កុមារាកុមារីអានសៀវភៅនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង(អតីតផ្ទះប្រជុំតាម៉ុក)
នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កុមារាកុមារីចំនួន៨នាក់ ក្នុងនោះមានស្រីចំនួន២នាក់ និងប្រុសចំនួន៦នាក់ បានចូលអានសៀវភៅ និងទស្សនាពិព័រណ៍រូបថតនៅក្នុងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង(លើខ្នងភ្នងដងរែក)។ ទីកន្លែងនេះ គឺជាកន្លែងអប់រំ សិក្សាស្រាវជ្រាវ រួមទាំងកន្លែងផ្ដល់ព័ត៌មានដ៏សំខាន់។ សិស្សានុសិស្ស និងអ្នកសិក្សាស្រាវជ្រាវជាតិ អន្តរជាតិជាច្រើននាក់បានមកដល់ទីនេះ ក្នុងការស្វែងយល់បន្ថែមពីរឿងរ៉ាវដែលបានកើតមានឡើងពីអតីតកាល។ បន្ថែមពីនេះទៀត មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ជាទីកន្លែងតែមួយគត់ស្ថិតនៅលើកំពូលខ្នងភ្នំដងរែក ដែលបានបម្រើលើផ្នែកអប់រំទៅដល់ប្រជាជនរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ។
ទន្ទឹមនឹងនេះ ក្រុមការងារមជ្ឃមណ្ឌលសន្តិភាពអន្លង់វែង បាននាំយកសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងទស្សនាវដ្ដីស្វែងរកការពិត(លេខពិសេស) ក្នុងការផ្ដល់ឲ្យកុមារាកុមារីអានដើម្បីស្វែងយល់ពីខ្លឹមសារសៀវភៅខាងលើ។
បន្ទាប់ពី អានសៀវភៅហើយ ក្រុមការងារក៏បានពន្យល់អំពីផ្ទាំងរូបថតមួយចំនួន ដែលបង្ហាញពីមេដឹកនាំធំៗនៅរបបខ្មែរក្រហម រូបថតធ្វើសមាហរណកម្មក្នុងឆ្នាំ១៩៩៨ នៅតំបន់អន្លង់វែង រួមទាំងរូបថតបង្ហាញពីកុមារកំពុងធ្វើការរែកដីនៅក្នុងរបបខ្មែរក្រហម។ ក្រោយពីបានទស្សនារូបថតហើយ កុមារទាំងអស់បានបង្ហាញនូវការចាប់អារម្មណ៍ទៅលើផ្ទាំងរូបថត « ទិដ្ឋភាពនៃការទៅដល់ជំរំដំបូងរបស់ខ្មែរក្រហម » ជាពិសេសរូបបុរសម្នាក់កំពុងរែកអំរែក ដោយម្ខាងមានកូនតូច និងម្ខាងទៀតមានសម្លៀកបំពាក់ កំឡុង។
បន្ថែមពីនេះ ទៀតកុមារាកុមារី ក៏បានជ្រើសរើសសៀវភៅផ្សេងៗដែលខ្លួនចាប់អារម្មណ៍ដើម្បីអានបន្តទៀត។ ក្នុងចំណោមកុមារាកុមារីទាំង៨នាក់ ដែលបានចូលអានសៀវភៅនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់ គឺសុទ្ធតែមានការសប្បាយចិត្តដែលក្រុមការងារបានធ្វើការបើកការិយាល័យសម្រាប់ទទួលសិស្សានុសិស្សចូលអានសៀវភៅ ដើម្បីបង្កើននូវចំណេះដឹងថ្មីៗបន្ទាប់ពីសិក្សានៅសាលារៀន។ ជារៀងរាល់ថ្ងៃ កុមារទាំងអស់ដែលរស់នៅក្នុងភូមិអូរគ្រូញូង ដែលជាភូមិដាច់ស្រយាល់ពីភូមិដទៃនៅលើជួរភ្នំដងរែក តែងតែធ្វើដំណើរឆ្លងកាត់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដើម្បីឆ្ពោះទៅសាលារៀន។ សិស្សទាំងអស់តែងតែ ចង់ចូលអានសៀវភៅ និងឯកសារផ្សេងៗនៅក្នុងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដោយសារខ្លួនរស់នៅតែក្នុងតំបន់ដាច់ស្រយាល់ពីទីប្រជុំជន ដែលជាហេតុធ្វើឲ្យកុមារទាំងអស់មិនសូវទទួលបានព័ត៌មានទូលំទូលាយពីមជ្ឈដ្ឋានខាងក្រៅ។
ជាចុងក្រោយកុមារាកុមារីទាំង៨នាក់ បានអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលបានផ្ដល់ទីកន្លែងឲ្យខ្លួនបានចូលអានសៀវភៅ បន្ទាប់ពីទំនេរពីការសិក្សារៀនសូត្រនៅសាលារៀន។