អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
ថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០២៥
របាយការណ៍៖ ផាត ពន្លក
រសៀលថ្ងៃសុក្រទី៤ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥រូប បានធ្វើដំណើរពីលំនៅដ្ឋានរបស់ខ្លួនដែលមានទីតាំងស្ថិតតាមបណ្តោយជើងភ្នំដំរីរមៀល ក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ដើម្បីមកទស្សនកិច្ចមជ្ឈមណ្ឌលសហគមន៍សះស្បើយសហគមន៍បាក់នឹម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង៥រូប មានឈ្មោះ អែម ណោ ភេទប្រុសអាយុ ៦០ឆ្នាំ, ឈ្មោះ ហៀន ហៃ ភេទស្រី អាយុ៥៥ឆ្នាំ, ឈ្មោះ សំ ណុំ ភេទប្រុសអាយុ ៦៤ឆ្នាំ, ឈ្មោះ ហង់ ព្រឿង ភេទប្រុស អាយុ៦៦ឆ្នាំ, ឈ្មោះ ផាន់ ហ៊ន ភេទស្រី អាយុ៦៧ឆ្នាំ។
គោលបំណងនៃការទស្សនកិច្ចរបស់អ្នកករានមានជីវិតពីរបបខ្មែរក្រហមទាំង៥រូប ជារួមគឺមានបំណងចង់ស្គាល់ដោយផ្ទាល់នូវទីតាំងនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម និងចង់មកអានស្វែងយល់បន្ថែមអំពីរឿងរ៉ាវប្រវត្តិសាស្រ្តកម្ពុជាដែលកើតមានក្នុងរបបខ្មែរក្រហម ក្នុងចន្លោះឆ្នាំ១៩៧៥ រហូតដល់ ឆ្នាំ១៩៧៩។
កិច្ចស្វាគមន៍ចំពោះការទស្សនកិច្ចក្នុងពេលនេះ លោក ផាត ពន្លក ដែលជាអ្នកប្រចាំការនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងការយកចិត្តទុកដាក់ចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងបានបង្ហាញនិងពន្យល់គាត់អំពីព័ត៌មាននៅក្នុងកូនសៀវភៅសុខភាព ទាក់ទងនឹងការថែសុខភាពបឋមទាក់ទងនឹងជំងឺទាំង១០ប្រភេទ ដែលប្រជាជនកម្ពុជាមានវ័យចំណាស់ច្រើនជួបប្រទះ ពេលបច្ចុប្បន្ននេះ។ លោក ផាត ពន្លក បានបង្ហាញបន្ថែមអំពីសៀវភៅប្រវត្តិសាស្ត្ររបបខ្មែរក្រហម(១៩៧៥–១៩៧៩) ទស្សនាវដ្តីស្វែងរកការពិត និងសៀវភៅដទៃទៀតទាក់ទិននឹងប្រវត្តិសាស្ត្រកម្ពុជា ហើយព្រមទាំងបានបាក់ចាក់បញ្ចាំងខ្សែភាពយន្តប្រវត្តិសាស្ត្រកម្ពុជាខ្លី ដែលមានខ្លឹមសារទាក់ទងសម័យសង្គ្រាម និងប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម។ ក្នុងសកម្មភាពទាំងនេះ គឺបានបង្កើនបរិយាកាសនិងអារម្មណ៍ស្និតស្នាលជ្រាលជ្រៅក្នុងចំណោមអ្នកទស្សនកិច្ច។
តាមរយៈការបញ្ចាំងខ្សែភាពយន្តខ្លីៗនេះ គឺបានបង្ហាញពីប្រវត្តិសាស្រ្តកម្ពុជានិងសាច់រឿងរ៉ាវពិតនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងវិនាសកម្មយ៉ាងធ្ងន់ធ្ងរដែលបង្ករឡើងដោយរបបខ្មែរក្រហមក្នុងចន្លោះឆ្នាំ១៩៧៥–១៩៧៩។ ក្នុងពេលបញ្ចប់នៃដំណើរទស្សនកិច្ច ក្រុមការងារមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានចែកជូនអ្នកនៅ រស់រានមានជីវិតនូវសៀវភៅថែទាំសុខភាព អាវយឺតអនុស្សាវរីយ៍ និងបានថតរូបភាពទុកជាអនុស្សាវរីយ៍។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានចំណាប់អារម្មណ៍ថា កម្មវិធីនេះមិនត្រឹមតែបង្កើនចំណេះដឹងនិងយល់ដឹងអំពីអតីតកាលនៃកម្ពុជាសម្រាប់ក្មេងជំនាន់ក្រោយនោះទេ ប៉ុន្តែក៏ជាវិធីសាស្រ្តមួយនៃការស្ដារវិញនូវក្ដីសង្ឃឹមនិងសុភមង្គលសម្រាប់ជីវិតរស់នៅក្នុងសហគមន៍ផងដែរ។
ចំណាប់អារម្មណ៍នៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
ក្រោយបានបញ្ចប់ការទស្សនកិច្ច លោកអ៊ុំប្រុសនិងអ៊ុំស្រីដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានបង្ហាញអំពីអារម្មណ៍ផ្ទាល់ថា “ក្រោយបានឃើញសៀវភៅនិងភាពយន្តខ្នាតខ្លីនៃប្រវត្តិសាស្រ្តកម្ពុជា គឺបានរំលឹកគាត់ឲ្យនឹកឃើញត្រឡប់ក្រោយវិញដល់ព្រឹត្តិការណ៍ដែលគាត់បានចងចាំនិងមិនអាចបំភ្លេចបាន …. ខ្ញុំមើលឃើញប្រជាជនក្នុងខ្សែភាពយន្ត គឺខ្ញុំបានស្រមៃឃើញអំពីរឿងរ៉ាវអតីតកាលនៃជីវិតខ្ញុំផ្ទាល់ ក្នុងរបបខ្មែរក្រហម”។