អ៊ុន ឈួន៖ ខ្ញុំបានភៀសខ្លួនទៅរស់នៅប្រទេសវៀតណាម ក្នុងជំនាន់ខ្មែរក្រហម
អ៊ុន ឈួន អាយុ៧៤ឆ្នាំ មានទីកំណើតនៅក្នុងខេត្តតាកែវ។ ឈួន បានរៀបរាប់ពីបទពិសោធន៍ជីវិតរបស់ខ្លួនថា៖ «ខ្ញុំបានធំដឹងក្តីក្នុងគ្រួសារមួយ ដែលមានបងប្អូនបង្កើតចំនួន៤នាក់៖ ជុន មឿន, អ៊ុន ញ៉ និង អ៊ុន តាំងហ៊ុន។ កាលនៅកុមារភាព ខណៈដែលក្មេងដទៃមានឱកាសចូលរៀនសូត្រ ខ្ញុំបែរជាត្រូវលះបង់ការសិក្សា។ ខ្ញុំត្រូវទទួលរ៉ាប់រងការងារផ្ទះសម្បែង ដោយសារឪពុកខ្ញុំគឺជាទាហាន ដែលមានភារកិច្ចការពារជាតិ។ ខ្ញុំត្រូវនៅផ្ទះ និងជួយមើលថែកូនក្មួយ ព្រមទាំងធ្វើស្រែចម្ការយ៉ាងសស្រាក់សស្រាំដើម្បីជ្រោមជ្រែងជីវភាពគ្រួសារ ។
នៅពេលដែលខ្ញុំបានឈានចូលដល់វ័យដែលត្រូវកសាងគ្រួសារ ខ្ញុំត្រូវធ្វើការសម្រេចចិត្តដ៏ធំមួយអំពីជីវិតគ្រួសារ។ នៅទីបំផុត ខ្ញុំត្រូវរស់នៅជាក្រមុំចាស់រហូតមកដល់បច្ចុប្បន្ន។ មូលហេតុដែលខ្ញុំសុខចិត្តជ្រើសរើសផ្លូវនេះ គឺដោយសារតែការមើលឃើញពីភាពស្មុគស្មាញនៃជីវិតប្តីប្រពន្ធ និងការបារម្ភខ្លាចជួបប្រទះបុរស ដែលចូលចិត្តសេពគ្រឿងស្រវឹង និងបង្កជាទុក្ខទោសដល់ខ្លួន។ សម្រាប់ខ្ញុំ ការរស់នៅម្នាក់ឯងនាំមកនូវភាពស្ងប់ស្ងាត់ និងសេចក្តីសុខតាមបែបបទដែលខ្លួនចង់បាន។ តែទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវប្រឈមនឹងការលំបាកនៅពេលមានជំងឺដង្កាត់ ដែលខ្វះអ្នកនៅក្បែរជួយជ្រោមជ្រែង។
ជីវិតរបស់ខ្ញុំក៏បានឆ្លងកាត់ព្យុះភ្លៀងនៃសម័យសង្គ្រាមយ៉ាងជូរចត់ផងដែរ។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬសម័យ ប៉ុល ពត ខ្ញុំមិនបានរស់នៅក្នុងប្រទេសឡើយ។ ដោយសារការដឹងមុនអំពីភាពសាហាវយង់ឃ្នងនៃរបបនោះ ខ្ញុំបានភៀសខ្លួនទៅរស់នៅប្រទេសវៀតណាម។ ខ្ញុំនៅចាំបានយ៉ាងច្បាស់នូវទិដ្ឋភាពដ៏រន្ធត់នៃគ្រាប់បែក និងការកាប់សម្លាប់មនុស្ស ដែលកើតឡើងចំពោះអ្នកដែលរត់ភៀសខ្លួនមិនទាន់។ ខណៈដែលឪពុក និងបងប្រុសកំពុងបម្រើការជាទាហានក្នុងសម័យសេនាប្រមុខ លន់ នល់ ខ្ញុំរស់នៅឯប្រទេសវៀតណាម និងបានប្រកបរបរធ្វើស្រែចម្ការ និងមានអាហារហូបចុកគ្រប់គ្រាន់។ ខ្ញុំគេចផុតពីការធ្វើទារុណកម្មដោយបង្ខំឱ្យជីកទំនប់ប្រឡាយដូចប្រជាជននៅក្នុងស្រុក។
ក្រោយពេលភ្លើងសង្គ្រាមត្រូវបានរលត់ និងប្រទេសជាតិទទួលបានសន្តិភាព។ ខ្ញុំបានវិលត្រឡប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្ន ខ្ញុំបានមកតាំងទីលំនៅនៅភូមិពោធិវង្ស សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ទោះបីជាវ័យជរាបាននាំមកនូវជំងឺក្រពះ លើសជាតិស្ករ និងអាការចុករោយដៃជើងដែលតម្រូវឱ្យលេបថ្នាំជាប្រចាំក៏ពិតមែន ប៉ុន្តែខ្ញុំនៅតែមានភាពកក់ក្តៅក្នុងចិត្ត។ ភាពកក់ក្តៅនេះកើតចេញពីការសន្តោសមេត្តារបស់បងប្អូន និងក្មួយៗ ដែលតែងតែជួយឧបត្ថម្ភថវិកា និងមើលថែទាំខ្ញុំជារៀងរាល់ខែ បំពេញនូវក្តីសុខក្នុងជីវិតចុងក្រោយរបស់ខ្ញុំយ៉ាងមានន័យបំផុត»៕
សម្ភាសន៍ដោយក្រុមនិស្សិតស្ម័គ្រចិត្ត និងសង្ខេបឡើងវិញដោយ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
មាស ហ៊ាន៖ ខ្ញុំធ្វើការក្នុងកងចល័តខ្មែរក្រហម
មាស ហ៊ាន អាយុ៦២ឆ្នាំ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បាននិយាយថា៖ «ក្នុងបឋមវ័យ ខ្ញុំបានចូលសិក្សារៀនសូត្រនៅសាលាត្រឹមតែមួយខែប៉ុណ្ណោះ ដោយសារតែសង្គ្រាម។ ខ្ញុំមានបងប្អូនបង្កើតចំនួន១២នាក់ (ស្រីចំនួន២នាក់និងប្រុសចំនួន១០នាក់)។ ខ្ញុំគឺជាកូនទី៣នៅក្នុងគ្រួសារ។ គ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ជីវភាពគ្រួសារខ្ញុំមានការខ្វះខាតខ្លាំងណាស់។
នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋ។ សង្គ្រាមកើតឡើងគ្រប់ច្រកល្ហក។ ប្រជាជនត្រូវរស់នៅទាំងភ័យខ្លាច និងសេដ្ឋកិច្ចជាតិធ្លាក់ចុះ។ ប្រជាជនជាច្រើនចូលរួមជាមួយសម្ដេចព្រះ នរោត្តម សីហនុ តាមការអំពាវនា ខណៈដែលមួយចំនួនទៀតស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល លន់ នល់។ ប្រជាជនដែលមិនពេញចិត្តចំពោះការឡើងកាន់អំណាចរបស់ លន់ នល់ បានប្រមូលផ្ដុំគ្នាដើម្បីធ្វើបាតុកម្មប្រឆាំងនឹងទាហាន លន់ នល់ ទាមទារអំណាចជូនសម្ដេចព្រះ នរោត្តម សីហនុវិញ។ ការធ្វើបាតុកម្មនេះ បានកើតឡើងនៅតាមទីប្រជុំជននានា នៅទូទាំងប្រទេសកម្ពុជា។ នៅតាមតំបន់ខ្លះ ការប៉ះទង្គិចគ្នារវាងកងទ័ព លន់ នល់ និង បាតុករបានកើតឡើង។
នៅចន្លោះឆ្នាំ១៩៧២ ដល់១៩៧៣ យន្តហោះអាមេរិកចាប់ផ្ដើមទម្លាក់គ្រាប់បែក នៅតាមភូមិស្ថាន របស់ប្រជាជន។ កំឡុងពេលនោះ គ្រួសារខ្ញុំ និងប្រជាជននៅក្នុងភូមិ បានរត់ភៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ដែលស្ថិតនៅឆ្ងាយពីភូមិ។ ក្រុមគ្រួសារខ្លះប្រើរទេះដើម្បីដាក់អីវ៉ាន់ និងកូនតូចៗនៅលើរទេះ ដឹកគោក្របីយកទៅតាម ឯអ្នកខ្លះទៀតដើរ រែកកូនចៅ និងសែងសម្ភារៈឆ្នាំងចាន សម្លៀកបំពាក់ និង អង្ករ ជាដើម។ ប្រជាជនជួបការលំបាកខ្លាំងណាស់ ដែលត្រូវធ្វើដំណើរពីកន្លែងមួយទៅទីកន្លែងមួយទៀត។ ការទម្លាក់គ្រាប់បែកនេះបានធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាជន បាត់បង់ជីវិតមនុស្ស និងស្លាប់គោក្របី។
នៅក្នុងឆ្នាំ១៩៧៥ ខ្ញុំមានវ័យ១៨ឆ្នាំ ដែលត្រូវចូលធ្វើការក្នុងកងចល័ត នៅភូមិនាងស្រោង ស្រុកស្រីស្នំ ខេត្តសៀមរាប។ ការងារចល័តរួមមានការលើកភ្លឺស្រែ លើកទំនប់ ជីកអាងទឹក និងប្រឡាយ។ ខ្ញុំក៏ត្រូវច្រូតកាត់ និងបោកបែន ដើម្បីប្រមូលផលទុកដាក់ដែរ។ ការហូបចុកមិនគ្រប់គ្រាន់ទេ។ ខ្ញុំបានហូបបបរពីរពេល ក្នុងមួយថ្ងៃ។ រហូតដល់ឆ្នាំ១៩៧៩ អង្គការបានបញ្ជូនខ្ញុំទៅនៅជើងទៀន។ រយៈពេល២ខែក្រោយមក កងទ័ពរដ្ឋាភិបាលកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមករំដោះប្រទេសពីរបបខ្មែរក្រហម។ ខ្ញុំក៏បានវិលត្រឡប់ទៅស្រុកកំណើតវិញ។
លុះដល់ឆ្នាំ១៩៨០ ខ្ញុំបានរៀបការ។ ខ្ញុំរស់នៅជាមួយប្រពន្ធក្នុងភូមិជើងទៀន អស់រយៈពេលប្រហែលជា៤ទៅ៥ឆ្នាំ។ បន្ទាប់ពីនោះមក ខ្ញុំបានសម្រេចចិត្តចូលធ្វើទាហានប៉ារ៉ា នៅឯជំរំអំពិល។ ខ្ញុំបានបែកបាក់ពីប្រពន្ធខ្ញុំ ចាប់តាំងពេលនោះ។
ក្រោយមកទៀត ខ្ញុំបានយកប្រពន្ធម្នាក់ទៀតនៅក្នុងជំរំអំពិល។ យើងបានរៀបចំកម្មវិធីបន្តិចបន្តួច និងបានការចូលរួមពីអ្នកស្គាល់គ្នាប៉ុន្មាននាក់តែប៉ុណ្ណោះ។ បន្ទាប់ពីខ្ញុំរស់នៅជាមួយប្រពន្ធក្រោយបានមួយរយៈ ប្រពន្ធខ្ញុំក៏ក្បត់ចិត្តខ្ញុំ និងមានទំនាក់ទំនងជាមួយប្រុសផ្សេង។ ក្រោយពីបានដឹងដំណឹងនេះ ប្រពន្ធខ្ញុំត្រូវបានទាហានប៉ារ៉ាចាប់ដាក់គុក។
អង្គភាពខ្ញុំត្រូវបញ្ជូនទៅកាន់តំបន់អន្លង់វែងវិញ។ ខ្ញុំបានរស់នៅក្នុងឈ្មោះជាទាហានប៉ារ៉ាអស់រយៈពេល១៣ឆ្នាំ ដោយរាប់ចាប់តាំងពីឆ្នាំ១៩៨០ ដល់ ឆ្នាំ១៩៩៣។ បន្ទាប់ពីបានរស់នៅក្នុងស្រុកអន្លង់វែង រយៈពេល២ឆ្នាំ ខ្ញុំក៏បានចូលធ្វើជាទាហាននៅកងពលលេខ៤ ក្នុងក្រុងសំរោងវិញម្តង។ មិនយូរប៉ុន្មាន ខ្ញុំបានធ្លាក់ខ្លួនឈឺ និងបានសុំមេលាឈប់ពីទាហាន ដើម្បីត្រឡប់ទៅស្រុកកំណើត និងព្យាបាលជំងឺ។ ខ្ញុំឈឺធ្ងន់ នាគ្រានោះ។
នៅពេលជាសះស្បើយវិញ ខ្ញុំបានសម្រេចចិត្តទៅបួស នៅវត្តចុងកាល អស់រយៈ៤វស្សា។ ខ្ញុំបានធ្លាក់ខ្លួនឈឺម្ដងទៀត។ ខ្ញុំក៏សុំព្រះចៅអធិការវត្តសឹក និងត្រឡប់ទៅស្រុកកំណើតវិញ។ ខ្ញុំរស់នៅជាមួយឪពុកម្ដាយនៅអន្សាយរាក់ អស់រយៈពេល១០ឆ្នាំ។ ខ្ញុំបានផ្លាស់មករស់នៅក្នុងភូមិត្រពាំងស្វាយ ស្រុកបន្ទាយអំពិលរហូតដល់សព្វថ្ងៃនេះ»៕
បញ្ជាក់៖ មាស ហ៊ាន ភេទប្រុស អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្លែងចាស់ ឃុំក្លាំង ហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប។ បច្ចុប្បន្ន ហ៊ាន រស់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សម្ភាសន៍ដោយក្រុមនិស្សិតស្ម័គ្រចិត្ត និងសង្ខេបឡើងវិញដោយ មេក វិន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
ទោម លឿន៖ អតីតទាហានខ្មែរក្រហមការពារព្រំដែននៅប្រាសាទតាមាន់ ប្រាសាទតាក្របី និងបង្គោលឡាក់ថ្មដូន
ទោម លឿន បាននិយាយថា៖ «នៅឆ្នាំ១៩៧២ ខ្ញុំមានអាយុ២១ឆ្នាំ។ ខ្ញុំបានសម្រេចចិត្តចាកចេញពីម្ដាយមេម៉ាយ ចូលបម្រើកងទ័ពបដិវត្តន៍ខ្មែរក្រហម ដើម្បីតស៊ូប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយសេនាប្រមុខ លន់ នល់។ ការចាកចេញនោះ គឺជាការបែកគ្នាអស់មួយជីវិត។ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំលែងបានជួបមុខម្ដាយទៀតហើយ (ម្តាយខ្ញុំបានស្លាប់នៅក្នុងឆ្នាំ១៩៨៤)។
ខ្មែរក្រហមបានឡើងកាន់អំណាចទាំងស្រុងក្នុងឆ្នាំ១៩៧៥។ ខ្ញុំត្រូវបានចាត់តាំងឲ្យឈរជើងនៅតាមខ្សែរត្រៀមជួរមុខ នៅលើបន្ទាត់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ។ ខ្ញុំការពារព្រំដែន ជាពិសេស នៅប្រាសាទតាមាន់ ប្រាសាទតាក្របី និងបង្គោលឡាក់ថ្មដូន។
នៅក្នុងអំឡុងឆ្នាំ១៩៧៦ ខ្ញុំបានប្រយុទ្ធនៅក្នុងសមរភូមិដ៏ក្តៅគគុកជាមួយកងទ័ពថៃពាក់ព័ន្ធនឹងជម្លោះព្រំដែន។ នៅពេលនោះ ការប៉ះទង្គិចប្រដាប់អាវុធបណ្តាលឲ្យមានការបង្ហូរឈាម និងស្លាប់បាត់បង់ជីវិតកងទ័ពអស់ជាច្រើននាក់។
ក្រៅពីការការពារទឹកដី ខ្ញុំធ្លាប់បានចូលរួមក្នុងយុទ្ធនាការវាយឆ្មក់ជាមួយចលនាថៃក្រហម នៅតាមខ្សែរបន្ទាត់ព្រំដែន ចំនួន៣ទៅ៤លើក ក្នុងនោះមានសមរភូមិអន្លង់វែងដែរ នៅចន្លោះឆ្នាំ១៩៧៧ដល់១៩៧៨។ អន្លង់វែងបានក្លាយជាសមរភូមិខ្មែរក្រហម និងថៃក្រហម បន្ទាប់ពីប្រជាជនទាំងអស់នៅអន្លង់វែង ត្រូវបានជម្លៀសទៅកាន់ស្រុកក្រឡាញ់ និងឃុំកំពង់ថ្កូវ ខេត្ដសៀមរាប។ ចលនាថៃក្រហមត្រូវបានបង្កើតឡើងក្នុងគោលដៅរំដោះទឹកដីខ្មែរ ដែលបាត់បង់នៅក្នុងប្រវត្ដិសាស្រ្ដ។
យុទ្ធសាស្រ្ដរបស់ថៃក្រហម ផ្តោតលើការវាយ និងកេណ្ឌកម្លាំងទ័ពឲ្យកាន់តែច្រើន។ មូលដ្ឋានឈរជើងរបស់ថៃក្រហមមិនមែនស្ថិតនៅក្នុងទឹកដីថៃទាំងស្រុងទេ ប៉ុន្ដែក៏ស្ថិតក្នុងទឹកដីកម្ពុជាដែរ នៅត្រង់ផ្នែកខ្លះ។ ខ្មែរក្រហមធ្លាប់ជួយផ្គត់ផ្គង់ស្បៀងអាហារដល់ចលនានេះទៀតផង។ ការឃោសនា និងពាក្យចចាមអារ៉ាមទាំងឡាយ បានបង្ហើបឲ្យដឹងថា ប្រសិនបើថៃក្រហមបានទទួលជ័យជម្នះនិងគ្រប់គ្រងប្រទេសថៃទាំងមូល ទឹកដីខ្មែរសុរិន្ទនឹងត្រូវប្រគល់មកឲ្យកម្ពុជាវិញ។
នៅទីបំផុត ចលនាថៃក្រហមត្រូវបានរលំរលាយទាំងស្រុងនៅចុងឆ្នាំ១៩៧៨ និងដើមឆ្នាំ១៩៧៩ ដោយសារតែការបង្រួបបង្រួមរបស់ប្រទេសថៃ។ ចលនាថៃក្រហមមួយផ្នែកបន្ដនៅសេសសល់ ប៉ុន្ដែផ្លាស់ប្ដូរទៅកាន់ព្រំដែនប្រទេសភូមាវិញ។
នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយលុកចូលមកក្នុងប្រទេសកម្ពុជា។ នៅពេលនោះ ខ្ញុំ និងកងទ័ពខ្មែរក្រហមដទៃទៀតបានដកថយមកនៅតាមបណ្ដោយជួរភ្នំដងរែក។ ជីវិតរបស់យើងហាក់ស្ថិតក្នុងភាពច្របូកច្របល់យ៉ាងខ្លាំង។ ជាពិសេស បណ្ដាមេដឹកនាំខ្មែរក្រហមមានការមិនទុកចិត្ដគ្នា និងឈានទៅដល់ការបែកបាក់គ្នា។ តែទោះជាយ៉ាងណា ខ្ញុំនៅតែបន្តរស់នៅជាមួយចលនានេះ ក្នុងនាមជាកងទ័ពព្រៃ រហូតដល់ការធ្វើសមាហរណកម្មក្នុងតំបន់អន្លង់វែង នៅក្នុងឆ្នាំ១៩៩៨។
បច្ចុប្បន្ន (គិតមកត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១) ខ្ញុំមានវ័យជរាខ្លាំងណាស់ហើយ។ ខ្ញុំបានរស់នៅយ៉ាងស្ងប់ស្ងាត់និងសុខដុមរមនា នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បើទោះបីជាជីវិតរបស់ខ្ញុំពោរពេញដោយស្នាមរបួសពីសង្គ្រាម ការបែកបាក់ក្រុមគ្រួសារ និងការរស់នៅយ៉ាងលំបាកវេទនាក្នុងព្រៃដ៏ក្រាស់ក៏ដោយ ស្មារតីរបស់ខ្ញុំនៅតែរឹងមាំ និងចងចាំនូវរាល់រឿងរ៉ាវប្រវត្តិសាស្ត្រដែលធ្លាប់ជួបប្រទះ សម្រាប់ប្រាប់ទៅយុវជនជំនាន់ក្រោយ ដើម្បីស្វែងយល់ពីតម្លៃនៃសន្តិភាពដែលទទួលបានយ៉ាងលំបាកនេះ»៕
បញ្ជាក់៖ ទោម លឿន ភេទប្រុស កើតនៅឆ្នាំ១៩៥១ មានទីកន្លែងកំណើតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ លឿនបានរស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុនពេលដែល លឿន បានទទួលមរណភាព ដោយជរាពាធ កាលប៉ុន្មានឆ្នាំកន្លងទៅនេះ។
លី សុខឃាង បានសម្ភាស ទោម លឿន នៅក្នុងវេទិកាប្រវត្ដិសាស្រ្ដគ្រួសារក្នុង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ នៅថ្ងទី២៥ ខែកញ្ញា ឆ្នាំ២០២១។
អត្ថបទដោយ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
https://photos.app.goo.gl/1bkQFbLpo5ZwFatK9