដាំបាយអង្ករសម្រូប ពេលពិសាររួចធ្វើឲ្យយាយខ្ញុំឈឺពោះជារៀងរាល់ថ្ងៃ តាំងពីរាកមួយថ្ងៃម្តង ពីរដង រហូតដល់រាកញាប់ឡើងៗ។ នៅតាមផ្លូវធ្វើដំណើរ ពេលឃើញហាងលក់ថ្នាំ​ គាត់ក៏យកអង្ករទៅដូរយកថ្នាំមកឲ្យយាយលេប តែជំងឺមិនជាសះស្បើយសោះ។ សប្តាហ៍ដំបូង យាយនៅដើរបាន លុះចូលដល់សប្តាហ៍ទីពីរ យាយកាន់តែទន់ទៅៗ ទើបក្រុមគ្រួសារខ្ញុំធ្វើរទេះដាក់យាយហើយរុញរហូតដល់មន្ទីរពេទ្យស្រុកក្រគរ។​ យាយខ្ញុំសម្រាកពេទ្យបានចំនួនបីថ្ងៃ គាត់ក៏បានស្លាប់នៅទីនោះទៅ​ ដោយសាគ្រូពេទ្យមិនយកចិត្តទុកដាក់។ ពេលនោះ អ្នកមានលុយត្រូវបានគ្រូពេទ្យយកចិត្តទុកដាក់សូរនាំ ពិនិត្យ និងផ្តល់ថ្នាំព្យាបាល។ រីឯអ្នកក្រ អត់មានលុយដូចជាយាយខ្ញុំ (លុយកាលនោះសំដៅ មាស ឬវត្ថុមានតម្លៃផ្សេងៗ ដែលអាចដោះដូរបាន) រង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។ ក្រុមគ្រូពេទ្យទាំងនោះ មិនសូវមកក្បែរយាយខ្ញុំទេ មួយថ្ងៃជួនកាលមកសួរគាត់តែមួយម៉ាត់ពីរ ក៏ដើរចេញលែងមកមើលរហូត សូម្បីតែថ្នាំមួយគ្រាប់ ក៏មិនបានផ្តល់ឲ្យគាត់ដែរ។

រម្លឹកពីអ៊ំស្រី គូយ ត្រូវបែកពីកូនចៅរហូត ពេលរត់មកខាងវៀតណាមដែលកំពុងរុលចូលមកកាន់តែកៀក ក៏ចំខ្សែត្រៀមរបស់ខ្មែរក្រហមដែលកំពុងត្រៀមពួនស្ទាក់ចាំបាញ់ប្រហារបណ្តាលឲ្យគាត់ជាមួយនឹងប្រជាជនផ្សេងៗទៀត ដែលរត់មកពីទិសជាមួយគ្នាស្លាប់នៅពេលនោះ (នេះតាមការរៀបរាប់ឲ្យដឹងពីបងស្រីជីដូនមួយរបស់ខ្ញុំ ដែលមានអាយុប្រហែលនឹងម្តាយខ្ញុំ)។ ចំណែកអ៊ំប្រុស ផែ វិញ ដែលជាកម្មាភិបាលខ្មែរក្រហមធ្វើការនៅឃុំ និងស្រុក ក៏ត្រូវកម្មាភិបាលដូចគ្នាដែលមានចិត្តច្រណែនដោយឃើញអ៊ំមានប្រជាប្រិយភាពជាង បានរួមគំនិតគ្នាចាប់គាត់យកទៅ ហើយតាំងពីពេលនោះមកមិនបានឃើញគាត់វិលត្រឡប់មកវិញទេ គឺបាត់ខ្លូនរហូត (ឪពុកម្តាយខ្ញុំនៅចាំអ្នកដែលធ្វើបាបអ៊ំ ប៉ុន្តែគាត់មិនចង់រម្លឹករឿងនេះឡើងវិញទេ)។

បន្ទាប់ពីយាយបានស្លាប់នៅក្នុងមន្ទីរពេទ្យក្រគរបានរយៈពេលបីថ្ងៃ ក្រុមគ្រួសារខ្ញុំបានរៀបចំបញ្ចុះសពនៅកន្លែងមួយរួចរាល់ហើយ ក៏បានធ្វើដំណើរបន្តមកទៀត។ ការធ្វើដំណើរលើកនេះ ហាក់បានលឿនជាងកាលពីយាយនៅមានជីវិត។ ឪពុកម្តាយខ្ញុំធ្វើដំណើរបានប្រហែលជាងកន្លះខែ បានមកដល់ខាងត្បួងផ្សារត្រាចម្តុំលង្វែកក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំង កងទ័ពវៀតណាមក៏ឲ្យជិះរថយន្តមកភ្នំពេញជាមួយ (ពេលនោះអ្នកបើករថយន្តកងទ័ពវៀតណាមខ្លះ ក៏មិនមានសន្តានចិត្តល្អដែរ ទោះជិះគ្នាតែពីរនាក់ ហើយរថយន្តធំទូលាយយ៉ាងណាក៏ដោយ ក៏មិនខ្ចីមើលអ្នកធ្វើដំណើរដោយថ្មើរ​ជើងតាមផ្លូវ ឬឈប់ហៅឲ្យជិះជាមួយដែរ​ ប្រសិនបើបានរថយន្តកងទ័ពវៀតណាមដែលមានសន្តានចិត្តល្អឲ្យជិះតាំងពីរត់គេចចេញពីខ្មែរក្រហមពីដំបូង ម៉្លេះយាយខ្ញុំនៅមានជីវិតដើម្បីឲ្យចៅៗបានស្គាល់មុខគាត់មិនខាន)។

ជិះរថយន្តទ័ពវៀតណាមបានប្រហែលមួយម៉ោង ក៏មកដល់ភ្នំពេញនៅវេលាថ្ងៃត្រង់ និងបានជួបមីងខាងម្តាយដែលវង្វេងបែកគ្នានៅម្តុំទីរួមខេត្តពោធិ៍សាត់។ បន្ទាប់មកយើងក៏បានរៀបរាប់ប្រាប់ពីដំណឹងយាយស្លាប់ គាត់ក៏ស្រែកទ្រហោយំយ៉ាងខ្លាំង ដោយអាណិតយាយ មិនគូរមានរឿងបែបនេះកើតឡើងឡើយ។ ម្តាយខ្ញុំបានជួបអ៊ំប្រុសប្តីរបស់អ៊ំស្រីខាងម្តាយ និងបងប្អូន​ផ្សេងទៀត ហើយបានទៅរស់នៅជុំគ្នានៅខាងត្បូងពេទ្យធំ (មន្ទីរពេទ្យព្រះកេតុមាលា) បានប្រហែលជាប្រាំមួយខែ រដ្ឋក៏បានដេញឲ្យចេញពីទីនោះដោយប្រាប់ថា ជាទ្រព្យសម្បត្តិរបស់រដ្ឋ។ ក្រោយមក យើងក៏បានរើទៅរស់នៅខាងជើងផ្សារអូរឫស្សីជាន់ទីមួយ (គឺនៅទីនោះហើយដែលម្តាយខ្ញុំបានផ្តល់កំណើតឲ្យខ្ញុំបាទ អ៊ុក សោភ័ណ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៨០ នៅមន្ទីរពេទ្យព្រះអង្គដួង)។ ផ្ទះនៅអូរឫស្សីជាន់ខាងក្រោម រដ្ឋឲ្យអ៊ំប្រុសអ៊ំស្រីរស់នៅ ដោយសារគាត់មានកូន ហើយម៉្យាងអ៊ំប្រុសខិតខំធ្វើការ និងយកចិត្តអ្នកគ្រប់គ្រងនៅទីនោះខ្លាំង ទើបគេព្រមឲ្យផ្ទះនៅ។ ចំណែកឪពុកម្តាយខ្ញុំ អ្នកគ្រប់គ្រងនៅទីនោះមិនអនុញ្ញាតឲ្យរស់នៅទេ។ ដោយនៅជាន់ទីមួយខាងលើ មានចោរចូលលួចគាស់ញឹកញាប់ពេក អ៊ំប្រុសក៏បានប្តូរផ្ទះទៅរស់នៅខាងកើតឃ្លាំងរំសេវវិញ។ រស់នៅខាងកើតឃ្លាំងរំសេវបានប្រហែលជិតពីរឆ្នាំ ម្តាយខ្ញុំក៏បានផ្តល់កំណើតដល់ប្អូនស្រីរបស់ខ្ញុំម្នាក់ទៀតឈ្មោះ អ៊ុក ច័ន្ទសិរីរដ្ឋា គឺកើតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៨១។ បន្ទាប់មកទៀត យើងក៏បានផ្លាស់ទៅរស់នៅម្តុំដេអិន ក្បែរម្តាយមីង និងប្តីរបស់គាត់ធ្វើជាទាហាន។ ប្រហែលជាប្រាំខែក្រោយមក ម្តាយមីងខ្ញុំ បានផ្លាស់ប្តូរទៅរស់នៅឯខេត្តកំពង់ស្ពឺវិញ ពេលនោះ ឪពុកខ្ញុំក៏បានសុំផ្ទះអតីតសណ្ឋាគារហាវៃខាងកើតផ្សារធំថ្មី ដើម្បីស្នាក់នៅ ព្រោះកន្លែងធ្វើការរបស់គាត់នៅក្បែរទីនេះដែរ (ឪពុកខ្ញុំបានចូលធ្វើការនៅក្នុងក្រសួងពាណិជ្ជកម្ម តាំងពីចូលដល់ភ្នំពេញដំបូងក្នុងខែមិថុនា ឆ្នាំ១៩៧៩​ ម៉្លេះ)។ រដ្ឋក៏បានអនុញ្ញាតឲ្យផ្ទះដែលពោរពេញដោយសម្រាមនោះនៅ (ផ្ទះនេះហើយគឺជាទីកន្លែងដែលបានផ្តល់កំណើតដល់ប្អូនប្រុសពៅរបស់ខ្ញុំឈ្មោះ អ៊ុក សេរីវុឌ្ឍី កើតថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ១៩៨៤)។

ចាប់តាំងពីឆ្នាំ១៩៨២​ រហូតដល់ឆ្នាំ២០០៥ គ្រួសាររបស់ខ្ញុំ ត្រូវបានផ្លាស់ប្តូរកន្លែងស្នាក់នៅជាបន្តបន្ទាប់ ជាច្រើនកន្លែងគឺ ឆ្នាំ១៩៨២ នៅខាងកើតផ្សារធំថ្មី ឆ្នាំ១៩៩២-៩៦ នៅផ្សារស្លឹក ក្បែរទូតអាមេរិកចាស់ ពីឆ្នាំ១៩៩៦-៩៩ នៅភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពីឆ្នាំ១៩៩៩-២០០៥ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មូញ ខណ្ឌឫស្សីកែវ រហូតមកដល់សព្វថ្ងៃរស់នៅភូមិដីថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាច់ញាតិទាំងខាងឪពុក ទាំងខាងម្តាយ យ៉ាងតិច១២នាក់ (អាចមានចំនួនច្រើនជាងនេះ ពីរឬបីដង) បានស្លាប់ដោយអយុត្តិធម៌ក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលបានកាន់អំណាចពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ការរស់នៅក្នុងរបបខ្មែរក្រហម គ្រួសារឪពុកម្តាយខ្ញុំ ក៏ដូចជាគ្រួសារខ្មែរផ្សេងៗទៀតដែរ មានសេចក្តីភ័យខ្លាចកាន់តែខ្លាំង នៅពេលដែលការជម្លៀសបានធ្វើឡើងរហូតទាល់តែគាត់ទៅកន្លែងផ្សេងៗ និងកាន់តែឆ្ងាយទៅៗ។​ ការព្រួយបារម្ភបង្ហាញកាន់តែច្បាស់ នៅពេលឃើញរួបភាពផ្ទាល់ ការស្លាប់កាន់តែច្រើន មិនថាការយកទៅរៀនសូត្រ ការបាត់ខ្លួនរហូតមិនឃើញវិលត្រឡប់មកវិញជាដើម។ ការរស់មួយថ្ងៃសម្រាប់មួយថ្ងៃ ទោះខំធ្វើការរហូតដល់ម៉ោងដប់យប់សម្រាក ក៏មិនប្រាដកថាអាចរួចខ្លួនឡើយ ជួនណាអាចមានការមកហៅ ឬចាប់ចង ភ្ជង់យកទៅទាំងយប់ទៀតក៏មាន។ របស់តិចតួចដែលខំចិញ្ចឹម ខំដាំដុះបាន ទោះឃ្លានយ៉ាងណាក៏គ្មានសិទ្ធិហូបរបស់ខ្លួនឯងឡើយ គឺត្រូវប្រមូលយកទៅដាក់រួមទាំងអស់។ មាន់ ទា ត្រី ដំឡូង បើចង់ហូបខ្លាំង ជៀសមិនរួចពីត្រូវរៀនធ្វើចោរ រៀនលួចទេ​ ហើយបើចង់បានម៉ើមដំឡូងហូប ត្រូវគាស់យ៉ាងណាកុំឲ្យស្រពោនងាប់ដើម មាន់អាចស្ងោក្នុងកំសៀវហូបបាននៅពេលយប់ស្ងាត់ កុំឲ្យកងឈ្លបដឹងឲ្យសោះ បើមិនចង់មានទុក្ខភ័យដល់ខ្លួន។ ក្រមាពណ៌ខៀវដែលអង្គការចែកឲ្យប្រជាជនណាហើយ គឺត្រូវស្លាប់ទាំងអស់ អ្នកដែលអាចនៅមានជីវិតរស់គឺមានតិចតួចណាស់។ ឪពុកខ្ញុំផ្ទាល់ក៏ទទួលបានក្រមាពណ៌ខៀវនេះដែរ គាត់ធ្លាប់បានឃើញគំរូអ្នកមុនជាច្រើនដែលបានស្លាប់ដោយបានក្រមាពណ៌ខៀវនេះ ធ្វើឲ្យគាត់កាន់តែមានការប្រយ័ត្នប្រយែងទ្វេរឡើង កាន់តែខិតខំធ្វើការដើម្បីយកចិត្តខ្មែរក្រហម ហើយក្រមានោះគាត់ឧស្សាហ៍ប្រើវិធីផ្សេងៗដើម្បីធ្វើឲ្យវាប្រែពណ៌ខុសពីខៀវ ខុសពីរូបភាពដើម​។ សូម្បីអ្នកមូលដ្ឋានក៏មិនរាប់ថា បានសុខទាំងអស់ដែរ មានអ្នកខ្លះដែលក្រុមអង្គការថ្នាក់លើៗមានការសង្ស័យ មិនទុកចិត្តរឿងអ្វីមួយ រាប់ទាំងអ្នកមានសមានចិត្តល្អជាមួយប្រជាជនថ្មី ក៏មិនសូវជារួចខ្លួនដែរ។ មានខ្លះត្រូ​វជម្លៀសចេញពីស្រុកភូមិ មកជាមួយអ្នកថ្មីក៏មាន ហើយបាត់ខ្លួននៅមូលដ្ឋានរបស់ខ្លួនផ្ទាល់ក៏មានដែរ។

ខ្ញុំបាទជាសាច់ញាតិម្នាក់របស់ជងរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលរូបខ្ញុំបាទផ្ទាល់មិនបានកើតទាន់ហេតុការណ៍ក្នុងរបបហ្នឹងមែន ប៉ុន្តែខ្ញុំមានការចាប់អារម្មណ៍នឹងរឿងរ៉ាវប្រវត្តិសាស្ត្រនេះជាខ្លាំង ជាពិសេសរឿងពិតក្នុងរបបខ្មែរក្រហម។ តាំងពីក្មេងៗមកម៉្លេះ ចាប់ពីរៀននៅសាលាបឋមសិក្សា ខ្ញុំបានដឹងរឿងនេះពីឪពុកម្តាយជាបណ្តើរៗ រួមទាំងដឹងពីប្រភពផ្សេងៗ មានសាច់ញាតិ អ្នកជិតខាង ឯកសារជាច្រើនដែលមាននៅក្នុងថ្នាក់រៀន និងក្រៅថ្នាក់រៀន។

ជាទីបញ្ចប់ ខ្ញុំសូមសំណូមពរដល់បងប្អូន កូនក្មូយ ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកនូវចំណេះដឹងផ្សេងៗឲ្យបានច្រើន គួបផ្សំជាមួយនឹងការមានសីលធម៌ល្អឲ្យបានគ្រប់ពេលវេលា ដើម្បីបានក្លាយខ្លួនទៅជាពលរដ្ឋល្អ ហើយរួមគ្នាបញ្ជៀសនូវគ្រោះមហន្តរាយធំៗដល់ប្រទេសជាតិយើង និងរួមគ្នាពាំនាំយកមកវិញនូវសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាពពិតប្រាកដមូយដល់ប្រទេសជាតិរបស់យើង៕