[សប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៦]
អត្ថបទខាងក្រោម ជាសំណេររបស់យុវជនស្ម័គ្រចិត្តកម្ពុជា បន្ទាប់ពីអ្នកទាំងនោះបានជួបសម្ភាស និងសំណេះសំណាលជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលស្ថិតនៅក្នុងភូមិឃុំរបស់ខ្លួនរួច ហើយត្រូវបានកែសម្រួលអក្ខរាវិរុទ្ធ និងឃ្លោងឃ្លាដោយ ដារ៉ារដ្ឋ មេត្តា, ថុន ស្រីពេជ្រ, ជីម សុខគា និង ធឹប ស្រីនិច្ច។ ស្នាដៃទាំងនេះ គឺជាលទ្ធផលសកម្មភាពមួយនៃគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម»។
អត្ថបទខ្លីៗទាំំងនេះ ពុំមែនជាអត្ថបទដែលរៀបរាប់គ្រប់ជ្រុងជ្រោយពីជីវប្រវត្តិ និងបទពិសោធន៍ពេញលេញរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឡើយ ប៉ុន្តែវាគ្រាន់តែជាអត្ថបទរៀបរាប់ដោយសង្ខេបពី «រឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលចងចាំជាងគេ និងមិនអាចបំភ្លេចបានក្នុងឆាកជីវិតរបស់គាត់»។
អត្ថបទទាំងនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មានឈ្មោះជាភាសាអង់គ្លេស Genocide Education in cambodia ជារៀងរាល់ថ្ងៃនៅលើទំព័រហ្វេសប៊ុក គេហទំព័រ និងបណ្តាញព័ត៌មានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដូចជាទស្សនាវដ្តីស្វែងរកការពិត និងសារព័ត៌មាន ឌីញូ។
WEEK1- JUNE 2026
The following texts were written by Cambodian youth volunteers after they interviewed and interacted with Khmer Rouge survivors living in their local villages and communes. The writings were edited for spelling and phrasing by Dararoth Meta, Thon Sreypich, Chim Sokhea, and Thib Sreynich. These works are the result of an activity under the project on “Promoting Democracy and Good Governance through Youth Volunteer Leadership in Social Activities”.
These short pieces of writing do not provide a comprehensive biography or a full account of the survivors’ experiences under the Khmer Rouge regime. Instead, they are brief narratives of the “stories from the lives of Khmer Rouge survivors that they remember most vividly and can never forget.”
These articles are published daily via the Documentation Center of Cambodia’s (DC-Cam) Facebook page, titled “Genocide Education in Cambodia,” as well as on its website and other media outlets, including Searching for the Truth magazine and The D-news.
ហុល ហាច៖ ប្តី និងបងស្រីខ្ញុំបីនាក់ព្រមទាំងគ្រួសាររបស់គាត់ត្រូវខ្មែរក្រហមសម្លាប់ចោលទាំងអស់
ខ្ញុំឈ្មោះ ហុល ហាច អាយុ ៧៤ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនរឿន សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង មានមុខរបរជាមេផ្ទះ។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំមានមុខរបរជាចុងភៅ។ លុះដល់សម័យខ្មែរក្រហម ខ្ញុំត្រូវបានអង្គការចាត់តាំងឱ្យធ្វើស្រែ និងលើកប្រព័ន្ធភ្លឺស្រែ។ សព្វថ្ងៃ ខ្ញុំជាស្រ្តីមេម៉ាយ បន្ទាប់ពីប្តីរបស់ខ្ញុំឈ្មោះ សៅ សំ បានស្លាប់ដោយសារជំងឺក្នុងអាយុ ៥៧ ឆ្នាំ។ ពួកយើងបានរៀបការជាមួយគ្នាតាំងពីឆ្នាំ ១៩៧១ និងមានកូនចំនួន ៧ នាក់ (ប្រុស ៣ នាក់ និងស្រី ៤ នាក់)។
មុនពេលខ្មែរក្រហមចូលកាន់កាប់ ខ្ញុំនិងប្តីរស់នៅក្នុងក្រុងព្រៃវែង។ ក្រោយមក ពួកយើងត្រូវខ្មែរក្រហមបង្ខំឱ្យជម្លៀសចេញពីផ្ទះសំបែង ដោយភូតកុហកថាឱ្យចាកចេញតែរយៈពេល ១ សប្តាហ៍ប៉ុណ្ណោះ។ ប៉ុន្តែ លុះដាច់ខែដាច់ឆ្នាំ រហូតដល់ទៅ ២ ខែ ក៏អង្គការនៅតែមិនឱ្យត្រឡប់មកផ្ទះវិញដែរ បែរជាបង្ខំឱ្យពួកយើងទៅធ្វើការនៅវាលស្រែ និងបង្កើតជាសហករណ៍។ ដំបូងឡើយ ខ្មែរក្រហមបានជម្លៀសខ្ញុំនិងប្តីទៅកាន់ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដើម្បីដកស្ទូង ដែលកាលណោះពួកយើងទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់សមរម្យ។ បន្ទាប់មកទៀត គេបានជម្លៀសខ្ញុំបន្តទៅកាន់ភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីបង្ខំឱ្យធ្វើស្រែនៅទីនោះ។
នៅក្នុងរបបខ្មែរក្រហម រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបាន គឺការដែលខ្មែរក្រហមធ្វើទុក្ខបុកម្នេញ និងសម្លាប់គ្រួសារខ្ញុំ។ ពួកគេបានហៅខ្ញុំទៅសួរចម្លើយយ៉ាងដិតដល់ជាច្រើនលើកច្រើនសា អំពីប្រវត្តិការងារពីមុនរបស់ប្តីខ្ញុំ ពីព្រោះពួកគេមានបំណងចង់យកគាត់ទៅសម្លាប់ចោល។ បងស្រីបង្កើតរបស់ខ្ញុំចំនួន ៣ នាក់ ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលយ៉ាងអយុត្តិធម៌។ បងស្រីទីមួយ មានអាយុ ៣៣ ឆ្នាំ ត្រូវខ្មែរក្រហមយកទៅសម្លាប់ជាមួយកូនតូចរបស់គាត់ម្នាក់អាយុ ៣ ឆ្នាំ ដោយភូតកុហកថាឱ្យគាត់ទៅដាំពោត។ ចំណែកឯប្តីរបស់គាត់ដែលជាមន្ត្រីរាជការ ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលតាំងពីឆ្នាំ ១៩៧៥ មុនបងស្រីទៅទៀត។ បងស្រីខ្ញុំពីរនាក់ទៀត ម្នាក់អាយុ ៣០ ឆ្នាំ និងម្នាក់ទៀតអាយុ ២៨ ឆ្នាំ ក៏ត្រូវខ្មែរក្រហមយកទៅសម្លាប់ចោលទាំងគ្រួសារដែរ។
ក្រោយមកទៀត នៅឆ្នាំ ១៩៧៨ ខ្មែរក្រហមបានជម្លៀសខ្ញុំបន្តទៅកាន់តំបន់ដីខ្លាញ់ ដោយឱ្យរស់នៅក្នុងភូមិខ្មែរ ស្រុកបាកាន ខេត្តបាត់ដំបង ដែលបច្ចុប្បន្នស្ថិតក្នុងខេត្តពោធិ៍សាត់។ នៅយប់មួយនាចុងឆ្នាំ ១៩៧៨ ចំពេលខែភ្លឺច្បាស់ អង្គការបានបង្ខំឱ្យខ្ញុំលើកភ្លឺស្រែទាំងយប់។ ពេលនោះ ខ្ញុំបានឃើញទិដ្ឋភាពដ៏រន្ធត់មួយគឺ កងឈ្លបខ្មែរក្រហម ៣ នាក់ បានយកខ្សែអំបោះទៅចងក្មេងៗមួយក្រុមជាប់គ្នា រួចឱ្យក្មេងៗដទៃទៀតដែលជាកងឈ្លប មានកាន់កាំភ្លើង និងកាំបិតខ្វាវ ដើរអូសក្មេងៗទាំងនោះចេញទៅ។ ប្រសិនបើមានក្មេងណាម្នាក់ដើរដួលរហូតធ្វើឱ្យដាច់ខ្សែអំបោះ ខ្មែរក្រហមនឹងសម្លាប់ក្មេងនោះចោលភ្លាម។ លុះព្រឹកឡើង នៅពេលដែលខ្ញុំបានដើរកាត់ភូមិ ខ្ញុំបានឃើញសាកសពកុមារទាំងនោះដេកស្លាប់ក្នុងថ្លុកក្របី ធ្វើឱ្យខ្ញុំតក់ស្លុត និងរន្ធត់ចិត្តជាពន់ពេក។
ខ្ញុំចង់ឱ្យកូនចៅជំនាន់ក្រោយចងចាំពីរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម ឱ្យបានច្បាស់លាស់ ដើម្បីឱ្យពួកគេចេះឈឺចាប់ជំនួសជនរងគ្រោះ និងចេះមានស្មារតីតស៊ូក្នុងជីវិត។
ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ ការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ និងយោធាថៃនៅតាមព្រំដែន តែងតែប៉ះពាល់ដល់អារម្មណ៍ខ្ញុំយ៉ាងខ្លាំង។ ខ្ញុំពិតជាមានក្តីរំជួលចិត្ត និងសោកស្តាយជាពន់ពេក ចំពោះការលះបង់បូជាសាច់ស្រស់ឈាមស្រស់របស់កងទ័ពខ្មែរដើម្បីការពារជាតិ មាតុភូមិ ហើយខ្ញុំក៏អាណិតកងទ័ពយើងដែលត្រូវឈរជើងការពារទឹកដីទាំងហាលខ្យល់ ហាលភ្លៀង យ៉ាងលំបាកវេទនាខ្លាំងណាស់។
សម្ភាសដោយ ឈួន សាន់ដាវ៉ាន់ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិដូនរឿន សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
វ៉ុន ហ៊ិម៖ សាច់ញាតិខ្ញុំត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃនៅតំបន់ដីខ្លាញ់
ខ្ញុំឈ្មោះ វ៉ុន ហ៊ិម អាយុ ៧៨ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជើងទឹក «ខ» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ហើយពុំបានប្រកបរបរអ្វីឡើយ គឺនៅផ្ទះជាមេផ្ទះ។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំក៏ជាមេផ្ទះម្នាក់ដែរ។ លុះដល់សម័យខ្មែរក្រហម ខ្ញុំត្រូវបានអង្គការចាត់តាំងឱ្យធ្វើការនៅរោងកិនស្រូវ និងលើកប្រព័ន្ធភ្លឺស្រែ។ សព្វថ្ងៃ ខ្ញុំជាស្ត្រីមេម៉ាយ ដោយសារប្តីរបស់ខ្ញុំឈ្មោះ សឿ ឆុន ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលក្នុងអាយុ ៤៦ ឆ្នាំ។ ខ្ញុំមានកូនចំនួន ៨ នាក់ (ប្រុស ២ នាក់ និងស្រី ៦ នាក់) ដែលកំពុងរស់នៅសព្វថ្ងៃ ដោយពួកគេមានមុខរបរជា មេផ្ទះ គ្រូពេទ្យ និងលក់ដូរ។
គ្រាន់តែចូលដល់របបខ្មែរក្រហមភ្លាម គ្រួសារខ្ញុំដែលរស់នៅក្នុងទីក្រុងភ្នំពេញ ត្រូវខ្មែរក្រហមចាត់ទុកជាប្រជាជន ១៧ មេសា រួចត្រូវបានបណ្តេញចេញពីទីក្រុងឆ្ពោះមកកាន់ខេត្តព្រៃវែងទាំងគ្រួសារ។ បន្ទាប់មក ខ្ញុំនិងគ្រួសារ ត្រូវស្នាក់នៅ និងធ្វើការនៅខេត្តនេះរហូតដល់ឆ្នាំ ១៩៧៨ ទើបត្រូវអង្គការជម្លៀសបន្តទៅកាន់តំបន់ដីខ្លាញ់ ក្នុងសហករណ៍អន្លង់ក្រៃ ស្ថិតនៅភូមិអន្លង់ក្រៃ ឃុំទី២ ខេត្តពោធិ៍សាត់។ នៅខេត្តពោធិ៍សាត់ ខ្ញុំត្រូវរស់នៅក្នុងផ្ទះប្រក់ស្បូវ ដែលមានទ្វារធ្វើអំពីបាវ ប៉ុន្តែពេលនោះ ខ្មែរក្រហមបានកំណត់ការងារឱ្យខ្ញុំធ្វើតិចតួចប៉ុណ្ណោះ ដោយសារខ្ញុំជាស្រ្តីកូនខ្ចី។ ខ្ញុំបានចាប់ផ្តើមបែកបាក់ព្រាត់ប្រាសពីគ្រួសារតាំងពីពេលនោះមក។
រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបាន និងជារឿងរ៉ាវដ៏រន្ធត់ និងអយុត្តិធម៌បំផុតសម្រាប់ខ្ញុំគឺជាការបាត់បង់សមាជិកគ្រួសារស្ទើរតែទាំងអស់បន្ទាប់ពីបានមករស់នៅក្នុងសហករណ៍អន្លង់ក្រៃ។ កាលនោះ នាចុងឆ្នាំ ១៩៧៨ នៅវេលាម៉ោងប្រហែល ៧ ព្រឹក ស្រាប់តែមានកងឈ្លប និងកងទ័ពខ្មែរក្រហមមកចាប់ប្តីរបស់ខ្ញុំ ម្តាយ មីង និងប្អូនស្រីរបស់ខ្ញុំដែលកំពុងមានផ្ទៃពោះ ៣ ខែ ដាក់លើរទេះគោរួចបរចេញយកទៅសម្លាប់ចោលដោយគ្មានមូលហេតុ។ ក្រោយពីសម្លាប់ពួកគាត់រួចរាល់ហើយ នៅក្នុងថ្ងៃដដែលនោះ ខ្មែរក្រហមបានប្រមូលខោអាវរបស់ប្តី ម្តាយ មីង និងប្អូនស្រីខ្ញុំ ដែលពោរពេញទៅដោយឈាមជោក យកមកចែកគ្នានៅឯផ្ទះបាយ រួចហៅខ្ញុំឱ្យទៅមើល។ ខ្ញុំនៅចំណាំខោអាវទាំងនោះច្បាស់ណាស់ ប៉ុន្តែខ្ញុំត្រូវខំទប់ចិត្ត ព្រោះប្រសិនបើខ្ញុំហ៊ានតែស្រក់ទឹកភ្នែកបង្ហាញការឈឺចាប់សូម្បីតែមួយដំណក់ ខ្មែរក្រហមមុខជានឹងយកខ្ញុំទៅសម្លាប់ម្នាក់ទៀតជាមិនខាន។ នៅក្នុងហេតុការណ៍នោះ មានវត្តមានខ្ញុំ អ្នកភូមិ បងប្អូនរបស់ខ្ញុំ ឈ្លបយកការណ៍ និងជនដៃដល់ជាង្នកបង្កវិនាសកម្មនេះ គឺកងឈ្លប និងកងទ័ពខ្មែរក្រហមដែលកាន់កាំបិត និងកាន់ខ្សែផង។ ក្រោយមក ខ្មែរក្រហមបានប្រាប់ខ្ញុំដោយគ្មានញញើតថា មាននារីមានផ្ទៃពោះម្នាក់ (ដែលខ្ញុំដឹងច្បាស់ថាជាប្អូនស្រីរបស់ខ្ញុំ) បានលើកដៃសំពះអង្វររហូតដល់ដង្ហើមចុងក្រោយ ទើបគេសម្លាប់។ ចំណែកឯប្អូនម្នាក់ទៀតរបស់ខ្ញុំដែលមានជើងខ្វេរ បានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវខ្មែរក្រហមដេញតាម រួចចោលកាំបិតចំក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។
ពេលក្រោយមកទៀត ខ្មែរក្រហមបម្រុងនឹងយកកូនរបស់ខ្ញុំម្នាក់ទៀតទៅសម្លាប់ដែរ ប៉ុន្តែខ្ញុំបានលុតជង្គង់អង្វរករពួកគេ ដោយភូតកុហកថា កូនៗផ្សេងទៀតរបស់ខ្ញុំត្រូវខ្លាស៊ីអស់ហើយ ទើបពួកគេព្រមលើកលែង និងទុកជីវិតឱ្យ។
ខ្ញុំចង់ឱ្យក្មេងៗ និងកូនចៅជំនាន់ក្រោយ ចងចាំឱ្យបានច្បាស់ពីរឿងរ៉ាវដែលបានកើតឡើងក្នុងសម័យខ្មែរក្រហម ពីព្រោះរបបនោះគឺលំបាកវេទនាខ្លាំងណាស់ ហើយវាជារបបដ៏ខ្មៅងងឹតដែល «ខ្មែរសម្លាប់ខ្មែរឯង» យ៉ាងព្រៃផ្សៃបំផុត។
សម្ភាសដោយ ឈួន សាន់ដាវ៉ាន់ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិជើងទឹក«ខ» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
ហម រី៖ ខ្ញុំរស់ដល់សព្វថ្ងៃ ដោយសារខ្មែរក្រហមគិតថាខ្ញុំជាមនុស្សសតិមិនគ្រប់
ខ្ញុំឈ្មោះ ហម រី អាយុ ៦៦ ឆ្នាំ បច្ចុប្បន្នជាកសិកររស់នៅភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំជាមេផ្ទះនៅឡើយ ចំណែកនៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវបានចាត់តាំងឱ្យធ្វើការនៅក្នុងកងចល័ត។ សព្វថ្ងៃ ខ្ញុំមានប្តីឈ្មោះ នៅ ស៊ុយ អាយុ ៦៥ ឆ្នាំ ប្រកបមុខរបរធ្វើស្រែដូចគ្នា និងមានកូនចំនួន ៤ នាក់ (ស្រី ២ នាក់ និងប្រុស ២ នាក់)។
នៅក្នុងរបបខ្មែរក្រហម រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបាន គឺការរស់ទាំងភិតភ័យដោយសារជាប់ខ្សែស្រឡាយធ្វើការនៅភ្នំពេញ។ កាលនោះ គ្រួសារខ្ញុំត្រូវស្នាក់នៅ និងធ្វើការងារនៅក្នុងស្រុកកំណើតភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំនិងក្រុមគ្រួសារស្ទើរតែត្រូវខ្មែរក្រហមយកទៅសម្លាប់ចោលទៅម្តងៗ ដោយសារតែពួកយើងមានបងប្អូនម្នាក់ធ្វើការនៅទីក្រុងភ្នំពេញ ដែលខ្មែរក្រហមចាត់ទុកជាពួកនាយទុន ឬអ្នកវណ្ណៈធនធាន និងដោយសារតែសុខភាពរបស់ខ្ញុំខ្សោយពេក។ តាំងពីដើមមក ធ្វើការមិនសូវទាន់គេ ទើបឈ្លបខ្មែរក្រហមចេះតែយករឿងរ៉ាវរបស់ខ្ញុំទៅរាយការណ៍ប្រាប់មេកង។ ពួកមេកងតែងតែហៅខ្ញុំទៅជួប និងបម្រុងនឹងយកខ្ញុំទៅវាយសម្លាប់ចោលជាច្រើនលើកច្រើនសា។ ប៉ុន្តែសំណាងល្អណាស់ ដែលមានមេកងម្នាក់ គាត់តែងតែជួយនិយាយដោះសារឱ្យខ្ញុំ ដោយប្រាប់គេឯងថា ខ្ញុំជាមនុស្សមិនសូវដឹងអី និយាយស្តីអ្វីក៏មិនត្រូវប្រកាន់ដែរ ទើបខ្ញុំអាចរួចផុតពីសេចក្តីស្លាប់។
ចំពោះការងារវិញ ខ្មែរក្រហមបានបង្ខំឱ្យខ្ញុំធ្វើការងារធ្ងន់ៗដូចជា លើកដី និងសែងដី តាំងពីព្រលឹមទល់ព្រលប់ទើបបានសម្រាក។ រីឯរបបអាហារវិញ គឺលំបាកវេទនាខ្លាំងណាស់ បានហូបតែបបររាវៗ និងមិនដែលស្គាល់ពាក្យថាឆ្អែតម្តងណាឡើយ។ ខ្ញុំខំធ្វើការបណ្តើរ ពេលខ្លះក៏ដេកយំនឹកឪពុកម្តាយបណ្តើរ។ ទោះបីជាពួកយើងធ្វើការនៅក្នុងភូមិជាមួយគ្នាក៏ដោយ ក៏មិនដែលបានជួបមុខគ្នាឡើយ ព្រោះម្នាក់ៗត្រូវគេបង្ខំឱ្យធ្វើការរៀងៗខ្លួន។ លុះត្រាតែពេលណាដែលនឹកពួកគាត់ខ្លាំងពេក ទើបខ្ញុំដាច់ចិត្តសុំច្បាប់មេកង ដើម្បីទៅសួរសុខទុក្ខពួកគាត់បានយូរៗម្តង។
ក្រោយមក ខ្មែរក្រហមមានគម្រោងជម្លៀសខ្ញុំឱ្យទៅធ្វើការនៅឯឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ ប្រសិនបើខ្ញុំត្រូវគេបញ្ជូនទៅទីនោះមែន ខ្ញុំច្បាស់ជាគ្មានជីវិតរស់ត្រឡប់មកវិញឡើយ។ ពេលនោះ គេបម្រុងនឹងយកខ្ញុំទៅហើយ ប៉ុន្តែដោយសារគេយល់ថាខ្ញុំជាមនុស្សមិនសូវគ្រប់ទឹក មានសតិស្មារតីមិនសូវល្អ ទើបគេសម្រេចចិត្តទុកឱ្យខ្ញុំនៅធ្វើការនៅក្នុងភូមិដដែល ហើយក៏បានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃនេះ។
ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំពីរឿងរ៉ាវប្រវត្តិសាស្ត្រក្នុងសម័យខ្មែរក្រហម ពីព្រោះខ្ញុំមើលឃើញថាក្មេងៗសម័យឥឡូវ ពួកគាត់រស់នៅក្នុងភាពស៊ីវិល័យ និងទម្រើសខ្លួនពេកហើយ។ ខ្ញុំចង់ឱ្យពួកគាត់បានដឹង និងយល់ថា នៅក្នុងសម័យ ប៉ុល ពត សូម្បីតែបាយមួយពេលសម្រាប់ហូបឱ្យឆ្អែត ក៏គ្មានដែរ។
ទោះបីជាបច្ចុប្បន្ន ខ្ញុំពុំមានកូនចៅណាម្នាក់ចូលបម្រើកងទ័ពក៏ដោយ ប៉ុន្តែរាល់ពេលដែលឮព័ត៌មានអំពីការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ និងយោធាថៃ វាតែងតែជះឥទ្ធិពល និងប៉ះពាល់ដល់អារម្មណ៍របស់ខ្ញុំយ៉ាងខ្លាំង។ ដោយសារតែខ្ញុំធ្លាប់បានឆ្លងកាត់ និងរងគ្រោះពីភាពលំបាកវេទនានៃភ្លើងសង្គ្រាម ទើបខ្ញុំមិនចង់ឃើញក្មេងៗ និងប្រជាពលរដ្ឋជំនាន់ក្រោយ ត្រូវមកឆ្លងកាត់ការលំបាក និងការព្រាត់ប្រាសដោយសារសង្គ្រាមបែបនេះទៀតឡើយ។
សម្ភាសដោយ ទ្រី សុក្រហេង យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្ដតាកែវ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
ម៉ៅ បញ្ញា៖ ខ្ញុំចងចាំថាចុងភៅរោងបាយភូតកុហកខ្ញុំដើម្បីបង្អត់បាយខ្ញុំ
ខ្ញុំឈ្មោះ ម៉ៅ បញ្ញា អាយុ ៥៥ ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃល្វា ប៉ុន្តែបច្ចុប្បន្នរស់នៅភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មុនរបបខ្មែរក្រហម ខ្ញុំនៅជាកុមារឡើយ ចំណែកនៅក្នុងរបបនោះ ខ្ញុំត្រូវបានដាក់ឱ្យធ្វើការនៅក្នុងកងកុមារភូមិព្រៃល្វា។ សព្វថ្ងៃ ខ្ញុំមានប្រពន្ធឈ្មោះ ស៊ុំ សុម៉ាលី អាយុ ៥៥ ឆ្នាំ ជាកសិករ និងមានកូនចំនួន ២ នាក់ (ស្រីម្នាក់ ប្រុសម្នាក់) ដែលម្នាក់ជាគ្រូបង្រៀន និងម្នាក់ទៀតជាបុគ្គលិកក្រុមហ៊ុន។
រឿងរ៉ាវដែលខ្ញុំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការរស់នៅទាំងបង្អត់អាហារ និងការបោកប្រាស់ពីសំណាក់ចុងភៅរោងបាយ។ កាលនោះ ការហូបចុកលំបាកខ្លាំងណាស់ ហើយពួកយើងមិនដែលបានហូបឆ្អែតម្តងណាឡើយ គឺមានតែបបររាវៗលាយត្រកួនដែលមានគ្រាប់អង្ករមួយគ្រាប់ៗប៉ុណ្ណោះ។
មានថ្ងៃមួយ ពេលដល់ម៉ោងបើករបបបបរ ខ្ញុំបានទៅតម្រង់ជួរជាមួយកុមារដទៃទៀតនៅសហករណ៍ទី ១៣។ ចៃដន្យ ចុងភៅបានស្រែកកុហកថាអស់បបរហើយ រួចដេញខ្ញុំឱ្យទៅរកហូបនៅសហករណ៍ទី ១៥ វិញ។ លុះខ្ញុំដើរទៅដល់សហករណ៍ទី ១៥ ចុងភៅនៅទីនោះបែរជាដេញខ្ញុំឱ្យត្រឡប់មកសហករណ៍ទី ១៣ វិញដដែល។ ពួកគេភូតកុហក និងដេញខ្ញុំចុះឡើងៗ បែបនេះ រហូតធ្វើឱ្យខ្ញុំមិនបានទទួលបបរហូបពេញមួយថ្ងៃ។ លុះដល់ម៉ោង ៨ យប់ ខ្ញុំអស់កម្លាំង និងហេវខ្លាំងណាស់ ទាំងស្រណោះខ្លួនជាពន់ពេក ក៏ដើរត្រឡប់មកកន្លែងស្នាក់នៅវិញបណ្តើរ យំបណ្តើរ។
នៅក្នុងរបបនោះ អង្គការមិនអនុញ្ញាតឱ្យខ្ញុំស្នាក់នៅជាមួយឪពុកម្តាយឡើយ គឺត្រូវរស់នៅដាច់ដោយឡែកក្នុងមណ្ឌលកុមារ។ រាល់ថ្ងៃឱ្យតែព្រលឹមឡើង អង្គការបានបង្ខំឱ្យខ្ញុំទៅធ្វើការដូចជា ប្រមូលលាមកមនុស្សតាមបង្គន់ និងប្រមូលស្លឹកឈើយកទៅធ្វើជីសម្រាប់ស្រោចស្រពដំណាំ ហើយដល់រដូវស្រូវជិតទុំ ត្រូវទៅចាំដេញចាបទៀត។ ខ្ញុំនៅចាំបានថា មានថ្ងៃមួយខ្ញុំបានធ្លាក់ខ្លួនឈឺកើតជំងឺកញ្ជ្រឹល ប៉ុន្តែអង្គការគ្មានថ្នាំសង្កូវអ្វីព្យាបាលឱ្យខ្ញុំឡើយ។ ខ្ញុំក៏បានលបទៅរកម្តាយ ហើយគាត់បានរកផ្លែដូងខ្ចីមួយផ្លែ លាយជាមួយជន្លេនឱ្យខ្ញុំផឹក។ បន្ទាប់ពីផឹករួច ខ្លួនខ្ញុំក៏ចាប់ផ្តើមត្រជាក់ ហើយបានជាសះស្បើយជាបន្តបន្ទាប់។
ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំ និងស្វែងយល់ពីរឿងរ៉ាវដែលបានកើតឡើងក្នុងសម័យខ្មែរក្រហម ដើម្បីឱ្យពួកគេបានដឹងពីអំពើដ៏សែនឃោរឃៅព្រៃផ្សៃ ដែលសូម្បីតែកុមារតូចៗ ក៏មិនអាចមានសិទ្ធិរស់នៅជួបជុំគ្រួសារបានដែរ។
ទោះបីជាបច្ចុប្បន្ន ខ្ញុំពុំមានកូនចៅចូលបម្រើកងទ័ពក៏ដោយ ប៉ុន្តែរាល់ពេលមានការប៉ះទង្គិចគ្នារវាងកងទ័ពខ្មែរ និងយោធាថៃ ខ្ញុំតែងតែមានក្តីកង្វល់ និងក្តុកក្តួលក្នុងចិត្តជាខ្លាំង។ ខ្ញុំពិតជាអាណិតដល់កងទ័ព ដែលបានលះបង់ និងខិតខំប្រយុទ្ធការពារទឹកដីដើម្បីប្រជាពលរដ្ឋ ហើយក៏អាណិតដល់ប្រជាជនរស់នៅតាមវៀលព្រំដែន ដែលត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសំបែងដោយសារតែភ្លើងសង្គ្រាម។
សម្ភាសដោយ ទ្រី សុក្រហេង យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្ដតាកែវ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។