Home / Post

Anlong Veng Peace Cente: Classroom Forum on the History of Democratic Kampuchea (1975-1979)

វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»
មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដើម្បីលើកការចងចាំអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ការកសាងសន្ដិភាព និងការផ្សះផ្សា តាមរយៈជំរុញឱ្យមានការពិភាក្សា ការបើកទូលាយឲ្យសិក្សារៀនសូត្រអំពីកំហុសអតីតកាល ក្នុងគោលបំណងប្រែក្លាយសង្គម និងវប្បធម៌ដែលធ្លាប់តែលិចលង់ឲ្យរស់ឡើងវិញ។ វេទិកានេះ មានការចូលរួមពីសិស្សានុសិស្សនៃវិទ្យាល័យអន្លង់វែងចំនួន៣នាក់ (ស្រីទាំងបីនាក់)។

ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានធ្វើបទបង្ហាញអំពីដំណើរដើមទងនៃ
ផ្នែកខ្លះដែលឈានទៅដល់ការបង្កើតរបបខ្មែរក្រហម ពិព័រណ៍រូបថតនៃប្រវត្តិសាស្ត្រ សៀវភៅបោះពុម្ពផ្សាយ និងឯកសារភស្តុតាងនានា ដែលឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្ដែងនៅក្នុងរបបខ្មែរក្រហម។ ក្រៅពីនេះ ក្រុមការងារបានពិភាក្សាជាមួយសិស្សានុសិស្សដើម្បីសួរនាំផ្ទាល់ដែលឈានទៅដល់ការយល់ដឹងចំណេះដឹងអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ និងសកម្មភាពចូលរួមរបស់សិស្សានុសិស្សកន្លងមកនៅក្នុងវេទិកាប្រវត្ដិសាស្រ្ដដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ សិស្សានុសិស្សមានចំណាប់អារម្មណ៍ចង់មកទីនេះបន្ដបន្ទាប់ទៀត ដើម្បីទស្សនាកុនឯកសារប្រវត្ដិសាស្រ្ដ និងរៀនសូត្រពីរបៀបនៃការស្រាវជ្រាវ និងការហាត់ពុតលុតដំទៅលើជំនាញក្នុងការសរសេរសាច់រឿង និងសំណេរតែងសេចក្ដីនាពេលខាងមុខ។ សិស្សានុសិស្សមើលឃើញថាមានសារសំខាន់ទាក់ទងនឹងការរៀនសូត្ររបស់ខ្លននៅសាលារៀនដែរ។ ម្យ៉ាងទៀត សិស្សានុសិស្សមានបំណងចង់បបួលមិត្ដនៅរៀនសាលារដ្ឋ មកកាន់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បីស្វែងយល់ពីប្រវត្ដិសាស្រ្ដដែលខ្លួនចង់ដឹង និងតាមពេលវេលាជាក់ស្ដែងដែលខ្លួនមាន នៅមជ្ឈមណ្ឌលនេះ។

ស៊ីវ ណាវី ភេទស្រី អាយុ១៥ឆ្នាំ មានចំណាប់អារម្មណ៍ថា៖ «កាលពីមុន ខ្ញុំធ្លាប់តែឮប្រវត្ដិសាស្រ្ដខ្មែរក្រហមតាមរយៈការនិទានប្រាប់ពីយាយតា និងអានសៀវភៅនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងកាលពីកន្លងមក ដោយសារនៅសាលារដ្ឋមិនទាន់បង្រៀនស៊ីជម្រៅទេ។ បើមានឱកាសណាមួយ ខ្ញុំចង់បបួលមិត្ដភក្ដិដែលរៀននៅក្នុងថ្នាក់ជាមួយគ្នាឲ្យមកកាន់ទីនេះ ដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ពីតម្លៃនៃប្រវត្ដិសាស្រ្ដ និងទស្សនាកុនឯកសារប្រវត្ដិសាស្រ្ដដែលមិនធ្លាប់បានដឹង។ ខ្ញុំយល់ថា យុវជនគ្រប់រូបត្រូវតែដឹងពីប្រវត្ដិសាស្រ្ដដែលសង្គមបានជួបប្រទះ ដើម្បីកុំឱ្យបាត់បង់ ហើយជួយឲ្យយើងជៀសវាងការភ័ន្ដច្រឡំបង្កការរើសអើងរវាងគ្នានឹងគ្នា និងជួយទប់ស្កាត់ការកកើតនូវរបបប្រល័យពូជសាសន៍សាជាថ្មី»។

មឿន សាមីតត្រា ភេទស្រី អាយុ១៥ឆ្នាំ យល់ឃើញថា៖ «ការរៀនសូត្រពីប្រវត្ដិសាស្រ្ដបានធ្វើឲ្យខ្ញុំយល់ដឹងពីសង្គមរបស់យើងដែលជួបប្រទះរឿងរ៉ាវនាពេលកន្លងមកក្នុងអតីតកាល។ ខ្ញុំនៅមិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជាមានការសម្លាប់គ្នារវាងជាតិសាសន៍ខ្មែរគ្នាឯងដូច្នេះសោះ។ ខ្ញុំចាប់អារម្មណ៍ទៅលើរូបភាពនៃសាកសពរបស់កងទ័ពខ្មែរក្រហម និងកងទ័ពវៀតកុង ដែលត្រូវបានសម្លាប់ដោយទាហានសាធារណរដ្ឋខ្មែរ នៅមុខស្ថានទូតបារាំងប្រចាំនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៧០ និងផែនទីវាលពិឃាតនៅកម្ពុជាឆ្នាំ១៩៧៥ ដល់១៩៧៩ ដែលរួមមានគុកចំនួន១៩៧កន្លែង បូជនីយដ្ឋានរំឮកអំពើប្រល័យពូជសាសន៍ចំនួន៨១ទីតាំង នៅក្នុងបទបង្ហាញពីក្នុងសៀវភៅ អំពើប្រល័យពូជសាសន៍ និងការសម្លាប់រងា្គលនៅក្នុងប្រវត្ដិសាស្រ្ដពិភពលោក»។

សាញ់ លីហ៊រ ភេទស្រី អាយុ១៥ឆ្នាំ មានចំណាប់អារម្មណ៍ថា៖ «នៅពេលមានការរំឮកដល់កងទ័ពខ្មែរក្រហមមកកាន់តំបន់អន្លង់វែង ខ្ញុំនឹកឃើញដល់ចាស់ៗជាច្រើននាក់ដែលជាអតីតខ្មែរក្រហមនៅតំបន់នេះ ដែលខ្ញុំធ្លាប់បានស្គាល់ រួមទាំងជីតា និងមេភូមិរបស់ខ្ញុំផង។ នៅពេលបច្ចុប្បន្ននេះ ខ្ញុំមិនធ្លាប់ឃើញមានរឿងរ៉ាវអ្វីកើតឡើងជាអវិជ្ជមានទេ បន្ទាប់ពីគាត់បានស្ម័គ្រចិត្ដរួមរស់នៅក្នុងសង្គមជាតិសាជាថ្មី»។
ជាកិច្ចបញ្ចប់នៃវេទិកាថ្នាក់រៀន ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានសង្កត់ធ្ងន់ឲ្យយុវជនចូលរួមនៅក្នុងកម្មវិធីសង្គមឲ្យបានកាន់តែច្រើន និងរៀនស្វែងយល់ពីអ្វីដែលខ្លួនចង់ដឹងទាក់ទងនឹងប្រវត្ដិសាស្ដ្រ ដែលភ្ជាប់ខ្លួនទៅនឹងរឿងរ៉ាវនៃសង្គម។ យុវជន គឺជាអ្នករក្សាបាននូវប្រវត្តិសាស្ត្រមួយ ដែលភ្ជាប់ខ្លួនទៅនឹងជំនាន់មួយទៀត ប្រកបដោយសន្តិភាព និងការអភិវឌ្ឍទៅមុខជានិរន្ដរ៍»៕

https://photos.app.goo.gl/nRvE4WaR6TZbadzr7