អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម៖ ភូមិបាក់នឹម ឃុំច្រេស ស្រុកជំគិរី ខេត្តកំពត។
របាយការណ៍ដោយ៖ ផាត ពន្លក
ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦
នារសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ស្ថិតនៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជំគិរី ខេត្តកំពត បានទទួលស្វាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន៣រូប បានអញ្ជើញមកទស្សនកិច្ចនិងស្វែងយល់ព័ត៌មានបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជាទាក់ទិននឹងរបបកម្ពុជាប្រជាធិបតេយ្យក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ បញ្ហាសុខភាពប្រឈម និងការថែរក្សាសុខភាពបច្ចុប្បន្ន។
ក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង៣រូប រួមមាន៖ លោកយាយ សាំង សុខុម អាយុ ៦២ ឆ្នាំ មានទីលំនៅស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជំគិរី ខេត្តកំពត។ លោកអ៊ំស្រី ហេ ម៉ា អាយុ ៤៥ ឆ្នាំ មានទីលំនៅស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជំគិរី ខេត្តកំពត។ លោកអ៊ំប្រុស ស៊ឹម ណែត អាយុ ៥០ ឆ្នាំ មានទីលំនៅរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជំគិរី ខេត្តកំពត។
ក្នុងអំឡុងពេលអញ្ជើញទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ក្រុមការងារបានបង្ហាញសៀវភៅថែទាំសុខភាព ដែលជាប្រភពព័ត៌មានបឋមស្តីពីការថែរក្សាសុខភាពនិងជំងឺសំខាន់ៗចំនួន១០ប្រភេទ សម្រាប់មនុស្សវ័យចំណាស់នៅកម្ពុជាបានជួបប្រទះជាញឹកញាប់ និងបង្ហាញសៀវភៅប្រវត្តិសាស្ត្ររបបខ្មែរក្រហម ក្នុងចន្លោះឆ្នាំ១៩៧៥–១៩៧៩ ទស្សនាវដ្តី«ស្វែងរកការពិត» ព្រមទាំងបានបញ្ចាំងខ្សែភាពយន្តឯកសារខ្លី ដែលទាក់ទិននឹងសម័យសង្គ្រាមនិងរបបខ្មែរក្រហម។ ខ្សែភាពយន្តទាំងនេះ បានបង្ហាញអំពីរឿងរ៉ាវពិតទាក់ទងនឹងសិទ្ធិមនុស្សនិងអំពើសោកនាដកម្មនិងវិនាសកម្ម ដែលបានកើតឡើង ក្នុងអតីតកាលនៃប្រទេសកម្ពុជា។
ក្នុងអំឡុងពេលនោះដែរ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម លោកយាយ សាំង សុខុម បានលើកឡើងដោយអារម្មណ៍ក្តុកក្តួលចិត្តថា៖ “វាបានរំលឹកខ្ញុំឲ្យនឹកដល់ព្រឹត្តិការណ៍ ដែលខ្ញុំនៅចងចាំនិងមិនអាចបំភ្លេចបាន។ នៅពេលមើលឃើញតួសម្តែងក្នុងខ្សែភាពយន្ត ខ្ញុំដូចជាមើលឃើញជីវិតខ្លួនឯងនៅអតីតកាលវិញម្តងទៀត”។
លោកយាយ បានរៀបរាប់បន្ថែមទៀតថា៖ ការបាត់បង់សមាជិកក្នុងគ្រួសារអស់ជាច្រើននាក់ គឺបានបន្សល់ទុកនូវស្នាមរបួសផ្លូវចិត្តយ៉ាងជ្រៅរហូតមកដល់សព្វថ្ងៃ។ ក្នុងពេលជាមួយគ្នានេះដែរ លោកយាយបានចែករំលែកបន្ថែមនូវរឿងរ៉ាវអតីតកាល ដែលជាបទពិសោធន៍និងធ្លាប់បានឆ្លងកាត់ដោយក្តីឈឺចាប់សម្រាប់ជីវិតរបស់ខ្លួនក្នុងរបបខ្មែរក្រហម ជូនក្រុមការងារមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច ក្រុមការងារមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានចែកជូនសៀវភៅថែទាំសុខភាព អាវយឺតអនុស្សាវរីយ៍ និងបានថតរូបជាមួយគ្នាទុកជាអនុស្សាវរីយ៍។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានបញ្ជាក់ថា៖ កម្មវិធីនេះមិនត្រឹមតែជួយបង្កើនចំណេះដឹងនិងការយល់ដឹងអំពីប្រវត្តិអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយស្ដារឡើងវិញនូវរបៀបថែរក្សាសុខភាពផ្ទាល់ខ្លួនប្រចាំថ្ងៃ ក្ដីសង្ឃឹមនិងអារម្មណ៍ស្ងប់ផ្លូវចិត្ត និងការរស់នៅប្រកបដោយសុខភាពក្នុងសហគមន៍ផងដែរ។