របាយការណ៍ស្តីពីការធ្វើពលកម្មសម្អាតក្នុងការិយាល័យ និងបរិវេណនៅជុំវិញមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។
របាយការណ៍៖ ផាត ពន្លក
នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារ(ផាត ពន្លក និង ឌិន រដ្ឋា)នៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានរៀបចំសកម្មភាពសម្អាតនិងអនាម័យនៅក្នុងការិយាល័យនិងបរិវេណជុំវិញមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ សកម្មភាពនេះ គឺធ្វើឡើងដើម្បីការរក្សាអនាម័យ ការបង្កើនសោភ័ណ្ឌភាព និងការរៀបចំបរិវេណជុំវិញនៃមជ្ឈមណ្ឌលឱ្យមានសភាពស្រស់ស្រាយគួរជាទីចាប់អារម្មណ៍ដល់ភ្ញៀវទស្សនកិច្ច សម្រាប់សកម្មភាពអប់រំនិងសិក្សាស្រាវជ្រាវ ព្រមទាំងការជួបជុំអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងសហគមន៍។
ក្រុមការងារបានចាប់ផ្តើមធ្វើការសម្អាតពីខាងក្នុងការិយាល័យ ដោយបោសសម្អាតតុ កៅអី បង្អួច និងទ្វារ និងជូតសម្អាតកម្រាលឥដ្ឋ ដើម្បីឱ្យមានអនាម័យនិងមានផាសុកភាព។ ការសម្អាតបង្អួចកញ្ចក់ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ ដើម្បីឱ្យពន្លឺធម្មជាតិចូលមកក្នុងបន្ទប់បានច្បាស់ និងបង្កើតបរិយាកាសល្អសម្រាប់អ្នកដែលមកទស្សនា ឬចូលរួមសកម្មភាពនៅទីនេះ។ បន្ថែមពីនេះ ក្រុមការងារបានរៀបចំ និងសម្អាតសម្ភារៈនៅក្នុងអគារ ដូចជា តុអង្គុយ ទូ និងសម្ភារៈផ្សេងៗ ដើម្បីឱ្យមានសណ្តាប់ធ្នាប់និងងាយស្រួលក្នុងការប្រើប្រាស់។
ការងារសម្អាតនេះ ត្រូវបានអនុវត្តន៍សឹងតែជាប្រចាំសម្រាប់ការសម្អាតបរិវេណខាងក្នុងការិយាល័យនិងខាងក្រៅជុំវិញការិយាល័យ រួមមានការបោសសម្អាតទីធ្លា និងការប្រមូលនិងដុតកំទេចសំរាមចោលទៀតផង។ សកម្មភាពនេះ មានសារៈសំខាន់ណាស់ ព្រោះបរិស្ថានស្អាតអាចជួយបង្កើតអារម្មណ៍ល្អ និងបរិយាកាសស្រស់ស្រាយសម្រាប់អ្នកដែលមកទស្សនា ឫុការចូលរួមសកម្មភាពនានានៅក្នុងមជ្ឈមណ្ឌល។ តាមរយៈសកម្មភាពធ្វើពលកម្មនេះ បុគ្គលិកបានបង្ហាញពីការសហការនិងស្មារតីចូលរួមចំណែកទទួលខុសត្រូវក្នុងការថែរក្សាបរិស្ថាន ហើយម្យ៉ាងទៀតការងារទាំងនេះ មិនត្រឹមតែជួយឱ្យមជ្ឈមណ្ឌលមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសោភ័ណភាព និងភាពទាក់ទាញរបស់មជ្ឈមណ្ឌលមួយផ្នែកផង៕
March 13, 2026
Photo by Din Rotha
Documentation Center of Cambodia Achieves
https://photos.app.goo.gl/DwQ4NAGWhP3967db9