ការថែរក្សាបរិស្ថាន នៅក្នុងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ដើមខែកញ្ញា ឆ្នាំ២០២៦។
របាយការណ៍៖ ផាត ពន្លក
ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
នៅដើមខែសីហា ឆ្នាំ២០២៦ ក្រុមការងានៃរមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានធ្វើពលកម្មបោសសម្អាត និងថែរក្សាបរិស្ថាននៅក្នុងបរិវេណការិយាល័យនៃមជ្ឈមណ្ឌល។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាព អនាម័យ សោភ័ណ្ឌភាព និងរបៀបរៀបរយសម្រាប់បរិវេណទីតាំងការងារ ព្រមទាំងបង្កើតបរិយាកាសល្អសម្រាប់បុគ្គលិក និងសាធារណជន ព្រមទាំងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានមកចូលរួមសកម្មភាពនានាក្នុងទីតាំងនៃមជ្ឈមណ្ឌល។
ក្នុងឱកាសនេះ ក្រុមការងារបានរួមគ្នាបោសនិងជូតសម្អាត បរិវេណខាងក្នុងការិយាល័យ សម្អាតបង្អួចកញ្ចក់ កម្រាលការ៉ូ និងរៀបចំសម្ភារផ្សេងៗឱ្យមានសណ្តាប់ធ្នាប់។ ជាមួយគ្នានេះដែរ ក្រុមការងារបានសម្អាតបរិវេណខាងក្រៅជុំវិញការិយាល័យ ដោយកាត់ស្មៅ ប្រមូលសំរាម និងសម្អាតទីធ្លា ដែលអាចជាកន្លែងទីជម្រករបស់សត្វល្អិត និងសត្វមានពិសដទៃទៀត។
ការធ្វើពលកម្មនិងថែរក្សាបរិស្ថានជាប្រចាំ គឺមានសារៈសំខាន់ក្នុងការធានាបាននូវសុខភាព អនាម័យ និងសុវត្ថិភាពនៅកន្លែងធ្វើការងារ។ សកម្មភាពនេះ មិនត្រឹមតែធ្វើឱ្យបរិវេណនៃមជ្ឈមណ្ឌលមានភាពស្អាតស្រស់បំព្រង និងមានរបៀបរៀបរយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកកាត់បន្ថយហានិភ័យពីសត្វមានពិស និងបង្កើតបរិយាកាសប្រកបដោយផាសុខភាពសម្រាប់ការបំពេញការងារប្រចាំថ្ងៃ។
September 1, 2026
Photo by Bak Nim Community Healing Center team
Documentation Center of Cambodia Archives