Students learn about the history of the Khmer Rouge and also the retributive justice at the Extraordinary Chambers in the Courts of Cambodia (ECCC). Students’ attention was drawn to the definitions of Crimes Against Humanity, Crime of Genocide and War Crime. War Crime was a special focus as Thai military allegedly committed the crime: killing an unarmed Cambodian soldier at Mom Bei in May 2025; torture and killings of ‘Prisoners of War’ in time of war; an unlawful caputre of soldiers after the ceasefires came into effect; bombings and shellings of non-military targets such as Buddhist monasteries, people’s houses, and schools; and deliberate shellings of Preah Vihear Temple, a world heritage, and Ta Moan Thom temple.
មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង
វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»
«បទឧក្រិដ្ឋកម្មសង្គ្រាម»
សិស្សចំនួន៦នាក់ (ស្រី៤នាក់ និងប្រុស២នាក់) ដឹកនាំដោយ នាយកអនុវិទ្យាល័យលំទង ចូលរួមក្នុងកម្មវិធីអប់រំពីប្រវត្ដិសាស្រ្ដដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ។
បទឧក្រិដ្ឋកម្មសង្គ្រាម ជាទូទៅត្រូវបាននិយមន័យថាជាការរំលោភធ្ងន់ធ្ងរលើច្បាប់ និងទំនៀមទម្លាប់ស្ដីពីសឹកសង្គ្រាម។ ឧក្រិដ្ឋកម្មសង្គ្រាមត្រូវបានកំណត់ថាជាបទល្មើសនៅក្នុងឧបករណ៍គតិយុត្ដិអន្ដរជាតិជាច្រើន ដូចជាអនុសញ្ញាក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងពិធីសារបន្ថែមទី១ឆ្នាំ១៩៧៧។
លក្ខន្ដិកៈទីក្រុងរ៉ូមបានឲ្យនិយមន័យឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងមាត្រា៨ ហើយបានចែងថា ឧក្រិដ្ឋកម្មនេះស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការព្រហ្មទណ្ឌអន្ដរជាតិ និងសមត្ថកិច្ចរបស់តុលាការនៃបណ្ដាប្រទេសជាសមាជិកលក្ខន្ដិកៈស្របទៅតាមគោលការណ៍នៃការបំពេញបន្ថែម។
ដូចគ្នានឹងករណីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែរ នីតិកម្មជាតិនៃប្រទេសកម្ពុជាចាំបាច់ត្រូវធ្វើយ៉ាងណាឲ្យតុលាការជាតិអាចជំនុំជម្រះឧក្រិដ្ឋជនសង្គ្រាម ដើម្បីឲ្យស្របទៅនឹងកាតព្វកិច្ចអន្ដរជាតិដែលកម្ពុជាបានព្រមព្រៀង។
ចាប់តាំងពីមានជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥មក ការទទួលព័ត៌មាន និងការយល់ដឹងអំពីសង្គ្រាម ការបំផ្លិចបំផ្លាញ និងឧក្រិដ្ឋកម្មនានានៃ សង្គ្រាមត្រូវបានពិភាក្សាទូទៅ ជាពិសេស គឺយុវជនទាំងនេះបានជួបហេតុការណ៍ផ្ទាល់ភ្នែក និងស្ដាប់ឮផ្ទាល់ត្រចៀក ក្នុងពេលថ្មីៗ។ ការរៀនសូត្រដោយភ្ជាប់នឹងព្រឹត្ដិការណ៍ជាក់ស្ដែងបែបនេះធ្វើឲ្យយុវជនងាយយល់ និងចងចាំ ជាពិសេសបង្កើនកការចង់ចេះចង់ដឹងបន្ថែមទៀតទៅតាមការវិវត្ដន៍ស្ថានការណ៍ជាក់ ស្ដែង។
នៅអំឡុងពេលជម្លោះ គ្រឹះស្ថានអប់រំរបស់រដ្ឋនៅតាមបណ្ដោយព្រំដែនដែលប្រឈមផលប៉ះពាល់ត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្នបន្ទាប់ពីមានគ្រាប់ផ្លោងចូលដល់ភូមិស្ថានស៊ីវិល។ គិតត្រឹមថ្ងៃទី២៦ ខែកក្កដា កន្លងទៅ អំឡុងពេលជម្លោះ សាលារៀនរបស់រដ្ឋប្រមាណ៦០០ទីតាំងត្រូវបានផ្អាកដំណើរការដែលធ្វើឲ្យសិស្សខកខានការរៀនសូត្រប្រមាណ១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង៦ពាន់នាក់។ ក្រៅពីនេះ សាលារៀន វត្ដអារាម ទីកន្លែងសក្ការៈ និងបេតិភណ្ឌវប្បធម៌ត្រូវបានក្លាយជាគោលដៅទម្លាក់គ្រាប់បែករបស់ភាគីថៃ។ នៅក្នុងនោះសាលារៀនបឋមសិក្សាតាមន្ដសែនជ័យ ស្ថិតនៅក្នុងខេត្ដឧត្ដរមានជ័យត្រូវទទួលរងការខូចខាតស្ទើរតែទាំងស្រុងដោយសារថៃទម្លាក់គ្រាប់ត្រូវ។ ដំបូល និងជញ្ជាំងត្រូវបានធ្លុះធ្លាយ និងបែកបាក់ជាបំណែកៗ។ នោះ ជាកន្លែងអប់រំសម្រាប់សិស្សចំនួន២០០នាក់។ ដោយសារការគំរាមកំហែងនេះ សិស្សានុសិស្សទាំងអស់បានបង្ខំចិត្ដជម្លៀសខ្លួនតាមក្រុមគ្រួសារទៅកាន់ជម្រកសុវត្ថិភាពដែលឆ្ងាយពីខ្សែបន្ទាត់ព្រំដែន។
នៅក្នុងសប្ដាហ៍នេះ ចាប់ពីថ្ងៃទី១១ ខែសីហាមក ក្រសួងអប់រំ យុវជន និងកីឡាបានជូនដំណឹងដល់អាណាព្យាបាលរបស់សិស្សឲ្យបញ្ជូនកូនឲ្យរៀនឡើងវិញ ហើយគ្រូៗបានខិតខំប្រមែរប្រមូលសិស្សជាច្រើនដំណាក់កាល។ ទោះជាយ៉ាងនេះក្ដី សិស្សមិនទាន់វិលត្រឡប់មកវិញគ្រប់ចំនួននោះទេ ដោយសារតែខ្លាចរត់ភៀសខ្លួនច្រើនដងបន្ដទៀត។ សិស្សានុសិស្សមួយចំនួនបានចុះឈ្មោះចូលរៀនបណ្ដោះអាសន្ដនៅឃុំស្រែណូយ ខេត្ដសៀមរាប ដើម្បីកុំឲ្យខាតពេលរៀនសូត្រ។
កន្លងមក យុវជនដែលមកកាន់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង គឺរៀនសូត្រពីឧក្រិដ្ឋកម្មនានាដោយផ្អែកលើប្រវត្ដិសាស្រ្ដខ្មែរក្រហម ដូចជាអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ប៉ុន្ដែក្នុងស្ថានភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃនេះ បានបង្វែរការចាប់អារម្មណ៍យុវជនឲ្យយល់ដឹងពីបទឧក្រិដ្ឋកម្មទាំងនោះដូចគ្នា ជាពិសេស គឺឧក្រិដ្ឋកម្មសង្គ្រាម ដោយយោងទៅលើភស្ដុតាងដែលរកឃើញក្នុងជម្លោះប្រដាប់អាវុធ។
សិស្សានុសិស្សទាំង៦នាក់ខាងលើនេះ បានផ្ដោតទៅលើការពិភាក្សាអំពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែលពន្យល់ដោយបណ្ឌិត លី សុខឃាង នាយមកជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង និងភ្ជាប់ជាមួយទិដ្ឋភាពជាក់ស្ដែងនៃការចាប់ខ្លួនទាហានកម្ពុជាចំនួន២០នាក់ និងបញ្ជូលត្រឡប់មកវិញចំនួន២នាក់ក្នុងស្ថានភាពពិការភាព និងវង្វេងវង្វាន់ស្មារតី។
ការពិភាក្សាបានក៏បានឈរលើបញ្ហាសំខាន់ៗដែលជម្រុញឲ្យមានជម្លោះនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ រួមមាន៖
ទីមួយ៖ ផ្ដើមចេញពីទាហានថៃបានមកបាញ់សម្លាប់ទាហានខ្មែរដល់លេណដ្ឋានក្នុងតំបន់មុំបីស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ទីពីរ៖ ថៃបានពង្រីកទំនាស់ និងបង្វែរសាច់រឿងដែលត្រូវដោះស្រាយជាមួយកម្ពុជាទៅជាការគំរាមកំហែងផ្ដាច់អគ្គិសនី អ៊ីនធឺណេត និងឥន្ធនៈ និងឧស្ម័នដល់កម្ពុជា រហូតមានការបិទច្រកព្រំដែនទាំងស្រុងលែងមានការចេញចូលទាំងសងខាងគិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ដោយមេភូមិភាគ២របស់ថៃ ប៊ុនស៊ីន ផាកក្លាង។
ទីបី៖ ទាហានថៃបានយកហេតុផលគ្រប់គ្រងប្រាសាទតាមាន់ និងការដើរជាន់មីននៃកងទ័ពរបស់ខ្លួន ដើម្បីធ្វើសង្គ្រាមវាយប្រហារកម្ពុជាមុន។
ទីបួន៖ ការញុះញង់ និងប្រកាសជាសាធារណៈរបស់មេទ័ពថៃ ប៊ុនស៊ីន ផាកក្លាង ដែលចង់វាយយកប្រាសាទតាមាន់ ប្រាសាទតាក្របី និងវាយយកឲ្យដល់ទីក្រុងភ្នំពេញដោយប្រើរយៈពេលតែ៣ថ្ងៃ។
ខាងក្រោមនេះ ជាការយល់ឃើញផ្សេងៗគ្នារបស់សិស្សបន្ទាប់ពីពិភាក្សាហើយ៖
នាងខ្ញុំឈ្មោះ ភឿន ម៉ារ៉ា អាយុ១៥ឆ្នាំ រៀននៅថ្នាក់ទី៧A នៃអនុវិទ្យាល័យលំទង៖
«ខ្ញុំបានដឹងទាក់ទងនឹងសង្គ្រាម៥ថ្ងៃរវាងកងទ័ពកម្ពុជា និងថៃនោះ គឺ៖ ហេតុការណ៍ទី១៖ ថៃបានគិតថា ប្រាសាទដែលនៅលើទឹកដីកម្ពុជា គឺជាប្រាសាទរបស់ខ្លួន ទើបប្រទេសថៃគូបានគូទីតាំងដោយខ្លួនឯងដែលបានសរសេរឈ្មោះប្រាសាទដែលជារបស់ខ្មែរចូលក្នុងទឹកដីរបស់ខ្លួន។ ហេតុការណ៍ទី២៖ ពួកថៃបានចូលមកលើទឹកដីរបស់កម្ពុជាដែលបានឈរជើងនៅលើប្រាសាទមួយដែលមានឈ្មោះថា«ប្រាសាទតាក្របី» ដោយបានស្ដីថា ប្រាសាទនេះជាប្រាសាទរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ថែមទាំងចង់បិទប្រាសាទតាក្របីដែលជារបស់កម្ពុជាមិនឲ្យចូលទៅលេងទៀតផង។ អ្វីដែលខ្ញុំហួសចិត្ដបំផុតនោះ គឺនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសថៃបានវាយប្រហារមកលើកម្ពុជាមុន ដោយបានបាញ់នឹងអាវុធមកលើកម្ពុជាមុន៦គ្រាប់ រួចហើយបានជាខ្មែរយើងមានសិទ្ធិក្នុងការបាញ់ និងតតាំងទៅកាន់ពួកថៃវិញ។ មិនត្រឹមតែវាយមកលើកងទ័ពកម្ពុជាទេ ថែមទាំងធ្វើឲ្យខូចខាតនូវផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន និងវត្ដអារាម និងធ្វើឲ្យខូចខាតនូវប្រាសាទព្រះវិហារដេលបានដាក់បញ្ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក។ ខ្ញុំមិនបានដឹងអំពីព័ត៌មានកាលពីថ្ងៃទី២៨ខែឧសភា ដែលកងទ័ពកម្ពុជាមួយរូបដែលត្រូវបានទាហានថៃបាញ់សម្លាប់នៅទីតាំងមុំបីកាលមុនផ្ទុះសង្គ្រាមនោះទេ។
ចំពោះការបិទច្រកកម្ពុជា-ថៃ ខ្ញុំយល់ថា ការបិទនេះធ្វើឲ្យផលិតផលនាំចេញ និងនាំចូលភាគីទាំងសងខាងមានការស្ទះអីវ៉ាន់ បាត់បង់ប្រាក់ចំណូល បន្លែ ផ្លែឈើ ធ្វើឲ្យខូចខាត និងបាត់បង់ចំណូល។ ខ្ញុំបានដឹងខ្លះៗអំពីការទាក់ទងបិទព្រំដែនដោយឯកតោភាគី (ថៃជាអ្នកប្រកាសបិទដោយខ្លួន) ព្រោះគេមិនចង់ឲ្យអីវ៉ាន់របស់ខ្លួនមកប្រទេសកម្ពុជាប្រើប្រាស់ដោយមិនដឹងថា ធ្វើបែបនេះនឹងបណ្ដាលឲ្យប្រទេសរបស់ខ្លួននាំទំនិញមិនចេញ និងធ្វើឲ្យកកស្ទះ ហើយប្រាក់ចំណូលនឹងចុះភាគរយ។
ខ្ញុំបានដឹងព័ត៌មានអំពីការចាប់ឈ្លើយសឹកទាំង២០រូបបានក្រោយពីបទឈប់បាញ់។ ចំពោះឈ្លើយសឹកទាំង២រូបដែលទាហានថៃបានបញ្ជូនមកកម្ពុជាវិញដោយម្នាក់បាត់បង់ស្មារតី និងម្នាក់ទៀតពិការ ខ្ញុំយល់ថាការធ្វើបែបនេះគឺជាការធ្វើទារុណកម្មយ៉ាងសាហាវដែលប្រជាជនខ្មែរយើងមានការឈឺចាប់ ហើយការធ្វើបែបនេះជាការរំលោភបំពានមកលើប្រទេសដទៃ។ ខ្ញុំយល់ថាចំពោះ ប៊ុនស៊ីនប៉ាក់ឃ្លាំង មេបញ្ជាការកងទ័ពតំបន់២ដែលបានធ្វើការញុះញង់ប្រកាសថានឹងវាយប្រហារយកប្រាសាទខ្មែរ គេគឺជាមនុសដែលមិនស្ដាប់មេដឹកនាំក្នុងប្រទេស ជាមនុស្សវង្វេងប្រវត្ដិសាស្រ្ដ ឈ្លក់នឹងសង្គ្រាម ជាមនុស្សដែលចូលចិត្ដយកទឹកដីរបស់ខ្មែរ យកធ្វើជារបស់ខ្លួនឯងដែលអាចនិយាយបានថា ជាចោរឈ្លានពានទឹកដី ដោយមិនខ្វល់ពីការឈឺចាប់ និងទុក្ខវេទនារបស់ខ្មែរ»។
ខ្ញុំបាទឈ្មោះ វ៉េត វឌ្ឍនាថានន់ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ «ខ» នៃអនុវិទ្យាល័យលំទង យល់ឃើញថា៖
«ហេតុការណ៍ដែលខ្ញុំបានដឹងអំពីសង្គ្រាម៥ថ្ងៃរវាងកងទ័ពកម្ពុជា និងថៃ គឺថា ដំបូងភាគីរបស់ថៃបានចូលទឹកដីខ្មែរ ចរចាជាមួយខ្មែរ សុំយកប្រាសាទជាច្រើនដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទតាមាន់តូច ប្រាសាទព្រះវិហារ តំបន់មុំបី ភ្នំទ្រព្យ និងវាលឥន្ទ្រី ដោយអះអាងថាប្រាសាទទាំងអស់នេះជាប្រាសាទរបស់ខ្លួនតាំងពីសម័យដើមរហូតមកដល់បច្ចុប្បន្ននេះ ដោយសារមូលហេតុបារាំងមកពីបារាំងដែលជាសម្ព័ន្ធមិត្ដជាមួយនឹងថៃ បានគូសផែនទីយ៉ាងខុសច្បាប់ជាខ្លាំង គូសផែនទីយ៉ាងយល់ច្រឡំ ដែលហៅថា ផែនទីចោរ។ ដោយសារហេតុការណ៍នេះហើយ បានជាខ្មែរមិនព្រម ព្រោះប្រាសាទទាំងអស់នេះ ពេលមើលតាមផែនទី គឺវាស្ថិតនៅដែនដីកម្ពុជា។ ដោយហេតុការណ៍នេះ ការចរចាគ្នាមិនឈប់ មិនត្រូវគ្នាតាំងពីដើមខែឧសភារហូតដល់ចុងខែកក្កដា មិនឈប់ ទើបដាក់បណ្ដឹងទៅតុលការ ICJ។ ក្រោយពីប្រជុំចប់ទើបតុលការជម្រះក្ដីឲ្យកម្ពុជាឈ្នះ។ ថៃមិនសុខចិត្ដ ទើបថៃធ្វើការវាយប្រហារមកលើខ្មែរជាមុនយ៉ាងខុសច្បាប់ និងមិនទៅតុលការឡើយ នេះជាការបំពានយ៉ាងខុសច្បាប់។ មិនតែប៉ុណ្ណោះ ថែមតាំងបាញ់ប្រាសាទព្រះវិហារដែលជាបេតិភណ្ឌពិភពលោក និងទទួលទោសយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំបានដឹងពីទាហានខ្មែរយើងដែលត្រូវបានបាញ់ពីទាហានថៃនៅថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំបី កាលពីមុនផ្ទុះសង្គ្រាម។ ដំបូងមានការប៉ះប្រដាប់អាវុធនឹងថៃ មានការផ្ទុះយ៉ាងខ្លាំង ដោយសារដើម្បីជាតិនេះទើបទាហានសុខចិត្ដសម្លាប់ជីវិតអស់១នាក់ នៅតំបន់មុំបីនេះឯង។ ឯ១នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ព្រោះដើម្បីជាតិសម្រាប់ទប់ទល់នឹងចោរសៀមឈ្លានពានទឹកដីខ្មែរ វាយប្រហារមុន ដែលធ្វើឲ្យពិភពលោកឆ្ងល់ថា ខ្មែរមានអាវុធមិនសូវទំនើប តែអាចទប់ទល់នឹងសៀមបាន។ ទាក់ទងនឹងការបិទច្រកព្រំដែនរវាងកម្ពុជា-ថៃ ដោយឯកតោភាគី៖ ដំបូងដោយសារតែជម្លោះព្រំដែន ទើបថៃជាអ្នកប្រកាសបិទដោយខ្លួនឯង ដោយប្រមូលប្រជាជនខ្មែរ ដែលនៅថៃមកខ្មែរវិញ ប្រជាជនថៃដែលនៅខ្មែរទៅថៃវិញ។ ផលិតផលវិញក៏ប្រមូលដែរ និងគាំទ្រផលិតផលក្នុងស្រុកដោយខ្លួនឯង និងកាតផ្ដាច់អ៊ីនធើណិត អគ្គិសនីដោយខ្លួនឯង។ ចំពោះខ្ញុំ អំពីព័ត៌មានការចាប់ឈ្លើយសឹកទាំង២០រូបក្រោយពីបទឈប់បាញ់មិនស្របត្រឹមត្រូវទេ ព្រោះការចាប់ឈ្លើយសឹកទៅថៃមកជួយធ្វើសង្គ្រាមលើទឹកដីរបស់ខ្លួនជាការបំពាន ទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ ចំពោះខ្ញុំ អំពីឈ្លើយសឹកទាំង២រូបដែលថៃបានបញ្ជូនមកកម្ពុជាវិញ ដោយម្នាក់បាត់បង់ស្មារតី និងម្នាក់ទៀតពិការ ជាការអរគុណតិចតួចដែរ ប៉ុន្ដែមិនទាន់ពេញលេញទេនៅសល់១៨រូបទៀតដែលនៅថៃនោះ កំពុងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ។ ចំពោះខ្ញុំយល់អំពី ប៊ុនស៊ីងប៉ាកឃ្លាំង មេបញ្ជាការកងទ័ពតំបន់២ ដែលបានធ្វើការញុះញង់ប្រកាសថានឹងវាយប្រហារខ្មែរយកប្រាសាទរបស់ខ្មែរ ជាការបំពានច្បាប់អន្ដរជាតិយ៉ាងធ្ងន់ធ្ងរ ជាចោរសៀមឈ្លានពានខ្មែរ ល្មោភចង់បានទឹកដីខ្មែរ»។
នាងខ្ញុំឈ្មោះ ឃន់ សក្ដិដា មានអាយុ១៣ឆ្នាំ រៀននៅថ្នាក់ទី៧ «ក» នៃអនុវិទ្យាល័យលំទង និយាយថា៖
«ហេតុការណ៍ដែលខ្ញុំបានដឹងទាក់ទងនឹងសង្គ្រាម៥ថ្ងៃរវាងកងទ័ពកម្ពុជា-ថៃនោះគឺ៖ ហេតុការណ៍ទី១ គឺថៃគិតថាប្រាសាទដែលជារបស់ខ្មែរជារបស់ខ្លួន។ ថៃបានចាប់កងទ័ពកម្ពុជាទៅធ្វើទារុណកម្ម និងបានបាញ់ចំប្រាសាទព្រះវិហារដែលជារបស់ខ្មែរធ្វើឲ្យខូចខាតអស់មួយចំនួន។ ហេតុការណ៍ទី២ គឺខ្ញុំបានឃើញប្រជាជនមួយចំនួនដែលនៅជិតព្រំដែនរវាងកម្ពុជា-ថៃ បានជម្លៀសចេញពីផ្ទះសម្បែង ដើម្បីទៅរស់នៅកន្លែងដែលមានសុវត្ថិភាព។ ថៃបានគូសផែនទីដោយខ្លួនឯងដែលគ្មានការទទួលស្គាល់ពីប្រទេសដទៃដែលថៃបានគូសយកទឹកដីកម្ពុជា ហើយប្រាប់ប្រជាជនខ្លួនឯងថា ជាទឹកដីរបស់ខ្លួន។ ខ្ញុំបានដឹងព័ត៌មានកាលពីថ្ងៃទី២៨ ខែឧសភា កងទ័ពខ្មែរមួយរូបដែលត្រូវបានទាហានថៃបាញ់សម្លាប់នៅទីតាំងមុំបី កាលពីមុនផ្ទុះសង្គ្រាម។ ចំពោះការបិទច្រកព្រំដែនកម្ពុជា-ថៃ ខ្ញុំយល់ថា ការបិទច្រកព្រំដែនធ្វើឲ្យផលិតផលនាំចេញកកស្ទះ ធ្វើឲ្យបាត់បង់ប្រាក់ចំណូលក្នុងស្រុក។ ទាក់ទងនឹងការបិទច្រកព្រំដែនជាឯកតោភាគី ខ្ញុំបានដឹងថា ដោយសារតែសង្គ្រាមហ្នឹង ថៃជាអ្នកចង់បិទព្រំដែន ព្រោះគិតថាកម្ពុជានឹងបាត់បង់ប្រាក់ចំណូលក្នុងស្រុក ព្រោះគ្មានទំនិញរបស់ថៃ។ ខ្ញុំបានដឹងព័ត៌មានអំពីការចាប់ឈ្លើយសឹកទាំង២០រូប ក្រោយបទឈប់បាញ់។ ចំពោះទាហានខ្មែរ២រូបដែលទាហានថៃបញ្ជូនមកវិញដែលម្នាក់ត្រូវបាត់បង់ស្មារតី និងម្នាក់ទៀតត្រូវពិការខ្ញុំយល់ថា ថៃពិតជាឃោរឃៅខ្លាំង ដែលធ្វើទារុណកម្មទាហានខ្មែររហូតដល់បាត់បង់សតិបញ្ញា និងបាត់បង់ផ្នែកកាយសម្បទា និងប៉ះពាល់ដល់សុខភាព។ ចំពោះ ប៊ុនស៊ីនប៉ាកឃ្លាំង មេបញ្ជាការកងទ័ពតំបន់២ថៃ ដែលបានធ្វើការញុះញង់ប្រកាសថានឹងវាយយកប្រាសាទរបស់ខ្មែរ ខ្ញុំយល់ថា គេជាមនុស្សដែលវង្វេងប្រវត្ដិសាស្រ្ដ ជាមនុស្សដែលធ្វើអ្វីតាមតែទំនើងចិត្ដ ជាចោរឈ្លានពានទឹកដីអ្នកដទៃ ជាមនុស្សល្មោបនឹងសង្គ្រាម»។
ខ្ញុំបាទឈ្មោះ ខឿន លីវ៉ាង អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ «ក» នៃអនុវិទ្យាល័យលំទង យល់ឃើញជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ថា៖
«ហេតុការណ៍ដែលទាក់ទងនឹងសង្គ្រាម៥ថ្ងៃ រវាងកងទ័ពកម្ពុជា និងថៃ ខ្ញុំបានឃើញពលរដ្ឋខ្មែរជាច្រើនបានភៀសខ្លួនទៅកន្លែងដែលមានសុវត្ថិភាព ឬកន្លែងដែលឆ្ងាយពីព្រំដែនខ្មែរ-ថៃនោះ។ ពឡេនោះ ខ្ញុំបានឮសម្លេងផ្ទុះគ្រាប់ខ្លាំងៗ ហើយធ្វើឲ្យខ្ញុំភ័យខ្លាច។ នៅតាមផ្លូវមានឡានយោធាជាច្រើនកំពុងធ្វើដំណើរទៅព្រំដែន ក្នុងពេលនោះខ្ញុំរៀបចំ និងចេញដំណើរទៅបន្ទាយស្រីពីរនាក់ម៉ាក់ខ្ញុំ។ ខ្ញុំក៏បានទទួលដំណឹងកាលពីថ្ងៃទី២៨ ខែឧសភា ដោយកងទ័ពខ្មែរ១រូបដែលត្រូវបានទាហានថៃបាញ់សម្លាប់នៅទីតាំងមុំបី កាលពីមុនផ្ទុះសង្គ្រាមនោះដែរ។ ខ្ញុំយល់ថា ការបិទច្រកព្រំដែនកម្ពុជា-ថៃ វាក៏ជារឿងពិបាកមួយដែរសម្រាប់អ្នកដាំដំឡូងព្រោះមិនអាចយកទៅលក់ឲ្យថៃបានទេ។ តែវាក៏ជាការល្អដែរ ព្រោះខ្ញុំមិនចង់ឲ្យមានទំនិញរបស់ថៃ នៅក្នុងទេសកម្ពុជាឡើយ។ ខ្ញុំបានដឹងទាក់ទងនឹងការបិទព្រំដែនដោយឯកតោភាគី ថៃជាអ្នកប្រកាសបិទដោយខ្លួនឯង នោះថៃបានដាក់ម៉ោងក្នុងការបិទ និងបើកដោយខ្លួនឯង ពេលនោះខ្មែរក៏បានយល់ព្រមក្នុងការបិទ និងបើកដោយកំណត់ម៉ោងតាមម៉ោងថៃ ដែលបានដាក់នោះ។ ប៉ុន្ដែប៉ុន្មានថ្ងៃក្រោយមកថៃបានបិទ-បើកព្រំដែនខុសពេលដែលថៃបានកំណត់នោះ។ នៅពេលដែលខ្មែរ-ថៃបើកព្រំដែន ពលរដ្ឋខ្មែរ និងពលរដ្ឋថៃបានចាកចេញទៅស្រុកកំណើតខ្លួនឯងយ៉ាងលឿនក្នុងពេលប៉ុន្មានថ្ងៃនោះ ដែលនៅតែមានខ្មែរក្នុងប្រទេសថៃដដែល។ ខ្ញុំបានដឹងអំពីការចាប់ឈ្លើយសឹកទាំង២០រូបនេះដែរ ក្រោយពីបទឈប់បាញ់។ ខ្ញុំយល់ និងឈឺចាប់ចំពោះឈ្លើយសឹក២រូបដែលទាហានថៃបានបញ្ជូនមកកម្ពុជាវិញដោយម្នាក់បាត់បង់ស្មារតី និងម្នាក់ទៀតត្រូវពិការ មិនដឹងថាទាហានសៀមធ្វើចឹងដើម្បីអ្វី ព្រោះរឿងហ្នឹងជារឿងខុសច្បាប់ ព្រោះពេលនោះមានបទឈប់បាញ់ហើយ តែទាហានថសនៅតែប្រព្រឹត្ដ ខ្ញុំមិនដឹងថាឈ្លើយសឹកប៉ុន្មាននាក់ទៀតមានរឿងអ្វីខ្លះលើគាត់ទេ។ កាលដែលខ្មែរចាប់បានឈ្លើយសឹកថៃជាង៤០រូប ខ្មែរក៏បានដោះលែងឈ្លើយសឹកទាំងនោះទៅប្រទេសខ្លួនឯងវិញដោយសុវត្ថិភាព។ ខ្ញុំយល់ឃើញថាចំពោះប៊ុនស៊ីង ប៉ាកឃ្លាំង មេបញ្ជាការកងទ័ពតំបន់២ថៃ ដែលបានញុះញង់ប្រកាសថានឹងវាយប្រហារយកប្រាសាទខ្មែរ គឺមិនសមជាមេគេឡើយដែលចង់បានតែរបស់គេ។
នាងខ្ញុំឈ្មោះ សល់ នីសា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ នៃអនុវិទ្យាល័យលំទង និយាយថា៖
«ហេតុការណ៍ដែលខ្ញុំបានដឹងទាក់ទងនឹងសង្គ្រាម៥ថ្ងៃរវាងកងទ័ពកម្ពុជា-ថៃ គឺ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃដោយកងកម្លាំងថៃធ្វើការឈ្លានពានមកលើដីកម្ពុជាតាមជាយដែនព្រំប្រទល់ខ្មែរ-ថៃ។ នៅពេលសង្គ្រាមថៃបានប្រើអាវុធសង្គ្រាមធ្ងន់ៗដូចជា F-16 ជាដើមមកលើកងទ័ពកម្ពុជា រួមទាំងបានបាញ់គ្រាប់ប៉ះប្រាសាទព្រះវិហារដែលជាសម្បត្ដិបេតិកភណ្ឌពិភពលោករបស់ប្រទេសកម្ពុជាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ថៃបានបាញ់ផ្សែងពុលគីមីមកលើកម្ពុជាដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជន យោធា។ ចំណែកឯថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វិញ គឺជាថ្ងៃដែលខ្ញុំសប្បាយចិត្ដណាស់ក្រោយទទួលដំណឹងថាមានបទឈប់បាញ់នៅម៉ោង១២:០០នាទីយប់។ ប៉ុន្ដែផ្ទុយទៅវិញ ថៃបានវាយប្រហារមកលើកងទ័ពខ្មែរដដែល រួមទាំងបានប្រើល្បិចឥតឈប់ឈរ ហើយបានចាប់កងទ័ពខ្មែរ២០រូបយកទៅ និងប្រគល់២រូបដែលមួយបាត់បង់សតិ និងមួយទៀតបានពិការ។ ខ្ញុំយល់ថាវាជារឿងខុសច្បាប់បំផុត។ ខ្ញុំក៏បានដឹងអំពីព័ត៌មានកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះដែរ ហើយពិតជាសោកស្ដាយក្រៃលែងដែលបានបាត់បង់កងទ័ពមួយរូបដែលត្រូវបានទាហានថៃបាញ់សម្លាប់នៅតំបន់មុំបីមុនផ្ទុះសង្គ្រាម។ ខ្ញុំយល់ថា នេះជាអំពើឃាតកម្មមួយដ៏ខុសច្បាប់។ ចំពោះខ្ញុំ ខ្ញុំយល់ថា ការបិទច្រកព្រំដែនរវាងកម្ពុជា និងថៃ គឺមិនស្របតាមឯកតោភាគីសោះ ហើយធ្វើឲ្យស្ទះផលិតផលភាគីទាំងពីរប្រទេស។ ខ្ញុំបានដឹងពីការបិទព្រំដែនដោយឯកតោភាគី (ថៃជាអ្នកបិទច្រកព្រំដែនមុន) ដោយជម្លោះរវាងកម្ពុជា-ថៃរួមទាំងផ្ដាច់ប្រព័ន្ធភ្លើងដល់កម្ពុជាទៀតផង។ ខ្ញុំក៏បានដឹងអំពីព័ត៌មានដែលទាហានថៃបានចាប់ឈ្លើយសឹកខ្មែរ២០រូបដែលបានចាប់ដោយប្រើល្បិចថា ចាប់ដៃឈប់បាញ់នៅក្រោយកិច្ចឈប់បាញ់។ ខ្ញុំពិតជាសោកស្ដាយណាស់ដែលបានឮដំណឹងថាទាហានខ្មែរពីររូប ម្នាក់បាត់បង់ស្មារតី ចំណែកឯម្នាក់ទៀតត្រូវបានពិការដោយកងទ័ពថៃបានបញ្ជូនមកពីច្រកអូរស្មាច់។ ខ្ញុំយល់ថា វាជាឧក្រិដ្ឋសង្គ្រាមមួយ គឺចំណុចដែលធ្វើទារុណកម្មមកលើកងទ័ពកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ថៃបានចាក់សារធាតុគីមី បារ៉តក្នុងខ្លួនកងទ័ព (ឈ្លើយសឹក) ដែលទៅអនាគតប្រឈមនឹងជំងឺមហារីក។ ខ្ញុំយល់ថា លោក ប៊ុនស៊ីន ប៉ាកឃ្លាំង មេបញ្ជាការតំបន់២ថៃដែលបានញុះញង់ប្រកាសថានឹងវាយប្រហារយកប្រាសាទខ្មែរ គឺជាមនុស្សគំនិតអាក្រក់ មិនគោរពច្បាប់អន្ដរជាតិ ច់ងបានទឹកដីរបស់គេ ធ្វើអ្វីតាមតែទំនើងចិត្ដ ចូលចិត្ដបង្ហូរឈាម ចូលចិត្ដសង្គ្រាម កាប់សម្លាប់.. មិនត្រូវការសន្ដិភាព»។
នាងខ្ញុំឈ្មោះ ថេត សុខគីម អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៧ (A) នៃអនុវិទ្យាល័យលំទង បាននិយាយថា៖
«ខ្ញុំបានដឹងអំពីសង្គ្រាម៥ថ្ងៃរវាងកម្ពុជា និងថៃដូចតទៅ៖ ហេតុការណ៍ទី១ ភាគខាងថៃជាអ្នកចាប់ផ្ដើមសង្គ្រាមមុនពីព្រោះថៃគិតថាប្រាសាទដែលនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃជារបស់ខ្លួនតាំងពីយូរណាស់មក។ ហេតុការណ៍ទី២ ថៃបានចាប់ទាហានខ្មែរទៅធ្វើទារុណកម្មដែលខុសច្បាប់អន្ដរជាតិ។ ហេតុការណ៍ទី៣ ប្រជាជនខ្មែរដែលនៅជាប់ព្រំដែនក្នុងខេត្ដព្រះវិហារ និងខេត្ដឧត្ដរមានជ័យត្រូវភៀសសឹកពីតំបន់ដែលមានគ្រោះថ្នាក់។ ហេតុការណ៍ទី៤ សៀមបានបំផ្លិចបំផ្លាញវត្ដអារាម សាលារៀន ផ្ទះប្រជាពលរដ្ឋ និងប្រាសាទព្រះវិហារផងដែរ។ ហេតុការណ៍ទី៥ ទាហានត្រូវបានបាត់បង់ជីវិតដោយសារសង្គ្រាម។ ខ្ញុំមិនបានដឹងព័ត៌មានអំពីទាហានថៃបានបាញ់សម្លាប់ទាហានខ្មែរនៅតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភា មុនផ្ទុះអាវុធរវាងកម្លាំងកម្ពុជា និងថៃនោះទេ។ ប៉ុន្ដែខ្ញុំទទួលបានដំណឹងនេះនៅពេលខ្មែរ និងថៃបានផ្ទុះអាវុធហើយ បានបន្ថែមព័ត៌មាននេះអំពីលោកគ្រូ (បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង) បន្ថែមទៀតយ៉ាងច្បាស់ និងពិតប្រាកដ។ ខ្ញុំយល់ថាចំពោះការបិទច្រកព្រំដែនកម្ពុជា-ថៃ គឺពិតជាមិនត្រឹមត្រូវទេ។ ការបិទច្រកព្រំដែន គឺថៃបិទដោយមិនសមស្របតាមឯកតោភាគីទេ ដោយសារថៃបានបិទច្រកដោយឯកឯងមិនបានសួរនាំសំណេះសំណាលទៅកាន់កម្ពុជាថា កម្ពុជាព្រមបិទច្រកព្រំដែន ឬអត់ ហើយទំនិញដែលថៃត្រូវនាំចូលមកកម្ពុជាត្រូវចាក់ចោល និងស្ទះកកកុញនាំចូលទៅណាក៏ពុំបាន។ សេដ្ឋកិច្ចថៃធ្លាក់ចុះយ៉ាងខ្លាំង។
បន្ទាប់ពីបទឈប់បាញ់ ខ្ញុំទទួលបានព័ត៌មានថា ឈ្លើយសឹកខ្មែរទាំង២០រូបត្រូវបានទាហានថៃចាប់យកទៅ។ ឈ្លើយសឹកដែលបញ្ជូនមកទឹកដីកំណើតទាំង២រូបដែលមា្នក់បាត់បង់ស្មារតី និងម្នាក់ទៀតពិការ។ ខ្ញុំយល់ថា វាអយុត្ដិធម៌ខ្លាំងណាស់ ព្រោះឈ្លើយសឹកដែលចាប់យកទៅមានរូបល្អជា សុខភាពមាំមួន តែពេលមកវិញ បែរជាបាត់បង់ស្មារតី និងពិការទៅវិញ ហើយការធ្វើទារុណកម្មនេះ គឺខុសច្បាប់អន្ដរជាតិទាំងស្រុង។ ចំពោះការញុះញង់របស់មេបញ្ជាការកងទ័ពតំបន់២ ប៊ុនស៊ីន ប៉ាកឃ្លាំងដែលចង់បានវាយប្រហារយកប្រាសាទខ្មែរនោះខ្ញុំយល់ថាគាត់ ល្មោភចង់បានទឹកដី ប្រាសាទខ្មែរ ល្មោភសង្គ្រាម ជាចោរចង់បានទឹកដី មិនស្ដាប់តាមច្បាប់អន្ដរជាតិ ជាមនុស្សលាបពណ៌។ (ពួកខ្ញុំមិនត្រូវការសង្គ្រាមទេ ពួកខ្ញុំត្រូវការសន្ដិភាព)»៕