Home / Post

Anlong Veng Peace Center: Students of Lumtong Secondary School

សិស្សានុសិស្សអនុវិទ្យាល័យលំទងអានឯកសារ និងស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហម

សិស្សានុសិស្សចំនួន៦នាក់ (ស្រីចំនួន៣នាក់ និងប្រុសចំនួន៣នាក់) ដឹកនាំដោយនាយកនៃអនុវិទ្យាល័យលំទងបានធ្វើដំណើរជាង១០គីឡូម៉ែត្រមកកាន់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បីស្វែងយល់ឯកសារប្រវត្ដិសាស្រ្ដសេសសល់ពីសម័យខ្មែរក្រហម នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងមានតម្កល់ឯកសារសរុបចំនួន២៩០០ឯកសារ ស្មើនឹង៦៧,៤២៦ទំព័រ។ ក្រៅពីនេះនៅមានពិព័រណ៍រូបថត សៀវភៅបោះពុម្ពផ្សាយ កុនឯកសារ និងអត្ថបទស្រាវជ្រាវដទៃទៀត។

នៅវេលាម៉ោង៩ព្រឹក សិស្សានុសិស្សបានមកដល់ការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងនៅជាប់នឹងបឹងអន្លង់វែងកណ្ដាលទីរួមស្រុកអន្លង់វែង ។ អ្នកគ្រូនាយក និងសិស្សានុសិស្សបានទស្សនាពិព័រណ៍រូបថត រួមមាន៖ ការដង្ហែរសព ឈិត ជឿនហៅ តាម៉ុក, កម្មាភិបាលខ្មែរក្រហមរត់ឡើងភ្នំដងរែក, ពិធីសមាហរណកម្មរបស់កងទ័ពខ្មែរក្រហមចូលទៅក្នុងរាជរដ្ឋាភិបាលកម្ពុជានៅតំបន់អន្លង់វែងក្នុងឆ្នាំ១៩៩៩, ការធ្វើមាតុភូមិនិវត្ដន៍របស់ប្រជាជនកម្ពុជានៅក្នុងសម័យ អ៊ុនតាក់ ឆ្នាំ១៩៩២ និងរូបថតមេដឹកនាំខ្មែរក្រហមចំនួន៥រូបដែលត្រូវ​បាន​ជំនំជម្រះនៅក្នុងសាលាក្ដីខ្មែរក្រហម។ បន្ទាប់មក សិស្សានុសិស្សក៏បានចូលទៅ​អង្គុយនៅលើកៅអីជុំវិញតុវែងមួយ​ដើម្បីទស្សនា និងស្ដាប់ការធ្វើបទបង្ហាញអំពី​មេដឹកនាំ​ខ្មែរក្រហម និងការដួលរលំនៃចលនា​ខ្មែរក្រហមនៅតំបន់អន្លង់វែង។ ចំណែកឯគ្រូដឹកនាំក៏អង្គុយស្ដាប់​ពីការបង្រៀននៅក្បែរនោះដែរ។ អន្លង់វែងជាតំបន់តស៊ូ​ចុងក្រោយ​របស់ចលនា​ខ្មែរ​ក្រហម និងមានសេសសល់ស្លាកស្នាមសង្គ្រាម រួមមានទីតាំងប្រវត្ដិសាស្រ្ដ និងរឿងរ៉ាវដែលបន្ដនិយាយពីប្រភពឯកសាររស់ (អ្នក​រស់រាន​មានជីវិត​ពីសម័យ​ខ្មែរក្រហម) ទៅកាន់មនុស្សជំនាន់ក្រោយដល់ពេ​លបច្ចុប្បន្ន។ ក្នុងនោះ មជ្ឈមណ្ឌលសន្ដិភាព​អន្លង់វែង​ក៏មានតួនាទីក្នុងការថែរក្សានិងរំឮករឿងរ៉ាវប្រវត្ដិសាស្រ្ដ​ទាំងនោះ ក្នុង​បុព្វហេតុ​ផ្សះផ្សា កសាងសន្ដិភាព និងការរក្សានូវអ្វីដែលសេស​សល់​នៅទីនេះទៅជាការអប់រំប្រកបដោយនិរន្ដរ៍ភាព។

នៅក្នុងបទបង្ហាញ សិស្សានុសិស្សចាប់អារម្មណ៍ខ្លាំងទៅលើប្រវត្ដិរបស់តាម៉ុក ក្រុម​គ្រួសារតាម៉ុក​ និងកេរដំណែលរបស់តាម៉ុកដែលមាននៅអន្លង់វែង។ ក្រៅពីនេះ សិសស្សានុសិស្សក៏ស្នើរឲ្យមានការពន្យល់បន្ថែមទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងសម័យខ្មែរក្រហម និងទី​តាំង​ប្រវត្ដិសាស្រ្ដ​មួយ​ចំនួន​ដែរ។

បន្ទាប់ពីធ្វើបទបង្ហាញ សិស្សានុសិស្សមានចំណាប់អារម្មណ៍ដូចតទៅ៖
សុខ សុឈាត ភេទប្រុស អាយុ១៦ឆ្នាំ យល់ឃើញថា៖ « ខ្ញុំយល់ថា ការទស្សនា ឬរៀនសូត្រពីប្រវត្ដិសាស្ដ្រនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង គឺល្អ។ ទីតាំងនេះ ជាកន្លែងសម្រាប់សិក្សា និងយល់ដឹងអំពីប្រវត្ដិសាស្រ្ដ ប៉ុល ពត និង តាម៉ុក ឬឯកសារជាច្រើនផ្សេងទៀត។ លោកគ្រូ អ្នកគ្រូ អាចពន្យល់ប្រាប់ពីប្រវត្ដិសាស្រ្ដដែលយើងមិនធ្លាប់បានដឹងពីមុនមក និងធ្វើឲ្យយើងយល់ដឹងច្បាស់ជាងមុន»។

វ៉ន នីកា ភេទស្រី អាយុ១៤ឆ្នាំ យល់ឃើញថា៖ « ចំពោះការទស្សនា ឬការមករៀនពីប្រវត្ដិសាស្ដ្រនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានធ្វើឲ្យមានអារម្មណ៍សប្បាយរីករាយ និងភ្ញាក់ផ្អើលនៅពេលដែលបានយល់ដឹងពីការររស់នៅរបស់ប្រជាជននៅក្នុងសម័យខ្មែរក្រហម។ លើសពីនេះ ខ្ញុំបានឃើញរូបថតអំពីមុខមាត់ពិតរបស់តាម៉ុកដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក។ ខ្ញុំក៏បានដឹងព័ត៌មានអំពីកូនស្រីតាម៉ុក និងក្រុមគ្រួសារតាម៉ុកដែរ។ នៅក្នុងបទបង្ហាញខ្ញុំបានដឹងពីការជីករូងក្រោមដីនៅផ្ទះលាក់ខ្លួន ប៉ុល ពត និងរឿងរ៉ាវទាក់ទងនឹងសម័យខ្មែរក្រហមដែលប្រជាជនខ្មែរក្រហមស្អប់ និងចងចាំមិនភ្លេច»។

នង សារិន ភេទស្រី អាយុ១៥ឆ្នាំ មានចំណាប់អារម្មណ៍ថា៖ « សម័យប៉ុល ពត ជាសម័យកាល សាហាវព្រៃផ្សៃបំផុតចំពោះប្រជាជនខ្មែរ។ សម័យកាលនេះប្រជាជនខ្មែរចងចាំមិនភ្លេចនោះទេ។ ជាទូទៅ ប្រជាជនបានស្អប់របបនេះ។ ខ្ញុំពិតជាអាណិតចំពោះប្រជាជនកម្ពុជាខ្លាំងណាស់ ដោយសារមិនមានអាហារហូបចុកគ្រប់គ្រាន់ ប្រើប្រាស់កម្លាំងពលកម្មហួសកម្រិត និងការធ្វើទារុណកម្មសួរចម្លើយរហូតដល់បាត់បង់ជីវិតយ៉ាងអណោចអធ័។

គឿន សុនាង ភេទប្រុស អាយុ១៥ឆ្នាំ៖ « ខ្ញុំយល់ឃើញថា ការមករៀន ឬទស្សនាអំពីប្រវត្ដិសាស្រ្ដប៉ុល ពត នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងធ្វើឲ្យខ្ញុំដឹងថារបបនោះមានភាពព្រៃផ្សៃចំពោះប្រជាជនស្លូតត្រង់ និងក្មេងៗដែលមិនដឹងអ្វី ដូចជា ការបង្ខំឲ្យធ្វើការហួសកម្លាំង និងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅសម័យ ប៉ុល ពត បានសម្លាប់ប្រជាជនមិនគិតពីក្មេងចាស់ ហើយការសម្លាប់នឹងអាចធ្វើទៅបានដោយការចោទប្រកាន់មិនដឹងមូលហេតុច្បាស់លាស់។ របបនេះបានធ្វើឲ្យប្រទេសជាតិបាត់បង់ផលប្រយោជន៍ ការបាត់បង់ជីវិតរបស់ប្រជាជន និងការបង្ខំឲ្យរៀបការ»។

ឧត្ដម វ៉ាន់នី ភេទស្រី អាយុ១៦ឆ្នាំ៖ « ខ្ញុំយល់ឃើញថា មានការអាណិតអាសូរដល់ប្រជារាស្រ្ដខ្មែរដែលរស់នៅក្នុងសម័យខ្មែរក្រហម ដោយសារការបំបិទសិទ្ធិសេរីភាព ការរស់នៅដោយវេទនា និងតោកយ៉ាក គ្មានអាហារហូបចុកគ្រប់គ្រាន់ គ្មានសម្លៀកបំពាក់គ្រប់គ្រាន់ និងត្រូវធ្វើការងារដូចទៅនឹងទាសករ។ ក្រៅពីនេះ ប្រជាជនជួបប្រទះនូវការសម្លាប់មិនរើសមុខ ទោះបីស្មោះត្រង់ ឬមិនស្មោះត្រង់ក៏ដោយ។ ខ្ញុំក៏អរគុណដោយបុព្វបុរសខ្មែរក្រហមដែលក្រោកឈរដឹកនាំការតស៊ូប្រឆាំងនឹងសម័យខ្មែរក្រហម ដើម្បីទាមទារយុត្ដិធម៌ ការបញ្ចប់សង្គ្រាមឈានទៅរកសន្ដិភាពសម្រាប់ប្រជាជនខ្មែរទាំងមូល»។

រិន កាក់វីន ភេទប្រុស អាយុ១៤ឆ្នាំ៖ « ខ្ញុំយល់ថា នៅក្នុងសម័យខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត ពិតជាមានភាពព្រៃផ្សៃខ្លាំងណាស់ ដោយសារប្រជាជនជួបប្រទះការអត់ឃ្លាន ទទួលរងការសម្លាប់ ចោទប្រកាន់ផ្ដេសផ្ដាសឲ្យតែសង្ស័យ គ្មានកន្លែងស្នាក់សមរម្យ និងគ្មានថ្នាំព្យាបាលជំងឺ។ ក្នុងថ្ងៃនេះ ខ្ញុំបានយល់ដឹងពីប្រវត្ដិសាស្រ្ដដែលមាននៅអន្លង់វែង ជាពិសេសកេរដំណែលតាម៉ុក។ ក្រៅពីនេះ ខ្ញុំបានដឹងពីរឿងរ៉ាវដែលធ្វើឲ្យតំបន់អន្លង់វែងក្លាយជាតំបន់តស៊ូចុងក្រោយ នៅពេលតាម៉ុក ចាប់ ប៉ុល ពត កាត់ទោសចំពោះមុខប្រជាជន»៕ (អត្ថបទដោយ សួត វិចិត្រ)

DR. LY SOK-KHEANG
Director, Anlong Veng Peace Center
Documentation Center of Cambodia
e: truthlysokkheang@dccam.org
t: +855 (0) 12 570 465
w: www.dccam.org

Full report