Home / Post

Anlong Veng Peace Center: Students of Lumtong Secondary School. July 9, 2025

ការ​ពិភាក្សា​ពី​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ប្រជា​ធិបតេយ្យ​ (១៩៧៥ ដល់​១៩៧៩)​

សិស្សានុសិស្សអនុវិទ្យាល័យលំទងអានឯកសារ និងស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហម
សិស្សានុសិស្សស្រីចំនួន៦នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ និងប្រុសចំនួន៣នាក់ ពីអនុវិទ្យាល័យលំទងបានមកអានឯកសារ និងស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហមនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង គឺជាទីកន្លែងសិក្សាស្រាវជ្រាវ និងរក្សាទុកឯកសារប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ កន្លងមកនេះ យើងឃើញថាមានសិស្សានុស្សិស្ស អ្នកស្រាវជ្រាវជាតិ អន្តរជាតិ គ្រប់ទិសទីបានធ្វើដំណើរមកកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដើម្បីមកសិក្សាស្វែងយល់រឿងរ៉ាវដែលបានកើតឡើងនៅតំបន់អន្លង់វែងកាលពីអតីតកាល។

នៅវេលាម៉ោង៩ និង០០នាទីព្រឹក សិស្សានុសិស្សបានធ្វើដំណើរមកដល់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង និងទទួលស្វាគមន៍ពីក្រុមការងារឲ្យអង្គុយលើកៅជុំវិញតុឈើវែងមួយដែលត្រៀមពិភាក្សាអំពីចំណេះដឹងរបស់សិស្សានុសិស្សពីរបបកម្ពុជាប្រជាធិបតេយ្យ។ បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានធ្វើបទបង្ហាញនិងពិភាក្សាជាមួយសិស្សជុំវិញរឿងរ៉ាវ ឬព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងកំឡុងឆ្នាំ (១៩៧៥ ដល់១៩៧៩) ថាសិស្សានុសិស្សបានដឹងអ្វីខ្លះអំពីរឿងរ៉ាវនាពេលនោះ។ ក្នុងចំណោមសិស្សទាំងប្រាំមួយនាក់ គឺម្នាក់ៗសុទ្ធតែបានដឹងឮពីព្រឹត្តិការណ៍នៅក្នុងរបបខ្មែរក្រហម តាមរយៈឪពុកម្ដាយ និងជីដូនជីតា របស់ខ្លួនដែលបានឆ្លងកាត់ផ្ទាល់។
ទន្ទឹមនឹងការពិភាក្សានេះ វាគ្មិនក៏បានផ្ដល់ឪកាសដល់សិស្សានុសិស្សក្នុងការចោទជាសំណួរដែលខ្លួនចង់ដឹងដូចតទៅ៖ តើនៅក្នុងសម័យខ្មែរក្រហមហេតុអ្វីបានជាមានការសម្លាប់ប្រជាជនខ្មែរខ្លួនឯង? មូលហេតុអ្វីបានជាកើតមានរបបខ្មែរក្រហម? តើរបបខ្មែរក្រហមអ្នកណាជាអ្នកគ្រប់គ្រង? តើនៅក្នុងរបបខ្មែរក្រហមការរស់នៅមានលក្ខណៈបែបណា? ហើយប្រជាជននិយមប្រកបរបរអ្វី? នៅក្នុងរបបខ្មែរក្រហមតើការដាក់ទោសប្រជាជនធ្វើបែបណាខ្លះ? តើប្រជាជនរស់នៅក្នុងរបបខ្មែរក្រហមត្រូវជួបបញ្ហាអ្វីខ្លះ? តើរបបខ្មែរក្រហមមានអ្នកដឹកនាំប៉ុន្មាននាក់? តើមានឈ្មោះអ្វី? តើរបបខ្មែរក្រហមចាប់ផ្ដើមពីថ្ងៃណា ហើយបញ្ចប់ទៅវិញនៅថ្ងៃណា? តើនៅ ក្នុងរបបខ្មែរក្រហមមានច្បាប់អ្វីខ្លះ? ភ្លាមៗនោះ វាគ្មិនបានឆ្លើយតបនឹងសំណួររបស់សិស្សានុសិស្សជាបន្តបន្ទាប់បានយ៉ាងក្បោះក្បាយ។ សិស្សានុសិស្ស ក៏បានកត់ត្រានូវចម្លើយទុកនៅក្នុងសៀវភៅរៀងខ្លួន។ បន្ទាប់មកទៀតវាគ្មិន បានធ្វើបទបង្ហាញទៅកាន់សិស្សានុសិស្សអំពីរូបថតភ្ជួរនៅជញ្ជាំងរបស់មេដឹកនាំធំៗក្នុងរបបខ្មែរក្រហមទាំងប្រាំរូបរួមមាន នួន ជា, ខៀវ សំផន, អៀង សារី, អៀង ធីរិទ្ធិ និងកាំង ហ្កេកអ៊ាវ (ហៅឌុច)។

បន្ថែមពីនេះ ក៏បានលើកយកតំបន់ប្រវត្តិសាស្រ្តសំខាន់ៗដែលជាទីកន្លែងទាក់ទាញភ្លៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងមកសិក្សាស្រាវជ្រាវ និងមកកំសាន្ត។ ចំណុចសំខាន់មួយទៀត គឺការកែប្រែតំបន់អន្លង់វែង ឲ្យក្លាយទៅជាទីក្រុងតូចមួយ ដោយមានការរៀបចំបង្កើតទីកន្លែងទេសចរណ៍ភ្ជាប់ទៅតំបន់ប្រវត្តិសាស្រ្ត មានភោជនីយដ្ឋាន ប្រព័ន្ធទឹក ផ្លូវ សំណង់អាគារ រោងចក្រ និងប្រជាជន ជាដើម។ ចំណុចទាំងអស់នេះហើយបានធ្វើឲ្យភ្ញៀវទេសចរណ៍មកដល់អន្លង់វែង មានភាពសប្បាយរីករាយ ចងចាំមិនភ្លេច។ ប្រជាជននៅមូលដ្ឋានអាចទទួលបានកម្រៃពីភ្ញៀវទេសចរណ៍ ធ្វើឲ្យប្រជាជនមានជីវភាពធូរធារជាងមុនមួយកម្រិត។

បន្ទាប់ពីទស្សនា « រូបថតគម្រោងអភិវឌ្ឍន៍ទីតាំងពើយទៅជាកន្លែងទេសចរណ៍ » សិស្សានុសិស្សទាំង៦នាក់បានសម្ដែងការយល់ឃើញរបស់ខ្លួនដូចខាងក្រោម៖
សៀន លីនាង ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យលំទងបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនបន្ទាប់ពីបានចូលរួមសិក្សាពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងអានឯកសារដូចតទៅ « ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានមកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តសម័យខ្មែរក្រហមនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ខ្ញុំពិតជាសសើរដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងដែលបានបង្កើតកន្លែងស្រាវជ្រាវមួយនេះឡើង ដែលធ្វើឲ្យខ្ញុំយល់ដឹងកាន់តែច្បាស់បន្ថែមទៀតពីប្រវត្តិសាស្ត្ររបស់ខ្មែរយើង »។
ចិន ពៅ ភេទប្រុស អាយុ១៤ឆ្នាំ បានលើកឡើងដូចតទៅ « ក្រោយពីបានសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យរួចមក ខ្ញុំមានអារម្មណ៍ថានៅក្នុងរបបមួយនេះមានច្បាប់តឹងតែងខ្លាំង ធ្វើឲ្យមានការកាប់សម្លាប់ប្រជាជនជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ខ្ញុំក៏មានអារម្មណ៍រីករាយណាស់ដែរ ដែលបានចូលរួមសិក្សាពីប្រវត្តិសាស្រ្តមួយនេះ ដើម្បីឲ្យខ្ញុំបានយល់ដឹងកាន់តែច្រើនអំពីរឿងរ៉ាវដែលបានកើតឡើងនាពេលនោះ។ ជាចុងក្រោយ ខ្ញុំពិតជាចង់ឲ្យស្រុកអន្លង់វែងទាំងមូលមានការរីកចម្រើន អភិវឌ្ឍន៍លើគ្រប់វិស័យ »។
ភី ស្រីនុត ភេទស្រី វ័យ១៣ឆ្នាំ បានចូលរួមបង្ហាញចំណាប់អារម្មណ៍ដូចតទៅ « បន្ទាប់ពីបានសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហមរួចមក ខ្ញុំមានអារម្មណ៍ថាខ្លោចផ្សាជាពន់ពេក ព្រោះនៅក្នុងរបបនោះមានភាពតឹងរឹងក្នុងការហូបចុក កាប់សម្លាប់គ្នា មិនមានភាពសាមគ្គីគ្នា។ ទោះជាយ៉ាងណាខ្ញុំក៏មានការសប្បាយចិត្តដែលបានសិក្សាពីប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ ធ្វើឲ្យខ្ញុំដឹងពីការរស់នៅរបស់ប្រជាជននាពេលនោះ។ បន្ថែមពីនេះ ខ្ញុំចង់ឲ្យគ្រប់បណ្ដាខេត្ត និងស្រុកដែលនៅជាប់ព្រំដែនទូទាំងប្រទេសកម្ពុជាមានភាពរីកចម្រើននាថ្ងៃអនាគត »។

រិន នីសា ភេទស្រី វ័យ១៤ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ដូចតទៅ « ខ្ញុំយល់ឃើញថានៅក្នុងសម័យខ្មែរក្រហម ពិតជាមានភាពលំបាកខ្លាំងតាំងពីការធ្វើការ ការហូបចុក បែកបាក់ក្រុមគ្រួសារ ជាពិសេសធ្វើឲ្យប្រជាជនមានការស្លាប់បាត់បង់ជីវិតជាច្រើននាក់។ កុមារមិនបានទទួលការសិក្សារៀនសូត្រ កូនមិនអាចជួបម្ដាយ ត្រូវរស់នៅដាច់ដោយឡែកពីគ្នា។ ជាចុងក្រោយ ខ្ញុំសង្ឃឹមថានៅតំបន់ប្រវត្តិសាស្រ្តអន្លង់វែងទាំងអស់និងមានការអភិវឌ្ឍន៍ទៅមុខ សម្រាប់ឲ្យភ្ញៀវទេសចរណ៍មកទស្សនា និងកំសាន្ត »។

ហ៊ាង រ៉ាយុទ្ធ ភេទប្រុស អាយុ១៤ឆ្នាំ បានលើកឡើងពីអារម្មណ៍ផ្ទាល់ខ្លួនថា « ខ្ញុំយល់ឃើញថារបបមួយនេះពិតជាមានភាពសាហាវណាស់ ហើយបានសម្លាប់មនុស្សគ្មានកំហុសជាច្រើនលាននាក់ ដោយមានការធ្វើទារុណកម្មយ៉ាងឃោរឃៅបំផុត។ បន្ថែមពីនេះ ខ្ញុំក៏បានចូលរួមសិក្សាពីគម្រោងការអភិវឌ្ឍន៍ក្នុងស្រុកអន្លង់វែងឲ្យប្រែក្លាយទៅជាទីក្រុង និងកន្លែងសេដ្ឋកិច្ច ខ្ញុំពិតជាសប្បាយចិត្តណាស់ព្រោះស្រុកកំណើតរបស់ខ្ញុំនិងអាចក្លាយទៅជាទីក្រុងដ៏ស្រស់ស្អាតនាថ្ងៃអនាគត។

ស៊ិន សុផាត ភេទប្រុស អាយុ១៣ឆ្នាំ បានលើកឡើងថា « ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តណាស់ដែលបានសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម និងបានយល់ដឹងកាន់តច្បាស់ពីការរស់នៅ ការធ្វើការ ការហូបចុក របស់ប្រជាជននៅក្នុងសម័យកាលនោះ។ នៅថ្ងៃអនាគត ខ្ញុំចង់ឃើញប្រទេសជាតិ ក៏ជាស្រុកអន្លង់វែងមានការរីកចម្រើនរហូតទៅ »។

នៅផ្នែកចុងបញ្ចប់សិស្សានុសិស្សបានសម្ដែងនូវការអរគុណដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលបានបង្កើតកម្មវិធីបង្រៀនពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ ដល់១៩៧៩) ក្នុងគោលបំណងពង្រឹងចំណេះដឹងបន្ថែមដល់សិស្សានុសិស្ស។ បន្ថែមពីនេះ ក៏បានផ្ដល់ឪកាសដល់សិស្សានុសិស្សក្នុងការមកសិក្សាស្រាវជ្រាវ និងអានឯកសារខ្មែរក្រហមជាច្រើនដែលបានរក្សាទុកនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង »។

Photos by Mek Ven & Sout Vichet/DC-Cam Archives
July 8-11, 2025

Full report