Home / Post

Bak Nim Community Healing Center: រឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបញ្ហាសុខភាពបច្ចុប្បន្ន នៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទស្សនកិច្ចមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម៖

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦
របាយការណ៍៖ ផាត ពន្លក
រូបថត៖ ក្រុមការងារ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម

នៅព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤រូប រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ជីវិតដែលធ្លាប់ឆ្លងកាត់ក្នុងអំឡុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩) និងស្វែងយល់បន្ថែមអំពីការថែទាំសុខភាពរាងកាយនិងសុខភាពផ្លូវចិត្ត។

ទស្សនកិច្ចនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយស្និទ្ធស្នាល និងការគោរពយកចិត្តទុកដាក់ចំពោះការចែករំលែកនូវការចងចាំរឿងរ៉ាវនិងបទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិត។ ក្នុងពេលជាមួយគ្នានេះដែរ អ្នករស់រានមានជីវិតទាំង៤រូប បានអានកូនសៀវភៅព័ត៌មានស្តីពីការថែទាំសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានរៀបចងក្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សម្រាប់គម្រោងសុខភាពក្នុងឆ្នាំ២០២៣ ព្រមទាំងបានទស្សនានូវភាពយន្តឯកសារខ្នាតខ្លីស្តីពីរឿងរ៉ាវប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ ខ្លឹមសារនៃកូនសៀវភៅ គឺបានផ្តល់ចំណេះដឹងអំពីវិធីថែទាំសុខភាពរាងកាយ ការយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្ត ការគ្រប់គ្រងភាពតានតឹង និងការរស់នៅប្រកបដោយសុខុមាលភាពក្នុងវ័យចាស់ជរា។ ការអាននិងការពិភាក្សាជាក្រុម បានជួយឱ្យអ្នកចូលរួមមានឱកាសផ្លាស់ប្តូរយោបល់ និងរំលឹកអំពីបទពិសោធន៍ជីវិតដែលបានជួបប្រទះកាលពីអតីតកាល។

អ្នករស់រានមានជីវិតទាំង៤រូប ដែលបានអញ្ជើញមកទស្សនកិច្ច រួមមានឈ្មោះ៖ លោក នាក់ ធួន ភេទប្រុស អាយុ៦២ឆ្នាំ, លោកស្រី សុខ នួន អាយុ៥៥ឆ្នាំ, លោកស្រី នួន រឿន ភេទស្រី អាយុ៦៥ឆ្នាំ និងលោក ឡាក់ អ៊ួន ភេទប្រុស អាយុ៦៤ឆ្នាំ។ អ្នករស់រានមានជីវិតទាំង៤រូប សុទ្ធតែបានឆ្លងកាត់នូវបទពិសោធន៍ជីវិតដ៏លំបាកនៅក្នុងអំឡុងនៃរបបខ្មែរក្រហម ហើយសព្វថ្ងៃនេះគាត់ទាំង៤រូបបានកំពុងរស់នៅជាមួយបញ្ហាដែលប៉ះពាល់ដល់សុខភាពផ្លូវកាយនិងចិត្ត ហើយជាពិសេសបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃទៀតផង។

ចំណាប់អារម្មណ៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៖

លោក នាក់ ធួន បានបង្ហាញចំណាប់អារម្មណ៍ថា លោកមានសេចក្តីសោមនស្សរីករាយ ដែលបានមកទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម និងបានចែករំលែកបទពិសោធន៍ជីវិតដែលបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ លោកយល់ថា ការជួបជជែកនិងរំលឹកអតីតកាលជាមួយអ្នកដទៃ បានជួយឱ្យលោកមានអារម្មណ៍ធូរស្រាលផ្លូវចិត្តនិងមានអ្នកស្តាប់យល់ពីទុក្ខលំបាកដែលលោកធ្លាប់ជួបប្រទះ។ លោកទទួលបានចំណេះដឹងថ្មីៗអំពីការថែទាំសុខភាព ដែលអាចយកទៅអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ។

លោកស្រី សុខ នួន បានលើកឡើងថា៖ ការមកទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានធ្វើឱ្យលោកស្រីនឹកឃើញអំពីជីវិតដ៏លំបាកក្នុងរបបខ្មែរក្រហម ដែលលោកស្រីត្រូវបែកចេញពីក្រុមគ្រួសារតាំងពីវ័យកុមារ។ ការបានចែករំលែករឿងរ៉ាវទាំងនេះ បានជួយឱ្យលោកស្រីមានអារម្មណ៍ធូស្រាលក្នុងចិត្ត និងយល់ថានៅមានមនុស្សជាច្រើនចង់ស្តាប់និងស្វែងយល់ពីបទពិសោធន៍របស់អ្នករស់រានមានជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោកស្រីសង្ឃឹមថា សកម្មភាពបែបនេះនឹងបន្តការរៀបចំឡើងជាបន្តបន្ទាប់។

លោកស្រី នួន រឿន បានមានប្រសាសន៍ថា៖ លោកស្រីពេញចិត្តចំពោះការរៀបចំទស្សនកិច្ចនេះ ពីព្រោះបានផ្តល់ឱកាសឱ្យលោកស្រីរំលឹកអំពីប្រវត្តិជីវិតរបស់ខ្លួននិងចែករំលែកទៅកាន់អ្នកដទៃ។ លោកស្រីយល់ឃើញថាការនិយាយអំពីអតីតកាលមិនត្រឹមតែជួយឱ្យអ្នកជំនាន់ក្រោយស្វែងយល់ពីប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអ្នករស់រានមានជីវិតមានអារម្មណ៍ថាតម្លៃនៃការរស់រានមានជីវិតរបស់គាត់ត្រូវបានទទួលស្គាល់និងប្រមូលចងក្រងរក្សាទុកដើម្បីសិក្សាស្វែងយល់សម្រាប់មនុស្សជំនាន់ក្រោយ។

លោក ឡាក់ អ៊ួន មានចំណាប់អារម្មណ៍បន្ថែមថា៖ នៅពេលនេះ លោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលបានមកជួបជុំជាមួយអ្នករស់រានមានជីវិតដទៃទៀត។ ការស្វែងយល់បន្ថែមតាមរយ:ការអានកូនសៀវភៅអំពីការថែទាំសុខភាពនិងការបានជួបពិភាក្សាជាមួយក្រុមការងាររបស់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម គឺបានផ្តល់ចំណេះដឹងថ្មីៗដែលជាប្រយោជន៍សម្រាប់ការថែទាំសុខភាពរបស់ខ្លួន។

ជាចុងក្រោយ អ្នករស់រានមានជីវិតទាំង៤រូប បានថ្លែងអំណរគុណជាអនេកជូនចំពោះមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ដែលបានបង្កើតនូវនូវទីតាំងមជ្ឈមណ្ឌលនេះ ហើយព្រមទាំងបានផ្តល់ឱកាសឱ្យអ្នករស់រានមានជីវិតអាចមកជួបជុំគ្នា ដើម្បីបានចែករំលែកនូវបទពិសោធន៍ជីវិតរបស់ខ្លួនក្នុងអតីតកាលសម្រាប់សិក្សាស្វែងយល់ជូនដល់មនុស្សជំនាន់ក្រោយ និងជាពិសេសដើម្បីបានបង្កើតនូវឱកាសលើកទឹកចិត្តគ្នាទៅវិញទៅមកទៀតផង៕

June 24, 2026
Reported by Phat Punlork
Documentation Center of Cambodia Archives