សិស្សានុសិស្សនៃអនុវិទ្យាល័យប៉ុនរ៉ានីហ៊ុនសែន នារាយណ៍ ទស្សនកិច្ចនិងសិក្សាស្វែងយល់នៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម៖
របាយការណ៍ដោយ៖ ផាត ពន្លក
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦
មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ សិស្សានុសិស្សមកពីអនុវិទ្យាល័យប៉ុនរ៉ានីហ៊ុនសែន នារាយណ៍ខេត្តកំពត ចំនួន៤រូប រួមមានឈ្មោះ ផាត សុភា ភេទស្រី អាយុ១៥ឆ្នាំ, រីម លីដា ភេស្រី អាយុ១៥ឆ្នាំ, កិល លីហួ ភេទប្រុស អាយុ១៥ឆ្នាំ និង ធូ ជាតា ភេទប្រុស អាយុ១៥ឆ្នាំ បានទស្សនកិច្ចនិងអានសៀវភៅដើម្បីសិក្សាស្វែងយល់បន្ថែមក្នុងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ ជាចំបង សិស្សានុសិស្ស មានគោលបំណងចង់បង្កើនចំណេះដឹងនិងការយល់ដឹងបន្ថែមស្តីពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម និងដើម្បីទទួលបាននូវចំណេះដឹងឲ្យទូលំទូលាយ នៅក្រៅថ្នាក់រៀនរបស់ខ្លួន។ ពេលមកដល់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម សិស្សានុសិស្សទាំងអស់ បានទទួលការស្វាគមន៍យ៉ាងរ៉ាក់ទាក់និងកក់ក្តៅពីសំណាក់ក្រុមបុគ្គលិកប្រចាំការនៅទីនោះ ហើយព្រមទាំងទទួលបានការផ្តល់បទបង្ហាញសង្ខេបស្តីពីសកម្មភាពការងារសំខាន់ៗរបស់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ការប្រមូលចងក្រងនិងថែរ្ឲក្សាសៀវភៅនិងឯកសារបណ្ណសារ និងការផ្សព្វផ្សាយការយល់ដឹងនិងសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។
ក្នុងពេលនោះដែរ សិស្សានុសិស្សទាំង៤រូប បានអានសៀវភៅប្រវត្តិសាស្ត្រស្តីពីរបបខ្មែរក្រហម រឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងស្ថានភាពសុខភាពនិងការរស់នៅបច្ចុប្បន្នដែលបានប្រឈមនឹងការលំបាកនិងផលប៉ះពាល់នានាធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម និងព្រមទាំងបានទស្សនាវីដេអូឯកសារខ្នាតខ្លី ស្តីពីឯកសារប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហមទៀតផង។
ចំណាប់អារម្មណ៍របស់សិស្សានុសិស្ស អនុវិទ្យាល័យប៉ុនរ៉ានី ហ៊ុនសែន
១)ផាត សុភា បានលើកឡើងថា៖ បន្ទាប់ពីបានអានសៀវភៅប្រវត្តិសាស្ត្រខ្មែរក្រហមនិងទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម គឺទទួលការយល់ដឹងបន្ថែមស្តីពីរបបខ្មែរក្រហម និងបានយល់ដឹងបន្ថែមកាន់តែច្បាស់អំពី ការលំបាក ទុក្ខវេទនា និងការបាត់បង់សមាជិកគ្រួសារដែលប្រជាជនកម្ពុជាបានជួបប្រទះក្នុងរបបខ្មែរក្រហម។ បទពិសោធន៍នេះ បានជួយជម្រុញឲ្យសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រដើម្បីក្លាយជាពលរដ្ឋល្អ ដើម្បីចូលរួមអភិវឌ្ឍនសង្គមជាតិ។
២)រីម លីដា បានបង្ហាញថា៖ ក្រោយអានសៀវភៅនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម គឺទទួលបានចំណេះដឹងថ្មីៗបន្ថែមជាច្រើនទាក់ទិននឹងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា និងហាក់បីដូចជាទទួលអារម្មណ៍សោកសៅចំពោះប្រជាជនកម្ពុជាដែលត្រូវឆ្លងកាត់នៅក្នុងសម័យដ៏លំបាកនោះ។ លីដា បានយល់ថា ការសិក្សាប្រវត្តិសាស្ត្រពិតជាមានសារៈសំខាន់សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីចងចាំទុកជាមេរៀនអតីតកាល និងរួមគ្នាការពារនិងអភិវឌ្ឍនជាតិ ស្ថិតស្ថេរជារៀងរហូត។
៣)ធូ ជាតា បានលើកឡើងថា៖ ការចូលរួមអានសៀវភៅប្រវត្តិសាស្ត្រខ្មែរក្រហម បានធ្វើឱ្យខ្លួនយល់កាន់តែស៊ីជម្រៅអំពីអតីតកាលរបស់ប្រទេសកម្ពុជា និងបានយល់ដឹងបន្ថែមអំពីភាពអត់ធ្មត់ ការតស៊ូ និងភាពរឹងមាំរបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់នូវការលំបាកជាច្រើនជំនាន់។ ជាតា មានមោទនភាពដែលបានសិក្សាអំពីប្រវត្តិសាស្ត្រជាតិរបស់ខ្លួន និងបានចាំទុកមេរៀនទាំងនេះក្នុងជីវិតប្រចាំថ្ងៃ។
៤)កិល លីហួ បានបញ្ជាក់ដែរថា៖ បន្ទាប់បានទស្សនកិច្ចនិងអានសៀវភៅប្រវត្តិសាស្ត្រខ្មែរក្រហម ខ្លួនបានយល់ដឹងបន្ថែមអំពីសារៈសំខាន់នៃការរួបរួមសាមគ្គី ការផ្សះផ្សាផ្លូវចិត្ត និងការថែទាំសុខភាព។ ពិសេសជាងនេះទៀត មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម គឺពិតជាទីតាំងដែលបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់សិស្សានុសិស្សទូទៅ ចូលមកសិក្សាស្វែងយល់និងស្រាវជ្រាវតាមរយ:សៀវភៅនិងឯកសារប្រវត្តិសាស្រ្តកម្ពុជាជាច្រើន ដែលបានកំពុងរក្សាទុកនៅក្នុងបណ្ណាល័យនេះ។
តាមរយៈសកម្មភាពនេះ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានចូលរួមចំណែកក្នុងការជួយជម្រុញដល់ប្អូនៗសិស្សានុសិស្ស ដើម្បីបង្កើនការសិក្សាស្វែងយល់និងទទួលចំណេះដឹងបន្ថែម ក្នុងការពង្រឹងនូវជំនាញអាន និងការគិតវិភាគសម្រាប់ការសិក្សារបស់ខ្លួន ទាំងនៅខាងក្នុងនិងក្រៅថ្នាក់រៀន៕
June 11, 2026
Documentation Center of Cambodia Archives
https://photos.app.goo.gl/qGugu8kpjNszYo34A