ដំណើរទស្សនកិច្ចសិក្សារបស់សិស្សវិទ្យាល័យអន្លង់វែង មកកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សិស្សានុសិស្សមកពីវិទ្យាល័យអន្លង់វែង បានធ្វើដំណើរទស្សនកិច្ចសិក្សាយ៉ាងមានអត្ថន័យមកកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលស្ថិតនៅទីរួមស្រុកអន្លង់វែង ដើម្បីចូលរួមក្នុងកម្មវិធីអប់រំអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ សន្តិភាព និងសិទ្ធិមនុស្ស ដោយផ្តោតសំខាន់ទៅលើការអានឯកសារ និងស្វែងយល់ពីសាច់រឿងពិតរបស់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។
គោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីបើកឱកាសឱ្យយុវជនជំនាន់ក្រោយ ដែលរស់នៅលើទឹកដីអតីតតំបន់សមរភូមិចុងក្រោយនៃសង្គ្រាមស៊ីវិល បានស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់ជាតិ តាមរយៈការសិក្សាស្រាវជ្រាវផ្ទាល់ពីឯកសារប្រវត្តិសាស្ត្រដែលចងក្រងដោយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
សកម្មភាពសំខាន់ៗដែលសិស្សានុសិស្សបានចូលរួមគឺ ការបង្ហាញឯកសារនៅក្នុងទូដែលមានចំនួនសរុប២៩០០ឯកសារ ស្មើនឹង៦៧៤២៦ សកម្មភាពអានឯកសារយ៉ាងយកចិត្តទុកដាក់ យុវជនម្នាក់ៗបានទទួលសៀវភៅ និងឯកសាររឿងរ៉ាវពិតរបស់ជនរងគ្រោះ។ សិស្សបានចំណាយពេលអានដោយស្ងៀមស្ងាត់ និងជជែកពិភាក្សាគ្នាទៅវិញទៅមកអំពីទុក្ខវេទនា ការព្រាត់ប្រាស់ និងការតស៊ូដណ្តើមរស់របស់ប្រជាពលរដ្ឋខ្មែរនាពេលនោះ។ ការស្តាប់សាច់រឿងជនរងគ្រោះ ក្រៅពីការអាន ក្រុមការងារនៃមជ្ឈមណ្ឌលក៏បានសម្របសម្រួល និងរៀបរាប់បន្ថែមអំពីដំណើរជីវិតរបស់ជនរងគ្រោះ ដែលធ្វើឱ្យសិស្សានុសិស្ស បង្ហាញក្តីអាណិតអាសូរជាពន់ពេកចំពោះអ្វីដែលបុព្វបុរសរបស់ខ្លួនបានឆ្លងកាត់។
ឆ្លងកាត់ការសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តរួចមក សិស្សានុសិស្សបានសម្តែងនូវអារម្មណ៍ប្លែក និងយល់ដឹងកាន់តែច្បាស់ថាសន្តិភាពដែលកម្ពុជាមានសព្វថ្ងៃ មិនមែនបានមកដោយងាយស្រួលនោះទេ។ ការអានសាច់រឿងរបស់ជនរងគ្រោះបានដាស់តឿនយុវជនឱ្យដឹងគុណដល់អ្នកដែលបានលះបង់ និងជម្រុញឱ្យយុវជនខិតខំរៀនសូត្រ ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍របស់ខ្លួនឱ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត។
ជាចុងក្រោយសិស្សបានបញ្ចេញមតិ និងការយល់ដឹងរបស់ខ្លួនដូចខាងក្រោម៖
សុខ ពិសី ភេទស្រី អាយុ១៦ឆ្នាំ បានលើកឡើងថា «បន្ទាប់ពីខ្ញុំបានអានសាច់រឿងជនរងគ្រោះនៅក្នុងរបបខ្មែរក្រហមរួចមក ខ្ញុំចងចាំពីការ និងចាប់អារម្មណ៍ទៅលើការផ្លាស់ប្ដូរពីរបបមួយទៅរបបមួយក្នុងប្រទេសកម្ពុជា។ ដូច្នេះប្រទេសកម្ពុជាត្រូវបានជួបប្រទះសង្គ្រាមតាំងពីយូរលង់មកហើយ។ ប្រជាជន រស់នៅដោយភាពភ័យខ្លាច គ្មានសេរីភាព។ ជាក់ស្ដែងនៅចន្លោះឆ្នាំ១៩៧០ និង១៩៧៥ មានការទម្លាក់គ្រាប់បែកលើភូមិស្ថានប្រជាជន ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងលើអាយុជីវិត និងទ្រព្យសម្បត្តិប្រជាជន។ លុះដល់របបខ្មែរក្រហមក្នុងឆ្នាំ១៩៧៥ បានការរៀបចំឲ្យមានសហករណ៍ដោយមានពាក្យស្លោកថា «ផ្ទះតែមួយ ក្រពះតែមួយ ជីវិតតែមួយ ទឹកដីតែមួយ»។ ហេតុនេះ ខ្ញុំយល់ថាការសិក្សាពីប្រវត្តិសាស្រ្ត គឺពិតជាមានសារសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ។ ក្នុងមានខ្ញុំ ជាយុវជនជំនាន់ក្រោយ ខ្ញុំនឹងខិតខំសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹងសម្រាប់ជួយដល់សង្គមជាតិ និងអភិវឌ្ឍសហគមន៍របស់ខ្លួនទៅថ្ងៃមុខឲ្យបានរីកចម្រើន»។
គីម ស្រីថូ ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១១ បានលើកឡើងថា «ខ្ញុំ ពិតជាសប្បាយចិត្តណាស់ដែលបានមកសិក្សារៀនសូត្រពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យនៅទីនេះ បានធ្វើឲ្យខ្ញុំដឹងកាន់តែច្បាស់ពីលើការរៀននៅក្នុងថ្នាក់រៀន។ ខ្ញុំបានដឹងពីការរស់នៅយ៉ាងលំបាករបស់ប្រជាជនខ្មែរនាសម័យខ្មែរក្រហម។ ខ្ញុំបានដឹងឮអំពីសាច់រឿងពិត ពីការអានសាច់រឿងជនរងគ្រោះ ដែលបានឆ្លងកាត់ផ្ទាល់នាពេលនោះ។ ប្រជាជនខ្មែរ រាប់លាននាក់ត្រូវបានរស់នៅដោយក្ដីអត់ឃ្លាន ទុក្ខលំបាក បែកបាក់គ្រួសារ ប្រពន្ធកូន។ ការហូបចុក មិនគ្រប់គ្រាន់ ការធ្វើការហួសកម្លាំង។ ជាក់ស្ដែងផ្ទាល់ នៅក្នុងសាច់រឿងរបស់អ៊ំស្រី ប្លុច ចម បានលើកឡើងពីការវាយធ្វើបាប ធ្វើទារុណកម្មប្ដីរបស់គាត់ ដោយបានចាប់ចងលើដើមកន្ទួតជើងឡើងលើ ក្បាលចុះក្រោម ពីសំណាក់កងទ័ពយៀកកុង។ ជាចុងបញ្ចប់ ខ្ញុំសំណូមពរឲ្យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៅតែបន្តការផ្សព្វផ្សាយ និងបង្រៀនប្រវត្តិសាស្រ្តដល់យុវជនជំនាន់ក្រោយ។
https://photos.app.goo.gl/D2pc3Xr98AVVcjwj8