Home / Post

Anlong Veng Peace Center. Students of Trapeang Prey Secondary School. October 8, 2025

សិស្សានុសិស្សអនុវិទ្យាល័យត្រពាំងប្រិយ៍ ស្វែងយល់ពីការប្រើប្រាស់ឯកសារ និងស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហម

សិស្សានុសិស្សចំនួន៥នាក់ មកពីអនុវិទ្យាល័យត្រពាំងប្រិ៍យបានធ្វើដំណើរមកកាន់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បីស្វែងយល់ឯកសារប្រវត្ដិសាស្រ្ដសេសសល់ពីសម័យខ្មែរក្រហម និងបន្ថែមការយល់ដឹងពីការប្រើប្រាស់បណ្ណាសារដែលមានតម្កល់ទុកនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង គឺជាទីកន្លែងផ្ដល់នូវចំណេះដឹងដល់សិស្សានុសិស្ស និស្សិត អ្នកស្រាវជ្រាវ យុវជនយុវនារី ដែលមានបំណងស្វែងយល់ពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យឆ្នាំ (១៩៧៥-១៩៧៩) រួមទាំងឯកសារស្រាវជ្រាវជាច្រើនទៀត។

នៅវេលាម៉ោង៨.៣០នាទីព្រឹក សិស្សានុសិស្សបានមកដល់ការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដែលមានទីតាំងស្ថិតនៅជាប់នឹងបឹងអន្លង់វែងកណ្ដាលទីរួមស្រុកអន្លង់វែង។ ក្រុមការងារ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានទទួលស្វាគមន៍សិស្សានុសិស្សយ៉ាងយកចិត្តទុកដាក់។ ជាកិច្ចចាប់ផ្ដើម បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានឲ្យសិស្សានុសិស្សចូលទៅអង្គុយនៅលើកៅអីជុំវិញតុវែងដើម្បីបង្ហាញពីខ្លឹមសារសំខាន់នៅក្នុង « សៀវភៅរបាយការណ៍ស្រ្តីនៅអន្លង់វែង» រួមទាំងកិច្ចការងារដែលមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានធ្វើកន្លងមក។

បន្ទាប់មកទៀត សិស្សានុសិស្សបានទស្សនាពិព័រណ៍រូបថត រួមមាន៖ ការដង្ហែរសព ឈិត ជឿនហៅ តាម៉ុក,កម្មាភិបាលខ្មែរក្រហមរត់ឡើងភ្នំដងរែក, ពិធីសមាហរណកម្មរបស់កងទ័ពខ្មែរក្រហមចូលទៅក្នុងរាជរដ្ឋាភិបាលកម្ពុជានៅតំបន់អន្លង់វែងក្នុងឆ្នាំ១៩៩៩, ការធ្វើមាតុភូមិនិវត្ដន៍របស់ប្រជាជនកម្ពុជានៅក្នុងសម័យ អ៊ុនតាក់ ឆ្នាំ១៩៩២, និងរូបថតមេដឹកនាំខ្មែរក្រហមចំនួន៥រូបដែលត្រូវបានជំនំជម្រះនៅក្នុងសាលាក្ដីខ្មែរក្រហម។ ទន្ទឹមនឹងនេះ ក្រុមការងារបានបង្ហាញឯកសារចម្លើយសារភាពដែលបានរក្សាទុកក្នុងទូដល់សិស្សានុសិស្សឲ្យបានយល់ដឹងអំពីការសួរចម្លើយ និងចម្លើយសារភាពនៅក្នុងរបបខ្មែរក្រហម។

អន្លង់វែងជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម ដែលបានសេសសល់នៅស្លាកស្នាមសង្គ្រាម រួមមានទីតាំងប្រវត្ដិសាស្រ្ដ និងរឿងរ៉ាវដែលបន្ដនិយាយពីប្រភពឯកសាររស់ (អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម) ទៅកាន់មនុស្សជំនាន់ក្រោយដល់ពេលបច្ចុប្បន្ន។ បន្ថែមពីនេះ អន្លង់វែងត្រូវបានស្គាល់ថាជាទីកន្លែងប្រវត្តិសាស្រ្តដ៏សំខាន់មួយនៅប្រទេសកម្ពុជា។

នៅផ្នែកចុងក្រោយ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានផ្ដល់ «សៀវភៅរបាយការណ៍ស្រ្តីនៅអន្លង់វែង» រួមទាំងអាវយឺត ដល់សិស្សានុសិស្ស មុនពេលត្រឡប់ទៅវិញ។ ភ្លាមៗនោះសិស្សានុសិស្សទាំងប្រាំនាក់ធ្វើការអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលបានផ្ដល់ឯកសារ និងសៀវភៅ មួយចំនួនដល់ខ្លួនក្នុងការសិក្សាស្រាវជ្រាវពង្រឹងចំណេះដឹងបន្ថែម។

Full report