មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម (ខេត្តកំពត)
មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម គឺជាទីតាំងមួយដែលបានផ្តោតយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងភូមិបាក់នឹម។
នៅរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥នាក់ រស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានធ្វើដំណើរមកកាន់ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ដើម្បីទស្សនានិងមកអានសៀវភៅស្វែងយល់អំពីបញ្ហាប្រឈមចំពោះសុខភាព ព្រមទាំងសៀវភៅប្រវត្តិសាស្ត្រកម្ពុជាដទៃទៀត ដែលមជ្ឈមណ្ឌលបានរៀបចំនិងដាក់បំរើជូនជាសាធារណ:។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង៥រូប គឺមានអាយុចាប់ពី ៥៣ឆ្នាំ រហូតដល់ ៨៣ឆ្នាំ ហើយត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅនិងគួរសម ដោយលោក ផាត ពន្លក ជាបុគ្គិលប្រចាំការនៃមជ្ឈមណ្ឌល និងគួបផ្សំដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលណៅពទ្ធ័ជុំវិញដែលក្នុងនោះរួមមាន ស្រះឈូករីកស្គុសស្គាយផ្នែកខាងមុខការិយាល័យ, វាលស្រែពណ៌បៃតងខ្ចី, អាកាសធាតុរដូវវស្សាដ៏ស្រស់ស្រទន់ត្រជាក់, និងមានជួរភ្នំដំរីរមៀលលាតសន្ធឹងព័ទ្ធជុំវិញ បង្កើតជាបរិយាកាសមួយដ៏ស្ងប់ស្ងាត់។ ទេសភាពទាំងនេះធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ស្រស់ស្រាយ ហើយអាចរំសាយនូវទុក្ខកង្វល់ក្នុងចិត្តបានយ៉ាងឆាប់រហ័ស។
ក្នុងពេលជាមួយគ្នានេះដែរ អ្នករស់រានមានជីវិត បានទស្សនាខ្សែភាពយន្តឯកសារស្តីពីសម័យខ្មែរក្រហមដែលជាព្រឹត្តិការណ៍នៃប្រវត្តិសាស្ត្រពិតរបស់ប្រជាជនកម្ពុជា នៅក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩។ តាមរយ:នៃការអានកូនសៀវភៅព័ត៌មានអំពីការថែទាំសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ លោក ផាត ពន្លក ក៏បានលើកចំនុចខ្លីៗមកពិភាក្សាស្តីពីផលប៉ះពាល់ពីរបបខ្មែរក្រហម ដែលក្នុងចំណោមរូបគាត់ធ្លាប់មានបទពីសោធន៍និងបានជួបប្រទះ។
គោលបំណងដ៏សំខាន់នៃការទស្សនកិច្ចនេះ គឺជាឱកាសមួយដើម្បីឈ្វេងយល់អំពីប្រវត្តិសាស្ត្រដ៏ឈឺចាប់ក្នុងអតីតកាលរបស់កម្ពុជា និងពង្រឹងការថែទាំសុខភាពផ្លូវចិត្តតាមរយៈការស្វែងរកសន្តិភាពនៅក្នុងធម្មជាតិ ក្នុងលារជួយអ្នករងផលប៉ះពាល់សុខភាពផ្លូវចិត្ត ដើម្បីលះបង់ចោលនូវអារម្មណ៍អវិជ្ជមាន។ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម គឺជាជម្រកសះស្បើយនូវសុខភាពផ្លូវកាយនិងចិត្ត សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងសហគមន៍ភូមិបាក់នឹម។
ក្រោយពីបានទស្សនាខ្សែភាពយន្តឯកសារនិងទិដ្ឋភាពនៃមជ្ឈមណ្ឌលរួចមក អ្នករស់រានមានជីវិតបានលើឡើងនូវអារម្មណ៍ដោយផ្ទាល់ថា៖ ទីតាំងមជ្ឈមណ្ឌលនេះស្ងប់ស្ងាត់ល្អណាស់ ហើយបានធ្វើឲ្យយើងខ្ញុំនឹកដល់អតីតកាលក្នុងរបបមួយដែលធ្លាប់បានរស់នៅនិងឆ្លងកាត់។ យើងខ្ញុំសូមថ្លែងអំណរគុណដែលបានសាងសង់ទីតាំងមួយឡើងបែបនេះ ដើម្បីជួយអ្នកដែលធ្លាប់បានរងទុក្ខនិងឆ្លងកាត់អតីតកាលនៃសង្គ្រាម។
ជាចុងក្រោយ អ្នករស់រានមានជីវិតទាំង៥រូប បានទទួលនូវកូនសៀវភៅណែនាំអំពីការថែទាំសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអាវយឺតម្នាក់មួយ ដែលជាអំណោយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
July 22, 2025
Photo and Report by Phat Punlork
Documentation Center of Cambodia Archives