Home / Post

Bak Nim Community Healing Center: Visit of the Khmer Rouge Survivors from Bak Nim Village in Chumkiri District, Kampot Province

មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
(មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅរសៀលម៉ោង២:០០ ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ ប្រជាជនចំនួន៤នាក់ ក្នុងនោះមានបុរស២នាក់និងស្ត្រី២នាក់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានអញ្ជើញទស្សនកិច្ចក្នុងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម សាខាខេត្តកំពត។ ក្នុងអំឡុងពេលទស្សនកិច្ចក្នុងទីតាំងមជ្ឈមណ្ឌល លោកផាត ពន្លក បានទទួលស្វាគមន៍ដោយក្តីគោរពនិងរីករាយរាក់ទាក់ ព្រមទាំងផ្តល់ជូននូវព័ត៌មានមួយចំនួនដូចជា៖ កូនសៀវភៅព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សៀវភៅប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ និងសៀវភៅទស្សនាវដ្តីស្វែងរកការពិតបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមទាំងសៀវភៅស្តីអំពីដំណើរការនៃនិតិវិធីក្នុងអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា (ហៅកាត់ថា៖ តុលាការខ្មែរក្រហម) និងរួមទាំងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាមួយចំនួនផ្សេងទៀត។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានរក្សាទុកសៀវភៅប្រវត្តិសាស្រ្តកម្ពុជាចំនួនប្រមាណជិត ៣០០ក្បាល បាននៅក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌលសះស្បើយបាក់នឹម សម្រាប់ការអាននិងការសិក្សាស្វែងយល់នៃសិស្ស និស្សិត និងសាធារណ:ជនទូទៅនៅក្នុងតំបន់នោះ។

ក្នុងពេលជាមួយគ្នានេះដែរ លោកផាត ពន្លក បានធ្វើបទបង្ហាញខ្លីជូនដល់រស់រានមានជីវិតពីរបបខ្មែរក្រហមទាំង៤រូប ដូចជា៖ ទី១៖ បានបង្ហាញពីសកម្មភាពសិក្សាឬសន្និសីទតូចមួយដែលកំពុងប្រព្រឹត្តទៅនៅក្នុងមជ្ឈមណ្ឌលសះស្បើយបាក់នឹម រូបផែនទីទីតាំងភូមិសាស្រ្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ (Map of Democratic Kampuchea: 1975-1979) និងសៀវភៅស្តីអំពីសកម្មភាពអប់រំដែលបានបង្ហាញអំពីអតីតកាលប្រទេសកម្ពុជាស្ថិតក្រោមរបបប្រល័យពូជសាសន៍។ ទី២៖បានផ្តល់ជូននូវព័ត៌មានជំងឺមួយចំនួនដែលមានក្នុងកូនសៀវភៅព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលកំពុងកើតមានផ្ទាល់ចំពោះគាត់ក្នុងពេលបច្ចុប្បន្ន។ និងទី៣៖ បានទស្សនាទេសភាពដោយផ្ទាល់នូវធម្មជាតិដ៏ស្រស់ស្អាតត្រកាលនៃតំបន់ជួរភ្នំ និងរុក្ខជាតិព្រៃភ្នំពណ៌បៃតងស្រស់ដែលបង្ហាញពីភាពសំបូរបែបនៃធម្មជាតិនៃតំបន់ជុំវិញមជ្ឈមណ្ឌលសះស្បើយបាក់នឹម។

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានទស្សនកិច្ចក្នុងមជ្ឈមណ្ឌល មានឈ្មោះដូចខាងក្រោម៖
១. ទូច ទ្រី ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
២. ស៊ូ យីម ភេទស្រី អាយុ ៦១ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
៣. កែវ សារុំ ភេទប្រុស អាយុ ៧១ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
៤. សុខ ឡាត់ ភេទស្រី អាយុ ៦២ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។

ក្រោយបានបានទស្សនកិច្ចរួចមក អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានមោទនភាពយ៉ាងខ្លាំងនិងមានចំណាប់អារម្មណ៍ថា៖ ការផ្តល់នូវឳកាសឲ្យសាធារណជនបានចូលមកអានសៀវភៅប្រវត្តិសាស្រ្តដ៏មានសារ:ប្រយោជន៍ទាំងនេះ គឺមិនត្រឹមជាការផ្តល់អត្ថប្រយោជន៍នៃយល់ដឹងផ្នែកប្រវត្តិសាស្រ្តនិងចំណេះដឹងបន្ថែមផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវភាពរីករាយស្រស់ស្រាយនិងស្នាមញញឹមសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃផងដែរ តាមរយ:ការបានឃើញផ្ទាល់នូវទេសភាពពទ្ធ័ជុំវិញនៃអគារមជ្ឈមណ្ឌល សះស្បើយសហគមន៍បាក់នឹមនេះផងដែរ។

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងបួនរូប បានអរគុណចំពោះសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងការបង្កើតកម្មវិធីផ្តល់នូវព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិងទីតាំងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម សម្រាប់សហគមន៍ភូមិបាក់នឹមនេះ។

Bak Nim Community Healing Center (Kampot Province)
May 23, 2025
Photo by Phat Punlork and Din Ratha
Documentation Center of Cambodia Archives

Full report