Home / Post

Bak Nim Community Healing Center: សិស្សានុសិស្សថ្នាក់ទី១០ និងទី១១ នៃសាលាវិទ្យាល័យហ៊ុន សែន ស្រុកឈូក បានទស្សនកិច្ច បណ្ណាល័យមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។

មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
(សាខា​ខេត្តកំពត)

ព្រឹកម៉ោង៩:០០ ថ្ងៃសុក្រទី២០ ខែមិថុនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានទទួលសិស្សានុសិស្សចំនួន៤រូប រៀនថ្នាក់ទី១០និងថា្នក់ទី១១ នៃសាលាវិទ្យាល័យហ៊ុន សែន ស្រុកឈូក ដែលមានទីតាំងស្ថិតក្នុងភូមិសត្វពង ឃុំច្រស ស្រុកឈូក ខេត្តកំពត។ ក្នុងពេលទស្សនកិច្ចក្នុងលោក ផាត ពន្លកជាបុគ្គលិកប្រចាំការក្នុងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានផ្តល់បទបថកថាសង្ខេបស្តីពីព័ត៌មាននៃការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបានណែរនាំដល់ប្អូនៗអាននូវសៀវភៅស្តីពីប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ ទស្សនាវដ្តីស្វែងរកការពិតបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមទាំងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាមួយចំនួនទៀតដែលមានចំនួនប្រមាណជិត៣០០ក្បាល នឹងកំពុងបានរក្សាទុកក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌលបាក់នឹម។

សិស្សានុសិស្សនៃវិទ្យាល័យដែលបានមកបណ្ណាល័យនៃមជ្ឈមណ្ឌលបាក់នឹម មានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ សាញ់ សុគន្ធី ភេទប្រុស អាយុ១៧ឆ្នាំ ។
២. ឈ្មោះ សឿន សាឡាត់ ភេទប្រុស អាយុ ១៧ឆ្នាំ។
៣. ឈ្មោះផុន ស្រីនេត ភេទស្រី អាយុ ១៦ឆ្នាំ។
៤. ឈ្មោះ សឹង សៀវម៉ី ភេទស្រី អាយុ ១៨ឆ្នាំ។

ប្អូនៗសិស្សានុសិស្សទាំងនោះ មានចំណាប់អារម្មណ៍ថាកម្មវិធីទស្សនៈកិច្ចមួយនេះ គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់សិស្សានុសិស្ស ពីព្រោះគឺជាឱកាសដ៏មានតម្លៃសម្រាប់ការបំពេញចំណេះដឹងបន្ថែម និងការយល់ដឹងអំពីប្រវត្តិសាស្រ្តកម្ពុជាដើម្បីជាការចងចាំទៅពេលអនាគត។ សិស្សានុសិស្សទាំងនោះ បានថ្លែងអំណរគុណចំពោះទទួលការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ពីសំណាក់បុគ្គលិកនៃមជ្ឈមណ្ឌលសះស្បើយបាក់នឹម ដែលបានផ្តល់ការណែនាំយ៉ាងច្បាស់លាល់ស្តីពីសារៈសំខាន់នានទាក់ទិននឹងប្រវត្តិសាស្រ្តកម្ពុជា។ ប្អូនៗបានអានសៀវភៅជាច្រើនប្រភេទដែលបានដាក់បង្ហាញក្នុងបណ្ណាល័យ។ ប្អូនៗបានបន្ថែមទៀតថា អ្វីដែលបានធ្វើឲ្យកាន់តែរីករាយបន្ថែមនោះគឺទេសភាពដ៏ស្រស់ត្រកាលដែលបានព័ទ្ធជុំដោយភ្នំ ព្រៃឈើពណ៌បៃតង និងខ្យល់ដ៏សែនត្រជាក់។ នៅពេលប្អូនៗក្រឡេកមើលតាមបង្អួចកញ្ចក់ទៅបរិវេណខាងក្រៅ គឺបានស្រមៃថា៖ ខ្លួនកំពុងរស់នៅក្នុងពិភពនៃធម្មជាតិដ៏បរិសុទ្ធ។

ជាចុងក្រោយ ប្អូនៗសិស្សានុសិស្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នករៀបចំនៅមជ្ឈមណ្ឌលសះស្បើយបាក់នឹម និងជាពិសេសមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានឱកាសដ៏មានតម្លៃនេះ តាមរយការបង្តើតបណ្ណាល័យសម្រាប់សិស្សានុសិស្សបានចូលអាន។ ប្អូនៗសង្ឃឹមថា និងមានសិស្សានុសិស្សដទៃទៀតដូចដូចរូបប្អូននឹងឈ្លាតឱកាសមកទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ជាបន្តបន្ទាប់។

June 20, 2025
Photo by Phat Punlork and
Documentation Center of Cambodia Archives

Full report