មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម (ខេត្តកំពត)
មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានផ្តោតយកចិត្តទុកដាក់ជាបំបងសម្រាប់សកម្មភាពនៃលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ តាមរយនៃការជួបផ្ទាល់ជាមួយអ្នករស់រានមានជីវិតកន្លងមក ជាការកត់សំគាល់ បញ្ហាដែលប្រឈមចំពោះសុខភាពអ្នករស់រានមានជីវិត ដែលកំពុងជួបប្រទះពេលបច្ចុប្បន្ន ជារួមមាន៖ ជំងឺឡើងសម្ពាធឈាម ជំងឺឈឺសន្លាក់ដៃនិងជើង ជំងឺឡើងជាតិអាស៊ីត ជំងឺក្រពះពោះវៀន និង ជំងឺទឹកនោមផ្អែម។
ជាមួយគ្នានេះដែរ នៅក្នុងទីតាំងមជ្ឈមណ្ឌល យើងក៏បានរៀបចំរក្សាទុកនូវសៀវភៅប្រវត្តិសាស្រ្តកម្ពុជាស្តីពីរបបខ្មែរក្រហមក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ និងស្តីពីព្រឹត្តិការណ៍នៃប្រវត្តិសាស្ត្រកម្ពុជានៅមុននិងក្រោយចន្លោះឆ្នាំ១៩៧៥-១៩៧៩ ដែលមានចំនួនរាប់រយក្បាល សម្រាប់ដាក់បំរើជូនដល់ការចូលមកអានជាសាធារណ:។
នៅរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤រូប មានឈ្មោះ៖ ហ៊ូ ម៉ាឡា ភេទស្រី អាយុ៥៧ឆ្នាំ, គង់ លី ភេទស្រី អាយុ៦០ឆ្នាំ, រឹក ប៉ាក់ ភេទប្រុស អាយុ៦៣ឆ្នាំ, និង ណុប ខេត ភេទប្រុស អាយុ៦០ឆ្នាំ ដែលបច្ចុប្បន្នរស់នៅក្នុងភូមិបាក់នឹម បានអញ្ជើញមកកាន់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ដើម្បីមកទស្សនានិងអានឈ្វេងយល់អំពីបញ្ហាប្រឈមចំពោះសុខភាពអ្នករស់រានមានជីវិតដែលកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន និងរួមទាំងអានសៀវភៅប្រវត្តិសាស្ត្រកម្ពុជាដទៃទៀតផងដែរ។
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង៤រូប ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ និងគួរសមបំផុត ដោយលោក ផាត ពន្លក ជាបុគ្គិលប្រចាំការនៃមជ្ឈមណ្ឌលនិងរួមផ្សំដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលពទ្ធ័ជុំវិញអគារនៃការិយាល័យ, វាលស្រែពណ៌បៃតងខ្ចី, អាកាសធាតុក្នុងរដូវវស្សាដ៏ស្រស់ទន់ត្រជាក់, និងបរិយាកាសដ៏ស្ងប់ស្ងាត់ទៀតផង។ ក្នុងពេលជាមួយគ្នានេះ អ្នករស់រានមានជីវិតបានទស្សនាខ្សែភាពយន្តឯកសារស្តីពីព្រឹត្តិការណ៍នៃប្រវត្តិសាស្ត្រពិតរបស់ប្រជាជនកម្ពុជា ស្ថិតក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩។ សម្រាប់ខ្លឹមសារសំខាន់នៃសៀវភៅព័ត៌មានអំពីការថែទាំសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម លោក ផាត ពន្លក ក៏បានលើកចំនុចខ្លីៗ មកពិភាក្សាស្តីពីផលប៉ះពាល់ក្នុងចំណោមរូបគាត់ដែលធ្លាប់មានបទពីសោធន៍និងបានជួបប្រទះនិងឆ្លងកាត់របបខ្មែរក្រហម។
ក្រោយពេលបានទស្សនកិច្ចនិងបានមើលភាពយន្តឯកសារប្រវត្តិសាស្រ្តកម្ពុជា នៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអារម្មណ៍សោកសៅ និងនឹកស្រមៃដល់ភាពវឹកវរនៃសង្គ្រាមក្នុងអតីតកាលម្តងទៀត ទុក្ខដ៏សែនលំបាក និងព្រមទាំងសោកនាដកម្មដែលកើតនៅក្នុងសម័យនោះ។ យើងខ្ញុំទាំងអស់គ្នាមានសំណូមពរដល់ មជ្ឈមណ្ឌលឯកសារកម្ពុជា បង្កើតឲ្យមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តដើម្បីចុះមកជួយពិនិត្យសុខភាពជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹមដើម្បីជួយជម្រុញនិងលើកកម្ពស់ឲ្យប្រសើរឡើងនូវបញ្ហាសុខភាពសហគមន៍យើងខ្ញុំ។
ជាចុងក្រោយ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានសាងសង់ទីតាំងមួយនេះ ដើម្បីជួយជម្រុញឲ្យកាន់តែប្រសើរឡើងនូវសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានរងទុក្ខក្នុងការឆ្លងកាត់អតីតកាលនៃសង្គ្រាម។ អ្នករស់រានមានជីវិតទាំង៤រូប ក៏ទទួលបានកូនសៀវភៅណែនាំអំពីការថែទាំសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិងអាវយឺតម្នាក់មួយ ដែលជាអំណោយពីមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។
July 26, 2025
Photo by Ros Sampeou
Documentation Center of Cambodia Archives