Home / Post

សិស្សអនុវិទ្យាល័យ​ហ៊ុន សែន ត្រពាំងប្រិយ៍ទស្សនាភាពយន្តឯកសារ «អ្នកកសាងសន្ដិភាព»

លោក អាន់តូនីញ៉ូ ហ្គូធឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ មាន​ប្រសាសន៍ថា ៖ «សន្តិភាពមិនមែនកសាងនៅក្នុងបន្ទប់ប្រជុំទេ។ សន្តិភាពត្រូវបាន​កសាងនៅក្នុង​ថ្នាក់រៀន នៅតាម​មន្ទីរសម្រាកព្យាបាល និងនៅក្នុង​សហគមន៍ផ្ទាល់។ សន្តិភាព​ត្រូវបាន​កសាងឡើង នៅពេលដែលមនុស្សម្នាក់ៗមាន​សេចក្តីសង្ឃឹម ឳកាស និង​ចំណែកសម្រាប់អនាគត​របស់ខ្លួន»។

António Guterres, Secretary-General of the United Nations, says: “Peace is not built in conference rooms. Peace is built in classrooms, in clinics, in communities. Peace is built when people have hope, opportunity and a stake in their future.”

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
សិស្សអនុវិទ្យាល័យ​ហ៊ុន សែន ត្រពាំងប្រិយ៍ទស្សនាភាពយន្ត​ឯកសារ «អ្នកកសាងសន្ដិភាព»
នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានរៀបចំចាក់បញ្ចាំងខ្សែភាពយន្តឯកសារ«អ្នកកសាងសន្តិភាព»[1] ដល់សិស្សានុសិស្សចំនួន ៤ នាក់ មកពីអនុវិទ្យាល័យហ៊ុន សែន ត្រពាំងប្រិយ៍ នៅការិយាល័យមជ្ឈមណ្ឌល។ ភាពយន្ត​ឯកសារ «អ្នកកសាងសន្តិភាព» មានបំណង​ចង់ឲ្យប្រជាជនទាំងអស់រស់នៅប្រកបដោយសន្តិភាព គ្មានការគុំគួន និងការចងគំនុំរវាងគ្នានឹងគ្នា ព្រមទាំងការប្រាស្រ័យទាក់ទងគ្នាប្រកបដោយសេចក្តីសប្បាយរីករាយ។​

​គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥ សាលារៀន​សាធារណ​ចំនួន​ប្រមាណ ៦០០ កន្លែងនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ត្រូវបានបើកដំណើរការឡើងវិញ ដើម្បីទទួលសិស្សឲ្យចូលរៀន បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

កម្មវិធីចាក់បញ្ចាំងនេះ ត្រូវបានធ្វើឡើងជារៀងរាល់សប្តាហ៍ ដើម្បីផ្តល់ឱកាសឲ្យយុវជនទទួលបានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ជាពិសេសគឺប្រវត្តិសាស្ត្រ និងជីវិតក្នុងសហគមន៍អន្លង់វែង ដែលធ្លាប់ឆ្លងកាត់អតីតកាលដ៏ជូរចត់។

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៤ ដែលកន្លែង​ប្រមូលផ្តុំ និង​ចងក្រងឯកសារ​ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ សម្រាប់ការ​អ្នកសិក្សា​ស្រាវជ្រាវ និង​អប់រំ​យុវជន​ក្នុង​ពេលបច្ចុប្បន្ន​ និងអនាគត​។ តទៅមុខទៀត​ មជ្ឈមណ្ឌលនៅតែបន្តបេសកកម្មរបស់ខ្លួនជាមួយយុវជនក្នុងសហគមន៍អន្លង់វែងដើម្បី​ចំណេះដឹងប្រវត្ដិសាស្រ្ដ បង្កើតនូវឱកាស​ និង​បង្កើនគុណភាព​នៃជីវិតសម្រាប់​​ជា​ធនធាន​ត្រឡប់មកអភិវឌ្ឍន៍​សហគមន៍របស់ខ្លួន​ឡើងវិញ​។ មកទល់ពេលនេះ មានឯកសារប្រវត្តិ​សាស្ត្រក្នុងសហគមន៍អន្លង់វែងប្រមាណ២,៩០០ឯកសារ ព្រមទាំងឯកសារថ្មីៗជាច្រើនទៀតទាក់​ទង​នឹងសុខភាព និងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម។
មជ្ឈមណ្ឌល​ក៏បាន​ធ្វើការងារជាមួយយុវជនស្ម័គ្រចិត្តកម្ពុជាជាច្រើនជំនាន់​តាំងពីដំបូងមក ជាពិសេសទៅលើសកម្មភាពអប់រំ ប្រមែរប្រមូលព័ត៌មាន និងការ​ថែរក្សាបរិស្ថានធម្មជាតិ។ ចាប់តាំងបង្កើត​មជ្ឈមណ្ឌល​មក អគារប្រវត្តិសាស្ត្រអតីតផ្ទះប្រជុំតាម៉ុកនៅលើខ្នងភ្នំដងរែកដែលជានិមិត្ដរូប​​ដ៏សំខាន់​ ត្រូវបានជួសជុល និងដាំ​ដើមឈើ​រាប់រយ​ដើម​ព័ទ្ធជុំវិញ។ ទីនោះ ត្រូវបាន​ប្រែក្លាយ​ពីកន្លែងប្រជុំ​នៃយុទ្ធសាស្រ្ដសង្គ្រាម ទៅជា​ទីកន្លែងអប់រំ​អំពី​ការ​បង្កើត​សន្ដិភាព និងការផ្សះផ្សាទូទាំង​តំបន់។​
យុវជនរាប់រយនាក់បានចុះកម្មសិក្សាស្វែង​យល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម និងប្រាស្រ័យទាក់​ទង​​ជាមួយនឹងអ្នករស់រានមានជីវិត​ពីសម័យ​ខ្មែរក្រហម​។ មកទល់ពេល​នេះ បរិស្ថានធម្មជាតិ​ត្រូវបានស្ដារឡើងវិញស្របពេលដែលយុវជន​ឆ្លងកាត់ទីនេះក្លាយជាធនធាន៏ល្អនៅក្នុងសង្គម ដូចជាគ្រូបង្រៀន ការបម្រើ​​​ការងារក្នុង​មុខងា​ររដ្ឋបាលសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងចំណេះ​ជំនាញផ្សេងទៀតរៀងៗ​ខ្លួន នោះហើយ​ជាទស្សនវិស័យ​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង។​
តួនាទីយុវជន និងការផ្សះផ្សា

ចាប់តាំងពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩មក ការផ្សះផ្សា និងការកសាងសង្គមឡើងវិញ បានមើលឃើញពីតួនាទីដ៏សំខាន់របស់យុវជន ជាពិសេសតាមរយៈការអប់រំ បន្ទាប់ពីធនធានមនុស្សក្នុងសម័យខ្មែរក្រហមត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ដូចដែលខ្លឹមសារក្នុងខ្សែភាពយន្តឯកសារ «អ្នកកសាងសន្តិភាព» បានបង្ហាញ។
ក្រៅពីនេះ ការស្វែងយល់ពីប្រវត្តិសាស្ត្រគឺជារឿងសំខាន់ ដើម្បីរកចំណុចចាប់ផ្តើមផ្សះផ្សាសង្គមដោយរបៀបណា។ ការងារដែលបានកសាងជាមួយយុវជន គឺចង់ឲ្យមានការបង្រួបបង្រួម ដែលជាគន្លឹះនៃការផ្សះផ្សា ដោយសារតែយុវជននឹងមានអនាគតវែងឆ្ងាយ និងអាចផ្សាភ្ជាប់ជីវិតរបស់ខ្លួន និងសហគមន៍ដែលខ្លួនរស់នៅទៅកាន់មជ្ឈដ្ឋានផ្សេងទៀត តាមរយៈការអប់រំ។

ដើម្បីឲ្យមានការទទួលស្គាល់យ៉ាងពេញលេញចំពោះតំបន់អន្លង់វែង ដែលធ្លាប់ល្បីល្បាញយ៉ាងអសោច​អំពីភាពឃោរឃៅ និងសង្គ្រាមរ៉ាំរ៉ៃ រហូតដល់សមាហរណកម្មចុងក្រោយនៅឆ្នាំ១៩៩៨ មជ្ឈមណ្ឌលបានព្យាយាមផ្សារភ្ជាប់ និងបកស្រាយអំពីជីវិត ឬការវិវឌ្ឍន៍សហគមន៍របស់ខ្លួនទៅកាន់មជ្ឈដ្ឋានខាងក្រៅកាន់តែទូលំទូលាយ។
ខាងក្រោមនេះជា​ចំណាប់អារម្មណ៍របស់សិស្សានុសិស្សក្រោយទស្សនាកុន​ឯកសារ «អ្នកកសាងសន្ដិភាព»៖

ថន យឿន អាយុ ១៤ ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្សែភាពយន្តឯកសារនេះបានបង្ហាញយ៉ាងច្បាស់ពីទិដ្ឋភាពយុវជន និងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលធ្លាប់ទទួលរងនូវការលំបាក និងការគំរាមកំហែងដល់ជីវិតប្រជាជននៅពេលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម»។

ឃឿន ចរិយា អាយុ ១៤ ឆ្នាំ យល់ឃើញថា៖ «តាមរយៈខ្សែភាពយន្តឯកសារដែលបានទស្សនារួចមក អន្លង់វែងគឺជាកន្លែងដែលមានឱកាសសម្រាប់ការកម្សាន្ត ដោយមានសារមន្ទីរផ្ទះតាម៉ុក ទិដ្ឋភាពនៅលើភ្នំដងរែក និងព្រៃឈើធម្មជាតិស្រស់បំព្រង»។

អ៊ុន ដារីន អាយុ ១៤ ឆ្នាំ បានបង្ហាញការយល់ឃើញយ៉ាងដូច្នេះ៖ «នៅពេលចាប់ផ្តើមទស្សនាខ្សែភាពយន្តឯកសារដំបូង ខ្ញុំពិតជាមានការឈឺចាប់នៅពេលឃើញគ្រោងឆ្អឹងជនរងគ្រោះពីសម័យខ្មែរក្រហម ត្រូវបានដាក់តម្រៀប​នៅកន្លែងមួយនៅក្រោ​យ​សង្គ្រាម​ និងអំពើ​ប្រល័យ​ពូជសាសន៍​។ រូបភាពទាំងនោះបានធ្វើឲ្យខ្ញុំចងចាំប្រវត្តិនៃប្រទេសកម្ពុជា។ លើសពីនេះ ខ្សែភាពយន្តបានបង្ហាញនូវទិដ្ឋភាពផ្ទះ តាម៉ុក និងកន្លែងទស្សនាជាច្រើនទៀតនៅអន្លង់វែង ដោយមានផ្លូវបំបែកជាបួន និងស្លាកសញ្ញាព័ត៌មាននៅអមសងខាងផ្លូវ»៕

Full report