Home / Post

Bak Nim Community Healing Center: Survivor Stories and Health Care

លោកស្រី ម៉ិញ សាវឿន អាយុ៣៦ឆ្នាំ ភរិយារបស់វីរកងទ័ពឈ្មោះ មាស យ៉ា៖

លោកស្រី ម៉ិញ សាវឿន ជាភរិយារបស់វីរកងទ័ពឈ្មោះ មាស យ៉ា ដែលបានបំពេញបេសកម្មនៅសមភូមិជួរមុខទិសភ្នំខ្មោច មានតាំងភូមិសាស្រ្តសិ្ថតក្នុងស្រុកវាលវែង ខេត្តពោធិសាត់ យោធាភូមិភាគទី៥។ វីរកងទ័ព មាស យ៉ា បានបូជាជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពកម្ពុជា នៅក្នុងសមរភូមិភ្នំខ្មោច ដោយសារការទម្លាក់គ្រាប់បែករបស់កងយោធាថៃឈ្លានពាន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

វីរកងទ័ព មាស យ៉ា បានស្ម័គ្រចិត្តបំរើកងយោធពលខេមភូមិមិន្ទ ក្នុងកងវរសេនាតូចលេខ៣១២ នៃកងពលតូចថ្មើរជើងលេខ៣១ មានមូលដ្ឋានក្នុងស្រុកជុំគិរី ខេត្តកំពត ចាប់តាំងពីឆ្នាំ២០០៣។ វីរកងទ័ព មាស យ៉ា បានបន្សល់ទុកបុត្រាបុត្រីចំនួន៤រូបដែលជាមរតនៃឈាមរបស់លោក ក្នុងនោះកូនស្រីទី១កំពុងសិក្សាជំនាញបចេ្ចកទេសនៅក្នុងភ្នំពេញ និងកូនប្រុសទី២កំពុងបួសជាព្រះសង្ឃនៅវត្តបាក់នឹមនៅក្នុងភូមិបាក់នឹម។ សម្រាប់កូនស្រីទី៣និងទី៤ សព្វថ្ងៃនេះកំពុងរស់នៅជាប់ជាមួយភរិយារបស់លោក។

លោកស្រី ម៉ិញ សាវឿន អាយុ ៣៦ ឆ្នាំ មានភូមិកំណើតនៅភូមិព្រៃខ្មៅ ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត។ បច្ចុប្បន្ន លោកស្រី រស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ លោកស្រី ម៉ិញ សាវឿន បានផ្តើមរៀបអាពាហ៍ពិពាហ៍ជាមួយវីរកងទ័ព មាស យ៉ា នៅក្នុងឆ្នាំ២០០៨។ កាលពីកុមារភាព លោកស្រី មិនបានចូលរៀនសូត្រក្នុងសាលាទេ ពីព្រោះក្រោយពេលដែលឪពុកបានស្លាប់ចោល ម្តាយរបស់លោកស្រីតែងតែផ្លាស់ប្តូទីកន្លែងរស់នៅពីមួយទៅមួយដើម្បីប្រកបរបចិញ្ចឹមជីវិតប្រចាំថ្ងៃ ហេតុដូច្នេះហើយទើបលោកស្រីមិនបានចូលរៀនក្នុងសាលាដោយត្រូវនៅចាំផ្ទះដើម្បីជួយមើលថែទាំប្អូនតូចៗ។

លោកស្រី ម៉ិញ សាវឿន បានរៀបរាប់ទាំងទឹកភ្នែកនូវដំណើរជីវិតនៃស្វាមីថា៖ ស្វាមីលោកស្រី ត្រូវបានអង្គភាពបញ្ជូនទៅបំពេញបេសកម្មនៅសមរភូមិជួរមុខ ចាប់តាំងពីក្នុងដើមខែកក្តដា២០២៥មកម្ល៉េះ។ មុនពេលចាកចេញទៅបំពេញបេសកកម្មនៅសមរភូមិជួរមុខ ស្វាមីបានផ្តែផ្តាំលោកស្រីថា៖ ប្រសិនបើមិនឃើញគាត់ទាក់ទងតាមទូរសព្ទមកវិញទេនោះ គឺមានន័យថាគាត់អាចនឹងបាត់បង់ជីវិតហើយ ពីព្រោះទីតាំងដែលត្រូវឈរជើងប្រចាំការនោះ គឺត្រូវបានប្រឈមគ្នាជាមួយពួកយោធាថៃឈ្លានពានគៀកនឹងគ្នាមែនទែន។ គាត់ថែមទាំបានផ្តាំលោកស្រីទៀតថា ត្រូវមើលថែកូនៗឲ្យបានល្អ និងអប់រំកូនៗត្រូវខិតខំរៀនសូត្រដើម្បីជាមនុស្សល្អសម្រាប់គ្រួសារនិងសង្គម។

លោកស្រីបានរៀបរាប់ដោយអារម្មណ៍ក្តុកក្តួលថា៖ នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកងទ័ពថៃបានទម្លាក់គ្រាប់បែកនិងបាញ់ផ្លោងកម្ទេចលេណដ្ឋាននៅតំបន់អូរភ្លុកដំរី ដែលនៅពេលនោះស្ថានការណ៍ក្នុងសមភូមិគឺមានស្ថានភាពតានតឹងយ៉ាងខ្លាំងណាស់។ នៅពេលនោះ ដោយក្តីរន្ធត់ជាទីបំផុតក្នុងជីវិត លោកស្រីបានទទួលដំណឹងពីអង្គភាពមកថាស្វាមីលោកស្រីបានពលីជីវិតក្នុងសមរភូមិហើយ គ្រានោះដែរគឺមានតែកងកម្លាំងប្រមាណ២ទៅ៣នាក់ប៉ុណ្ណោះ ដែលអាចចូលទៅស្វែងរកនិងប្រមូលសាកសពយុទ្ធជនរបស់យើងចេញមកបាន ព្រោះភាគីថៃបានបាញ់ស្រោចយ៉ាងខ្លាំងមកលើកងទ័ពកម្ពុជា។ នៅពេលនោះ ប្រសិនបើមានការផ្តុំកម្លាំងកាន់តែច្រើននោះយើងនឹងមានហានិភ័យកាន់តែធ្ងន់ធ្ងរ ដោយភាគីថៃអាចបញ្ជាយន្តហោះមកទម្លាក់គ្រាប់បែកបន្ថែម ដែលអាចបង្កឲ្យមានអ្នករងគ្រោះកាន់តែច្រើន។

រហូតដល់វេលាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ សាកសពរបស់វីរយុទ្ធជន មាស យ៉ា និងរួមជាមួយវីរយុទ្ធជនពលី៣រូបផ្សេងទៀត ត្រូវបានដឹកមកដល់ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ ដើម្បីរៀបចំធ្វើពិធីឈាបនកិច្ចតាមប្រពៃណីជាតិខ្មែរ។

លោកអ្នកស្រី ម៉ិញ សាវឿន បានរៀបរាប់ទាំងទឹកភ្នែកនិងក្រៀមក្រំជាទីបំផុតចំពោះការបាត់បង់នូវស្វាមីនិងឪពុកជាទីស្រឡាញ់របស់ខ្លួននិងកូនៗទាំងបួនរូប ពីព្រោះថាស្វាមីលោកស្រីគឺជាបង្គោលនៃគ្រួសារដែលជាអ្នកផ្គត់ផ្គង់ជីវភាពដ៏សំខាន់របស់លោកស្រី។ ចាប់ពីពេលនេះតទៅ លោកស្រីត្រូវដើរតួជាឪពុកផងនិងជាម្តាយផងនៅក្នុងបន្ទុករបស់លោកស្រី ដើម្បីមើលថែទាំបីបាច់កូនកំព្រាចំនួន៤រូប ដែលស្វាមីបានបន្សល់ទុកសម្រាប់លោកស្រី៕

លោកអ៊ំ អៀង សង អាយុ៦៩ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៖

លោកអ៊ំ អៀង សង អាយុ៦៩ឆ្នាំ កើតក្នុងឆ្នាំ១៩៥៧ មានស្រុកកំណើតនៅភូមិព្រះព្រំ ស្រុកអង្គរជ័យ ខេត្តកំពត។ កាលពីកុមារភាព លោកអ៊ំ បានរៀនសូត្រត្រឹមថ្នាក់ទី១២(ក្នុងរបបចាស់) នៅសាលារៀនវត្តស្តុក ស្ថិតក្នុងភូមិវត្តស្តុក ស្រុកអង្គរជ័យ ខេត្តកំពត។

លោកអ៊ំស្រី ម៉ៅ រំដួល អាយុ៥៨ឆ្នាំ ជាភរិយារបស់លោកអ៊ំ អៀង សង។ សព្វថ្ងៃនេះ លោកអ៊ំទាំងពីររស់នៅក្នុងបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ លោកអ៊ំ មានកូនប្រុសស្រីចំនួន១០នាក់ រស់នៅក្នុងបន្ទុកជាមួយ។

សព្វថ្ងៃនេះ លោកអ៊ំ អៀង សង មានជំងឺឈឺសន្លាក់ដៃនិងជើង ព្រមទាំងជំងឺអស់កម្លាំង។ លោកអ៊ំ តែងតែទៅពិនិត្យនិងព្យាបាលជំងឺ នៅមន្ទីរពេទ្យឯកជននៅក្នុងភូមិបាក់នឹម និងនៅស្រុកឈូក ខេត្តកំពត។

ក្នុងឆ្នាំ១៩៧៥ ក្រោយពេលខ្មែរក្រហមគ្រប់គ្រងអំណាច លោកអ៊ំ អៀង សង ត្រូវបានខ្មែរក្រហមបញ្ជូនចូលធ្វើការនៅក្នុងកងចល័តយុវជន មានទីតាំងក្នុងស្រុកអង្គរជ័យ និងស្រុកអង្គរបុរី ខេត្តតាកែវ។ លោកអ៊ំនិងក្រុមយុវជនដទៃទៀត ត្រូវបានចាត់តាំងឲ្យជីកដី ជីកប្រឡាយ និងលើកទំនប់។ យើងត្រូវចាប់ផ្តើមចុះធ្វើការពីចន្លោះម៉ោង ៣-៤ទៀបភ្លឺ រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបបានសម្រាករហូបបរប។ អង្កការតម្រូវឲ្យយើងេជីកដីលើកទំនប់ក្នុងម្នាក់ៗគឺ២ម៉ែត្រគីបក្នុងមួយថ្ងៃ ប្រសិនបើធ្វើមិនបានចប់តាមផែនការនោះត្រូវបង្អត់របបអាហារ ហើយត្រូវតែនៅធ្វើការងារនេះរហូតដល់ចប់ទើបបានឈប់សម្រាក។ របបអាហារសម្រាប់មនុស្ស១០នាក់ គឺមានអង្ករ១កំប៉ុងតែប៉ុណ្ណោះ។

អំឡុងពេលធ្វើការនៅក្នុងកងចល័តចន្លោះ១៩៧៥-១៩៧៦ លោកអ៊ំ អៀង សង ធ្លាប់បានឃើញគេចាប់យកមនុស្សចេញពីការដ្ឋានជារឿយៗបញ្ជូនទៅខេត្តតាកែវ ដោយចោទថាបានជាប់ពាក់ពន្ធ័នឹងCIA និងបានក្បត់នឹងអង្កការ។

ចាប់ពីក្នុងចន្លោះឆ្នាំ១៩៧៧-១៩៧៨ លោកអ៊ំ ត្រូវបានខ្មែរក្រហមជ្រើសរើសនិងបញ្ជូនធ្វើយោធាក្នុងអង្គភាពការពារព្រំដែនខ្មែរនិងវៀតណាម មានភូមិសាស្រ្តស្ថិតក្នុងស្រុកគីរីវង្ស ខេត្តតាកែវ។ ក្នុងអំឡុងពេលបំរើការងារជាយោធាក្នុងអង្គភាពការពារព្រំដែន លោកអ៊ំ ធ្លាប់បានចូលរួមប្រយុទ្ធជាមួយកងទ័ពវៀតណាមនៅតាមបណ្តោយព្រំដែនក្នុងស្រុកគីរីវង្ស ជាញឹកញាប់។ ក្នុងគ្រាប៉ះទង្គិចគ្នានោះដែរ លោកអ៊ំធ្លាប់បានទទួលរងរបួសត្រង់ជើងនិងដៃ ដែលបានបន្សល់ទុកស្លាកស្នាមរបួស រហូតដល់សព្វថ្ងៃនេះ។

នៅក្នុងឆ្នាំ១៩៧៩ លោកអ៊ំ អៀង សង បានរត់ភៀសខ្លួនទៅក្នុងព្រៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មួយរយ:ពេល។ ក្រោយមកទើប លោកអ៊ំបានវិលត្រឡប់មករស់នៅក្នុងភូមិកំណើតវិញរបស់ខ្លួនវិញ៕

លោកអ៊ំ ទូច គ្រី អាយុ៦៨ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៖

លោកអ៊ំ ទូច គ្រី អាយុ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កាលពីកុមារភាព លោកអ៊ំទូច គ្រី បានរៀនសូត្របន្តិចបន្តួចនៅក្នុងសាលាតែប៉ុណ្ណោះ ពីព្រោះដោយសារតែស្ថានភាពគ្រួសារក្រីក្រ ហើយនៅក្រោយឆ្នាំ១៩៧០ ប្រទេសជាតិបានមានកើតសង្រ្គាម។

បច្ចុប្បន្ននេះ លោកអ៊ំ ទូច គ្រី មានជំងឺសន្លាក់ដៃនិងជើង ព្រមទាំងជំងឺខ្នែងពោះវៀន។ លោកអ៊ំ តែងតែទៅពិនិត្យនិងព្យាបាលជំងឺ នៅមន្ទីរពេទ្យឯកជនមួយនៅក្នុងស្រុកឈូក ខេត្តកំពត។

សព្វថ្ងៃនេះ លោកអ៊ំ រស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ភរិយារបស់លោកអ៊ំឈ្មោះ ទូច យីម អាយុ៦២ឆ្នាំ និងមានកូនចំនួន៦នាក់ក្នុងនោះប្រុស៣នាក់និងស្រី៣នាក់ ហើយដែលសព្វថ្ងៃកូនៗទាំង៦នាក់ បានរៀបអាពាហ៍ពិពាហ៍និងបានរស់នៅបែកគ្នារៀងខ្លួនៗអស់ហើយដែរ។

ក្រោយឆ្នាំ១៩៧៥ ពេលខ្មែរក្រហមបានគ្រប់គ្រងអំណាច លោកអ៊ំត្រូវបានខ្មែរក្រហមបញ្ជូនចូលធ្វើការនៅក្នុងកងចល័តយុវជន ក្នុងតំបន់៣៥ ភូមិភាគនិរតី។ នៅពេលនោះ លោកអ៊ំនិងក្រុមយុវជនដទៃទៀត ត្រូវបានចាត់តាំងឲ្យជីកដី ជីកប្រឡាយ និងលើកទំនប់ នៅការដ្ឋានទំនប់កោះស្លានិងការដ្ឋានទំនប់ម្លេច។ អង្កការខ្មែរក្រហម តម្រូវឲ្យយើងជីកដីនិងរែកដីលើកទំនប់និងធ្វើស្រែនៅតាមការដ្ឋាន ប្រសិនបើធ្វើមិនបានចប់តាមផែនការនោះ យើងត្រូវបានបង្អត់របបអាហារ ហើយនឹងត្រូវតែនៅធ្វើការងារនេះរហូតដល់ចប់ទើបបានឈប់សម្រាក។ ខ្មែរក្រហម បានផ្តល់របបអាហារឲ្យយើងមិនបានគ្រប់គ្រាន់ឡើយ មួយថ្ងៃយើងទទួលបានរបបអាហារពីរពេល គឺបរបរ៉ាវៗមួយកូនចានលាយជាមួយដំឡូង។

ការធ្វើការងារក្នុងកងចល័តយុវជនតំបន់នេះ គឺស្ថិតក្រោមការសង្កេតមើលនិងតាមដានដោយពួកកងឈ្លបខ្មែរក្រហម ដើម្បីចាប់កំហុសយុវជនធ្វើការនៅតាមកងនីមួយៗ ប្រសិនបើមាននរណាម្នាក់បាននិយាយប៉ះពាល់ដល់អង្កការ នៅពេលយប់ អ្នកនោះនឹងត្រូវបានចាប់ខ្លួនយកចេញទៅរៀនសូត្រហើយនឹងមិនត្រូវបានឃើញបញ្ជូនខ្លួនត្រឡប់មកការដ្ឋានវិញនោះឡើយ។ ក្នុងចន្លោះឆ្នាំ១៩៧៥ រហូតដល់ ឆ្នាំ១៩៧៨ លោកអ៊ំបានធ្វើការនៅកងចល័តយុវជនការដ្ឋានទំនប់កោះស្លានិងទំនប់ម្លេច ក្នុងតំបន់៣៥ ភូមិភាគនិរតី។

ក្នុងឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមបានដួលរលំ លោកអ៊ំ ទូច គ្រី បានវិលត្រឡប់មករស់នៅជាមួយក្រុមគ្រួសារក្នុងភូមិកំណើតវិញ។ នៅឆ្នាំ១៩៩៣ ក្រោយពេលមានវត្តមានUNTACក្នុងប្រទេសកម្ពុជា លោកអ៊ំ ទូច គ្រី ត្រូវបានឪពុកម្តាយបានរៀបចំអាពាហ៍ពិពាហ៍ជាមួយលោកស្រីទូច យីម នៅក្នុងស្រុកកំណើត។ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍រួច លោកអ៊ំនិងភរិយា បានមកចាប់យកដីធ្លីដើម្បីសង់ទីលំនៅអចិន្រ្តៃយ៍និងប្រកបមុខរបបចិញ្ចឹមជីវិតធ្វើស្រែចំការនៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត រហូតមកដល់បច្បុប្បន្ននេះ៕

លោកអ៊ំ ទូច យីម អាយុ៦២ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៖

លោកអ៊ំ ទូច យីម អាយុ៦២ឆ្នាំ មានស្រុកកំណើតនៅភូមិដានគ្រាម ឃុំដានគ្រាម ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្ន លោកអ៊ំ រស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាព លោកអ៊ំ បានចូលរៀនសូត្រនៅក្នុងសាលាត្រឹមថ្នាក់ទី២ប៉ុណ្ណោះ ពីព្រោះដោយសារតែស្ថានភាពក្រុមគ្រួសារក្រីក្រនិងមានបងប្អូនច្រើនពេក ដូច្នេះលោកអ៊ំត្រូវនៅជួយមើលថែទាំប្អូនៗនៅផ្ទះជាមួយម្តាយ។

សព្វថ្ងៃនេះ លោកអ៊ំ ទូច យីម មានជំងឺបេះដូងនិងជំងឺក្រពះ។ លោកអ៊ំ តែងតែទៅពិនិត្យនិងព្យាបាលជំងឺ ដោយទិញថ្នាំលេបនិងថ្នាំសម្រាប់ចាក់នៅមន្ទីរពេទ្យឯកជនមួយក្នុងស្រុកឈូក ខេត្តកំពត។

ក្នុងឆ្នាំ១៩៧៥ ក្រោយពេលខ្មែរក្រហមបានគ្រប់គ្រងអំណាច លោកអ៊ំ ត្រូវបានខ្មែរក្រហមបញ្ជូនចូលធ្វើការនៅក្នុងកងចល័តកុមារនៅក្នុងភូមិ។ ពេលនោះ លោកអ៊ំនិងក្រុមកុមារដទៃទៀត ត្រូវបានចាត់តាំងឲ្យធ្វើជីអាចម៍គោ ជីកដីនិងរែកដីដំបូក និងដើរកាប់ដើមទន្រ្ទានខែត្រ។ ខ្មែរក្រហមបានផ្តល់របបអាហារឲ្យយើងមិនបានគ្រប់គ្រាន់ឡើយ គឺមួយថ្ងៃយើងទទួលបានរបបអាហារពីរពេល ជាមួយនឹងបរបរ៉ាវៗមួយកូនចានលាយជាមួយដំឡូង។

ក្នុងចន្លោះឆ្នាំ១៩៧៦ ដល់ ចុងឆ្នាំ១៩៧៨ លោកអ៊ំ ត្រូវបានអង្គការបញ្ជូនទៅធ្វើការនៅកងចល័តយុវជនការដ្ឋានទំនប់ដានគ្រាម ទំនប់អន្លង់ទាន និងទំនប់ប្រឡាយកោះអណ្តែត ក្នុងខេត្តតាកែវ ភូមិភាគនិរតី។ នៅពេលនោះ លោកអ៊ំនិងក្រុមនារីដទៃទៀត ត្រូវបានចាត់តាំងឲ្យជីកដី ជីកប្រឡាយ និងលើកទំនប់។ ម្យ៉ាងទៀត អង្កការខ្មែរក្រហមបានតម្រូវឲ្យដកស្ទួងនិងធ្វើស្រែនៅតាមការដ្ឋានទៀតផង នៅពេលនោះប្រសិនបើធ្វើមិនបានចប់តាមផែនការនោះ យើងត្រូវបានបង្អត់របបអាហារ ហើយនឹងត្រូវតែនៅធ្វើការងារនេះរហូតដល់ចប់ទើបបានឈប់សម្រាក។

ក្នុងពេលធ្វើការនៅក្នុងដ្ឋានទំនប់ដានគ្រាម ទំនប់អន្លង់ទាន និងទំនប់ប្រឡាយកោះអណ្តែត លោកអ៊ំធ្លាប់បានឃើញពួកឈ្លបរបស់អង្គការដើរចាប់មនុស្សយកចេញពីការដ្ឋាននៅពេលយប់ដើម្បីយកទៅរៀនសូត្រហើយនឹងមិនត្រូវបានឃើញអង្គការបញ្ជូនខ្លួនត្រឡប់មកការដ្ឋានវិញនោះឡើយ។

ក្នុងដើមឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមបានដួលរលំ លោកអ៊ំ ទូច យីមនិងក្រុមគ្រួសារបានភៀសខ្លួនទៅក្នុងព្រៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មួយរយ:ពេល។ បន្ទាប់មក លោកអ៊ំនិងក្រុមគ្រួសារបានធ្វើដំណើរវិលត្រឡប់មករស់នៅក្នុងភូមិកំណើតវិញ។ នៅក្នុងឆ្នាំ១៩៩៣ លោកអ៊ំ ទូច យីម ត្រូវបានឪពុកម្តាយរៀបចំអាពាហ៍ពិពាហ៍ជាមួយស្វាមី នៅក្នុងស្រុកកំណើត។ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍រួច លោកអ៊ំនិងស្វាមី បានមកចាប់យកដីធ្លីដើម្បីសង់ទីលំនៅអចិន្រ្តៃយ៍និងប្រកបមុខរបបចិញ្ចឹមជីវិតធ្វើស្រែចំការនៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត រហូតមកដល់បច្បុប្បន្ននេះ៕

Bak Nim Community Healing Center
The Khmer Rouge’s Survivor Stories and Health Care – Bak Nim Village, Chres Commune, Chum Kiri District, Kampot Province.

February 15, 2026
Photo by Phat Punlork
Documentation Center of Cambodia Archives