សិស្សានុសិស្សបានមកទស្សនកិច្ច មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
របាយការណ៍ដោយ៖ ផាត ពន្លក
មជ្ឈមណ្ឌលសះស្បើយសហគន៍បាក់នឹម សាខាខេត្តកំពត
ថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៩ព្រឹក មជ្ឈមណ្ឌលសះស្បើយសហគន៍បាក់នឹម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលស្វាគមន៍សិស្សចំនួន៤រូប មកពីអនុវិទ្យាល័យ ប៉ុនរ៉ានី ហ៊ុន សែននារាយណ៍ ដែលមានទីតាំងស្ថិតនៅភូមិពស់ពង ឃុំនារយណ៍ ស្រុកឈូក ខេត្តកំពត បានចូលរួមកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ និងសុខភាពសហគមន៍។ ក្នុងអំឡុងពេលទស្សនកិច្ច សិស្សានុសិស្សទាំងអស់បានសិក្សាស្វែងយល់ព័ត៌មានអំពីការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងបានអានសៀវភៅស្តីពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងចន្លោះឆ្នាំ ១៩៧៥–១៩៧៩។ លើសពីនេះទៀត សិស្សានុសិស្សបានទស្សនា និងស្វែងរកឯកសារពិតប្រាកដដែលបានបោះពុម្ព ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានសៀវភៅប្រមាណជិត៣០០ ក្បាល ត្រូវបានរក្សាទុកនៅក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌលសហគមន៍សះស្បើយបាក់នឹម។
សិស្សានុសិស្សដែលបានចូលរួមទស្សនកិច្ចបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម៖
១) សុង លីពេញអ៊ី ភេទប្រុស អាយុ ១៥ឆ្នាំ បានរៀបរាប់ថា បន្ទាប់ពីបានអានសៀវភៅប្រវត្តិសាស្ត្រខ្មែរក្រហម និងចូលរួមទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ខ្ញុំមានអារម្មណ៍សោកស្តាយ និងឈឺចាប់ចំពោះអ្វីដែលប្រជាជនខ្មែរបានជួបប្រទះក្នុងរបបខ្មែរក្រហម។ ការសិក្សាប្រវត្តិសាស្ត្រនេះធ្វើឱ្យខ្ញុំយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃសន្តិភាព និងធ្វើឱ្យខ្ញុំប្តេជ្ញាចិត្តថែរក្សាសន្តិភាពឱ្យបានយូរអង្វែង។
២) ម៉ៃ សេងហុង ភេទប្រុស អាយុ ១៤ឆ្នាំ បានយល់ឃើញថា ការអានសៀវភៅប្រវត្តិសាស្ត្រខ្មែរក្រហម និងការទស្សនកិច្ចជាក់ស្តែងនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានធ្វើឱ្យខ្ញុំយល់ដឹងថា ប្រវត្តិសាស្ត្រគឺជាមេរៀនបទពិសោធន៍សម្រាប់មនុស្សជំនាន់ក្រោយ។
៣) ពៅ ភារម្យ ភេទប្រុស អាយុ ១៦ឆ្នាំ តាមរយៈការសិក្សា និងទស្សនកិច្ចនៅទីនេះ ខ្ញុំមានអារម្មណ៍ថាប្រវត្តិសាស្ត្រខ្មែរក្រហមគឺជាអតីតកាលដ៏ឈឺចាប់ ប៉ុន្តែមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការរៀនសូត្រ ដោយបង្រៀនឱ្យខ្ញុំចេះគោរពសិទ្ធិមនុស្ស សាមគ្គីភាព និងចេះជួយគ្នាទៅវិញទៅមក ដើម្បីកុំឱ្យអំពើហិង្សាកើតឡើងម្តងទៀត។
៤) សាវុធ សិវណ្ណារិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ បន្ទាប់ពីបានអានសៀវភៅ និងចូលរួមសកម្មភាពសិក្សានៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ខ្ញុំមានអារម្មណ៍ថាខ្លួនឯងបានយល់ដឹងកាន់តែជ្រាលជ្រៅអំពីប្រវត្តិសាស្ត្រជាតិ។ បទពិសោធន៍នេះធ្វើឱ្យខ្ញុំមានការទទួលខុសត្រូវក្នុងការសិក្សា។
ជាចុងក្រោយ សិស្សានុសិស្សបានថតរូបទុកជាអនុស្សាវរីយ៍រួមគ្នា និងទទួលបានអាវយឺតម្នាក់មួយជាអំណោយអនុស្សាវរីយ៍ និងបានរួមទទួលទានអាហារសម្រន់ជាមួយគ្នា ដែលរៀបចំដោយក្រុមការងារមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ ប្អូនៗសិស្សានុសិស្សបានថ្លែងអំណរគុណ ដល់មជ្ឈមណ្ឌលសះស្បើយសហគន៍បាក់នឹមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានបង្កើតទីតាំងនេះសម្រាប់សិស្សានុសិស្សមកសិក្សាស្វែងយល់ព័ត៌មាននិងអានសៀវភៅស្តីពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងស្វែងយល់ព័ត៌មានស្តីពីការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្ត និងរឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។