Home / Post

Koh Thma Documentation Center: ពិធីបុណ្យកម្សាន្តភូមិឬចូលឆ្នាំភូមិ ប្រារព្ធធ្វើចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ នៅផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង ស្ថិតនៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

S’Tieng Ethnic Village Festival from April 30 – May 2, 2026.
At Praying Hall of Koh Thma Documentation Center

ពិធីបុណ្យកម្សាន្តភូមិរបស់ជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលើ
ឈុំ រ៉ា៖ បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

ពិធីបុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិរបស់ជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលើត្រូវបានប្រារព្ធធ្វើឡើងចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ នៅផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង ស្ថិតនៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជនជាតិដើមភាគតិចស្ទៀងតែងតែធ្វើពិធី “បុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិ” ក្នុងរយៈពេល៣ យប់៣ថ្ងៃ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់។ ទោះជាយ៉ាងណា “បុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិ” របស់ជនជាតិដើមភាគតិចស្ទៀងអាចមានការប្រែប្រួលខ្លះៗទៅតាមការសម្រេចរបស់ចាស់ទុំ និងអាជ្ញាធរក្នុងភូមិនីមួយៗ។
នៅក្នុងឆ្នាំ២០២៦នេះ គណៈកម្មការ និងអាជ្ញាធរភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ សម្រេចរៀបចំកម្មវិធីបុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិចំនួនបីថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦។ មុនពេលថ្ងៃបុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិមកដល់ យើងសង្កេតឃើញ ប្រជាជនជាជនជាតិដើមភាគតិចស្ទៀងក្នុងភូមិក្តុលលើគ្រប់ផ្ទះមានភាពមមាញឹកក្នុងការបោសសម្អាត រៀបចំតុបតែងឱ្យមានសោភ័ណភាព និងទិញសម្លៀកបំពាក់ថ្មីៗសម្រាប់សមាជិកក្នុងក្រុមគ្រួសារ។ ចំពោះយុវជន យុវនារី ជនជាតិដើមភាគតិចស្ទៀង បាននាំគ្នាដើរបេះផ្លែឈើ ដូចជាផ្លែទុរេន ត្នោត ខ្នុរ ដូង ចេក ម្នាស់ ស្វាយ ល្ហុង និងផ្កាភ្ញី ដើម្បីយកមកតុបតែងនៅផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង។

កម្មវិធីបុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើចំនួនបីថ្ងៃមានដូចខាងក្រោម៖
ថ្ងៃទី១៖
ពិធីឡើងអ្នកតារបស់ជនជាតិដើមភាគតិចស្ទៀង គឺជាជំនឿប្រពៃណីដ៏សំខាន់មួយ ដែលអ្នកភូមិតែងតែប្រារព្ធធ្វើឡើងជាហូរហែតាំងពីយូរលង់ណាស់មកហើយ ដើម្បីបន់ស្រន់សុំសេចក្តីសុខ និងភោគផលកសិកម្ម។ តាមទំនៀមទម្លាប់ ពិធីនេះមានលក្ខណៈពិសេសដូចខាងក្រោម៖
១. វត្ថុតំណាងអ្នកតា
ជនជាតិដើមភាគតិចស្ទៀងមានជំនឿលើវត្ថុស័ក្តិសិទ្ធិ និងអាទិទេពដែលថែរក្សាភូមិករ។ ក្នុងពិធីនេះ អ្នកភូមិយកថ្មចំនួនពីរដុំមកគូរមាត់ ភ្នែក និងច្រមុះ រួចដាក់នៅលើខ្ទមអ្នកតា ដើម្បីជាតំណាងឱ្យអ្នកមានរឹទ្ធិអំណាច ឬបារមីដែលថែរក្សាទឹកដី ព្រៃភ្នំ និងសហគមន៍។
២. គ្រឿងសំណែន
អ្នកភូមិមកជួបជុំគ្នា រៀបចំគ្រឿងដង្វាយដាក់ក្នុងខ្ទមអ្នកតា រួមមានគ្រឿងបរិភោគដូចជា ក្បាលជ្រូកស្ងោរ, មាន់ស្ងោរ, បាយស, បាយក្រហម, នំចំណី និងអន្សម។ ភេសជ្ជៈ មានទឹកត្រឡាច ស្រាស និងស្រាថ្នាំជាដើម។ ការបន់ស្រន់ គឺអ្នកភូមិអញ្ជើញអារក្សអ្នកតាឱ្យមកទទួលដង្វាយ និងបន់ស្រន់សុំ សេចក្តីសុខសប្បាយ ព្រមទាំងសុំទឹកភ្លៀងសម្រាប់ការបង្កបង្កើនផល។
៣.អត្ថន័យនៃពិធីឡើងអ្នកតា
ក្រៅពីការសុំសេចក្តីសុខ ពិធីឡើងអ្នកតានេះក៏ជាឱកាសសម្រាប់បងប្អូនជនជាតិដើមភាគតិចស្ទៀងក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានជួបជុំគ្នា បង្កើនសាមគ្គីភាព និងបង្ហាញពីការដឹងគុណចំពោះធម្មជាតិ និងបុព្វបុរសដែលបានថែរក្សាពួកគេ។

ថ្ងៃទី២៖
អ្នកភូមិបានយកចង្ហាន់ និងបច្ច័យមកប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ។ បន្ទាប់មកមានការពូនភ្នំខ្សាច់ ដើម្បីសន្សំកុសល និងលាងជម្រះបាប។

ថ្ងៃទី៣៖
នៅថ្ងៃចុងក្រោយអ្នកភូមិតែងធ្វើពិធីស្រង់ព្រះ ដោយការស្រោចទឹកអប់ផ្កាលើព្រះពុទ្ធរូប ព្រះសង្ឃ និងឪពុកម្តាយ ចាស់ទុំ ដើម្បីសុំពរជ័យ និងសុំខមាទោសចំពោះកំហុសឆ្គងផ្សេងៗ។

ក្នុងពិធីបុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិនេះ អ្នកភូមិ ជាពិសេសយុវជន យុវនារីក្នុងភូមិតែងតែជួបជុំគ្នាលេងល្បែងប្រជាប្រិយជាច្រើនដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងការរាំលេងកម្សាន្តតាមចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ជាដើម។

ចំណាប់អារម្មណ៍
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឈ្មោះ វឹក អ៊ាង ភេទប្រុស អាយុ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចស្ទៀង មានស្រុកកំណើត ភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រពន្ធខ្ញុំឈ្មោះ ប៉ាវ ពាល និងមានកូន៤នាក់ (ស្រីម្នាក់)។ នៅក្នុងរបបខ្មែរក្រហមខ្ញុំជាកុមាររៀនពេលព្រឹក ដល់ថ្ងៃរសៀលទៅឃ្វាលគោ ក្របី និងធ្វើជី។ ឈ្មោះ ប៊ីន ជាប្រធានសហករណ៍ក្នុងភូមិឱ្យកងឈ្លបដើរស៊ើបតាមផ្ទះ ក្រែងមានប្រជាជនលួចដាំបាយ ឬធ្វើអ្វីមួយក្បត់អង្គការ ត្រូវចាប់មកណែនាំ ប៉ុន្តែក្នុងភូមិគ្មានប្រជាជនម្នាក់ធ្វើខុសជាមួយអង្គការទេ។ កន្លះខែក្រោយខ្មែរក្រហមជម្លៀសខ្ញុំចេញពីភូមិក្តុលលើ ឱ្យស្នាក់នៅភូមិស្រែតាពេជ្រ ឃុំជាំតាម៉ៅ ស្រុកមេមត់។ ខ្ញុំស្នាក់នៅប្រាំថ្ងៃខ្មែរក្រហមជម្លៀសទៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ រួចបន្តជម្លៀសដល់ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំនៅឃុំស្វាយជ្រះ ពិបាកហូប ហើយធ្វើការធ្ងន់។ មួយគ្រួសារខ្មែរក្រហមចែកបបរមួយការប៉ុណ្ណោះ។ ប្រជាជនស្លាប់ច្រើនណាស់ដោយសារអត់បាយហូបនិងឈឺ។ ឈឺ គឺគ្មានថ្នាំព្យាបាយទេ រង់ចាំថ្ងៃស្លាប់។ ខ្ញុំនិងមិត្តខាត់ ត្រូវបានខ្មែរក្រហមវាយចំណោមអង្គប្រជុំ ដោយមូលហេតុខ្មែរក្រហមចោទថាឈ្មោះខាត់ រត់ទៅប្រទេសវៀតណាម។ ការពិតឈ្មោះខាត់ មិនបានរត់ទៅវៀតណាមទេ។ ខ្មែរក្រហមបន្តជម្លៀសខ្ញុំចេញពីខេត្តក្រចេះ បន្តទៅខេត្តកំពង់ចាម។ ខ្ញុំជិះស្រឡាងដល់ទន្លេងបិត រួចបន្តដំណើរថ្មើជើងរហូតដល់ផ្ទះ។ ផ្ទះសំបែងខួចខាតទាំងអស់ ភូមិក្លាយជាព្រៃ រួមទាំងមានគ្រាប់មិនទាន់ផ្ទុះ។
ខ្ញុំជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ពិតជាសប្បាយចិត្តបានរួចផុតពីស្លាប់ក្នុងរបបខ្មៅងងឹត ហើយត្រឡប់មកជុំគ្រួសារ និងបានប្រារព្ធធ្វើបុណកម្សាន្តភូមិឡើងវិញ។ ខ្ញុំចូលរួមកម្មវិធីបុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះខ្ញុំឃើញថាប្រជាជនក្នុងភូមិសប្បាយរីករាយ បង្ហាញពីភាពសាមគ្គី បង្កើតភាពស្និទស្នាល ហើយជួយថែរក្សាការពារប្រពៃណី ទំនៀមទម្លាប់។ ជាចុងខ្ញុំសូមឧទ្ទិសកុសលដល់អ្នកបានស្លាប់ គ្រប់សម័យកាល។

យុវនារី សៅ ស្រីភាព អាយុ ១៨ឆ្នាំ ជាចៅអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំពិតជាសប្បាយរីកដែលបានចូលរួមក្នុងពិធីបុណ្យចូលឆ្នាំភូមិ ឃើញលោកតា លោកយាយ អ៊ំ ពូ មីង បង ដឹកនាំនាងខ្ញុំ និងក្មេងៗជំនាន់ក្រោយឱ្យចេះធ្វើបុណ្យថែរក្សាប្រពៃណីពីដូនតា។ ខ្ញុំដឹងក្តី ឃើញលោកតា លោកយាយនៅក្នុងភូមិរៀបចំពិធីបុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិជារៀងរាល់ឆ្នាំ បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចប់។ ខ្ញុំចាប់អារម្មណ៍ជាងគេ គឺពិធីឡើងអ្នកតាដែលប្រជាជនក្នុងភូមិត្រូវតែប្រារព្ធធ្វើដោយមានមនុស្សត្រូវគូរមុខខុសប្លែងពីគ្នា កាន់ដំបង កាំភ្លើងកែច្នៃ វាយតាមជញ្ជាំងផ្ទះអ្នកភូមិ រួមទាំងវាយមាន់ ទា ដើម្បីដេញព្រាយ បិសាច ជំងឺសន្នរោគ កុំឱ្យមកយាយីអ្នកភូមិ ហើយសុំសេចក្តីសុខសប្បាយ មានភ្លៀងគ្រប់សម្រាប់ផ្គត់ផ្គង់ដំណាំ។ លើសពីនេះទៅទៀត ខ្ញុំក៏សប្បាយរីករាយដែលមានអ្នកភូមិទាំងក្មេងចាស់មកជួបជុំយ៉ាងច្រើនកុះករក្នុងកម្មវិធីបុណ្យសម្សាន្តភូមិ និងលេងល្បែងប្រជាប្រិយនៅផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង ។

S’Tieng Ethnic Village Festival from April 30 – May 2, 2026.
At Praying Hall of Koh Thma Documentation Center
By Chhum Ra
Staff at the Koh Thma Documentation Center of the Documentation Center of Cambodia

The “Village Festival” (or Village New Year) of the Stieng indigenous people in Kdol Leu village is held over three days, from April 30 to May 2, 2026, at the Kdol Leu S’tieng Community House , located in Kdol Leu Village, Tonlung Commune, Memot District, Tbeung Khmum Province.
The Stieng people traditionally celebrate this festival for three nights and three days after the Khmer New Year concludes. However, the specific dates may vary slightly based on the decisions of the elders and local authorities in each village.
In 2026, the Kdol Leu village committee and authorities decided to organize the festival from April 30 to May 2. Leading up to the festival, S’tieng families were busy cleaning and decorating their homes and purchasing new clothes. S’tieng youth gathered various fruits—such as durian, palm fruit, jackfruit, coconut, bananas, pineapples, mangoes, and papayas—along with flowers to decorate the Kdol Leu S’tiengCommunity House.
The Three-Day Program:
Day 1: The “Laeng Neak Ta” Ceremony This is a vital traditional belief that villagers have observed for generations to pray for peace and agricultural prosperity. The ceremony includes:
1. Representation of Neak Ta (Guardian Spirit): The S’tieng believe in sacred objects and deities that protect the village. Villagers take two stones, draw eyes, a nose, and a mouth on them, and place them in the spirit shrine to represent the power and spirit protecting the land, forests, and community.
2. Offerings: Villagers gather to offer items at the shrine, including boiled pig heads, boiled chickens, white and red rice, traditional cakes, and ansom (sticky rice cakes). Drinks include winter melon juice, white wine, and medicinal wine. They invite the spirits to accept these offerings and pray for happiness and sufficient rain for their crops.
3. Significance: Beyond seeking blessings, this ceremony is an opportunity for the S’tieng people in Kdol Leu to reunite, strengthen solidarity, and express gratitude toward nature and the ancestors who have protected them.
Day 2: Merit Making Villagers offer food and donations to Buddhist monks to dedicate merit to their deceased ancestors. This is followed by the building of sand mounds to accumulate merit and cleanse sins.
Day 3: Bathing Ceremony On the final day, villagers perform the “Srang Preah” ceremony, pouring scented water over Buddha statues, monks, parents, and elders to seek blessings and ask for forgiveness for any wrongdoings.
Throughout the festival, villagers—especially the youth—gather to play traditional games such as Angkunh, Chhoung, tug-of-war, and Leak Kanseng, and enjoy dancing to rhythms like Ramvong, Ram Kbach, and Saravan.

Personal Reflections
Vuk Eang (58 years old, Khmer Rouge Survivor)
“I am a S’tieng indigenous person originally from Pong Tuek Village. During the Khmer Rouge era, I was a child; I studied in the morning and tended cattle or made fertilizer in the afternoon. I remember the cooperative chief, Bin, sent spies to search houses to see if people were secretly cooking rice or betraying the ‘Angkar.’ Later, my family was evacuated multiple times—from Kdol Leu to Sre Ta Pech, then to Kon Kropeu, and finally to Svay Chreah in Kratie Province.
Life in Svay Chreah was difficult. We worked hard and a whole family was given only one tin of porridge. Many died of starvation and disease. There was no medicine; we just waited for death. I was once beaten during a meeting because they accused my friend Khat of fleeing to Vietnam, which wasn’t true.
When the regime fell, I returned home to find my village overgrown with forest and littered with unexploded ordnance. As a survivor, I am so happy to have escaped that dark period and returned to my family to celebrate our village festival again. I participate every year. It shows our solidarity and helps preserve our traditions.”
Sao Sreypheap (18 years old, Granddaughter of a Survivor)
“I am delighted to participate in the Village New Year. Seeing the elders lead the younger generation in preserving our ancestral traditions makes me happy. I’ve seen this festival every year since I was a child.
What interests me most is the Laeng Neak Ta ceremony, where people paint their faces, carry sticks or mock guns, and strike the walls of houses (as well as chickens and ducks) to drive away evil spirits and disease. We pray for peace and rain for our crops. It’s wonderful to see everyone, young and old, gathered at the S’tieng community house to play games and celebrate together.”

[END]

Koh Thma Documentation Center
Photos by Team Koh Thma Documentation Center
Documentation Center of Cambodia Archives
May 1, 2026

FRESH NEWS:
ពិធីបុណ្យកម្សាន្តភូមិ របស់ជនជាតិដើមភាគតិចស្ទៀង នៅភូមិក្តុលលើ បានប្រារព្ធឡើងរយៈពេល៣ថ្ងៃ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ
https://m.freshnews.com.kh/localnews/426372-2026-05-01-15-13-27

https://photos.app.goo.gl/joHbRjzjtQSaezvHA