Home / Post

Bak Nim Community Healing Center: Students from University at Kampot Provincial Town visited The Library

មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម (សាខាខេត្តកំពត)

ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានទទួលនិសិ្សតមួយក្រុមមានចំនួន៨រូបមកពីសកលវិទ្យាល័យក្នុងទីរួមេខត្តកំពត ដែលបានមកទស្សនកិច្ចនិងសិក្សាស្វែងយល់នូវឯកសារប្រវត្តិសាស្រ្តកម្ពុជានៅក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ ក្រុមនិសិ្សតនេះ គឺជាអតីតសិស្សនៃសាលាវិទ្យាល័យ ហ៊ុន សែន ស្រុកឈូក ក្នុងខេត្តកំពត។

អំឡុងពេលទស្សនកិច្ច លោក ផាត ពន្លក បុគ្គលិកប្រចាំការនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានផ្តល់បទបាឋកថាសង្ខេប អំពីព័ត៌មានស្តីពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជួយណែរនាំដល់ប្អូនៗនិស្សិតនូវសៀវភៅស្តីពីប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ និងទស្សនាវដ្តីស្វែងរកការពិតបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមទាំងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាមួយចំនួនទៀត មានចំនួនសរុបប្រមាណជិត៣០០ក្បាល ដែលនឹងកំពុងបានរក្សាទុកក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌលបាក់នឹម។

ក្រុមនិស្សិតដែលបានមកបណ្ណាល័យនៃមជ្ឈមណ្ឌលសះស្បើយបាក់នឹម រួមមានឈ្មោះដូចខាងក្រោម៖

១. ឌៀប វាស្នា ភេទប្រុស អាយុ ២៣ឆ្នាំ
២. ហុង គឹមឆាយ ភេទប្រុស អាយុ ២១ឆ្នាំ
៣. ផាត ប៉ុញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ
៤. ផាត ពន្លឺ ភេទប្រុស អាយុ ២៣ឆ្នាំ
៥. ង៉ែត ចាន់ដារី ភេទស្រី អាយុ ២១ឆ្នាំ
៦. ឈិន សុគា ភេទស្រី អាយុ ២១ឆ្នាំ
៧. ខន ស្រីកា ភេទស្រី អាយុ ១៨ឆ្នាំ
៨. ផាត ស្រីណា ភេទស្រី អាយុ ២១ឆ្នាំ

ប្អូនៗនិស្សិតទាំងអស់ មានចំណាប់អារម្មណ៍ថា៖ កម្មវិធីទស្សនកិច្ចមួយនេះ គឺបានផ្តល់ឳកាសមួយដ៏មានតម្លៃ ក្នុងការទទួលបាននូវបទពិសោធន៍សម្រាប់ការបំពេញចំណេះដឹងបន្ថែម ចំពោះការយល់ដឹងស្តីពីប្រវត្តិសាស្រ្តកម្ពុជា ដែលបានកើតឡើងក្នុងប្រទេសអំឡុងពេលសង្រ្គាម ដើម្បីជាការចងចាំទៅពេលអនាគត។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមនិសិ្សតបានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ពីសំណាក់បុគ្គលិកនៃមជ្ឈមណ្ឌលសះស្បើយបាក់នឹម ក្នុងការផ្តល់ការណែនាំយ៉ាងច្បាស់លាស់អំពីសារសំខាន់ទាក់ទិននឹងប្រវត្តិសាស្រ្តកម្ពុជា។ ក្នុងនោះមានសៀវភៅប្រវត្តសាស្រ្តកម្ពុជាជាច្រើនប្រភេទ ត្រូវបានដាក់បង្ហាញក្នុងបណ្ណាល័យសម្រាប់ផ្តល់ជូនប្អូនៗនិស្សិត អាចជ្រើសរើសយកទៅអានតាមតម្រូវការ។

ប្អូនៗនិស្សិតក៏បានបន្ថែមទៀតថា អ្វីដែលបានធ្វើឲ្យកាន់តែរីករាយនិងស្រស់ស្រាយនូវអារម្មណ៍ទៀតនោះ គឺទេសភាពដ៏ស្រស់ត្រកាលជុំវិញទីតាំងនៃមជ្ឈមណ្ឌល ដែលហ៊ុំព័ទ្ធដោយជួរភ្នំពីរជួរដ៏វែង និងព្រៃឈើពណ៌បៃតងខ្ចីស្រស់ ព្រមទាំងមានខ្យល់អាកាសដ៏សែនត្រជាក់ទៀតផង។

October 25, 2025
Photo by Phat Punlork
Documentatyion Center of Cambodia Archives