Home / Post

Anlong Veng Peace Center: A Learning Space for a High School Student. October 22, 2026.

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង មិនត្រឹមតែជាកន្លែងតម្កល់ទុកនូវឯកសារប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីយ៉ាងសំខាន់ជាបណ្ណាល័យ និងជាទីកន្លែងស្វ័យសិក្សាដ៏ស្ងប់ស្ងាត់សម្រាប់សិស្សានុសិស្សនៅក្នុងមូលដ្ឋាន។ ជាក់ស្តែង ជារៀងរាល់ថ្ងៃពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ តែងតែសង្កេតឃើញវត្តមានយុវសិស្សម្នាក់មកពីវិទ្យាល័យ អន្លង់វែង មកធ្វើស្វ័យសិក្សា និងស្រាវជ្រាវយ៉ាងទៀងទាត់នៅទីនេះ ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនក្រៅម៉ោងសិក្សានៅសាលា។

ខណៈពេលដែលមិត្តភក្តិរួមជំនាន់ខ្លះចំណាយពេលសម្រាក ឬដើរលេងកម្សាន្តក្រោយចេញពីសាលាអំឡុងពេលវ៉ាកង។ ផ្ទុយទៅវិញ យុវជនរូបនេះបែរជាធ្វើដំណើរមកកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដើម្បីសិក្សាទៅវិញ។ សកម្មភាពដែលសិស្សបានធ្វើជាប្រចាំប្រាំថ្ងៃក្នុងមួយសប្តាហ៍មានដូចជា ការអានសៀវភៅពុម្ពសាលា(ប្រវត្តិវិទ្យាថ្នាក់ទី១២) សៀវភៅរឿងនិទាន អក្សរសាស្រ្តខ្មែរ(ថ្នាក់ទី១២) និងដោះស្រាយលំហាត់។ យុវសិស្សបានចំណាយពេលជាច្រើនម៉ោងដើម្បីកត់ត្រា គិតគូរលំហាត់ និងអានដោយយកចិត្តទុកដាក់បំផុត។ ក្រៅពីមុខវិជ្ជាចំណេះទូទៅសម្រាប់ត្រៀមចូលរៀនថ្នាក់ថ្មី យុវសិស្សបានប្រើប្រាស់ឯកសារនៅក្នុងមជ្ឈមណ្ឌល ដើម្បីសិក្សាពីប្រវត្តិកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ និងការផ្សះផ្សាជាតិនៅក្នុងតំបន់អន្លង់វែង ដែលជាទឹកដីកំណើតរបស់ខ្លួន។

សកម្មភាពស្វ័យសិក្សាប្រាំថ្ងៃក្នុងមួយសប្តាហ៍របស់យុវសិស្សរូបនេះ ទទួលបានការវាយតម្លៃខ្ពស់ពីក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ វិន័យផ្ទាល់ខ្លួន និងស្មារតីស្រឡាញ់ការអានដ៏មោះមុតនេះ មិនត្រឹមតែជួយឱ្យសិស្សទទួលបាននូវចំណេះដឹងទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាគំរូល្អឈានមុខមួយ ក្នុងការជំរុញវប្បធម៌នៃការអាន និងការប្រើប្រាស់ធនធានបណ្ណាល័យឱ្យមានប្រយោជន៍ក្នុងចំណោមយុវជនជំនាន់ក្រោយ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីតម្លៃដ៏ឧត្តុង្គឧត្តមរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងសន្តិភាពប្រកបដោយចីរភាពនៅក្នុងសហគមន៍។

វត្តមានដ៏ស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយថាមពលរបស់សិស្សវិទ្យាល័យរូបនេះ បានក្លាយជាទិដ្ឋភាពដ៏ទាក់ទាញ និងជាការលើកទឹកចិត្តយ៉ាងខ្លាំងដល់បុគ្គលិក ក៏ដូចជាអ្នកចូលមកទស្សនានៅមជ្ឈមណ្ឌល។ សកម្មភាពស្វ័យសិក្សានេះ មិនត្រឹមតែជាការរៀបចំខ្លួនសម្រាប់អនាគតផ្ទាល់ខ្លួនរបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងឱ្យឃើញពីតម្លៃនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក្នុងការដើរតួជាស្ពានចម្លងចំណេះដឹង និងការយល់ដឹងពីអតីតកាល ដើម្បីកសាងធនធានមនុស្សប្រកបដោយសន្តិភាពសម្រាប់ថ្ងៃស្អែក។

https://photos.app.goo.gl/32yJDt2eYmkfibi6A