សូត្រ សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ ធ្វើដំណើរមកពីស្រុកស្វាយលើ ខេត្តសៀមរាប បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនបន្ទាប់ពីបានមកទស្សនានៅសារមន្ទីរផ្ទះតាម៉ុក ដូចតទៅ « ខ្ញុំពិតជាមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយចិត្តជាខ្លាំងដែលបានមកទស្សនានៅផ្ទះតាម៉ុក។ ពីមុនមក ខ្ញុំក៏ធ្លាប់បានឮឈ្មោះល្បីរបស់តាម៉ុក នៅតំបន់អន្លង់វែងរួចហើយដែរ។ ខ្ញុំ ក៏ជាមនុស្សម្នាក់ដែលកើតទាន់របបខ្មែរក្រហម ខ្ញុំបានយល់ដឹងពីការរស់នៅទុក្ខលំបាកនាពេលនោះច្បាស់ ព្រោះខ្ញុំបានចូលរួមធ្វើការលើកទំនប់ ជីកប្រឡាយ កាប់ដីដំបូកធ្វើជីដាក់ស្រែ នាពេលនោះ។ ប៉ុន្តែ ខ្ញុំយល់ថារឿងជូរចត់ដែលធ្លាប់បានឆ្លងកាត់ពីមុនវាបានកន្លងផុតទៅហើយ។ ខ្ញុំ បានមកដល់ទីតាំងផ្ទះតាម៉ុកនេះ ជាលើកទីមួយក្នុងជីវិត។
តាមដែលខ្ញុំមើលឃើញពីទិដ្ឋភាពនៅជុំវិញទីតាំងមួយនេះ ខ្ញុំគិតថាតាម៉ុក ជាមនុស្សចូលចិត្តធម្មជាតិ។ នៅតំបន់អន្លង់វែង តាម៉ុក ពិតជាមានឈ្មោះល្បីល្បាញមួយរូបដែលប្រជាជនទូទាំងប្រទេសកម្ពុជាបានស្គាល់។ លើសពីនេះ ខ្ញុំជឿរថាតាម៉ុករៀបចំធ្វើផ្ទះបែបនេះ ដោយសារគិតថាទៅថ្ងៃអនាគតប្រាកដជាមានប្រជាជន រួមទាំងភ្ញៀវទេសចរណ៍មកទស្សនានៅផ្ទះមួយនេះ។ បើនិយាយទៅមនុស្សពីជំនាន់មុនអ្នកដែលចេះអងក្សររៀនបានជ្រៅជ្រះគឺមានការគិតវែងឆ្ងាយទៅដល់ថ្ងៃអនាគត មិនដូចការគិតរបស់យុវជននាសម័យបច្ចុប្បន្ននេះឡើយ។
បន្ថែមពីនេះ ខ្ញុំក៏បានដឹងដែរថានៅតំបន់អន្លង់វែង ជាតំបន់មួយដែលមានបងប្អូនអតីតកងកម្លាំងខ្មែរក្រហមរស់នៅ ប៉ុន្តែខ្ញុំគ្មានការភ័យខ្លាចក្នុងការមកកំសាន្តនៅទីនេះនោះទេ ព្រោះខ្ញុំយល់ថាសុទ្ធតែជាប្រជាជនខ្មែរតែមួយ។ បច្ចុប្បន្ននេះ ប្រជាជនរស់នៅក្នុងស្រុកអន្លង់វែង ឃើញថាមានមុខរបរ ការរកស៊ីជឿនលឿនជាងមុនឆ្ងាយណាស់ ស្ថានភាពប្រជាជនមើលទៅឃើញថាមានជីវភាពធូរធារ ផ្ទះធំៗ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
សាង សង ភេទស្រី អាយុ៥៨ឆ្នាំ ធ្វើដំណើរមកពីខេត្តសៀមរាប បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនបន្ទាប់ពីបានទស្សនានៅសារមន្ទីរផ្ទះតាម៉ុកដូចតទៅ « បន្ទាប់ពីខ្ញុំបានដើរមើលរូបថតនៅក្នុងផ្ទះតាម៉ុករួចមក ខ្ញុំបានឃើញពិព័រណ៍រូបថតជាច្រើនដែលទាក់ទងអំពីការរស់នៅធ្វើការក្នុងរបបខ្មែរក្រហម។ ខ្ញុំមកទស្សនានៅសារមន្ទីរផ្ទះតាម៉ុកនេះជាលើកទីមួយទេ ប៉ុន្តែមានអារម្មណ៍ថាស្រស់ស្រាយ ស្រឡះមុខមាត់ ជាមួយនឹងទេសភាពធម្មជាតិនៅទីនេះ។
ខ្ញុំគ្មានភាពភ័យខ្លាចនោះទេដែលធ្វើដំណើរមកកំសាន្តនៅស្រុកអន្លង់វែង ខណៈពេលដែលមានជម្លោះព្រំដែនជាមួយភាគីថៃ ព្រោះខ្ញុំជឿរជាក់ថាគ្មានសង្គ្រាមកើតឡើងនោះទេ។ សូម្បីតែអារម្មណ៍តក់ស្លុតក៏ខ្ញុំគ្មានសូម្បីតែបន្តិច។ នៅទីនេះ ខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺ សសរផ្ទះរបស់តាម៉ុក ដែលមានទំហំធំៗ ហើយមូលអាចបង្ហាញឲ្យឃើញថា សសរផ្ទះនេះយកមកដាក់ទាំងមូល ដោយបានមិនដាប់ឲ្យចេញជារូបរាង្គសសរដូចផ្ទះទូទៅ។