Home / Post

Bak Nim Community Healing Center: សិស្សអនុវិទ្យាល័យប៉ុនរ៉ានី ហ៊ុន សែន នារាយណ៍ បានទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម

សិស្សានុសិស្សនៃអនុវិទ្យាល័យ ប៉ុនរ៉ានី ហ៊ុន សែន នារាយណ៍ ខេត្តកំពត បានទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។
របាយការណ៍ដោយ៖ ផាត​ ពន្លក

ថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវេលាម៉ោង២រសៀល មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម សាខាខេត្តកំពត បានទទួលស្វាគមន៍សិស្សថ្នាក់អនុវិទ្យាល័យចំនួន៥រូប ដែលមកពីសាលាអនុវិទ្យាល័យ ប៉ុនរ៉ានី ហ៊ុន សែន នារាយណ៍ មានទីតាំងស្ថិតនៅក្នុងភូមិពស់ពង ឃុំនារយណ៍ ស្រុកឈូក ខេត្តកំពត។ គោលបំណងជាចំបងនៃកម្មវិធីទស្សនកិច្ចរបស់សិស្សានុសិស្ស នៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម គឺចង់សិក្សាស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា សុខភាពសហគមន៍ និងជាពិសេស អំពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ ។

ក្នុងអំឡុងពេលទស្សនកិច្ច ក្រុមការងារមជ្ឈមណ្ឌល បានជួយណែនាំនិងផ្តល់ជូនព័ត៌មានសំខាន់ៗដល់សិស្សានុសិស្សទាំងអស់ ស្តីពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ រឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្ត និងការចាក់បញ្ចាំងភាពយន្តឯកសារនៃប្រវត្តិសាស្រ្តកម្ពុជាខ្នាតខ្លី ហើយព្រមទាំងផ្តល់ជូនឪកាសការអានសៀវភៅស្តីពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យដែលបានរក្សាទុកប្រមាណជិត ៣០០ក្បាល ក្នុងបណ្ណាល័យមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។

សិស្សានុសិស្សបានចូលទស្សនកិច្ចក្នុងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម មានឈ្មោះដូចខាងក្រោម៖

១. អៀច ស្រីកា ភេទស្រី អាយុ ១៦ ឆ្នាំ។
២. សឿន ស្រីមាន ភេទស្រី អាយុ ១៣ឆ្នាំ។
៣. សាត ម៉ីម៉ី ភេទស្រី អាយុ ១៥ឆ្នាំ។
៤. រឿន តុលា ភេទស្រី អាយុ ១៤ឆ្នាំ។
៥. អូន ស្រីណុត ភេទស្រី អាយុ ១៣។

ចំណាប់អារម្មណ៍របស់ប្អូនៗសិស្សានុសិស្ស ក្នុងអំឡុងពេលទស្សនកិច្ច៖

ប្អូនៗសិស្សានុសិស្សបានបង្ហាញនូវការចាប់អារម្មណ៍តាមរយ:ការបង្កើននូវចំណេះដឹងបន្ថែម បន្ទាប់ពីបានអានសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យនិងមើលខ្សែភាពយន្តឯកសារប្រវត្តិសាស្ត្រកម្ពុជាខ្លីៗ ពីព្រោះថានៅពេលនេះ ប្អូនៗបានអាននិងឃើញ ព្រមទាំងបានយល់ដឹងបន្ថែមព័ត៌មានអំពីប្រវត្តិសាស្ត្រខ្មែរក្រហមដែលប្អូនៗមិនធ្លាប់បានដឹងកន្លងមក។

ជាចុងក្រោយ ប្អូនៗសិស្សានុសិស្សបានថតរូបទុកជាអនុស្សាវរីយ៍រួមគ្នា និងទទួលបានអាវម្នាក់មួយជាអំណោយសម្រាប់អនុស្សាវរីយ៍ ព្រមទាំងបានទទួលទានអាហារសម្រន់ជាមួយក្រុមការងារមជ្ឈមណ្ឌលប្រកបដោយបរិយាកាសរីករាយនិងស្និទ្ធស្នាល។ ជាមួយគ្នានេះដែរ ប្អូនៗសិស្សានុសិស្សបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ដែលបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ការសិក្សាស្វែងយល់នូវចំណេះដឹងថ្មីៗបន្ថែម។

Full report