Photos by Sout Vichet & Mek Ven/DC-Cam Archives
យុវនារីនៅអន្លង់វែងទស្សនាខ្សែភាពយន្ដ «តំបន់រំដោះខ្មែរក្រហមក្នុងឆ្នាំ១៩៧៣»
យុវនារីចំនួន៥នាក់នៅស្រុកអន្លង់វែងទស្សនាខ្សែភាពយន្ដឯកសារស្ដីពី«តំបន់រំដោះខ្មែរក្រហមក្នុងឆ្នាំ១៩៧៣» នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងមានកិច្ចការស្នូលទៅលើការប្រមែរប្រមូលឯកសារពីសម័យខ្មែរក្រហម និងអប់រំយុវជនអំពីសន្ដិភាព និងការផ្សះផ្សា។ ទោះបីរបបខ្មែរក្រហមបានដួលរលំជាង៤០ឆ្នាំទៅហើយក្ដី ប៉ុន្ដែប្រធានបទនៃប្រវត្ដិសាស្រ្ដមួយនេះនៅតែឆ្លុះបញ្ចាំងអំពីស្ថានភាពរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា អំពើឃោរឃៅ និងបញ្ហាមនុស្សធម៌ដែលកំពុងតែដោះស្រាយនៅឡើយ។ ថ្មីៗនេះ ជម្លោះព្រំដែនកម្ពុជា-ថៃបានសើរើទាំងនោះឡើងវិញ ជាពិសេសប្រវត្ដិសាស្រ្ដពាក់ព័ន្ធនានាតាំងពីសម័យអាណានិគមបារាំងមកលើកម្ពុជាមកម្ល៉េះ។ កម្ពុជាធ្លាប់ស្ថិតក្រោមនឹមអាណានិគមបារាំងអស់រយៈពេលជិតមួយសតវត្សរ៍ (១៨៦៣-១៩៥៣) ហើយនៅពេលបារាំងដកចេញទៅ បញ្ហាជម្លោះព្រំដែនបន្ដរ៉ាំរ៉ៃដូចមុនជិត៥០០ឆ្នាំមកហើយ។ បញ្ហានេះ កំពុងត្រូវបានពិភាក្សា និងសិក្សាស្រាវជ្រាវក្នុងចំណោមអ្នករស់រានមាន ជីវិតពីសម័យខ្មែរក្រហម និងយុវជនកម្ពុជា និងជុំវិញពិភពលោក ដោយហេតុថា កាលណាមានការលើកឡើងពីសម័យខ្មែរក្រហម ពេលនោះមនុស្សគ្រប់គ្នាតែងតែឆ្ងល់ថាតើខ្មែរក្រហមកើតឡើងនៅពេលណា និងមានរឿងអ្វីកើតឡើងខ្លះ។ ដូច្នេះរាល់ការបង្រៀន ឬពិភាក្សា គឺត្រូវការការបកស្រាយស៊ីជម្រៅទៅលើហេតុដើមចមដំបូងនៃការកកើតចលនាតស៊ូខ្មែរឥស្សរៈប្រឆាំងនឹងអាណានិគមបារាំងនៅឥណ្ឌូចិន។ ចុងក្រោយនៃចលនានេះបានក្លាយទៅជារបបដឹកនាំមួយដែលគ្រប់គ្រងប្រទេសកម្ពុជាទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងដួលរលំទៅវិញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានចាក់បញ្ចាំងខ្សែភាពយន្ដឯកសារ «តំបន់រំដោះខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៣» ប៉ុន្ដែមុននេះបន្ដិច លោកបានផ្ដល់ពេលវេលាប្រហែល១៥នាទីដើម្បីឲ្យយុវនារីទាំងអស់គ្នាសួរជាសំណួរដែលខ្លួនចង់ដឹងបំផុតពីប្រវត្ដិសាស្រ្ដខ្មែរក្រហម។ នៅពេលនោះមានយុវនារីម្នាក់បានចោទសួរថា តើមូលហេតុអ្វីបានជាមានការបែងចែកកងទ័ពខ្មែរក្រហម និងកងទ័ពដទៃផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា?
ពាក្យថា «ខ្មែរក្រហម» គឺជាឈ្មោះដែលសម្ដេចព្រះនរោត្ដម សីហនុ មានព្រះបន្ទូលសំដៅលើក្រុមជ្រុលនិយមប្រឆាំងនឹងព្រះអង្គក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ នៅពេលនោះ ខ្មែរក្រហមមិនបានហៅខ្លួនឯងថាខ្មែរក្រហមទេ ប៉ុន្ដែហៅ បក្សកុម្មុយនីស្ដកម្ពុជា ឬអង្គការបដិវត្ដន៍ទៅវិញ។ ត្រឹមតែរយៈពេលជាង៣ឆ្នាំ ប្រជាជនកម្ពុជាស្លូតត្រង់ប្រមាណជិត២លាននាក់បានស្លាប់បាត់បង់ជីវិត ហើយប្រជាជន៥លាននាក់ផ្សេងទៀតគឺជាអ្នករស់រានមានជីវិត ឬជនរងគ្រោះ។
ខ្សែភាពយន្ដឯកសារដែលចាក់បញ្ចាំង គឺជាទិដ្ឋភាពនៃប្រវត្ដិសាស្រ្ដនៃការតស៊ូរបស់ចលនាខ្មែរក្រហម ហើយនៅពេលចលនានេះទទួលបានភាពជោគជ័យវាគ្រាន់តែជាការចាប់ផ្ដើមនៃអំពើឃោរឃៅ និងវិនាសកម្មក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ យុវនារីក្នុងក្រុមបានទទួលស្គាល់ថា ជីតារបស់ខ្លួនសុទ្ធតែធ្លាប់បម្រើនៅក្នុងចលនាខ្មែរក្រហម។ អ្វីដែលខ្លួនត្រូវការ គឺមិនចង់ឃើញប្រទេសជាតិរបស់ខ្លួនធ្លាក់ទៅក្នុងស្ថានភាពដូចមុនទៀតទេ។ ទោះជាការគិតបែបនេះក្ដី ស្ថានភាពនៃការឈ្លានពានតាមព្រំដែនបណ្ដាលឲ្យយុវនារីរំឮកពីទុក្ខលំបាកនៃការជម្លៀសជាមួយក្រុមគ្រួសារទៅកាន់ទីកន្លែងសុវត្ថិភាពទៅវិញ។ នេះជារឿងរ៉ាវប្រវត្ដិសាស្រ្ដដើម្បីយល់ដឹងកាន់តែច្បាស់អំពីសង្គ្រាម និងសន្ដិភាព ដែលជួបផ្ទាល់ក្នុងជំនាន់របស់ ខ្លួន។
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់បានក្លាយជាប្រភពឯកសារដ៏មានសារសំខាន់ដើម្បីរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនរាប់មិនអស់ ហើយបានឆ្លុះបញ្ចាំងអំពីបញ្ហាមនុស្សធម៌ទាំងក្នុងរបបខ្មែរក្រហម និងនៅតាមជំរំជនភៀសខ្លួនលើភ្នំដងរែកជាប់ព្រំដែន កម្ពុជា-ថៃផង។ ប្រជាជនស្លូតត្រង់កម្ពុជាបានរត់ចេញពីការសម្លាប់រង្គាលដោយខ្មែរក្រហម ហើយទៅទទួលរងការសម្លាប់រង្គាលម្ដងទៀតដោយយោធាថៃនៅលើភ្នំដងរែក។ ទីតាំងសម្លាប់រង្គាលមួយកន្លែងដែលយោធាថៃបានរុញច្រាន និងបាញ់រះជនភៀសខ្លួនកម្ពុជាទម្លាក់បណ្ដាលឲ្យស្លាប់យ៉ាងអសោច ស្គាល់ជាទូទៅថា ភ្នំខ្មោច។ ភ្នំខោ្មច ជាភូមិសាស្រ្ដផ្សាភ្ជាប់ពីការស្លាប់របស់ជនភៀសខ្លួនខ្មែរជាពាន់នាក់ និងជម្លោះប្រដាប់អាវុធកើតឡើងថ្មីៗនេះកាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ យោធាថៃបានរំលោភលើអធិបតេយ្យភាពកម្ពុជា ហើយនៅបង្កបញ្ហាបញ្ឆេះឲ្យឡើងកម្ដៅតាមព្រំដែនរយៈពេល៥ថ្ងៃ។ នៅក្រោយបទឈប់បាញ់យោធាថៃបានរាយលួសបន្លារព័ទ្ធយកផ្ទះសម្បែងប្រជាពលរដ្ឋនៅភូមិជោគជ័យ ក្នុងខេត្ដបន្ទាយមានជ័យដោយខុសច្បាប់ និងកន្លែងផ្សែងទៀតជាបន្ដបន្ទាប់។ ប្រទេសថៃមិនទទួលស្គាល់ សន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៤-១៩០៧ និងយុត្ដាធិការរបស់អង្គការអន្ដរជាតិនោះទេ។ ជាភស្ដុតាង ថៃបានរំលោភលើអធិបតេយ្យភាពកម្ពុជាម្ដងហើយម្ដងទៀត និងសាលក្រមតុលាការICJលើសំណុំរឿងប្រាសាទព្រះវិហារដែលថាកម្ពុជាជាម្ចាស់កម្មសិទ្ធិពិតប្រាកដ។
នៅចុងបញ្ចប់នៃការទស្សនាភាពយន្ដឯកសារ និងពិភាក្សា យុវនារីបានយល់ឃើញអំពីប្រវត្ដិសាស្រ្ដអតីតកាល និងបញ្ហាថ្មីៗកត់ចំណាំជាប្រវត្ដិសាស្រ្ដទៅខាងមុខដែលពេលដែលបានឆ្លងកាត់ព្រឹត្ដិការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖
សាញ់ លីហ៊រ យល់ឃើញថា៖ «សន្ដិភាពធ្វើឲ្យយើងមានសុវត្ថិភាព មិនមានការព្រួយបារម្ភ រស់នៅដោយគ្មានអំពើហិង្សា ជម្លោះ ឬសង្គ្រាម។ នៅពេលជម្លោះព្រំដែនកម្ពុជា-ថៃថ្មីៗនេះ ទុកលំបាករបស់យើង គឺការរត់ភៀសខ្លួន និងខូចខាតផ្ទះសម្បែង។ កងទ័ពជាច្រើនបានរងរបួស និងស្លាប់បាត់បង់ជីវិត។ វាជារឿងសោកសៅ និងចងចាំទុក»។
ស៊ន ស្រីនី៖ «ទិដ្ឋភាពដែលខ្ញុំបានឃើញអំឡុងពេលជម្លៀសខ្លួនពីជម្លោះព្រំដែនកម្ពុជា-ថៃ គឺប្រជាពលរដ្ឋជួបប្រទះនូវផលវិបាក បាត់បង់ចំណូលថវិការាល់ថ្ងៃ និងបាត់បង់ជម្រក។ ប្រវត្ដិសាស្រ្ដខ្មែរក្រហមដែលនៅតែទាក់ទិននឹងបញ្ហាព្រំដែនកម្ពុជា-ថៃនាពេលបច្ចុប្បន្ន ដោយសារប្រទេសថៃនៅតែបន្ដឈ្លានពានមកលើប្រទេសកម្ពុជា ដូចជា ចង់គ្រប់គ្រងប្រាសាទព្រះវិហារ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ តំបន់មុំបី និងប្រាសាទតាក្របី ជាដើម»។
ស៊ីវ ណាវី៖ « នៅក្នុងព្រឹត្ដិការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃថ្មីៗនេះ បានធ្វើឲ្យប្រជាជនមានភាពសោកសៅ ការខូចខាតផ្ទះសម្បែង និងការខ្វះខាតលុយកាក់សម្រាប់រត់ភៀសខ្លួន។ ទាំងនេះហើយ បានធ្វើឲ្យខ្ញុំមើលឃើញថា សន្ដិភាព គឺធ្វើឲ្យយើងមានសុវត្ថិភាព មិនមានអារម្មណ៍ភ័យព្រួយ រស់នៅដោយគ្មានអំពើហិង្សា ជម្លោះ ឬសង្គ្រាមឡើយ»។